អានតួអត្ថបទ

ក្រោយ​សក្ខីក​ម្ម​របស់​លោក​ខមី លោកត្រាំ ​ចង់​ផ្តល់​ចម្លើយ​ ដោយហ៊ានស្បថ

បន្ទាប់​ស្ងប់​ស្ងាត់​ខុស​ទម្លាប់​អស់​ពេញ​មួយ​ថ្ងៃ លោក​ត្រាំ បានលេចមុខ​​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​អតីតប្រធាន​FBI តាម​គ្រប់​មធ្យោបាយ ដោយ​សារ​ទ្វីត និង​ក្នុង​ពេល​​ធ្វើ​សន្និសីទ​កាសែត​​ជា​សាធារណៈ។ លោក ត្រាំ បាន​បដិសេធ​​ថា​មិន​បាន​រារាំង​ដំណើរការ​អង្កេត ហើយ​បាន​​ចង្អុល​មុខ​លោក ខមី វិញ​ថា​និយាយ​មិន​ពិត។

លោក ត្រាំ ធ្វើ​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​រ៉ូមានី ចោទលោក ខមី ថា​និយាយ​មិន​ពិត
លោក ត្រាំ ធ្វើ​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​រ៉ូមានី ចោទលោក ខមី ថា​និយាយ​មិន​ពិត REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ទុកពេល​ឱ្យ​តែ​មេធាវី​ជា​អ្នក​បញ្ចេញ​ប្រតិកម្ម​ តប​នឹង​ពាក្យ​ដាក់​បន្ទុក​របស់​ចេមស៍ ខមី លោក ត្រាំ​បាន​សរសេរ​សារ​ទ្វីត​ជា​ថ្មី ថា​លោក ក្រៅអំពី​ភ និង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខុស​ ... លោក ខមី ជា​ជញ្ជីង ! ពេល​រសៀល​បន្តិច លោក ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ជាន់​បន្ថែម​មួយ​កំរិត នៅ​ក្នុង​សន្និសីទ​រួម​គ្នា​ជាមួយ​ប្រធានាធិបតី រ៉ូមានី ថា​ ចេមស៍​ ខមី បាន​បញ្ជាក់​ច្រើន​នូវ​អ្វី​ជា​ប្រសាសន៍​លោក ហើយ​ពាក្យ​ខ្លះ មិន​​​ពិត។

ដូច្នេះ​អ្នក​ដែល​កុហក គឺ​លោក ខមី មិន​មែន​លោក​​​ទេ ! ​លោក​ត្រាំ ក៏​បាន​បដិសេធ​ដែរ​ថា​មិន​បាន​ស្នើសុំ​អតីត​នាយក​ទីភ្នាក់ងារចារកិច្ច​FBIនេះ ឱ្យ​បញ្ឈប់​ការ​អង្កេត​ ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​សន្តិសុខ​ Michael Flynn​ ក្នុង​សំណុំ​រឿង​សង្ស័យ​មាន​ពាក់ព័ន្ធនឹង​រុស្ស៊ី​ឡើយ។ លោក ត្រាំ​បានសម្តែង​ការ​ហួស​ចិត្តចង់​អស់​សំណើច​នឹង​ ​គំនិត​ថា​លោកជា​ប្រធានាធិបតី​​ ត្រូវ​ទៅ​សុំ​អ្វី​មួយពី​​លោក ខមី។

 
ចុះ​តើ​លោក​ត្រាំ ពិត​ជា​មាន​លួច​ថត​កិច្ចសន្ទនា​ជាមួយ​អតីត​មេប៉ូលិស​ខមី ​​មែនឬ ? លោក ត្រាំ​បាន​ព្រលយ​ពាក្យ​​នេះឡើង ហើយ​សន្យា​នឹង​លម្អិត​នៅ​ថ្ងៃ​ក្រោយ។ តែ​ខ្សែអាត់​ថត​សំឡេង​ទំនង​​​គ្រាន់​តែជា​បំផ្លើស​​បង្អើល​តែ​ប៉ុណ្ណោះ។ ម្សិលមិញ​ អ្នក​ទទួល​ខុស​ត្រូវ​អង្កេត ដឹកនាំ​ដោយ​គណៈកម្មការ​ស៊ើប​ការណ៍​​សភា បាន​ស្នើ​សុំ​ពី​លោក ខមី នូវ​កំណត់​ត្រា​ដែល​កត់​ពេល​ជជែក​ជាមួយ​លោក ត្រាំ និង​សុំ​ពី​សេតវិមាន​នូវ​រាល់​​ឯកសារ​ថត​សំឡេង​ឬ​កំណត់​ត្រា​ផ្សេង​ទាក់​ទង​នឹង​ជំនួប​រវាង​អ្នក​ទាំងពីរ។

បើ​ម្ខាងៗ​ចោទ​គ្នា​ថា​និយាយ​ភ ចុះ​តើធ្វើ​ដូចម្តេច​នឹង​ដឹង​ការពិត ? លោក ត្រាំ បានប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​ ១០០% ចូល​ទៅ​ផ្តល់​សក្ខីកម្ម ក្រោម​ពាក្យ​សម្បថ នៅ​ចំពោះ​មុខ​រដ្ឋអាជ្ញាពិសេស ដែល​ដឹកនាំ​អង្កេត​សំណុំ​រឿង​សង្ស័យ​​​រុស្ស៊ីចូល​ជ្រៀតជ្រែក​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកនេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ