ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាមេរិក

លោកត្រាំបង្ហោះ​ឆាកឈុត វាយផ្តួល​CNN តាមTwitter

media រូបភាព​វីដេអូ​កាត់​ត​ ដែល​លោក​ត្រាំ​ដាល់​CNN Capture d'écran Twitter

សង្គ្រាម​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ បាន​ឈាន​ចូល​ដល់​វគ្គ​ថ្មី​ហិង្សា​ដែល​គ្មាន​នរណា​នឹងស្មាន​ដល់​សោះ​។ នៅ​ថ្ងៃ​អាទិត្យ​ទី ២ កក្កដា​ម្សិលមិញ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​វីដេអូ​មួយ ដែល​ជា​រូបភាព​​ចាស់យក​មក​កាត់ត​ ដោយ​មាន​រូប​​លោក វាយ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡាកាស​ ហើយ​មុខ​របស់​ជន​រងគ្រោះ​ត្រូវ​បាន ​ជំនួស​ដោយ​ស្លាក​សញ្ញា​ទូរទស្សន៍​CNN។

ប្រធានាធិបតី​អាមេរិក​រៀបចំ​ឆាក​ ផ្តួល​គូប្រកួត ហើយ​​បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​Twitter។ នៅ​លើ​ប្លង់​ខាង​ក្រោយ​ គឺ​ជា​ការ​ប្រកួត​កីឡាកាស... នៅ​ខាង​ក្រោម​ក្បែរ​សង្វៀន លោក មហាសេដ្ឋី​ ស្ទុះ​ទៅ​ក្របួច​ក​និងដាល់​​សមាជិក​អ្នក​រៀប​ចំ​ការប្រកួតម្នាក់។ ប៉ុន្តែ​នៅ​ពេលកណ្តាប់​ដៃ​របស់​លោក​ត្រាំ ហៀប​នឹង​ដាល់​ដល់​មុខជនរងគ្រោះ ជា​ច្រើន​លើក​ច្រើន​សា​មក មុខ​ជន​រងគ្រោះ​ត្រូវ​បាន​ជំនួស​ដោយស្លាក​សញ្ញា​​​ទូរទស្សន៍​CNN។ បន្ទាប់​មក​ លោក​ត្រាំ​បាន​ផ្តួល​ជន​រងគ្រោះ​ផ្កាប់​ដី​ ហើយ​ធ្វើ​ជា​វាយ​ដាល់​ដាក់​ទៀត។ វីដេអូ​​​​រយៈ​ពេល​២៨​វិនាទី​ បញ្ចប់​ដោយ​ពាក្យ​​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​បោក​បញ្ឆោត។

បើ​តាម​លោក សមាជិក​ការិយាល័យ​របស់​លោក​ដូណាល់​ ត្រាំ ម្នាក់​បាន​ពន្យល់​ប្រាប់​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​FOX ដែល​គាំទ្រ​ប្រធានាធិបតី​ ថា “នៅ​ពេល​ឃោសនា​បោះឆ្នោត សមាជិកសភា​​ទាំង​ឡាយ​បាន​នាំ​គ្នា​រិះគន់​លោក​ត្រាំ​ចំពោះ​ការ​ប្រើ​Tweets តែ​លោក​ត្រាំ បាន​ឈ្នះ ក៏​ដោយ​សារ​បទ​សម្ភាសន៍ សុន្ទរកថា​និង​ប្រព័ន្ធ​សង្គម​នេះ ! លោក​ប្រធានាធិបតី​ដឹង​ថាបើ​ចង់​ផ្សាយ​ពាណិជ្ជកម្ម​​គេត្រូវ​ចៀស​ប្រព័ន្ធ​សារព័ត៌មាន​បែប​បូរាណ។ លោក​ជា​ប្រធានាធិបតី​ទាន់​សម័យ​។”

ជា​ប្រតិកម្ម​តប ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​CNN បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ ចាត់​ទុក​សារ​Twitters របស់​លោក ត្រាំថា ជា​អំពើ​ហិង្សា​ប្រឆាំង​នឹង​បណ្តាញ​សារព័ត៌មាន​ និង​មិន​សក្តិសម​សោះ​សម្រាប់​សេតវិមាន។

​សូម​បញ្ជាក់​ថា​ កាលពី​បី​ថ្ងៃ​មុន លោក​ត្រាំ​បាន​វាយ​ប្រហារ​ខ្លាំង​លើ​ក្រុម​ទូរទស្សន៍​ណា​ដែល​រិះគន់​រដ្ឋាបាល​លោក​។ សារ​ថ្មី​នេះ ស្តែង​ឱ្យ​ឃើញ​ថា​ភាពតាន​តឹង​រវាង​ប្រធានាធិបតី​និង​​​សារព័ត៌មាន​មិន​បាន​សាកស្រាន​ទេ។ ហើយ​ថ្វី​បើពេល​នេះ សាធារណជន​អាមេរិកមួយ​ចំណែក​​ដាក់​ដូច​ជា​ស៊ាំ​​​នឹង​វិធីសាស្ត្រ​របស់​លោក​ត្រាំ​ក្តី ក៏​កម្មវិធី​ទូរទស្សន៍ស្តី​ពី​នយោបាយ ព្រលាត់​និង​រិះគន់​គ្មាន​សំចៃ​នយោបាយ​របស់​ប្រធានាធិបតី​ត្រាំ ​ដឹកនាំ​ដោយ​ពិធីការិនី​ជា​អ្នកកាសែតក្នុង​ទូរទស្សន៍ ​នៅ​តែ​ទាក់ទាញ​ទស្សនិកជន​ ជា​រៀងរាល់​ល្ងាច បាន​យ៉ាងច្រើន​បំផុត​គ្មាន​ប្រៀប៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ