អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​លោកត្រាំ ចង់លុប​ទំនាក់ទំនងអាមេរិក​​ជាមួយ​គុយបា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ច្បាប់​ធានារ៉ាប់រង​សុខភាព​និង​កិច្ចព្រមព្រៀង​អាកាសធាតុ​ ​នៅ​ថ្ងៃ​សុក្រ​នេះ លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ ក្នុង​អត្ថន័យ​លុប​ចោល​នយោបាយ​ដែល​ជា​ស្នាដៃ​របស់​លោក​ បារ៉ាក់ អូបាម៉ា​ មួយ​ទៀត គឺ​ ទំនាក់ទំនង​ជាមួយ​គុយបា។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក លោក​ប្រធានាធិបតី​ ត្រាំ​ នឹង​ចេញ​វិធានការ​​មួយ​ចំនួន​ដើម្បី​បង្អាក់​នូវ​រាល់​អ្វី​ដែល​ជា​ស្នាដៃ​សម្រេច​បាន​ជា​ប្រវត្តិសាស្ត្រ​រវាង​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា និង​គុយបា។ បើ​ប្រធានាធិបតី​មុន​ធ្វើ​បាន​សម្រេច​ទៅ​ហើយ​ តើ​ប្រធានាធិបតី​ថ្មី​មាន​ហេតុផល និង​សំអាង​អ្វី​ បាន​ជា​មក​បន្ទុចបង្អាក់​ទៅវិញ​យ៉ាង​ដូច្នេះ ?

លោក ដូណាល់ ត្រាំ នឹង​ប្រកាស​ជំហរ​អាមេរិក​ក្នុង​ទំនាក់ទំនង​ជាមួយ​គុយបា
លោក ដូណាល់ ត្រាំ នឹង​ប្រកាស​ជំហរ​អាមេរិក​ក្នុង​ទំនាក់ទំនង​ជាមួយ​គុយបា REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 ការ​សើរើ​មើល​នយោបាយ​បើក​ចំហចំពោះ​គុយបា​របស់​លោក​អូបាម៉ា ក៏​ដូច​ជា​ការ​លុប​ច្បាប់​ធានារ៉ាប់រង​សុខភាព និង​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែរ សុទ្ធ​តែ​​ជា​ប្រធានបទ​ធំៗ​ ដែល​​លោក ដូណាល់ ត្រាំ​ បាន​ប្រកាស​តាំង​ពី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីម្ល៉េះ។ ដូច្នេះការ​ប្រកាស​បង្ហាញ​នយោបាយ​​អាមេរិក​ចំពោះ​គុយបា ថ្ងៃ​នេះ អាច​ចាត់​ទុក​ថា ​លោកត្រាំកំពុង​ធ្វើ​អ្វី​ដែល​​បានសន្យា​ !

លោកត្រាំ ចង់​ផ្តាច់កេរ្ត៍​​របស់​លោក​អូបាម៉ា

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក ត្រាំ ក៏​ចង់​ធ្វើ​អ្វី​ឱ្យខុស​ ពី​ប្រធានាធិបតី​មុន ! អ្វី​ដែល​មាន​ក្នុង​របប​មុន​ លោក​ត្រាំ​ចង់​ផ្តាច់​ឱ្យ​អស់។ ម្សិលមិញ លោក​ត្រាំប្រកាស​បិទ​​ អនុក្រិត្យ​របស់​លោក​អូបាម៉ា​ ដែល​អនុគ្រោះ​ឱ្យ​អន្តោប្រវេសន៍​ខុសច្បាប់​អាច​បន្ត​ស្នាក់​នៅ​ក្នុង​ទឹក​ដី​សហរដ្​ឋបាន ប្រសិន​បើ​មាន​កូន​កើត​នៅ​អាមេរិក។ នៅ​ថ្ងៃនេះ លោក​ត្រូវ​​សើរើ​ទំនាក់ទំនង​ជា​មួយ​គុយបា ព្រោះ​ជា​មធ្យោបាយ​ដ៏​ងាយ​សម្រាប់​បង្ហាញ​មតិ​សាធារណៈ​ថា រដ្ឋបាល​អាមេរិក​របស់​ត្រាំប្តូរ​ផ្លាស់ ផ្តាច់អ្វី​​ដែល​មាន​ក្នុង​​​រដ្ឋបាល​អាមេរិកចាស់​របស់​អូបាម៉ា។

​ម្យ៉ាង​វិញទៀត លោក ដូណាល់ ត្រាំ ចង់​អរគុណ និង​ចង់​​​បំពេញ​ចិត្ត​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៅ​មីអាមី ដែលបាន​គាំទ្រ​លោកភ្លូក​ទឹក​ភ្លូក​ដី​​រហូត​បាន​ទទួល​ជោគជ័យ​​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី។ ពួកគេ​​សុទ្ធ​សឹង​ជា​អ្នក​មាន​ដើម​កំណើត​គុយបា ​ប្រឆាំង​ដាច់​ខាត​នឹង​របប​ដឹកនាំ​ដោយ​ត្រកូល​កាស្ត្រូ​នៅ​គុយបា។

ចំពោះ​ហេតុផល​នយោបាយ ការ​បោះដៃ​ទទួល​​គុយបា​របស់​លោក អូបាម៉ា មាន​លក្ខណៈ​ធូររលុង​ជ្រុល !! ហេតុ​ដូច្នេះ​ហើយ​បាន​ជាអាមេរិករបស់​លោក​ត្រាំ ​ត្រូវ​តែពិនិត្យ​មើល​ជំហរ​របស់​ខ្លួនឡើង​វិញ ត្រូវ​សើរើសំណុំ​រឿង​នេះ ដោយ​ចង់​រឹត​បន្តឹង និង​ដាក់​សម្ពាធ​​​គុយបា​ ដើម្បី​ឱ្យ​គុយបា​​​គោរព​សិទ្ធិមនុស្ស​ និង​គោរព​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ។

​​រក្សា​ទំនាក់ទំនង​ការ​ទូត តែ​កំហិត​ការធ្វើ​ដំណើរ

ប៉ុន្តែ​វិធានការ​របស់​លោក​ត្រាំ ទំនង​ជា​មិន​សូវ​ ដាច់​ខាត​ ដូច​ពាក្យ​សន្យា​ក្នុង​សម័យ​បោះឆ្នោត​ទេ។ ទំនាក់ទំនង​ការ​ទូត រវាង​អតីត​គូសត្រូវ​ទាំង​ពីរ ដែ​ល​ទើប​ភ្ជាប់​គ្នា​ឡើង​វិញ កាលពី​ឆ្នាំ​២០១៤ នឹង​ត្រូវបន្ត​​រក្សា​ទុក​ដដែល។ ការ​ហោះហើរ​ផ្លូវ​អាកាស​និង​ផ្លូវ​ទឹក ទំនង​ជា​មិន​ត្រូវ​ប៉ះពាល់​​ដោយ​វិធានការ​ថ្មី​របស់​ប្រធានាធិបតី​ត្រាំ ថ្ងៃ​នេះ​ទេ។

បើ​តា​ម​អ្នក​ទទួល​ខុស​ត្រូវ​ នៅ​ក្នុង​សុន្ទរកថា​ថ្ងៃ​នេះ ពី​ទីក្រុង​មីអាមី លោក ត្រាំ ទំនង​ជានឹង​ប្រកាស​​អនុវត្តការ​កំហិត​ការ​ធ្វើ​ដំណើរ​ទៅ-មក​ គុយបា ឱ្យ​បាន​តឹង​តែង​បំផុត និង​ប្រកាស​​​​ហាម​ឃាត់​មិន​មាន​ការ​ចុះ​កិច្ចសន្យាហិរញ្ញវត្ថុ​​ជាមួយ​ក្រុមហ៊ុន​គុយបា​ណា​ដែល​ត្រួត​ត្រា​ដោយ​យោធា ព្រមទាំង​ជំហរ​ប្រឆាំង​នឹង​ការ​ដក​ទណ្ឌកម្ម​​ចេញ​ពី​គុយបា។

ប៉ុន្តែ ​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ការ​វិធានការ​រិត​បន្តឹង​​​​នេះ ​ ពិបាក​នឹងធ្វើ​ការ​​វាយ​តម្លៃបាន​ណាស់ ! នៅគុយបា ​ទេសចរណ៍ជា​​វិស័យដ៏​សំខាន់ ជា​ដង្ហើម​ស្លាប់​រស់​​របស់ជាតិ។ វិស័យ​នេះ​ បាន​រីក​លូត​លាស់​ខ្លាំង​ណាស់ តាំ​ងពី​ភ្ជាប់​ទំនាក់ទំនង​ទូត​ជាមួយ​អាមេរិក​មក។ ចំនួន​ទេសចរ​អាមេរិក​ទៅ​លេង​គុយបា បាន​កើន​ឡើង​១៤៥% ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ និង​កើន​ឡើង​ជា​លំដាប់។ ហើយ​បម្រាម​ មិន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​យោធាគុយបា គឺ​កាន់​តែ​លំបាក​ទៀត ព្រោះ​​យោធា​មានមុខ​នៅ​​​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​នៅក្នុង​​វិស័យ​ទេសចរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ម្តង។ យោធា​ចាត់​ចែង​ទាំង​អស់ ក្រុមហ៊ុន​អាកាសចរណ៍ សណ្ឋាគារ ភោជនីដ្ឋាន ព្រមទាំង​ហាង​ធំៗ។

អតីត​ទី​ប្រឹក្សា​លោក​អូបាម៉ា ដែល​ជា​អ្នក​ឈ្មុះឈ្មុល​ខ្លាំង ក្នុង​ការ​បង្ខិត​អាមេរិក​ឱ្យ​ចាប់​ដៃ​គុយបា​ឡើង​វិញ យល់​ថា រាល់​វិធានការ​កំហិត​ការ​ធ្វើ​ដំណើរ ទោះ​ក្នុង​កំរិត​ណា​ក៏​ដោយ ក៏​នឹ​ងធ្វើ​ឱ្យ​ប៉ះពាល់ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​គុយបា​ ដល់​អ្នក​រក​ស៊ី​តូច​តាច​ និង​បាន​ត្រឹម​បង្កើន​ហានិភ័យ​ ឱ្យគុយបា មាន​ឱកាស​ជា​ថ្មី​ងាយ​​ងាក​ទៅ​ចិន និ​ងរុស្ស៊ី ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ