អានតួអត្ថបទ

អ៊ីរ៉ង់​កាត់​ទោស​ដាក់​ពន្ធនាគារ១០​ឆ្នាំ​​ជនជាតិ​អាមេរិក​ម្នាក់​ពី​បទ​ចារកិច្ច

តុលាការ​អ៊ីរ៉ង់​បាន​ប្រកាស​កាត់ទោស​ជនជាតិ​អាមេរិកដែល​ជាប់​ចោទ​ពី​បន្លំ​ចូល​ធ្វើ​ចារកិច្ច ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជនជាតិ​អាមេរិក​រូប​នេះ​ទេ ហើយ​ក៏​មិន​បាន​លម្អិត​អំពី​សកម្មភាព​ជៀត​ចូល​ធ្វើ​ចារកិច្ច​ថា​យ៉ាងណា​ដែរ។

Gholam Hossein Mohseni Ejeie អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌អ៊ីរ៉ង់
Gholam Hossein Mohseni Ejeie អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌អ៊ីរ៉ង់ (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​អាមេរិក​និងអ៊ីរ៉ង់​កំពុង​តាន​តឹង​ខ្លាំង​ដាក់​គ្នា​ផង ស្រាប់​តែ​តុលាការ​អ៊ីរ៉ង់​បាន​ប្រកាស​កាត់​ទោស​ដាក់​ពន្ធនាគារ​១០ឆ្នាំ​ជនជាតិ​អាមេរិក​​ម្នាក់​ ដែល​មាន​កាន់​សញ្ជាតិ​ពីរ​ ពី​បទ​ចារកិច្ច។ បើ​តាម​តុលាការ​អ៊ីរ៉ង់ ដោយ​មិន​បង្ហើប​អត្តសញ្ញាណ ជនអាមេរិក​នេះមាន​បេសកកម្ម និង​​បាន​ទទួល​​បញ្ជា ការ​បង្ហាញ​ផ្លូវ​​ពី​អាមេរិកផ្ទាល់​​ឱ្យ​មក​បន្លំ​ខ្លួន​ចូល​ប្រទេស​អ៊ីរ៉ង់។ ​​ជន​ជាប់​ចោទ​នេះ​ ត្រូវ​បាន​វែក​រក​មុខ​ឃើញ​ និង​ចាប់​ខ្លួន​ដោយ​ភ្នាក់ងារ​ចារកិច្ច​អ៊ីរ៉ង់​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ មិន​បាន​បញ្ជាក់​អំពី​ថ្ងៃ​ខែ​នៃ​ការ​ចាប់​ខ្លួន និង​សេចក្តី​លម្អិត​នៃ​បេសកកម្ម​ចារកិច្ច​នោះ​ឡើយ។

ជនជាប់​ទោស​អាមេរិក គ្រោង​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ ! នេះ​បើ​ប្រភព​តុលាការ​អ៊ីរ៉ង់​ដដែល​ដែល​សន្យា​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នៅ​ពេល​តុលាការ​ឧទ្ធរណ៍​សម្រេច​ទោស​រួច។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​អ៊ីរ៉ង់​កាត់ទោស​ជនជាតិអាមេរិក​ពី​បទ​ចារកិច្ច។ កាលពី​ខែ​តុលា​២០១៦ ពលរដ្ឋ​អាមេរិក​ដើមកំណើត​អ៊ីរ៉ង់​ពីរ​នាក់​ Siamak Namazi និងឪពុក Mohammad Bagher Namazi ​ ​ដែល​ជា​អ្នក​ជំនួញ​ ត្រូវ​បាន​តុលាការ​អ៊ីរ៉ង់​កាត់​ទោស​ជាមួយ​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​ ឱ្យជាប់​ពន្ធនាគារ​១០​ឆ្នាំ​ដែរ ពី​បទ​ធ្វើ​ចារកិច្ច​ឱ្យ​វ៉ាស៊ីនតោន។ Siamak Namazi ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា​២០១៥ ឯ​ឪពុក​មាន​អាយុ​៨១​ឆ្នាំ និង​ជា​បុគ្គលិក​អង្គការ​យូនីសេហ្វ ត្រូវ​ចាប់​ខ្លួន​នៅ​ខែ​កុម្ភៈ​២០១៦ ក្នុង​ពេលលោក​ទៅ​អ៊ីរ៉ង់​ដើម្បី​ស្វែង​រក​សេរីភាព​ឱ្យ​កូន។

សហរដ្ឋ​អាមេរិក​​បាន​ស្នើ​សុំ​ជា​ច្រើនលើក​ច្រើនសា​ឱ្យ​តេហេរ៉ង់​ដោះលែង​ឪពុក​និងកូន​នេះ​ ព្រមទាំង​បាន​ស្នើ​កិច្ចសហប្រតិបត្តិការ​ពី​អ៊ីរ៉ង់​ឱ្យជួយ​ស្វែង​រក​លោក Robert Levinson អតីត​ភ្នាក់ងារចារកិច្ច​FBI បាត់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៧​មក ប៉ុន្តែ​គ្មាន​ចម្លើយ​តប​អ្វី​ទេ។

កាលពី​ខែ​មករា​២០១៦ អ៊ីរ៉ង់​ធ្លាប់​បាន​ដោះលែង​ជនជាតិអាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​៤​នាក់ ជាប់​ចោទ​ពីបទ​ចារកិច្ច​ដែរ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ជនជាតិអ៊ីរ៉ង់​៧​នាក់​ជាប់​ទោស​នៅ​អាមេរិក។

អ៊ីរ៉ង់​និង​អាមេរិក​គ្មាន​ចំណង​​ការ​ទូត​នឹង​គ្នា​ទេ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក​ ហើយ​ទំនាក់ទំនង​នេះ​កាន់​​តែ​ដុន​ដាប​ខ្លាំង​ថែម​ទៀត តាំង​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ និង​សភា​អាមេរិក​បាន​សម្រេច​រឹត​បន្តឹង​ជំហរ​ប្រឆាំង​នឹង​តេហេរ៉ង់​មក។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​របស់​លោក​ត្រាំ បាន​ប៉ែង​ជើង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​អូបាម៉ា ដោយ​ប្រកាស​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​គូប្រជែង​​អ៊ីរ៉ង់។ អាមេរិកបាន​សម្រេច​​ពិចារណា​ឡើង​វិញ​ជំហរ​អាមេរិក​​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ហើយ​ត្រូវ​សម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះថា​គួរ​បន្ត​បន្ថយ​ ឬ​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ