អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​ការ​​លាលែង​​ចេញ​ពី​​មុខ​តំណែង​​​របស់​​​អ្នក​​​សារព័ត៌មាន​​​ CNN​ ​ជា​​​ជ័យ​ជំនះ​​របស់​​លោក​​ដូណាល់​ ត្រាំ​?​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ​ អ្នក​សារព័ត៌មាន​បី​រូប​បំរើ​ការ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ CNN បាន​ប្រកាស​លា​លែង​ចេញ​ពី​មុខ​តំណែង។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ក្រោយ​ពី​អត្ថបទ​ព័ត៌មានរបស់​ពួក​គេ​​ត្រូវ​បាន​ដក​ចេញ​ពី​វេបសាយ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​ CNN។ អត្ថបទ​នោះ​បាន​និយាយ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្សី​ក្នុង​កំឡុង​កាល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ខែ​វិច្ឆិការ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។​ ប៉ុន្តែ ​ដោយ​ខ្វះ​ភស្តុតាង​គ្រប់​គ្រាន់​ អ្នក​ទទួល​ខុស​ត្រូវ​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ CNN បាន​សំរេច​ចិត្ត​លុប​អត្ថបទ​នោះ។​ ឆ្លៀត​ឱកាស​នេះ​ ​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ បាន​ចេញ​មុខ​សើច​ចំអក​រិះ​គន់ដល់​ស្ថាប័ន​ព័ត៌មាន​ ដែល​តែង​ប្រឆាំង​នយោបាយលោក។​

វេបសាយ​របស់​ទូរទស្សន៍​CNN​ ចុះផ្សាយ​ពីការ​ជ្រៀតជ្រែករបស់​រុស្ស៊ី​​​ ​កាលពីខែមករា​​​
វេបសាយ​របស់​ទូរទស្សន៍​CNN​ ចុះផ្សាយ​ពីការ​ជ្រៀតជ្រែករបស់​រុស្ស៊ី​​​ ​កាលពីខែមករា​​​ Capture d'écran / cnn.com
ផ្សាយពាណិជ្ជកម្ម

កន្លង​មក​ ទំនាក់​ទំនង​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ និង​ស្ថានីយ៍​ទូរទស្សន៍ CNN តែង​មាន​ភាព​រកាំ​រកូស​ជា​ហូរហែ។​ ប៉ុន្តែ ថ្មីៗ​នេះ​ ទំនាក់​ទំនង​នេះ​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ​ទៀត។​ ដុនដាប​ក៏​ដោយ​សារ​តែ​អត្ថបទ​មួយ​ចុះ​លើ​វេបសារយ៍​របស់​ CNN។ អត្ថបទ​នេះ​បាន​រៀបរាប់​ថា​ គណៈកម្មការ​ជំនាញ​ផែ្នក​ព័ត៌មាន​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ជុំវិញ​ទំនាក់​ទំនង​រវាង​អ្នក​ជំនួញអាមេរិក​ គឺ​លោក​ Anthony Scaramucci និង​ក្រុមហ៊ុន​វិនិយោគ​មួយ​របស់​រុស្សី​ គឺ​ក្រុមហ៊ុន​ Russian Direct Investment Fund (RDIF)។

បើ​យោង​តាម​អត្ថបទ​នេះ​ ក្រុម​ហ៊ុនមូលនិធិ​​វិនិយោគ​ផ្ទាល់​របស់​រុស្សី​ (RDIF) នេះ​បង្កើត​ឡើង​​ដោយ​រដ្ឋាភិបាល​រុស្សី​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២០១១។ ហើយ​ក្រុមហ៊ុន​នេះ​គ្រប់​គ្រង​ដោយ​ធនាគារ​អភិវឌ្ឈន៍​សហព័ន្ធ​រុស្សី​ (Vnesheconombank) ហៅ​កាត់​ថា​ VEB។​ លើសពី​នេះ​ ធនាគារ​នេះ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ​។ ពោល​ គឺ​ក្រោយ​ពី​ពេល​ប្រទេស​លោក​ខាង​លិច​ព្រួត​ដៃ​គ្នា​​ចោទ​ប្រកាន់​ប្រទេស​រុស្សី​ថា​ស្ថិត​នៅ​ពី​ក្រោយ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ និង​ជា​ពិសេស​ គឺ​ក្រោយ​ពី​រុស្សី​បាន​ដាក់​បញ្ចូល​ទឹកដី​គ្រីម៉េចូល​ទៅ​​ក្នុង​ដែន​ដី​របស់​ខ្លួន​។

អត្ថបទ​នេះ​បាន​បញ្ជាក់​ថា​ អ្នក​ជំនួយញ​អាមេរិកម្នាក់​ គឺ​លោក​ Anthony Scaramucci ទំនង​ជា​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​លោក​ Kiril Dmitriev ប្រធាន​ក្រុម​ហ៊ុនមូលនិធិ​​វិនិយោគ​ផ្ទាល់​របស់​រុស្សី​ (RDIF)។ ហើយ​ជំនួប​នេះ​ទំនង​ជា​បាន​កើត​ឡើង​នៅ​ទីក្រុង​ Davos ប្រទេស​ស្វីស​ កាលពី​ថ្ងៃ​ទី​១៦ មករាកន្លង​ទៅ​នេះ។ និយាយ​រួម​​ គឺ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​ ដូណាល់​ ត្រាំ​ចូល​ស្បថ​កាន់​កាប់​មុខ​តំណែង​ប្រធានាធិបតី។​

អត្ថបទ​ CNN នេះ​ក៏​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សារព័ត៌មាន​រុស្សី​ Sputnik News ដែល​មាន​ទំនោរ​គាំទ្រ​លោក​ប្រធានាធិបតី​រុស្សី​ Vladimir Poutine។​ សារព័ត៌មាន​រុស្សី​បាន​ឆ្លើយ​តប​ទៅ​វិញ​តាម​រយៈ​ការ​ចាប់​កំហុស​ជាក់​ស្តែង​មិន​អាច​ប្រកែក​បាន។​ មាន​ជាអាទិ​ គឺ​ក្រុមហ៊ុន​មូលនិធិ​​វិនិយោគ​ផ្ទាល់​របស់​រុស្សី​ (RDIF) ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ធនាគារ​អភិវឌ្ឈន៍​សហព័ន្ធ​រុស្សី​ (VEB) ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ។​ ដោយ​ឡែក​ វេបសាយ៍​ព័ត៌មាន​អាមេរិកាំង​ស្តាំ​និយម​ជ្រុល​មាន​និន្នាការ​គាំទ្រ​លោក​ ដូណាល់​ ត្រាំ​ ឈ្មោះ​ Breitbart News វិញ​បាន​សំដែង​ប្រតិកម្ម​ដោយ​បាន​បញ្ជាក់​​ថា​ គ្មាន​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​អាមេរិក​ណាមួយ​បាន​បើក​ស៊ើប​អង្កេត​លើ​រូប​លោក​ Anthony Scaramucci ឡើយ។​

អត្ថបទ​ដ៏​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេបសាយ៍​ CNN កាលពី​ថ្ងៃ​ព្រហ្បត្តិ៍​ ទី​២២ មិថុនា ហើយ​ត្រូវ​បាន​ដក​ចេញ​មួយ​ថ្ងៃ​បន្ទាប់​មក។​ ហើយ​ព័ត៌​មាន​នៃ​អត្ថ​បទនេះ​ក៏​ពុំ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​ឡើង​វិញ​លើ​វេបសាយ៍​ ឬ​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ CNN ឡើយ។ អ្នក​សារព័ត៌មាន​បី​រូប​ដែល​បាន​លា​ឈប់​ពី​ការ​ងារ​នេះ​សុទ្ធ​តែ​ជា​អ្នក​បាន​ចូល​រួម​សរសេរ​អត្ថបទ​នេះ ហើយ​ជា​សមាជិក​ផែ្នក​អត្ថបទ​ស៊ើប​អង្កេត។​ អ្នក​សារព័ត៌មាន​ទាំង​នោះ​ គឺ​លោក​ Thomas Frank​, លោក​ Eric Lichtblau (ធ្លាប់​ជា​ជ័យលាភី​ពាន​រង្វាន់​ Pulitzer កាល​ពី​ឆ្នាំ​២០០៦​) និង​លោក​ Lex Haris។​

ស្ថានីយ៍​ទូរទស្សន៍​ CNN បាន​ធ្វើ​ការ​ពន្យល់​ពី​ហេតុការណ៍​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ។​ អ្នក​ទទួល​ខុស​ត្រូវ​ជា​ច្រើន​រូប​របស់​ CNN បាន​ពន្យល់​ថា​ ការ​ដក​អត្ថបទ​នេះ​ចេញ​ពី​វេបសាយ៍​មិន​មែន​មាន​ន័យ​ព័ត៌មាន​នោះ​ខុស​ឡើយ​។ ប៉ុន្តែ បើ​និយាយ​ពី​ជំរៅ​ខ្លឹមសារ​វិញ​ អត្ថបទ​នេះ​នៅ​ខ្វះ​ភស្តុតាង​ជា​​ច្រើន​ដែល​ពុំ​អាច​ត្រូវ​យក​ទៅ​ផ្សព្វ​ផ្សាយ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ អត្ថបទ​នេះ​យោង​តែ​សំដី​អនាមិក​ប៉ុណ្ណោះ។​ហើយ​ ​CNN ក៏​បាន​ផ្ញើ​លិខិត​សុំ​ទោស​ទៅ​កាន់​លោក​ Anthony Scaramucci អ្នក​ជំនួញ​អាមេរិក។ ដំណឹង​ស្តីពី​ការ​លាលែង​ចេញ​ពី​ការងារ​របស់​បុគ្គលិក​ CNN ទាំង​​បី​រូប​នេះ​ជា​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​ និង​មិន​គួរ​ឲ្យ​ជឿ​ឡើយ។​ សេចក្តី​ប្រកាស​ឈប់​ពី​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​នេះ​ហាក់​ដូច​ជា​សារ​ប្រាប់​ទៅ​មហាជន​ថា​ នេះ​ជា​កំហុស​របស់​ CNN។ ហើយ​អ្វី​ដែល​លោក​ ដូណាល់​ ត្រាំ និយាយ​កន្លង​មក​អាច​ជា​រឿង​ត្រឹម​ត្រូវ។​

សូម​រំលឹក​ជូន​ថា​ ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​ លោក​ ដូណាល់​ ត្រាំ ធ្លាប់​និយាយ​​ត្រង់ៗ​ថា​ ស្ថានីយ៍​ទូរទស្សន៍​ព័ត៌មាន​មួយ​នេះ​ គឺ​ជា​បណ្តាញ​ព័ត៌មាន​ ក្លីន​តុន (Clinton News Network)​។ ការ​ចោទ​ប្រកាន់​នេះ​ គឺ​​លោក​ចង់​សំដៅ​ថា​ ស្ថានីយ៍​ទូរទស្សន៍ CNN មាន​ភាព​លំអៀង​គាំទ្រ​លោក​ស្រី​ Hillary Clinton។​ សង្គ្រាម​ពាក្យ​សំដី​នេះ​មាន​ជា​ហូរហែឥត​ដាច់​រហូត​ដល់​លោក​ ត្រាំ ​ចាត់​ទុក​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ CNN គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

រឿង​រ៉ាវ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ CNN​ បាក់​មុខ​មាត់​យ៉ាង​ខ្លាំង។​ កាលពី​ដើម​ឆ្នាំ​នេះ CNN​ បាន​ប្រកាស​បង្កើត​ក្រុម​ការ​ងារ​ផែ្នក​ស៊ើប​អង្កេតមួយ​ ដោយ​បាន​ប្រមូល​ផ្តុំ​កំពូល​អ្នក​សារ​ព័ត៌មាន​ផែ្នក​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ផង​ និង​ថែម​ទាំង​បាន​ជ្រើស​បុគ្គលិក​ថ្មី​បន្ថែម​ផង។​ ការ​បង្កើត​ក្រុម​ការងារ​ថ្មី​ ព្រោះ​ CNN​ ចង់​ប្រជែង​ជាមួយ​សារព័ត៌មាន​នានា​ដូចជា​៖ New York Times, Washington Post, Wall Street Journal និង​វេបសាយ៍​ Politico។ ស្ថាប័ន​ព័ត៌​មាន​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជំនាញ​ផែ្នក​ស៊ើប​អង្កេត ​ដើម្បី​​ផ្សព្វ​ផ្សាយ​ស្វែង​រក​ព័ត៌មាន​ស៊ី​ជម្រៅ​ និង​ប្លែកៗ​ ជា​ពិសេស​គឺ ដើម្បី​តាម​ស្វែង​រក​ព័ត៌មាន​ជុំ​វិញ​ក្រុម​ការងារ​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ