ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាមេរិក

លោកដូណាល់ ត្រាំ​បាន​ដកអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ

media  
អ្នកចូលរួម​ក្នុង​សន្និសីទ​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​២០១៥ Reuters/路透社

១​មិថុនា ២០១៧ ​បាន​ក្លាយ​ជា​ថ្ងៃ​ខ្មៅ​ងងឹត​សម្រាប់​អនាគត​ផែនដី។ នៅ​ថ្ងៃ​១​មិថុនា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ។ នៅក្រោយ​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ការខាតបង់​ជាពិសេស​សម្រាប់​ភពផែនដី​នឹង​មាន​ទំហំធំធេង​ជាង​ការចំណេញ ដែល​លោក​ដូណាល់ ត្រាំ អះអាង​ថា លោក​បានធ្វើឡើង ដើម្បី​ប្រយោជន៍​ប្រជាជន​អាមេរិកាំង។

ពិភពលោក​សោកស្តាយ ខឹងសម្បារ និង​បាន​ប្រតិកម្ម​ថ្កោលទោស​​ការសម្រេច​ចិត្ត​របស់​ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដែល​បាន​ប្រកាស​នៅ​ថ្ងៃទី​១​មិថុនា​ម្សិលមិញ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ ២០១៥។ នៅក្នុង​សុន្ទរកថា នៅ​សេតវិមាន​ម្សិលមិញ លោក​ដូណាល់ ​ត្រាំ​បាន​លើក​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។ នៅក្នុង​នោះ​មាន​ផងដែរ​ហេតុផល​សេដ្ឋកិច្ច ដែល​បើតាម​លោក​ដូណាល់ ត្រាំ គឺ​កិច្ចព្រមព្រៀង​នឹង​​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ថវិកា​ច្រើន​ពាន់លាន​ដុល្លារ។ « ខ្ញុំ​ជា​ប្រធានាធិបតីដែល​​តំណាង​ឲ្យ​ប្រជាជន​នៅ​Pittsburgh មិន​មែន​នៅ​ប៉ារីសទេ” នេះ​ជា​ប្រសាសន៍​របស់​លោកដូណាល់ ត្រាំ។

 

តាម​ប្រធានាធិបតី​អាមេរិក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​​អាច​ធ្វើ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​​អាមេរិក ខាតបង់​​ប្រមាណ ៣រយ ម៉ឺន លាន​ដុល្លារ (3 trillions) ហើយ​និង​បំផ្លាញ​ការងារ​ប្រជាជន​អាមេរិកាំង​ប្រមាណ ៦លាន ៥សែន។

 

សូមអាន៖ ប្រតិកម្ម​របស់​អន្តរជាតិ​ទៅលើ​ការដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ

 

សម្រាប់​លោកដូណាល់ ត្រាំ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ គឺ​ជាកិច្ចព្រមព្រៀង​ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​អាមេរិក​ខាតប្រយោជន៍ ធ្វើ​ឲ្យ​អាមេរិកក្រីក្រ។ ប្រធានាធិបតី​អាមេរិក​នៅ​បាន​ទម្លាក់​កំហុស​លើ​កិច្ចព្រមព្រៀងថា ជា​កិច្ចព្រមព្រៀង ដែល​មាន​ន័យ គ្មាន​ឥទ្ធិពល​ ទៅលើ​ការប្រែប្រួល​អាកាសធាតុ​នោ និង​មាន​លក្ខណៈ​លម្អៀង ជាពិសេស ទៅលើ​ប្រទេស​មួយចំនួន ដែលទទួល​​បាន​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង ឧទាហរណ៍​ដូចជា​ឥណ្ឌា​ដែល​ បើតាម​កិច្ចព្រមព្រៀង គឺ​បាន​ទទួល​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍន៍ ក្នុង​ពេល​ដែល​ចិន វិញ គឺ​មាន​​ពេល​ដល់​ទៅ ១៣​ឆ្នាំ ដើម្បី​គោរព​តាម​កូតា កាត់បន្ថយ​ការបញ្ចេញផ្សែងពុល ក្នុង​ពេល​ដែល​ចិន ជា​ប្រទេស​ដែល​បញ្ចេញ​ផ្សែងពុល​ច្រើន​ជាងគេ បំផុត​ក្នុង​លោក។

 

សូមអាន៖ កិច្ចចរចា​អាកាសធាតុ៖ ​ហេតុអ្វី​២អង្សា?

 

©climate interactive

ក្រុមហ៊ុន​អាមេរិកធំៗ ដូចជា​Google Facebook Apple និង​ក្រុមហ៊ុន​ប្រេង​មិន​សប្បាយចិត្ត​ដែល​លោក​ដូណាល់ ត្រាំដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ ទៅវិញ បុប្ផា?

អ្នក​ដែល​សប្បាយចិត្ត​នឹង​ការសម្រេចចិត្ត​រប់ស​លោកដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​មាន​តែក្រុមហ៊ុនប្រេង និង​កម្មករ​អាមេរិក​ដែល​ធ្វើការ​នៅអណ្តូង​រ៉ែ មួយ​ក្តាប់តូច តែប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ក្នុង​រង្វង់​អ្នកជំនួញ​ធំៗ ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា​Google Facebook Apple ជាដើម គឺ​បាន​រិះគន់ ថ្កោលទោស​ការសម្រេចចិត្ត​របស់​លោកដូណាល់ ត្រាំ​គ្រប់គ្នា។ លោក​Bob Iger​ប្រធាន​ក្រុមហ៊ុន Walt Disney និងលោក​Elon Musk​ប្រធាន​ក្រុមហ៊ុន​Tesla ​ប្រកាស​ភ្លាមថា ពួកគេ​បាន​លាលែង​ចេញពី​តំណែង​ទីប្រឹក្សា​របស់​លោកដូណាល់ ត្រាំ នៅក្រោយ​ពេល​លោកដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ។

 

ប្រធាន​ធនាគារ​ហិរញ្ញវត្ថុ Golman Sach បាន​វាយតម្លៃថា ការសម្រេចចិត្ត​របស់លោកដូណាល់ ត្រាំ មិនត្រឹម​តែ​ជា​បរាជ័យ​សម្រាប់​បរិស្ថាន​តែប៉ុណ្ណោះទេ ប៉ុន្តែ ជា​បរាជ័យ​សម្រាប់​ភាពជាដឹកនាំ​របស់​អាមេរិក នៅក្នុង​ពិភពលោក។

 

សូមអាន៖ នៅឆ្នាំ ២០៥០ ទីក្រុងរាប់រយ​នឹង​ប្រឈម​ខាតបង់​ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ

 

ក្រុមហ៊ុន​ឯកជន​អាមេរិក​មិនយល់ស្រប​នឹង​ការសម្រេចចិត្ត​របស់​លោកដូណាល់ ត្រាំ ដោយសារ​ថា ក្រុមហ៊ុន​ទាំងនោះ បាន​រៀបចំ​រួចហើយ គោលនយោបាយ យុទ្ធសាស្រ្ត​របស់​ពួកគេ សម្រាប់​ផលិត​ថាមពល​នាពេល​អនាគត។ តាំង​ពី​មិនទាន់​មាន​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុម្ល៉េះ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិកជាច្រើន ​បានចាប់​ស្រាវជ្រាវ វិនិយោគ​ទៅលើ​វិស័យ​ថាមពល​ដែល​មិនចេះ​រីងស្ងួត ដូចជា​ថាមពល​បាន​មក​ពី​ព្រះអាទិត្យ ឬ​មក​ពីទឹក ឬ​មក​ពី​ខ្យល់។ ប្រេង ធ្យូងថ្ម និង​ឧស្ម័ន​ផ្តល់​ថាមពល​ដែល​មាន​តម្លៃ​ថោក។ ប៉ុន្តែ ធនធាន​ធម្មជាតិ​ទាំងនេះ ក្រៅតែ​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ នឹង​អស់​រេចរិល នៅ​ថ្ងៃ​ណាមួយ។ ម្យ៉ាងទៀត តម្លៃ​នៃ​ថាមពល​មិនចេះ​រីងស្ងួត​មាន​តម្លៃ​កាន់​តែ​ថោក​ជាងមុន។

 

សម្រាប់​អ្នកដែល​ចេះ​មើលវែងឆ្ងាយ ថាមពល​មិនចេះ​រីងស្ងួត ជា​អ្វី​ដែល​ពិភពលោក​ត្រូវការ​ពិតប្រាកដ​ បង្កើត​ការងារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត  ប៉ុន្តែ មិនមែន ប្រេង និង​ធ្យូងថ្ម ដូច​ដែល​លោក​ដូណាល់ ត្រាំ ចង់​ផ្តល់​តម្លៃ នោះទេ។ ក្រុមហ៊ុន​អាមេរិក ជាច្រើន ដូចជា​Amazone Google និងសូម្បី​តែ​ក្រុមហ៊ុន​ប្រេង ដ៏​ធំ​របស់​អាមេរិក ដូចជា Chevron Exxonmobil ជាដើម បាន​ចេញមុខ​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​បាន​ប្រកាស នៅ​តែ​បន្ត​ធ្វើតាម​គោលនយោបាយ យុទ្ធសាស្រ្ត ដើម្បី​ផ្តត់ផ្គង់​ថាមពល​មិន​ចេះរីងស្ងួត ដែល​សំខាន់​សម្រាប់​ផែនដី និង​ជីវិត​មនុស្ស​ជំនាន់​ក្រោយ។

 

ប្រធានាធិបតី​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅថ្ងៃទី ១​មិថុនា ២០១៧ នៅ​សេតវិមាន REUTERS/Kevin Lamarque

លោក​ដូណាល់ត្រាំ ឈប់​ឲ្យ​ផ្តល់​វិភាគទាន​ដល់​មូលនិធិ​បៃតង​របស់​អង្គការ​សហប្រជាជាតិ

តាមលក្ខខណ្ឌ​ដែល​មាន​ចុះ​ក្នុង​កិច្ចព្រមព្រៀង អាមេរិក​អាច​ដកខ្លួន​ផុត​ស្រឡះ ពី​កិច្​ចព្រមព្រៀង ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០២០ គឺ​ឆ្នាំ​ដែល​អាមេរិក​ត្រូវ​មាន​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី។ ប៉ុន្តែ លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាសរួចហើយ​ថា អាមេរិក​ឈប់​អនុវត្ត​កិច្ចព្រមព្រៀង​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញម្ល៉េះ។ លោក​ដូណាល់ ត្រាំ​នៅ​បាន​បញ្ជាក់​ថា អាមេរិក​នឹង​ឈប់​ផ្តល់​ថវិកា​ទៅ​ឲ្យ​មូលនិធិ​បៃតង​របស់​អង្គការ​សហប្រជាជាតិ ដែល​គេ​យកទៅប្រើ​សម្រាប់ជួយ​ប្រទេស​ក្រីក្រ ក្នុង​ក្របខ័ណ្ឌ​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល។ គេ​កំពុង​ព្រួយបារម្ភ​ផងដែរ​ពី​កង្វះ​ថវិកា ព្រោះថា អាមេរិក​បាន​ចូលរួម​ផ្តល់​ថវិកា​ប្រមាណ ២៣ភាគរយ​នៃ​ថវិកា​សម្រាប់​អនុសញ្ញា​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។

 

ចិន​កំពុង​ឆ្លៀត​ដណ្តើម​តួនាទី​ជាមេដឹកនាំ​ទី១​ពី​អាមេរិក

លោកដូណាល់ ត្រាំ កំពុង​អូសទាញ​អាមេរិក​ឲ្យ​ដើរថយក្រោយ បាត់បង់​ឥទ្ធិពល​ក្នុង​ឆាក​អន្តរជាតិ។ អ្នកដែល​បាន​ប្រយោជន៍ ពេលនេះ គឺ​ចិន ដែល​កំពុង​ចេញមុខ​សម្បើម​ណាស់ ដើរតួ​សំខាន់ នាំមុខគេ​នៅក្នុង​បញ្ហា​អាកាសធាតុនេះ។ ចិន​ដែល​ឆ្លៀត​អាមេរិក​ដកខ្លួន នៅ​ថ្ងៃសុក្រ បាន​ប្រកាស​ចាប់ដៃ ​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី អភិវឌ្ឍន៍​បច្ចេកវិទ្យា​បៃតង និង​សន្យា​ផ្តល់​ថវិកា​ប្រចាំឆ្នាំ ប្រមាណ ១០០​ពាន់​ដុល្លារ ពីពេលនេះ ដល់​ឆ្នាំ ២០២០ សម្រាប់​មូលនិធិ​បៃតង របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ជួយ​ប្រទេស​ក្រីក្រ។

 

ប្រទេស​បារាំង​ឯណោះវិញ តាមរយៈ​ប្រធានាធិបតី​វ័យក្មេង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស អំពាវនាវ​ឲ្យ​ក្រុមហ៊ុន អ្នកស្រាវជ្រាវ​អាមេរិកាំង មក​ធ្វើការ នៅ​ប្រទេស​បារាំង។ បារាំង​ដែល​បើកទ្វារ ស្វាគម​អ្នកដែល​ស្រឡាញ់ គិតគូរ​ដល់​អនាគត​ផែនដី។ នៅក្នុង​សុន្ទរកថា ប្រតិកម្ម​ទៅ​នឹង​ការសម្រេចចិត្ត​របស់លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​បារាំង ​បានទាត់ចោល ការចង់​បាន​របស់​លោកដូណាល់ ត្រាំដែល​ចង់​ចរចា​ឡើងវិញ ចូល​ក្នុង​កិច្ចព្រមព្រៀង​ថ្មី ដែល​នឹងមិន​ធ្វើ​ឲ្យ​អាមេរិក​ខាតប្រយោជន៍។

 

សម្រាប់​លោក​ម៉ាក្រុង គ្មាន​ទេ ផែនការ ទី២ ព្រោះថា គ្មានទេ ផែនដីទី២។ លោក​នៅ​ បាន​ឆ្លៀត និយាយឌឺដង​ដាក់​លោក​ដូណាល់ ត្រាំ ជា​ភាសា​អង់គ្លេសថា Make our planet great again នៅពេល​លោកដូណាល់ ត្រាំ ដែល​មេដឹកនាំ​ជាតិនិយម តែង​និយាយថា Make America great again៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ