ហ្វេសប៊ុក មានអ្នកប្រើប្រាស់ឡើងដល់២ពាន់លាននាក់ ក្នុងមួយខែ
ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក កើនឡើងជារៀងរាល់ថ្ងៃ ឥតឈប់ ! ហ្វេសប៊ុកបានប្រកាសនៅថ្ងៃអង្គារទី ២៨ មិថុនាម្សិលមិញថា មានអ្នកប្រើប្រាស់សកម្មប្រចាំខែដល់ទៅ ២ពាន់លាននាក់។ មានអ្នកប្រើកាន់តែច្រើន លោក Mark Zuckerberg ថៅកែហ្វេសប៊ុក កាន់តែប្រឹងសំអិតសំអាងរូបភាពប្រព័ន្ធសង្គមរបស់ខ្លួនកាន់ឡើង ដើម្បីបញ្ចៀសឱ្យឆ្ងាយពីរាល់រឿងអាស្រូវផ្សេង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីឆ្នាំខែតុលា ឆ្នាំ២០១២ ហ្វេសប៊ុកមានអ្នកប្រើប្រាស់១ពាន់លាននាក់ ! នៅព្រឹកថ្ងៃអង្គារទី ២៨មិថុនា២០១៧ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ បានចូលដល់២ពាន់លាននាក់។ គឺលោក Mark Zuckerberg ថៅកែហ្វេសប៊ុក និងជាស្ថាបនិកប្រពន្ធសង្គមនេះតែម្តងជាប្រកាសដំណឹង ជាមួយនឹងការថ្លែងអំណរគុណ ថា “ខ្ញុំមានកិត្តិយសណាស់ដែលបានរួមដំណើរជាមួយអ្នក !”។
ចាប់កំណើតនៅឆ្នាំ២០០៤ ហ្វេសប៊ុក បានក្លាយជាមហាយក្សអ៊ីនធ័រនែត និងប្រមូលប្រាក់ចំណូលច្រើនឡើងៗជាលំដាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើង៧៥% នៅត្រីមាសទីមួយឆ្នាំ២០១៧នេះ ឯប្រាក់ចំណូលវិញកើនឡើង៤៩% ពោលគឺស្មើនឹងប្រមាណ៨ពាន់លានដុល្លារ។
ហ្វេសប៊ុកបានទិញក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ដូចជា instagram Whatapp … និងកំពុងពង្រីកខ្លួនក្នុងបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ។ ក្រុមហ៊ុនដែលបានផ្តើមផលិតកម្មវិធីផ្សេងៗជា រឿងភាគ ឬ ល្បែងតាមទូរទស្សន៍តាមអ៊ីនធ័រនែតតាំងពីឆ្នាំ២០១៦មក គ្រោងនឹងរៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ សម្រាប់អ្នកប្រើប្រាស់អាមេរិក។
ប៉ុន្តែក្នុងវ័យ៣៣ឆ្នាំ លោក Mark Zuckerberg មិនឈប់ត្រឹមណេះទេ ! លោកចង់ឱ្យហ្វេសប៊ុកដែលបានតភ្ជាប់ពិភពលោកទាំងមូលហើយ ធ្វើឱ្យពិភពលោកនេះកាន់តែខិតចូលជិតគ្នាឡើង ! ពោលគឺ ប្រែក្លាយក្រុមហ៊ុនហ្វេសប៊ុកឱ្យទៅជាសហគមន៍មួយ មិនមែនត្រឹមជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏សាមញ្ញទៀតឡើយ។
ដើម្បីសម្រេចបំណងនេះ លោកថៅកែវ័យក្មេង កំពុងប្រឹងលម្អរូបភាពក្រុមហ៊ុន ដោយធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយនៃសហរដ្ឋអាមេរិក ដើម្បីស្តាប់ក្តីសង្ឃឹមនិងបញ្ហារបស់ពលរដ្ឋអាមេរិក ដូចចុះឃោសនាបោះឆ្នោតប្រធានាធិបតីយ៉ាងដូច្នោះ។ ម្យ៉ាងទៀត សកម្មភាពនេះក៏មានបង្កប់នូវឆន្ទៈមួយ បញ្ចៀសឱ្យឆ្ងាយពីរឿងអាស្រូវផ្សេងៗ ព្រោះសូមបញ្ជាក់ថា ហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធ័រនែតផ្សេងទៀតដែរ បានរងការរិះគន់ថាបណ្តោយឱ្យពួកជ្រុលនិយមជីហាតបង្ហោះមនោគវិជ្ជា បណ្តោយឱ្យអ្នកប្រើប្រាស់បង្ហោះសកម្មភាពឃាតកម្ម ឬជាប្រភពផ្តល់ព័ត៌មានមិនពិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ