អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាកសំណល់​​ផ្លាស្ទិក​​រាប់ពាន់​លាន​តោន​​កំពុង​​បន្ត​គរពោរ​ពាស​​ក្នុង​​ភពផែនដី​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមស្រាវជ្រាវ​សកលវិទ្យាល័យGeorgie និង​California សហរដ្ឋ​អាមេរិក​បាន​ចុះផ្សាយ​ការសិក្សា​មួយ​​​​ នៅថ្ងៃ​១៩កក្កដា ម្សិលមិញ បង្ហាញ​ថា​កាកសំណល់​ផ្លាស្ទិករាប់ពាន់​លាន តោន​​​​​កំពុង​បន្ត​គរពោរពាស ក្នុង​ភពផែនដី​យើង។ ចន្លោះ​​ឆ្នាំ​១៩៥០​​និង​ឆ្នាំ​២០១៥​ ផ្លាស្ទិក​ដល់​ទៅ​​​​៨៣០០លាន​តោន ត្រូវបាន​ផលិត​។ បើគ្មានវិធានការ​​ទប់ស្កាត់​ទេ កាកសំណល់​​​​ផ្លាស្ទិក​អាច​កើន​ដល់​១២ពាន់លានតោន​ ក្នុងពិភពលោក​​ នៅ​​ឆ្នាំ២០៥០​ខាងមុខ​​នេះ​។ ​​​​​

កាកសំណល់​ផ្លាស្ទិក​
កាកសំណល់​ផ្លាស្ទិក​ RFI/Ariane Gaffuri
ផ្សាយពាណិជ្ជកម្ម

ការកែច្នៃកាកសំណល់​ផ្លាស្ទិក ​គ្មានប្រសិទ្ធភាព

កាកសំណល់​ផ្លាស្ទិក​អាច​កើនឡើង​ដល់​១២ពាន់លានតោន នៅ​ឆ្នាំ​២០៥០ ជា​តួលេខ​​​ខ្ពស់​គួរអោយ​បារម្ភ​​ សម្រាប់​បរិស្ថាន​ធម្មជាតិ។ ក្រុមអ្នកស្រាវជ្រាវអាមេរិក​​លើកឡើង​​ថា​ ​ការកែច្នៃ​​​ផ្លាស្ទិក​ឡើងវិញ​ គ្មាន​ប្រសិទ្ធភាព​ទេ។ នេះ​ជា​មូលហេតុ​មួយដែល​ធ្វើអោយ​​កាកសំណល់​ផ្លាស្ទិក​នៅ​តែ​បន្ត​​​គរ​ពោរពាស​​ក្នុង​ផែនដី​​យើងនេះ។ ក្នុង​ចំណោម​ផ្លាស្ទិក​ជាង​៨ពាន់៣រយ​លានតោន​​ដែល​គេ​ផលិតបាន ​​ចន្លោះ​ឆ្នាំ​១៩៥០និង​ឆ្នាំ​២០១៥ ​មាន​ជាង​៦ពាន់៣រយ​លានតោន​ ដែល​មិនងាយ​រលាយក្នុង​ធម្មជាតិ​។ ​

ហើយ​ក្នុ​ង​ចំណោម​៦ពាន់​៣រយ​លានតោន​នេះ ​មានតែ​​ផ្លាស្ទិក​៩ភាគរយ​ទេ ដែល​គេយកទៅ​កែច្នៃ​ប្រើ​ឡើងវិញ។ ១២ភាគរយ​ទៀត ត្រូវបាន​គេដុត​ចោល។​ ដូច្នេះ ​៧៩ភាគរយ​ដែល​នៅសេសសល់ គឺ​គេចោល​នៅ​ទីកន្លែង​ចោ​លសំរាម រឺ​ក៏​ចោល​​ក្នុង​​ធម្មជាតិ​​តែម្តង។ អ្វី​​គួរបារម្ភ​នោះគឺថា មាន​កាក​សំណល់​ផ្លាស្ទិក​សន្ធឹកសន្ធាប់​រហូត​ដល់​ទៅ​ជាង​៨លានតោន ត្រូវបាន​គេ​ចោល​ក្នុង​សមុទ្រ រៀងរាល់​ឆ្នាំ។ ​​អញ្ចឹង ការ​កែច្នៃ​ឡើងវិញ​​មានតិចតួច​ណាស់ ប្រៀបនឹង​បរិមាណ​ផ្លាស្ទិក​ដែលចោល​​ក្នុ​ង​ធម្មជាតិ។​

បញ្ហា​មួយទៀតនោះ គឺ​ថា ដូចបាន​ជំរាប​មុននេះអញ្ចឹង ​ការផលិត​ផ្លាស្ទិក​នៅតែ​បន្ត​មាន ហើយ​មាន​លើសលុបទៅទៀត។ ​ឆ្នាំ​១៩៥០ ​ជា​ឆ្នាំ​ដែល​គេផលិត​ផ្លាស្ទិក​ដំបូង ក្នុងពិភពលោក​ កាលនោះការផលិត​មាន​ត្រឹម​បរិមាណ​២លាន​តោន​ទេ តែ​គិត​ដល់​ឆ្នាំ​២០១៥ ការផលិត​​បាន​កើន​ដល់​៤០០លានតោន​ គឺច្រើនណាស់។ ផ្លាស្ទិក​មិនងាយ​រលាយ ដូច្នេះ សម្រាម​ផ្លាស្ទិក​ក៏​ត្រូវតែ​បន្ត​កើន​បរិមាណ​ក្នុង​ភព​ផែនដី​​​​ដូច្នេះឯង។ ​​ឧបករណ៍​ផ្លាស្ទិក ដូចជា​ថង់ផ្លាស្ទិក ចាន កែវ រឺ​ក៏​គ្រឿងប្រើប្រាស់​ផ្សេងៗ វាស្រាល​ និង​ងាយស្រួលប្រើ ប្រាកដ​ជា​នៅតែ​មានអ្នកបន្ត​ប្រើទៀតហើយ។ ដូច្នេះ ​សហគ្រាស​​រោងចក្រ​ក៏នៅ​តែ​គ្នា​​នាំគ្នាបន្ត​​ផលិត​ផ្លាស្ទិក បន្ត​នាំគ្នា​​រកស៊ី​ចំណេញអញ្ចឹងហើយ។ ​​

ឥឡូវ បញ្ហា​ធ្ងន់ធ្ងរ គឺកូនចៅ ចៅតួត របស់​យើងទាំងអស់គ្នា​​ជំនាន់​ក្រោយ​​នេះហើយ ​​ដែល​ត្រូវ​បន្ត​រស់នៅ​ក្នុង​​​បរិស្ថាន​ ដែល​បំពុល​ដោយសារ​កាកសំណល់​ផ្លាស្ទិក​ទាំងនេះ។ សួរថា តើ​គួរ​បន្ត​ប្រើប្រាស់ និង​​ផលិតផ្លាស្ទិក​ តទៅទៀត​ទេ ? តើ​សហគ្រាស​នៅតែ​ចង់​បន្ត​ចំណេញ​លុយកាក់ ផលិត​ផ្លាស្ទិក​ទៀតទេ? ​​ពេល​យើង​ស្លាប់បាត់​ទៅ គឺ​កូនចៅយើង​ជំនាន់ក្រោយ​​​​នេះហើយ​ដែល​ ត្រូវ​​ទទួល​រង​ថ្មបាក់ រងគ្រោះ​ដោយសារ​បញ្ហា​បរិស្ថាន បញ្ហា​ដែល​​​បន្សល់​ដោយសារ​យើងគ្រប់គ្នា ជាម៉ែ ជា​ឧ ​នេះឯង។ ទោះជា​មានលុយ​វាល់លាន​ចំណេញដោយសារការរកស៊ី​​ផ្លាស្ទិក ក៏​មិនអាច​ដោះស្រា​យបញ្ហា​បរិស្ថា​នបានដែរ។ ​យើង​ត្រូវ​​គិត​បញ្ហា​នេះ​អោយមែនទែន។​

ផលប៉ះពាល់​នៃ​ការ​ចោល​កាកសំណល់​ផ្លាស្ទិក​ក្នុង​សមុទ្រ

រៀងរាល់ឆ្នាំ កាកសំណល់​ផ្លាស្ទិក​ជាង​៨លានតោន ត្រូវបាន​​យកទៅ​​ចោល​ក្នុង​​សមុទ្រ។ ក្រុម​អ្នកស្រាវជ្រាវ​​មិនទាន់​អាច​វាយតម្លៃ​ថា តើ​កាកសំណល់​ផ្លាស្ទិក​ប៉ះពាល់​កម្រិតណា ដល់​ធនធាន​ត្រី រឺ​​សត្វ​រស់ក្នុងទឹក​ទេ។ ​អ្វី​ដែល​យើងអាច​ដឺងគឺថា ធាតុ​វិទ្យុសកម្ម​ព្រះអាទិត្យ​​​​កំទេច​បំបែក​កាកសំណល់​ផ្លាស្ទិក​​ដែលហូរតាម​ទឹក​​​សមុទ្រ​នេះ ​​​ជា​កំទេច​តូ​ចៗ ល្អិតៗ។ ដូច្នេះ ត្រី រឺសត្វ​ក្នុង​ទឹក​អាច​លេប​ចូល​ទៅក្នុងពោះ។ ហើយពេល​មនុស្ស​យើង​បរិភោគ​ត្រី​ រឺ​គ្រឿងសមុទ្រ ក៏​បរិភោគសារធាតុទាំងនេះ​ទៅដូចគ្នា​ដែរ។ អញ្ចឹង គឺ​វាប៉ះពាល់​ទាំងសត្វ ទាំង​មនុស្ស​ទាំងអស់គ្នា។ ​​

គ្មានដំណោះស្រាយ​ទាំងស្រុងដើម្បីបំបាត់​កាកសំណល់​ផ្លាស្ទិក​ ​តែ​មាន​​ដំណោះស្រាយ​​ចាំបាច់​ចំពោះមុខ​ ​

កាក​សំណល់​​​ផ្លាស្ទិក​មិនងាយ​រលាយ​ស្រួលដូច​កាកសំណល់​ធម្មតា​ទេ។ ​ក្រុមអ្នក​វិទ្យាសាស្ត្រ​ប្រាប់ថា វាអាចបន្ត​ជីវិត​បាន​​រាប់រយឆ្នាំ​ ហើយ​អាច​ដល់​ទៅ​ពាន់ឆ្នាំ​ទៀត​ផង។ ហើយ​បើ​ដុត​ផ្លាស្ទិក​ចោល គឺ​វាប៉ះពាល់​សុខភាព​ ប៉ះពាល់​បរិស្ថាន។ ដូច្នេះ ពិបាក​នឹងមា​ន​ដំណោះស្រាយទាំងស្រុង​​ណាស់។ ក្រុមអ្នកស្រាវជ្រាវ​​ប្រាប់ថា ដំណោះស្រាយ​ចាំបាច់​ចំពោះ​មុខ​ពេលនេ គឺ​មិនមែន​ត្រូវ​កំចាត់​ចោ​ល​វាទាំងស្រុង​​ រឺ​ក៏ត្រូវ​ឈប់ផលិត​ផ្លាស្ទិក​ទាំងស្រុង​ទេ។ ភាព​ចាំបាច់​ពេលនេះ គឺ​យើង​គ្រប់គ្នា​ត្រូវចាត់ចែង​ការ​ប្រើប្រាស់​ផ្លាស្ទិក ការកែច្នៃ​ប្រើ​វាឡើងវិញ ក៏ដូចជា​ការ​​ចាត់ចែង​មើល​​ការ​ផលិត​ឡើងវិញដែរ។ យើង​​ត្រូវ​បន្ថយ​ការផលិត បន្ថយ​ការ​​ប្រើប្រាស់​ឧបករណ៍​ផ្លាស្ទិក​បើ​​គ្មា​ន​ភាព​ចាំបា​ច់។ ដូចជា​ថង់ផ្លាស្ទិក ចាន រឺ​កែវ អញ្ចឹង ឃើញថា ស្រួលប្រើ ​​ស្រួលយកទៅណា​មកណា តាមជាមួយ​មែន តែពេលប្រើហើយ ពេល​​​យើងចោល​វាទៅ វា​មិនងាយរលាយ​ដូចយើង​គិតទេ។ កាកសំណល់​ផ្លាស្ទិក​អាយុវែង​រាប់រយ​ឆ្នាំ​ វែង​ជាង​អាយុ​មនុស្ស​យើងទៅទៀត។​ ប្រាកដហើយ​ មានឧបករណ៍​ចាំបាច់​ខ្លះ ដែល​គេត្រូវផលិតដោយ​ផ្លាស្ទិក​ ដើម្បី​អាច​ប្រើប្រាស់​បានយូរ តែ​ត្រូវកាត់​បន្ថយ​អ្វីដែល​មិនចាំបាច់ទៀត ទើប​កាន់តែ​ប្រសើរ។

នៅអឺរ៉ុប ដូចជា​នៅ​បារាំង ផ្សារ​​រឺហាងលក់ទំនិញជាច្រើន​ បាន​នាំគ្នា​ប្រើ​ថង់​ក្រដាសខ្ចប់​ឥវ៉ាន់​ ជំនួស​ថង់​ផ្លាស្ទិក​វិញ។ ហើយ​តាម​ផ្ទះនិមួយៗ ​​គេមាន​បែងចែកប្រភេទសម្រាម​ទៀតផង ឧទាហរណ៍​​សម្រាម​ប្រភេទ​ធម្មតាគេដាក់​ក្នុង​ធុង​មូយឡែក ប្រភេទ​ដូច​ជា​កែវ រឺដប​មួយឡែក​ និង​សម្រាម​​ផលិត​ពីជ័រ​​​ផ្លាស្ទិក​នោះ ក៏​ក្នុង​ធុង​មួយ​​ផ្សេងទៀត​ទៅ។ តែ​នៅ​កម្ពុជា​យើង​ ដូចជា​នៅមិនទាន់​មាន​ការបែងចែក​ប្រភេទ​​សម្រាមតាមផ្ទះ​​ដូច្នេះទេ។ ហើយ​ប្រជាជ​នយើង​ក៏នៅ​មិនទាន់​យល់ច្បាស់​ពីផលវិបាក​នៃ​កាកសំណល់​ផ្លាស្ទិក​ដែរ។ យើងគួរ​ជួយពន្យល់គ្នា​អោយ​ច្បាស់ ដើម្បី​ជួយការពារ​បរិស្ថាន​ធម្មជាតិ​ សម្រាប់​​ទាំងអស់​គ្នា​។ ​មិនដូច្នេះទេ គឺ​កូនចៅ​ជំនាន់ក្រោយ​យើង ជាអ្នករងគ្រោះ​ទាំងស្រុង យើង​ស្លាប់បាត់​​ហើយ​ ខ្មោចយើង​មិនអាចងើប​មក​​ជួយពួកគេ​ ក្នុង​ពេល​អនាគត​ទេ៕ ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ