សហគមន៍អន្តរជាតិថ្កោលទោសលើការបាញ់សាកល្បងគ្រាប់មីស៊ីលកូរ៉េខាងជើងនៅថ្ងៃចន្ទទី២៩ឧសភា
កូរ៉េខាងជើង ទើបបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបជាថ្មីរបស់ខ្លួននៅថ្ងៃចន្ទនេះនិងដែលបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន។ ទង្វើផ្គើនសហគមន៍អន្តរជាតិពីសំណាក់ព្យុងយ៉ាងនេះ បានបង្កអោយមានប្រតិកម្មថ្កោលទោសនានាជាពិសេសពីជប៉ុនដែលទាមទារឲ្យ អាមេរិកចាត់វិធានការជាក់ស្តែងមួយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣២
គឺជាការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបកូរ៉េខាងជើងលើកទី៣ហើយ នៅក្នុងរយៈពេលតែ៣សប្តាហ៍។ ទង្វើផ្គើនដាក់សហគមន៍អន្តរជាតិពីសំណាក់កូរ៉េខាងជើងនេះ ត្រូវបានប្រព្រឹត្តទៅនៅខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប. បានចេញសេចក្តីសម្រេចចិត្តជាច្រើន ហាមព្យុងយ៉ាង មិនឲ្យបន្តកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន ក៏ព្រមទាំងការគំរាមរបស់វ៉ាស៊ីនតោននៅក្នុងការធ្វើអន្តរាគមន៍យោធាមួយ។
ការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបកូរ៉េខាងជើងនេះ ត្រូវបានប្រព្រឹត្តទៅបន្ទាប់ពីពីរថ្ងៃនៃការរួមប្រជុំរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 នៅក្នុងប្រទេសអ៊ីតាលី។ ថ្នាក់ដឹកនាំរបស់ក្រុមប្រទេសG7 បានវាយតម្លៃកាលពីថ្ងៃសៅរ៍មុនថា “ទង្វើផ្គើនរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយចំពោះពិភពលោក។
នៅប្រទេសជប៉ុន យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល “គ្រាប់មីស៊ីលកូរ៉េខាងជើង បានធ្លាក់ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនគឹនៅក្នុងតំបន់ដែនសមុទ្រដែលមានប្រវែងប្រមាណ ៣៧០គ.ម ពីឆ្នេរសមុទ្រប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ បានប្រតិកម្មថ្កោលទោសកូរ៉េខាងជើង ចំពោះការផ្គើនសហគមន៍អន្តរជាតិ ដោយលោកមានបំណងចង់ឲ្យអាមេរិកចាត់វិធានការជាក់ស្តែងមួយ។
នៅចំពោះមុខក្រុមអ្នកកាសែត នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែង “ជប៉ុននឹងមិនអត់ធ្មត់ទៀតឡើយចំពោះការបង្កហេតុរបស់កូរ៉េខាងជើងនេះ។ ការដែលកូរ៉េខាងជើង មិនព្រមអើពើនឹងការព្រមានរបស់សហគមន៍អន្តរជាតិនោះ ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនវាយតម្លៃថា “បញ្ហាកូរ៉េខាងជើង គឺជាអាទិភាពទីមួយរបស់សហគមន៍អន្តរជាតិ”។
នៅសេអ៊ូលកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលមតិសាធារណៈ យល់ដឹងថា ពុំមានជំហរតឹងតែងខ្លាំងចំពោះកូរ៉េខាងជើង ពុំដូចអតីតប្រធានាធិបតីកូរ៉េខាងត្បូងមុនៗនោះ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ដែរ- នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុងហាប់។
ស្របគ្នានេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា “បើកូរ៉េខាងជើងនៅតែផ្គើនបង្កហេតុទៀត ក្រោយពីរដ្ឋាភិបាលថ្មីកូរ៉េខាងត្បូងឡើងគ្រប់គ្រងប្រទេសហើយនោះ កូរ៉េខាងត្បូងនឹងចាត់ទុកថា វាជាបញ្ហាប្រឈមមុខដោយផ្ទាល់មួយសម្រាប់កូរ៉េខាងត្បូង- កូរ៉េ ខាងត្បូងដែលប្រាថ្នាចង់បានតែសេចក្តីសុខសន្តិភាពនិងការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ