អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផែនការ​ Marshall​ របស់​សហរដ្ឋអាមេរិក​ដើម្បី​ស្រោចស្រង់​អឺរ៉ុប​មាន​អាយុ ​៧០​ ឆ្នាំ​ហើយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ដល់​ពេល​នេះ​ ផែនការ​ Marshall មាន​អាយុ​ ៧០ ​ឆ្នាំ​ហើយ។​ ផែនការ​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បង្កើត​ឡើង​ ដើម្បី​ស្រោចស្រង់អឺរ៉ុបក្រោយសង្គ្រាមលោកលើកទី២។​ ​បើ​ទោះបី​ជា​ផែនការ​នេះ​លែង​នៅ​មាន​ទៀត​ក៏ដោយ​ ប៉ុន្តែ​ ​ឥទ្ធិពល​នៃ​ផែនការ​សេដ្ឋកិច្ច​ដើម្បី​សង្គ្រោះ​អឺរ៉ុប​នេះ​នៅ​តែ​បន្សល់​ទុកកេរដំណែល​ ដែល​ជាភស្តុតាង​នៃ​ការ​កសាង​អឺរ៉ុប​ក្នុង​សតវត្ស​ទី​២០។​ តាម​រយៈ​កិច្ច​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​ បណ្តា​ប្រទេស​អឺរ៉ុប​ហត្ថលេខី​នៃ​ផែនការ​សេដ្ឋកិច្ច​នេះ​បាន​ស្គាល់​ភាព​រុង​រឿង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

German Chancellor Angela Merkel
German Chancellor Angela Merkel Reuters/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ពុធ៍​ទី​ ២១​ មិថុនា​ កន្លង​ទៅ​នេះ​ លោកស្រី​ Angela Merkel អធិការបតី​អាល្លឺម៉ង់​បាន​ប្រាព្ធ​ពិធី​គំរប់​ខួប​ទី​ ៧០​ឆ្នាំ​ នៃ​ការ​បង្កើត​ផែនការ​ Marshall។​ ​លោក​ Henry Kissinger អតីតៈ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ។​ សូម​រំលឹក​ជូន​ថា​ ផែនការ​ Marshall គឺ​ជាកម្មវិធី​សេដ្ឋកិច្ច​ដែល​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ឡើង​ ក្នុង​ទម្រង់​ជា​ការ​ផ្តល់​ប្រាក់​កច្ចី​ដល់​បណ្តា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​អាចកសាងសេដ្ឋកិច្ច​ខ្លួន​​ឡើង​វិញ​ក្រោយ​ពី​បានខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​លោក​លើក​ទី​២។

កាល​ពី​តំបូង​ឡើយ​ ផែនការ​ស្តារ​សេដ្ឋកិច្ច​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃទី​៥ មិថុនា​ ឆ្នាំ​១៩៤៧​ ​នា​សាកល​វិទ្យាល័យ​ Havard ដោយ​លោក​ George Marshall រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក។​ ៤ ខែ​ក្រោយ​មក​ មាន​ប្រទេស​អឺរ៉ុប​ចំនួន​ ១៦ បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ទទួល​យក​សំណើ​របស់​អាមេរិក​នេះ។​ លើក​លែងតែ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​​តែ​ប៉ុណ្ណោះ​ ដែល​នៅ​រារែក​ចិត្ត​នៅ​ឡើយ​។​ ទាល់​តែ​ ២ ឆ្នាំ​ក្រោយ​មក​ទើប​​​ អាល្លឺម៉ង់​សុខ​ចិត្ត​ហត្ថលេខា​ទទួល​យក​ជំនួយ​សេដ្ឋកិច្ច​អាមេរិក។

ចន្លោះ​ពី​ឆ្នាំ​១៩៤៧​ រហូត​ដល់​ឆ្នាំ​១៩៥១​ ផែនការ​ ​ Marshall បាន​បញ្ចេញ​សាច់​ប្រាក់​ចំនួន​ ១៣​​ ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។​ បើ​យើង​គិត​ពី​អត្រា​អតិផរណា​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​ មក បច្ចុប្បន្ន​នេះ​ គឺ​ឆ្នាំ​២០១៧​ ទំហំ​ទឹក​លុយ​នេះ​ស្មើ​នឹង​ប្រមាណ​ ១៤៥​ពាន់​លាន​ដុល្លារ។​ ប្រទេស​ដែល​ទទួល​បាន​ប្រយោធន៍​ចម្បង​ពី​ផែនការ​ Marshall នេះ​ គឺ​អង់គ្លេស​ និង​បារាំង។​ ក្នុង​ចំណោម​ទឹកប្រាក់​ ១៣ ពាន់​លាន​ដុល្លារ​ ប្រទេស​ទាំង​ពីរ​នេះ​បាន​ទទួល​ជំនួយ​អាមេរិក​រហូត​ទៅ​ដល់​​ ៤៩% ឯណោះ។​

ពោល​ គឺ​អង់គ្លេស​ទទួល​បាន​ ២៦%​ ហើយ​បារាំង​ទទួល​បាន​ ២៣%។ ចំពោះ​ប្រទេស​អាល្លឺម៉ង់​វិញ​ ផែនការ​ Marshall នេះ​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​មាន​ភាពរុង​រឿង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​ ជា​សរុប​​​ អាល្លឺម៉ង់​បាន​ទទួល​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ១,៤ ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក។​ លោកស្រី​​ ​ Angela Merkel បាន​ទទួល​ស្គាល់​ថា​ ផែនការ​ Marshall នេះ​ពិត​ជា​បាន​ជួយ​បណ្តា​ប្រទេស​អឺរ៉ុប​ឲ្យ​ងើប​ខ្លួន​ឡើង​វិញ​ ក្រោយ​ពី​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​តែ​សង្គ្រាម​លោក​លើក​ទី​២។​ ប៉ុន្តែ​ លោក​ស្រី​ ក៏​បាន​ឆ្លៀត​រំលឹក​ផង​ដែរថា​​ ផែនការ​ស្តារ​សេដ្ឋកិច្ច​អឺរ៉ុប​នេះ​ក៏​បាន​ផ្តល់​ផល​ប្រយោធន៍​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ។​

តួយ៉ាង​ គឺ​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​ផែនការ​នេះ​ចាំបាច់​ត្រូវ​កសាង​ប្រទេសខ្លួន​​ឡើង​វិញ​ ដោយ​យក​សហរដ្ឋ​អាមេរិក​ជា​សហភាគហ៊ុន​និក​ (បាន​ន័យ​ថា​ជា​អ្នក​ចូល​ភាគហ៊ុន​ផង​)​ និង​ជា​ដៃគូពាណិជ្ជកម្ម​ផង​ ។​ ​ដូច​នេះ​ ជំនួយ​របស់​អាមេរិក​ចំពោះ​អឺរ៉ុប​កាលពី​ឆ្នាំ​១៩៤៧​ ពុំ​មែន​ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ​​ឡើយ។​ កាលពី​សម័យ​នោះ​ លោក​ប្រធានាធិបតី​ Harry Truman ដែល​បាន​កាន់​អំណាច​ចន្លោះ​ពីឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​ ១៩៥៣ បាន​ប្រើ​ប្រាស់​​ផែនការ​ Marshall ​នេះ​ជា​លេស​ ក្នុង​គោលដៅ​បង្អាក​នយោបាយ​វាតទី​និយម​របស់​សហភាព​សូវៀត​នៅ​ទ្វីប​អឺរ៉ុប។

តាម​រយៈ​ជំនួយ​ជ្រោម​ជ្រែង​នេះ អឺរ៉ុប​ដែល​ទើប​តែ​រើប​ខ្លួន​ពី​សង្គ្រាម​ អឺរ៉ុប​ដែល​ទើប​តែ​ទទួល​បាន​ទទួល​លុយ​ដុល្លារថ្មីៗ​​ ក៏​ចាប់​ផ្តើម​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​មក​ពី​អាមេរិក​​។​ ទីផ្សារ​សេដ្ឋកិច្ច​អឺរ៉ុប​ ជាពិសេស​អង់គ្លេស​ និង​បារាំង​​​ក៏​បាន​ប្រែ​ខ្លួន​ជាទីផ្សារ​សេរី​ភ្លាមៗ​ ដើម្បី​សំរួល​ដល់​ការ​នាំចូល​ទំនិញ​មក​ពី​សហរដ្ឋ​អាមេរិក។​ ក្រោយ​មក​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ទាំង​មូល​បាន​យក​គំរូ​សេដ្ឋកិច្ច​ពី​អាមេរិក​ គឺ​ផលិត​កម្ម​ និង​ការ​នាំ​ចេញ។​ ក្រៅ​ពី​ទំនិញ​ សហរដ្ឋ​​អាមេរិកក៏​​បាន​នាំចេញ​យ៉ាង​គំហុក​ចូល​ទៅ​ទីផ្សារ​អឺរ៉ុបផង​ដែរ​នូវ​ សារធាតុ​ដើម​ ថាមពល​ និង​គ្រឿង​ម៉ាស៊ីន​ជាដើម​ ​ ដើម្បី​យក​ទៅ​បំពាក់​​បណ្តា​រោង​ចក្រ​ អឺរ៉ុប ដែល​ទើប​តែ​សាង​សង់​ថ្មីៗ។​

ចំពោះ​អាល្លឺម៉ង់​នេះ​ទៀត​សោត​ អន្តរាគមន៍​អាមេរិក​មិន​មាន​ត្រឹម​តែ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​រីក​លូតលាស់​ប៉ុណ្ណោះ​ទេ។​ប៉ុន្តែ​​ សហរដ្ឋ​អាមេរិក​ក៏​បាន​ជួយ​សម្រួល​ឲ្យ​អាល្លឺម៉ង់​ចៀស​វាង​ និង​ពន្យឺត​​ការ​បង់​ថ្លៃ​សំណង​ចិត្ត​សង្គ្រាម​​លោក​លើក​ទី២ ​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​បាន​រង​ប៉ះពាល់​ផង​ដែរ។​ សម័យ​កាល​នោះ​ សហរដ្ឋ​អាមេរិក​បាន​បញ្ចុះ​បញ្ចូល​បណ្តា​ប្រទេស​អឺរ៉ុប​រង​គ្រោះ​ឲ្យ​សុខ​ចិត្ត​រង់ចាំ​ទាមទារ​សំណង​សង្គ្រាម​ពី​អាល្លឺម៉ង់​ នៅ​ពេល​ណា​ដែល​ប្រទេស​អាល្លឺម៉ង់​ទាំងពីរ​រួបរួម​គ្នា​ឡើង​វិញ។

ជាសរុប ចំនួន​ទឹក​ប្រាក់នៃ​ផែនការ​​ស្តារ​សេដ្ឋកិច្ច​អឺរ៉ុប ​ Marshall នេះ​មិន​ច្រើន​ទេ។​ បើ​យើង​ប្រៀប​ធៀប​នឹង​ផែនការ​របស់​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​អាមេរិក​កាលពី​សម័យ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០០៨ យើង​ឃើញ​ថា​ទំហំ​ទឹក​ប្រាក់​មាន​រហូត​ទៅ​ដល់​ ៧៨៧ ពាន់​លាន​ដុល្លារ​ឯណោះ។ ពោល​ គឺ​លើស​ផែនការ​ Marshall រហូត​ទៅ​ដល់​ ៧​ ដង។ ហើយ​ពាក្យ​ថា​ «ផែនការ​ Marshall» នេះ​ក៏​បន្សល់​ទុក​ចំហាយ​សាយភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​ តួយ៉ាង​ដូច​ជា​កាលពី​កិច្ច​ប្រជុំ​ប្រទេស​ G20 កាល​ពី​​ថ្ងៃ​ទី​១២ និង​ ១៣ មិថុនា​កន្លង​ទៅ​នេះ​ បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។​

ប្រធាន​បទ​សន្និសីទ​នេះ​ គឺ​ទាក់​ទង​នឹង​ការ​បង្កើត​ភាព​ជា​ដៃគូ​​រវាង​ទ្វីប​អាហ្វ្រិក និង​ប្រទេស​ G20។ នា​ឱកាស​នោះ​លោកស្រី​ Angela Merkel បាន​ទទួល​ស្វាគមន៍​បណ្តា​មេដឹកនាំ​អាហ្រ្វិក​ ហើយ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​បង្កើត​ភាព​ជា​ដៃគូ​អភិឌ្ឍន៍​ជាមួយ​ប្រទេស​អាហ្វ្រិក​ណា​ ដែល​មាន​លទ្ធភាព​អាច​ធានា​សន្តិភាព​ ស្ថេរភាព​ និង​សន្តិសុខ។​ តាម​រយៈ​ការ​បោះ​ដៃ​របស់​អាល្លឺម៉ង់​បែប​នេះ​ទៅ​រក​អាហ្វ្រិក​លោក​ Alassane Ouattara ប្រធានាធិបតី​កូតឌីវ័រ​ បាន​ហៅ​ឆន្ទៈ​របស់​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ថា​ជា​ «ផែនការ​ Merkel»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ