ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាមេរិក

តើ​លោកដូណាល់​ត្រាំ​នឹង​ធ្វើ​ឲ្យ​អាមេរិក​ឯកោ​ក្នុង​រឿង​អាកាសធាតុ?

media ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​នៅ​សេតវិមាន​ថ្ងៃទី ៣១​ឧសភា​២០១៧ ©REUTERS/Jonathan Ernst

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នឹង​បិទបញ្ចប់​ការមន្ទិល​សង្ស័យ របស់​គ្រប់គ្នា ដែល​ទន្ទឹង​រង់ចាំ​មើល​ជំហរ​របស់លោក ស្តី​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ។ នៅព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី ១​មិថុនា លោក​បាន​សរសេរ​សារ ក្នុង​បណ្តាញ​សង្គម Twitter​ថា លោក​នឹង​សម្រេចចិត្ត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅម៉ោង ៣​រសៀល (ម៉ោង​នៅ​អាមេរិក)។

នៅក្នុង​សារ​Twitter សរសេរ​នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី ១​មិថុនា លោក​ដូណាល់ ត្រាំ បាន​សរសេរថា លោកនឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក អស្ចារ្យ​ម្តងទៀត។ គេ​អាច​កាត់​យល់​បាន​ថា លោក​ដូណាល់ ត្រាំ​នឹង​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ ច្រើន​ជាង​ទុក​អាមេរិក​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។

 
នៅ​ថ្ងៃ​ពុធ កាសែត​អាមេរិក​ជាច្រើន ដែល​បានដកស្រង់​សំដី​របស់​មន្រ្តី​ផ្ទៃក្នុង​របស់​សេតវិមាន បាន​សរសេរ​ថា លោក​ដូណាល់​ត្រាំ បាន​សម្រេច​ចិត្ត​រួចហើយ ថា នឹង​ដក​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​នេះ។

មានចរន្តពីរ​នៅ​ក្នុង​រដ្ឋបាល​លោកដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ ដែល​បាន​ពន្យារពេល ធ្វើឲ្យ​គ្រប់គ្នា​ទន្ទឹង រង់ចាំ​ដោយ​អន្ទះសារ ក៏ដោយសារ​តែ លោក​កំពុង​ត្រូវ​ប្រទាញប្រទង់​ដោយ​រវាង​ក្រុមពីរ នៅ​ក្នុង​រដ្ឋបាល​របស់លោក។ ក្នុង​ក្រុមទី១ មាន​កូនស្រី​របស់​លោក​ផ្ទាល់ គឺ Ivanka trump រដ្ឋមន្រ្តី​ការបរទេស លោក​រេច ធីល័រសុន រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក រដ្ឋមន្រ្តី​បរិស្ថាន គាំទ្រ​ដោយ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដែល​បាន​ទាមទារ​ឲ្យ​លោក​ដូណាល់ ត្រាំ នៅ​រក្សា​អាមេរិក ក្នុង​កិច្ចព្រមព្រៀង​ស្តី ពី​អាកាសធាតុ ដើម្បី​ហេតុផល ប្រយោជន៍ ការបរទេស សន្តិសុខ​ជាតិ និង​បរិស្ថាន។

ប៉ុន្តែ លោក​ដូណាល់ ត្រាំ ហាក់​ងាករេ​ទៅរក​ក្រុមទី២ ដែល​នាំមុខ​ដោយ​ប្រធាន​ទីភ្នាក់ងារ​ដើម្បី ការពារ​បរិស្ថាន គឺលោក​Scott Pruitt។ លោក​Scott Pruitt ថ្វីត្បិត​តែ​មាន​ឈ្មោះ​ជា​ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​មែន​ប៉ុន្តែ គឺ​ជា​អ្នក​ដែល​រិះគន់​ប្រឆាំង​កិច្ចព្រមព្រៀង​ស្តីពី​អាធាសធាតុ​ខ្លាំង​ជាងគេ​បំផុត។ លោក​Scott Pruitt​ហ៊ាន​ដល់​ទៅ​និយាយ​ថា មនុស្ស​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ ធ្វើ​ឲ្យ​មាន​ការឡើង​កំដៅ​ផែនដី​នោះទេ។ មួយវិញទៀត ក្នុង​នាម​ជា​ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ លោក​លោក​​Scott Pruitt បាន​ទទួល​បេសកកម្ម​មួយ ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ នោះ​គឺ​សិក្សា​ពី​និតីវិធី​ដើម្បី​ដក​អាមេរិក​ចេញ​ពីកិច្ចព្រមព្រៀង ស្តីពី​អាកាសធាតុ ដែល​លោក​ដូណាល់ ត្រាំ ចាត់ទុកថា កិច្ចព្រមព្រៀង​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក។

សូមអាន៖ ផែនដីឡើងកម្តៅបណ្តាលមកពីទង្វើរបស់មនុស្ស

តើ​លោកដូណាល់ ត្រាំ​នឹង​ធ្វើ​ឲ្យ​អាមេរិក​ឯកោ នៅក្នុង​សំណុំរឿង​អាកាសធាតុ?
លោក​ដូណាល់ ត្រាំ​បាន​គំរាម​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង ស្តីពី​អាកាសធាតុ ដែល​លោក​ចាត់ទុក​ថា ជា​ល្បិចកល បោកបញ្ឆោត រៀបចំ​ឡើង​ដោយ​ទីក្រុង​ប៉េកាំង។ សម្រាប់​លោកដូណាល់ ត្រាំ កិច្ចព្រមព្រៀង​ស្តីពី អាកាសធាតុ នឹងទៅ​បន្ទុចបង្អាក់​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក និង​ទុក​ឲ្យ​អាមេរិក​រស់ពឹង​អាស្រ័យ​លើ​ថាមពល​បរទេស។ គេ​វាយតម្លៃ លោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី ក៏ដោយសារ​តែ​លោក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ នយោបាយ​នេះ​បាន​ទាក់ទាញ​ក្រុមហ៊ុន និង​ប្រជាជន​អាមេរិកាំង​ដែល​ធ្វើការ រស់អាស្រ័យ​នឹង​អាជីវកម្ម​ធ្យូងថ្ម ប្រេង ឬ​ឧស្ម័ន។ សម្រាប់​ប្រជាជន​អាមេរិកាំង ទាំងនេះ គឺ​ការងារ និង​ចំណូល​បាន​មក​ពី​អាជីវកម្ម​រ៉ែធ្យូងថ្ម ដែល​សំខាន់ សម្រាប់​អាយុជីវិត​របស់ពួកគេ ប៉ុន្តែ មិនមែន​ការឡើង​កំដៅ​ផែនដី នោះទេ។

លោកដូណាល់ ត្រាំ ដែល​នឹង​អាច​សម្រេច​ចិត្ត​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង ស្តីពី​អាកាសធាតុ ទំនង​ចង់​បង្ហាញ​ថា លោក​ជា​ប្រធានាធិបតី​ដែល​បាន​គិតគូរ ដល់​ប្រយោជន៍​ដំបូង​របស់​ប្រជាជន​អាមេរិកាំង ដូច​ដែល​លោក​ធ្លាប់​ស្រែក​សន្យា រហូត​មក។ ការបំពេញ​ចិត្ត​ម្ចាស់ឆ្នោត គឺ​ជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ អាច​សម្រេចចិត្ត​ដើរ ចេញពី​កិច្ចព្រមព្រៀង គឺ​ក្រៅពីនេះ គេ​មិនឃើញ​មានហេតុផល​អ្វីផ្សេង ដែល​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ត្រូវ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះទេ។

កិច្ចព្រមព្រៀង ស្តី​ពី​អាកាសធាតុ មិនមែន​ជា​កិច្ចព្រមព្រៀង​ដែល​ចាប់ចង​ដៃ​ប្រទេស​ហត្ថលេខី​នោះ​ទេ។ ប្រទេស​នីមួយៗ មាន​សិទ្ធិ សម្រេច​លើ​ការចូលរួម​របស់ខ្លួន នៅក្នុង​ការកាត់បន្ថយ​ឧស្ម័នពុល។ លោកអូបាម៉ា​ផ្ទាល់ បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ផ្សែងពុល ពី ២៦ ទៅ ២៨ភាគរយ ពីពេលនេះ ដល់​ឆ្នាំ ២០៥០។ បើសិន​លោកដូណាល់ ត្រាំ មិនពេញចិត្តនឹង​កូតានេះ លោកអាច​បន្ថយ​ការចូលរួម​របស់អាមេរិក ដោយ​មិនចាំបាច់​ត្រូវ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះទេ។

ចិន និង​សហភាព​អឺរ៉ុប​នឹង​រួមគ្នា​បន្ត​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ
កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ធ្វើឡើង​នៅក្រុង​ប៉ារីស​នៅ​ឆ្នាំ​២០១៥ ត្រូវ​បាន​ចុះហត្ថលេខា​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​ចំនួន ១៤៧ ដែល​នៅក្នុង​នោះ​មាន​ទាំង​អាមេរិក​ផង។ ប្រទេស​ចំនួន ១៧៥ ក្នុង​ពិភពលោក​បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​នៅទីក្រុង​ញូវយ៉ក នៅថ្ងៃសុក្រ​ទី ២២ ខែ​មេសា ២០១៦។

បើសិន​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង នោះ​អាមេរិក​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​លើលោក​នឹង គ្មាន​ទឹកមាត់​ប្រៃ ទៅ​និយាយ​ជាមួយ​គេ ក្នុង​រឿង​អាកាសធាតុ។

អាមេរិក​ជា​ប្រទេស​ឧស្សាហកម្ម ដែល​បញ្ចេញ​ផ្សែងពុល ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ​ក្នុង​លោក បន្ទាប់​ពី​ចិន។ បើសិន​អាមេរិក​ដកខ្លួន ចេញ​ពី​កិច្ចព្រមព្រៀង នោះ​គេ​បារមភថា ប្រទេស​ដទៃទៀត នឹង​អាច​យកលេស មិន​គោរពតាម​កិច្ចព្រមព្រៀង​ដូច​អាមេរិក។ បើ​មាន​ប្រទេស​បញ្ចេញ​ផ្សែងពុល​ច្រើន​នាំគ្នា​តាមអាមេរិក នោះ ក្តីអន្តរាយ​នឹង​កើតមាន​ជាមិន​ខាន ព្រោះ ​ថា ផ្សែងពុល ឧស្ម័ន​ផ្ទះ​កញ្ចក់ ជា​ដើមហេតុ​ធ្វើឲ្យ​ផែនដី​ឡើងកំដៅ និង​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​លែង​ទៀងទាត់​ដូចមុន។

ចិន និង​សហភាព​អឺរ៉ុប​ចាប់ដៃគ្នា​ដើម្បី​គោរព​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ
គេនៅ​មាន​សុទិដ្ឋិនិយម​ច្រើន ថា ស្ថានការណ៍​នឹង​មិន​វិវឌ្ឍ​អាក្រក់​ខ្លាំង​ណាស់ណា​ទេ បើសិន​លោក​ដូណាល់ ត្រាំ ប្រកាស​ថា ដក ​អាមេរិកចេញ​ពីកិច្ចព្រមព្រៀង​មែននោះ។ ប្រទេស​ចិន ដែល​ជា​ប្រទេស​បញ្ចេញ​ផ្សែងពុល ធំទី ២​បន្ទាប់​ពី​អាមេរិក បាន​ប្រកាស​រួមគ្នា​ជាមួយ សហភាព​អឺរ៉ុប ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។ នៅក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅទីក្រុង​ប៊ែរឡាំង នៅថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឆាំង បាននិយាយ​ថា ចិន​នៅតែ​បន្ត​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ស្តី ពី​អាកាសធាតុ។ កាណាដា ឯណោះវិញ ដែល​ជា​ប្រទេស​ឧស្សាហ៍កម្ម​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សំខាន់​ដែរ ក៏​បាន​ប្រកាស​ថា ខ្លួន​នៅ​តែ​គោរព​តាម​កិច្ចព្រមព្រៀង និង​បាន​អំពាវនាវ​ឲ្យ​អាមេរិក​នៅ​បន្ត​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ដូចមុន។

បើទោះជា​លោកដូណាល់ ត្រាំ​ចង់​ដក​អាមេរិក​ចេញពីកិច្ចព្រមព្រៀង ក៏​លោក​ត្រាំ មិនអាច​ធ្វើបាន​ភ្លាមៗដែរ។ ដោយសារ​តែ​មាន​និតិវីធី​ច្រើន គេ​រំពឹង​ថា អាមេរិក​នឹង​អាច​ដកខ្លួន​ផុតស្រឡះ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស  នៅ​អំឡុង​ឆ្នាំ ២០២០ ពោល​គឺ​នៅ​ឆ្នាំ​ដែល​អាមេរិក​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​សាជា​ថ្មីម្តង​ទៀត៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ