អានតួអត្ថបទ
សន្តិសុខអ៊ីនធ័រនែត

អ្នកជំនាញ​ស្នើ​ឲ្យ​បង្កើត​អង្គការឯកជន​មួយ​ដើម្បី​អង្កេត និង​វែកមុខ​ក្រុម​ចោរ​​វាយប្រហារ​តាម​អ៊ីនធ័រនែត

ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា Microsoft បាន​ស្នើ​ឲ្យ​បង្កើត​អង្គការ​អន្តរជាតិ​ឯកជន​មួយ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វាយប្រហារ​ពី​ក្រុម​ចោរ​អ៊ីនធ័រនែត។ អង្គការ​អន្តរជាតិ​ឯកជន​មួយ​នេះ​មាន​តួនាទី​ជា​អ្នក​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ជា​សកល និង​លាត​ត្រដាង​ជា​សាធារណៈ​នូវ​លើ​អត្តសញ្ញាណ​របស់​អ្នក​ដែល​បាន​ប្រព្រឹត្តផ្ទាល់ ទោះ​ជា​ទង្វើ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​បុគ្គល ជា​ក្រុម​ចោរ​អន្តរជាតិ ឬ​មួយ​ក៏​រៀបចំ​ដោយ​ប្រទេស​ណា​មួយ​ក្តី។

អ្នកជំនាញ​ស្នើ​ឲ្យ​បង្កើត​អង្គការឯកជន​មួយ​ដើម្បី​អង្កេត និង​វែកមុខ​ក្រុម​ចោរ​ណពិត​ដែល​វាយប្រហារ​តាម​អ៊ីនធ័រនែត
អ្នកជំនាញ​ស្នើ​ឲ្យ​បង្កើត​អង្គការឯកជន​មួយ​ដើម្បី​អង្កេត និង​វែកមុខ​ក្រុម​ចោរ​ណពិត​ដែល​វាយប្រហារ​តាម​អ៊ីនធ័រនែត Oliver Nicolaas Ponder / EyeEm
ផ្សាយពាណិជ្ជកម្ម

សំណើ​ឲ្យ​បង្កើត​អង្គការ​អន្តរជាតិ​ឯកជន​មួយ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វាយប្រហារ​ពី​ក្រុម​ចោរ​អ៊ីធឺណែត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ស្តីពី​ជម្លោះ​អ៊ីនធ័រនែត​រៀបចំ​ក្នុង​ប្រទេស​អេស្តូនី​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ លោក Paul Nicholas នាយក​យុទ្ធសាស្រ្ត​សន្តិសុខ​របស់​ក្រុមហ៊ុន​ព័ត៌មានវិទ្យា Microsft បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​នោះ​ថា​សព្វថ្ងៃ​នេះ មាន​ទង្វើ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ជា​ច្រើន​មិន​ត្រូវ​បាន​វែក​មុខ​ជន ឬ​ក្រុម​ដៃដល់​ពិតប្រាកដ​ទេ ពោល​ច្រើន​តែ​មាន​ការ​សង្ស័យ ឬ​មួយ​ក៏​ការ​ចោទ​ប្រកាន់​លើ​អ្នកនេះ ក្រុមនេះ ឬ​ប្រទេស​ណា​មួយ​ដោយ​គ្មាន​បាន​លើក​យក​ភស្តុតាង​មក​បង្ហាញ​ជាក់ស្តែង​ឡើយ។ កន្លង​មក ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​នៅ​អាមេរិក ឬ​ក្នុង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​ដាក់​ប្រទេស​រុស្ស៊ី ចិន ឬ​មួយ​កូរ៉េខាងជើង។

លោក Paul Nicholas បាន​បន្ថែម​ថា អ្វី​ដែល​ពិភពលោក​កំពុង​ខ្វះ​សព្វថ្ងៃ​នេះ គឺ​អង្គការ​ឯកជន​អន្តរជាតិ​មួយ​ដែល​អាច​ជឿទុកចិត្ត​បាន​ដើម្បី​ស៊ើបអង្កេត​ស្វែង​រក​អត្តសញ្ញាណ​ជន ក្រុម ឬ​ប្រទេស​ដែល​បាន​ប្រើ​ប្រព័ន្ធ​វាយប្រហារ​តាម​អ៊ីធឺណែត​ដោយ​ចេតនា ឬ​អចេតនា។ គួរ​រម្លឹក​ជូន​ថា​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុន Microsoft បាន​ចេញ​របាយការណ៍​មួយ​ដោយ​អំពាវនាវ​ឲ្យ​ដាក់​ចេញ​នូវ​វិធានការ​អន្តរជាតិ​មួយ​ស្តីពី​សន្តិសុខអ៊ីនធ័រនែត។ គឺ​ជា​វិធានការ​បន្ទាន់ និង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធានា​ឲ្យ​មាន​ដំណើរការ​ល្អ​របស់​ប្រព័ន្ធ​អ៊ីនធ័រនែត។

របាយការណ៍​ដដែល​បាន​បញ្ជាក់ៗ​ថា បើ​គ្មាន​យន្តការ​ណា​មួយ​ដើម្បី​ប្រឆាំង​ទប់​នឹង​គ្រោះថ្នាក់​វាយប្រហារ​តាម​អ៊ីនធ័រនែត​ទេ នោះ​នឹង​មាន​ហានិភ័យ​គំរាមកំហែង​ដល់​សន្តិភាព និង​សេដ្ឋកិច្ច​ពិភពលោក។ ទាក់ទង​នឹង​សមាភាព​របស់​អង្គការ​អន្តរជាតិ​ឯកជន​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វាយប្រហារ​ពី​ក្រុម​ចោរ​អ៊ីធឺណែត​នេះ ក្រុម​អ្នកជំនាញ​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​ក្រុមអ្នក​ជំនាញ ក្រុម​អ្នក​ព័ត៌មានវិទ្យា​ឯករាជ្យ​មក​ពី​ក្រុមហ៊ុន​ឯកជន។ ទាក់ទង​នឹង​ថវិកា​វិញ ក្រុម​អ្នកជំនាញ​បាន​ផ្តល់​យោបល់​ឲ្យ​រក​ជំនួយ​ពី​អង្គការ​អន្តរជាតិ​នានា ពី​អង្គការ​សហប្រជាជាតិ ឬ​មួយ​ពី​ក្រុមហ៊ុន​ព័ត៌មានវិទ្យា ឬ​ទូរគមន៍នាគមន៍​ធំៗ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ