តើការលាលែងចេញពីមុខតំណែងរបស់អ្នកសារព័ត៌មាន CNN ជាជ័យជំនះរបស់លោកដូណាល់ ត្រាំ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៩
ថ្មីៗនេះ អ្នកសារព័ត៌មានបីរូបបំរើការឲ្យស្ថានីយ៍ទូរទស្សន៍ CNN បានប្រកាសលាលែងចេញពីមុខតំណែង។ ហេតុការណ៍នេះបានកើតឡើង ក្រោយពីអត្ថបទព័ត៌មានរបស់ពួកគេត្រូវបានដកចេញពីវេបសាយ៍របស់ស្ថានីយ៍ទូរទស្សន៍ CNN។ អត្ថបទនោះបាននិយាយអំពីការជ្រៀតជ្រែករបស់រុស្សីក្នុងកំឡុងកាលបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិការឆ្នាំ២០១៦កន្លងទៅនេះ។ ប៉ុន្តែ ដោយខ្វះភស្តុតាងគ្រប់គ្រាន់ អ្នកទទួលខុសត្រូវរបស់ស្ថានីយ៍ទូរទស្សន៍ CNN បានសំរេចចិត្តលុបអត្ថបទនោះ។ ឆ្លៀតឱកាសនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខសើចចំអករិះគន់ដល់ស្ថាប័នព័ត៌មាន ដែលតែងប្រឆាំងនយោបាយលោក។
កន្លងមក ទំនាក់ទំនងរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងស្ថានីយ៍ទូរទស្សន៍ CNN តែងមានភាពរកាំរកូសជាហូរហែ។ ប៉ុន្តែ ថ្មីៗនេះ ទំនាក់ទំនងនេះកាន់តែធ្លាក់ចុះដុនដាបទៅទៀត។ ដុនដាបក៏ដោយសារតែអត្ថបទមួយចុះលើវេបសារយ៍របស់ CNN។ អត្ថបទនេះបានរៀបរាប់ថា គណៈកម្មការជំនាញផែ្នកព័ត៌មានប្រចាំព្រឹទ្ធសភាអាមេរិកបានបើកការស៊ើបអង្កេតមួយជុំវិញទំនាក់ទំនងរវាងអ្នកជំនួញអាមេរិក គឺលោក Anthony Scaramucci និងក្រុមហ៊ុនវិនិយោគមួយរបស់រុស្សី គឺក្រុមហ៊ុន Russian Direct Investment Fund (RDIF)។
បើយោងតាមអត្ថបទនេះ ក្រុមហ៊ុនមូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) នេះបង្កើតឡើងដោយរដ្ឋាភិបាលរុស្សីកាលពីខែមិថុនា ឆ្នាំ២០១១។ ហើយក្រុមហ៊ុននេះគ្រប់គ្រងដោយធនាគារអភិវឌ្ឈន៍សហព័ន្ធរុស្សី (Vnesheconombank) ហៅកាត់ថា VEB។ លើសពីនេះ ធនាគារនេះក៏កំពុងស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ពោល គឺក្រោយពីពេលប្រទេសលោកខាងលិចព្រួតដៃគ្នាចោទប្រកាន់ប្រទេសរុស្សីថាស្ថិតនៅពីក្រោយជម្លោះក្នុងប្រទេសអ៊ុយក្រែន និងជាពិសេស គឺក្រោយពីរុស្សីបានដាក់បញ្ចូលទឹកដីគ្រីម៉េចូលទៅក្នុងដែនដីរបស់ខ្លួន។
អត្ថបទនេះបានបញ្ជាក់ថា អ្នកជំនួយញអាមេរិកម្នាក់ គឺលោក Anthony Scaramucci ទំនងជាបានជួបសន្ទនាគ្នាជាមួយលោក Kiril Dmitriev ប្រធានក្រុមហ៊ុនមូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF)។ ហើយជំនួបនេះទំនងជាបានកើតឡើងនៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី១៦ មករាកន្លងទៅនេះ។ និយាយរួម គឺប៉ុន្មានថ្ងៃមុនពេលលោក ដូណាល់ ត្រាំចូលស្បថកាន់កាប់មុខតំណែងប្រធានាធិបតី។
អត្ថបទ CNN នេះក៏បានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានរុស្សី Sputnik News ដែលមានទំនោរគាំទ្រលោកប្រធានាធិបតីរុស្សី Vladimir Poutine។ សារព័ត៌មានរុស្សីបានឆ្លើយតបទៅវិញតាមរយៈការចាប់កំហុសជាក់ស្តែងមិនអាចប្រកែកបាន។ មានជាអាទិ គឺក្រុមហ៊ុនមូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) ពុំមែនជាកម្មសិទ្ធិរបស់ធនាគារអភិវឌ្ឈន៍សហព័ន្ធរុស្សី (VEB) ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ដោយឡែក វេបសាយ៍ព័ត៌មានអាមេរិកាំងស្តាំនិយមជ្រុលមាននិន្នាការគាំទ្រលោក ដូណាល់ ត្រាំ ឈ្មោះ Breitbart News វិញបានសំដែងប្រតិកម្មដោយបានបញ្ជាក់ថា គ្មានគណៈកម្មការជំនាញព្រឹទ្ធសភាអាមេរិកណាមួយបានបើកស៊ើបអង្កេតលើរូបលោក Anthony Scaramucci ឡើយ។
អត្ថបទដ៏ចម្រូងចម្រាសនេះត្រូវបានចុះផ្សាយលើវេបសាយ៍ CNN កាលពីថ្ងៃព្រហ្បត្តិ៍ ទី២២ មិថុនា ហើយត្រូវបានដកចេញមួយថ្ងៃបន្ទាប់មក។ ហើយព័ត៌មាននៃអត្ថបទនេះក៏ពុំត្រូវបានយកមកចុះផ្សាយឡើងវិញលើវេបសាយ៍ ឬផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ CNN ឡើយ។ អ្នកសារព័ត៌មានបីរូបដែលបានលាឈប់ពីការងារនេះសុទ្ធតែជាអ្នកបានចូលរួមសរសេរអត្ថបទនេះ ហើយជាសមាជិកផែ្នកអត្ថបទស៊ើបអង្កេត។ អ្នកសារព័ត៌មានទាំងនោះ គឺលោក Thomas Frank, លោក Eric Lichtblau (ធ្លាប់ជាជ័យលាភីពានរង្វាន់ Pulitzer កាលពីឆ្នាំ២០០៦) និងលោក Lex Haris។
ស្ថានីយ៍ទូរទស្សន៍ CNN បានធ្វើការពន្យល់ពីហេតុការណ៍តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ។ អ្នកទទួលខុសត្រូវជាច្រើនរូបរបស់ CNN បានពន្យល់ថា ការដកអត្ថបទនេះចេញពីវេបសាយ៍មិនមែនមានន័យព័ត៌មាននោះខុសឡើយ។ ប៉ុន្តែ បើនិយាយពីជំរៅខ្លឹមសារវិញ អត្ថបទនេះនៅខ្វះភស្តុតាងជាច្រើនដែលពុំអាចត្រូវយកទៅផ្សព្វផ្សាយឡើយ។ លើសពីនេះទៅទៀត អត្ថបទនេះយោងតែសំដីអនាមិកប៉ុណ្ណោះ។ហើយ CNN ក៏បានផ្ញើលិខិតសុំទោសទៅកាន់លោក Anthony Scaramucci អ្នកជំនួញអាមេរិក។ ដំណឹងស្តីពីការលាលែងចេញពីការងាររបស់បុគ្គលិក CNN ទាំងបីរូបនេះជាហេតុការណ៍នឹកស្មានមិនដល់ និងមិនគួរឲ្យជឿឡើយ។ សេចក្តីប្រកាសឈប់ពីការងាររបស់អ្នកសារព័ត៌មាននេះហាក់ដូចជាសារប្រាប់ទៅមហាជនថា នេះជាកំហុសរបស់ CNN។ ហើយអ្វីដែលលោក ដូណាល់ ត្រាំ និយាយកន្លងមកអាចជារឿងត្រឹមត្រូវ។
សូមរំលឹកជូនថា ក្នុងកំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតកាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ធ្លាប់និយាយត្រង់ៗថា ស្ថានីយ៍ទូរទស្សន៍ព័ត៌មានមួយនេះ គឺជាបណ្តាញព័ត៌មាន ក្លីនតុន (Clinton News Network)។ ការចោទប្រកាន់នេះ គឺលោកចង់សំដៅថា ស្ថានីយ៍ទូរទស្សន៍ CNN មានភាពលំអៀងគាំទ្រលោកស្រី Hillary Clinton។ សង្គ្រាមពាក្យសំដីនេះមានជាហូរហែឥតដាច់រហូតដល់លោក ត្រាំ ចាត់ទុកព័ត៌មានផ្សព្វផ្សាយដោយ CNN គឺជាព័ត៌មានក្លែងក្លាយ។
រឿងរ៉ាវនេះកំពុងតែធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ CNN បាក់មុខមាត់យ៉ាងខ្លាំង។ កាលពីដើមឆ្នាំនេះ CNN បានប្រកាសបង្កើតក្រុមការងារផែ្នកស៊ើបអង្កេតមួយ ដោយបានប្រមូលផ្តុំកំពូលអ្នកសារព័ត៌មានផែ្នកស្រាវជ្រាវស៊ើបអង្កេតផង និងថែមទាំងបានជ្រើសបុគ្គលិកថ្មីបន្ថែមផង។ ការបង្កើតក្រុមការងារថ្មី ព្រោះ CNN ចង់ប្រជែងជាមួយសារព័ត៌មាននានាដូចជា៖ New York Times, Washington Post, Wall Street Journal និងវេបសាយ៍ Politico។ ស្ថាប័នព័ត៌មានទាំងអស់នោះសុទ្ធតែមានក្រុមអ្នកសារព័ត៌មានជំនាញផែ្នកស៊ើបអង្កេត ដើម្បីផ្សព្វផ្សាយស្វែងរកព័ត៌មានស៊ីជម្រៅ និងប្លែកៗ ជាពិសេសគឺ ដើម្បីតាមស្វែងរកព័ត៌មានជុំវិញក្រុមការងារលោកប្រធានាធិបតី ដូណាល់ ត្រាំ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ