អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-ជប៉ុន-កូរ៉េ​ខាង​ត្បូង​​​​

សហគមន៍​​​​អន្តរជាតិ​​​​​ថ្កោល​ទោស​​​​លើ​​ការ​​​បាញ់​​​សាកល្បង​​​គ្រាប់​​​មីស៊ីល​​​​​កូរ៉េ​​​ខាង​​​ជើង​​នៅ​​​ថ្ងៃ​​​ចន្ទ​ទី​២៩​ឧសភា​​​​​

កូរ៉េ​​ខាង​​ជើង​ ទើប​​បាន​​បាញ់​​សាកល្បង​​គ្រាប់​​មីស៊ីល​​អន្តរទ្វីប​​ជា​​ថ្មី​​​​របស់​​ខ្លួន​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​និង​​ដែល​​បាន​ធ្លាក់​​នៅ​​ក្នុង​​តំបន់​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​ ជប៉ុន។ ទង្វើ​​ផ្គើន​​សហគមន៍​​អន្តរជាតិ​​ពី​សំណាក់​​ព្យុងយ៉ាង​នេះ ​បាន​​បង្ក​​អោយ​​មាន​​ប្រតិកម្ម​​ថ្កោលទោស​​នានា​​ជាពិសេស​​ពី​​ជប៉ុន​​ដែល​​ទាមទារ​​ឲ្យ ​​អាមេរិក​​ចាត់​វិធាន​​ការ​​ជាក់ស្តែង​មួយ។​​ 

ប្រជាជន​កូរ៉េ​ខាង​ត្បូង​​​​តាម​ដាន​មើល​ទូរទស្សន៍​​​ដែល​ផ្សាយ​ពី​ការ​បាញ់​សាកល្បង​​មីស៊ីល​​កូរ៉េ​​ខាង​​ជើង​​​​នៅ​​ថ្ងៃ​​ទី​​​២៩​​ឧសភា​​​២០១៧​​
ប្រជាជន​កូរ៉េ​ខាង​ត្បូង​​​​តាម​ដាន​មើល​ទូរទស្សន៍​​​ដែល​ផ្សាយ​ពី​ការ​បាញ់​សាកល្បង​​មីស៊ីល​​កូរ៉េ​​ខាង​​ជើង​​​​នៅ​​ថ្ងៃ​​ទី​​​២៩​​ឧសភា​​​២០១៧​​ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​បាញ់​គ្រាប់​មីស៊ីល​អន្តរទ្វីបកូរ៉េ​ខាង​ជើង​លើក​ទី​៣​ហើយ នៅ​ក្នុង​រយៈពេល​តែ​៣​សប្តាហ៍​។ ទង្វើ​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​ដែល​​ក្រុម​ប្រឹក្សាសន្តិសុខ​នៃ​​អ.ស.ប. ​បាន​ចេញ​សេចក្តី​សម្រេចចិត្ត​ជា​ច្រើន ​ហាម​ព្យុងយ៉ាង មិន​ឲ្យ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន​ ក៏ព្រមទាំង​ការ​គំរាម​របស់​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​យោធា​​មួយ។

 
ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​កូរ៉េ​ខាង​ជើង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់ពី​ពីរ​ថ្ងៃ​នៃ​ការ​រួម​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ប្រទេស G7 នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ថ្នាក់​ដឹកនាំ​របស់​ក្រុម​ប្រទេស​G7 បាន​វាយតម្លៃ​កាលពី​ថ្ងៃ​សៅរ៍​មុន​​ថា “ទង្វើ​​ផ្គើន​របស់​កូរ៉េ​ខាង​ជើង​ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ពិភពលោក។

នៅ​ប្រទេស​ជប៉ុន​​​ យោង​តាម​​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល “គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​ បាន​​ធ្លាក់​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន​គឹ​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​​ដែល​មាន​ប្រវែង​ប្រមាណ​ ៣៧០​គ.ម ​ពី​​ឆ្នេរ​សមុទ្រ​ប្រទេស​ជប៉ុន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​អាបេ ​បាន​ប្រតិកម្ម​​ថ្កោលទោស​​​​​កូរ៉េខាងជើង​ ​ចំពោះ​ការផ្គើន​សហគមន៍​អន្តរជាតិ​ ​ដោយ​លោក​​មាន​បំណង​ចង់​ឲ្យ​អាមេរិក​ចាត់​វិធានការ​ជាក់​ស្តែង​មួយ​។

នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែង “ជប៉ុន​នឹង​មិន​អត់ធ្មត់ទៀត​ឡើយ​​ចំពោះ​​ការ​​បង្កហេតុ​របស់​កូរ៉េ​ខាង​ជើងនេះ​។ ការ​ដែលកូរ៉េខាងជើង​​​ ​មិនព្រម​​​​​អើពើ​នឹង​​ការ​ព្រមានរបស់​សហគមន៍​អន្តរជាតិនោះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ជប៉ុនវាយតម្លៃ​ថា  “បញ្ហា​កូរ៉េ​ខាង​ជើង​ គឺ​​ជាអាទិភាព​ទីមួយ​របស់​សហគមន៍​អន្តរជាតិ”។​

នៅ​សេអ៊ូល​កូរ៉េខាងត្បូង ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី ដែល​មតិ​សាធារណៈ យល់​ដឹង​ថា ពុំមាន​ជំហរ​តឹងតែង​ខ្លាំង​ចំពោះ​កូរ៉េ​ខាង​ជើង​ ពុំ​ដូច​អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង​មុនៗ​នោះ បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​របស់​ខ្លួន​ជាបន្ទាន់​​ដែរ- នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង យុងហាប់។

ស្របគ្នានេះ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​ បាន​​គូស​​បញ្ជាក់​​ថា “បើ​កូរ៉េ​ខាង​ជើង​នៅ​តែ​ផ្គើន​បង្ក​ហេតុ​ទៀត​ ក្រោយពី​​រដ្ឋាភិបាល​​ថ្មី​​កូរ៉េ​​ខាង​​ត្បូង​​ឡើង​​គ្រប់​គ្រង​​ប្រទេសហើយនោះ​ ​កូរ៉េ​ខាង​ត្បូង​នឹង​ចាត់​ទុក​ថា វា​ជា​បញ្ហា​ប្រឈម​មុខ​​ដោយ​ផ្ទាល់មួយ​​សម្រាប់​កូរ៉េ​ខាង​ត្បូង​- កូរ៉េ ខាងត្បូងដែល​ប្រាថ្នា​ចង់​បាន​តែ​​សេចក្តី​សុខ​សន្តិភាព​និង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីបកូរ៉េ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ