ម៉ាឌូរ៉ូនៅតែរក្សាទុកគម្រោងរដ្ឋធម្មនុញ្ញថ្មីទោះបីជាលោកដូណាល់ត្រំគំរាមដាក់ទណ្ឌកម្មក្តី
នៅវេណេស៊ុយអេឡា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ នៅថ្ងៃអង្គារ៍ម្សិលមិញ បានប្រកាសថានៅតែរក្សាទុកគម្រោងរដ្ឋធ្មនុញ្ញថ្មីរបស់លោកម៉ាឌូរ៉ូដដែល បើទោះបីជាអាមេរិកគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងណាក៏ដោយក្តី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
ភាពតានតឹងឡើងកំដៅយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ ត្រូវបានប្រព្រឹត្តទៅ ២ ថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រជាមតិនិមិត្តរូបមួយរបស់ក្រុមអ្នកប្រឆាំងនឹងលោកប្រធានាធិបតីម៉ាឌូរ៉ូចំនួន ៧លាន៦សែននាក់ ដែលបានបោះឆ្នោតទាត់ចោលគម្រោងរដ្ឋធម្មនុញ្ញរបស់លោកប្រធានាធិបតីម៉ាឌូរ៉ូ។ ការបោះប្រជាមតិនេះ ត្រូវបានលោក ម៉ាឌូរ៉ូ ចាត់ទុកថាជាការខុសច្បាប់។
រីឯប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រំវិញ នៅថ្ងៃចន្ទ១៧កក្កដាមុន បានគំរាមវេណេស៊ុយអេឡា ថា “អាមេរិកនឹងមិននៅស្ងៀមស្ងាត់គ្មានកម្មភាពនោះឡើយ នៅខណៈពេលដែលវេណេស៊ុយអេឡា ផុងខ្លួនជ្រៅទៅក្នុងវិបត្តិនយោបាយនោះ។ នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួន លោកត្រំ បានគូសបញ្ជាក់ប្រាប់ទៀតថា”ប្រសិនបើរបបលោកម៉ាឌូរ៉ូ នៅតែបង្ខំឲ្យប្រជាជនវេណេស៊ុយអេឡា ធ្វើការទទួលយកគម្រោងរដ្ឋធម្មនុញ្ញខ្លួននៅថ្ងៃទី៣០សីហា សហរដ្ឋអាមេរិកនឹងចាត់វិធានការនានាដើម្បីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងយ៉ាងទាន់ហន់ដែរទៅលើវេណេស៊ុយអេឡា តែដោយពុំបានលំអិតពីវិធានការទាំងនោះឡើយ។
មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិក បានធ្វើការវាយតម្លៃទៅលើបុគ្គលិកលក្ខណៈរបស់លោក ម៉ាឌូរ៉ូ ថាជាអ្នកដឹកនាំប្រទេសដ៏គម្រក់នឹកស្រម័យចង់តែក្លាយខ្លួនទៅជាជនផ្តាច់ការប៉ុណ្ណោះ និងបានអំពាវនាវឲ្យមានការរៀបចំបោះឆ្នោតមួយដែលប្រកបដោយយុត្តិធម៌និងសេរីនៅវេណេស៊ុយអេឡា។ លោកត្រំថែមទាំងថ្លែងអះអាងដែរថា “អាមេរិកនឹងស្ថិតនៅក្បែរប្រជាពលរដ្ឋវេណេស៊ុយអេឡាជានិច្ចនៅក្នុងដំណើរស្វែងរកលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញមួយនិងការរីកចម្រើនជួនដល់ប្រទេសជាតិខ្លួន”។
លោក ម៉ាឌូរ៉ូវិញ ក៏បញ្ចេញប្រតិកម្មយ៉ាងរហ័សតបតទៅលោកដូណាល់ត្រំវិញថា “មាតុភូមិរបស់យើងនឹងមិនបណ្តោយអោយរដ្ឋាភិបាលបរទេសណាមួយមកបញ្ជារឬក៏ត្រួតត្រាស្រេចតែអំពើចិត្តនោះទេ”។
ទន្ទឹមនេះដែរ ក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា ក៏បានអំពាវនាវឲ្យមានការរៀបចំធ្វើកូដកម្មទូទៅមួយនៅក្នុងប្រទេសចំនួន២៤ម៉ោងនៅក្នុងថ្ងៃព្រហស្បតិ៍ទី២០កក្កដាស្អែកនេះ ក្នុងគោលដៅដើម្បី ធ្វើអោយគម្រោងរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីវេណេស៊ុយអេឡានិន្នាការខាងសង្គមនិយម ទទួលបរាជ័យ។
នៅអឺរ៉ុប ប្រមុខការទូតសហភាពអឺរ៉ុបលោក Rederica Mogherini កាលពីថ្ងៃចន្ទមុន ក៏បានអំពាវនាវដល់រដ្ឋាភិបាលវេណេស៊ុយអេឡាដែរឲ្យបញ្ចេញនូវកាយវិការនយោបាយមួយដើម្បីឲ្យប្រទេសជាតិរបស់ខ្លួន មានភាពធូរស្រាលឡើងវិញ ដួចជាការលើកផ្អាកដំណើរសភាធម្មនុញ្ញ”ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ