ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

ទោះបី​​មាន​​សម្ពាធ​​ពី​​លោក​​ ដូណាល់​ ត្រាំ​​ ក្រុម​ហ៊ុន​​ Ford ​សុខ​ចិត្ត​​ផ្ទេរ​​ផលិត​កម្ម​​រថយន្ត​​ទៅ​​ប្រទេស​​ចិន​​

ទោះបី​​មាន​​សម្ពាធ​​ពី​​លោក​​ ដូណាល់​ ត្រាំ​​ ក្រុម​ហ៊ុន​​ Ford ​សុខ​ចិត្ត​​ផ្ទេរ​​ផលិត​កម្ម​​រថយន្ត​​ទៅ​​ប្រទេស​​ចិន​​
 
ប្រធានាធិបតីអាមេរិក​ លោក​ Donald Trump REUTERS/Jonathan Ernst

ក្រុម​ហ៊ុន​​ផលិត​​រថយន្ត​​អាមេរិក​​ Ford​ បាន​សំរេច​ចិត្ត​​ផលិត​​រថយន្ត​​តូច​​ម៉ូដែល​​ Focus​ នៅ​​ប្រទេស​ចិន។​​ ហើយ​​រថយន្ត​ទាំង​​នោះ​​នឹង​​នាំ​ចេញ​​ពី​ចិន​​ ដើម្បី​យក​ទៅ​លក់​លើ​ទឹក​ដី​អាមេរិក។​​

កន្លង​មក​ លោក​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ​ តែង​ប្រើ​សំដី​ព្រមាន​ចំពោះ​ក្រុមហ៊ុន​អាមេរិក​ណា​ ដែល​និយម​ផ្ទេរ​រោង​ចក្រ​ផលិត​កម្ម​ទៅ​បរទេស​។​ ប៉ុន្តែ​ តាម​រយៈការ​សំរេច​ចិត្តរបស់​ក្រុម​ហ៊ុន​​ Ford បែប​នេះហាក់​បង្ហាញ​ឲ្យ​ឃើ​ញ​ថា​ សេចក្តី​ព្រមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព​ឡើយ។​

កាលពីដើម​ឆ្នាំ​២០១៧​ នេះ​ លោក​ ដូណាល់​ ត្រាំ​ បាន​បង្ហាញក្តី​រំភើប​​រីករាយ​ នៅ​ពេល​ទទួល​ដំណឹង​ថា​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Ford បាន​ផ្លាស់​ប្តូរ​ចិត្ត​ឈប់​​វិនិយោគ​នៅ​ប្រទេស​​ម៉ិចសិក​ ក្នុង​ការ​​តំឡើង​រថយន្ត​ខ្នាត​តូច​ម៉ូដែល​ Focus។​ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ភ្លាម​ លោក​ ដូណាល់​ ត្រាំ តែ​ង​បាន​គំរាម​យក​ពន្ធ​ក្នុង​កំរិត​អត្រា​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្តអាមេរិក​ណា​ ដែល​ផ្ទេរ​ការងារ​ទៅ​បរទេស​ ហើយ​នាំ​ចូល​​រថយន្ត​មក​លក់​លើ​ទីផ្សារ​អាមេរិក។ តំបូង​ឡើយ​ ម្នាក់ៗ​​យល់ឃើញ​​ថា​​ ក្រុមហ៊ុន​ Ford ហាក់​បន្ទន់​ឥរិយាបថ​ចង់​យក​ចិត្ត​លោក​ប្រធានាធិបតី​ថ្មី​ តាម​រយៈ​ការ​​សំរេច​ចិត្ត​ឈប់​វិនិយោគ​នៅ​ប្រទេស​ម៉ិច​សិច​។​ ប៉ុន្តែ នា​ពេលនោះ​ ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​ពីការ​សំរេច​ចិត្ត​ចំពោះ​ទីតាំង​ផលិត​រថយន្ត​ម៉ូដែល ​​Focus ឡើយ។

ប៉ុន្តែ ៦​ ខែ​ក្រោយ​មក​ លើស​ពី​ការ​ស្មាន​ទៅ​ទៀត​ ក្រុម​ហ៊ុន​ Ford បែរ​ជា​ក្រឡាស់​ចិត្ត​ផ្ទេរ​ការ​វិនិយោគនេះ​ទៅ​​ប្រទេស​ចិន​វិញ។​ រោង​ចក្រ​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ឆុង​គីង​ (Chongqing)។ បើ​តាម​ការ​គ្រោង​ទុក​ ចាប់​ពីឆ្នាំ​២០១៩​ រថយន្ត​ម៉ូដែល​ Ford Focus នឹង​នាំ​ចេញ​ពី​ប្រទេស​ចិន​ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​អាមេរិក។​ តាម​ពិត​ អស់​រយៈ​ពេល​រាប់​ខែ​មក​ហើយ​ ដែល​ក្រុមហ៊ុន​ Ford បាន​គិត​ពិចារណា​ស្វែង​រក​ទីតាំង​ថ្មី​ ដើម្បី​ធានា​ផលិត​កម្ម​តម្លើង​​រថយន្តម៉ូដែល​ Focus។​ បច្ចុប្បន្ន​ រថយន្ត​ប្រភេទ​នេះ​កំពុង​តែ​ត្រូវ​បាន​ផលិត​នៅ​លើ​ទឹកដី​អាមេរិក​នាទីក្រុង​ Wayne នៃ​រដ្ឋ​ Michigan។​ ប៉ុន្តែ ក្រុម​ហ៊ុន​ធ្លាប់​បាន​ថ្អូញ​ថ្អែរ​ជា​ញឹកញយ​ហើយ​ថា​ វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​រក្សា​ទុក​រោង​ចក្រ​តម្លើង​រថយន្ត​នៅ​លើ​ទឹក​ដី​អាមេរិក ដោយ​សារ​តែ​ក្រុម​ហ៊ុន​ពុំ​សូវ​បាន​ទទួល​ប្រាក់​ចំណេញ​ច្រើន។​

លើស​ពី​នេះ​ទៅ​ទៀត​ ដោយសារ​តែ​តម្លៃ​សាំង​ចុះ​ថោក​ អតិថិជន​ជា​ច្រើន​នាក់​ពុំ​សូវ​និយម​ប្រើ​ប្រាស់​រថយន្ត​ខ្នាត​តូច​ម៉ូដែល​ Focus នេះ​ឡើយ។​ គេ​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់​បែរ​ជា​និយម​ទិញ​រថយន្ត​ខ្ពស់​ខ្នាត​ធំ​ (4x4) ឬ​រថ​យន្ត​ខ្ពស់​គ្មាន​តំបូល​ពី​ក្រោយ​ (pick up)។​ ការណ៍​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានភាព​លក់​រថយន្ត​ម៉ូដែល​ ​Focus កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង​ថែម​ទៀត។ មែន​ទែន​ទៅ​ ពោល​គឺ​កាលពី​ខែ​មេសា ឆ្នាំ​២០១៦​ អតីត​ប្រធាន​ក្រុមហ៊ុន​ គឺ​លោក​ Mark Fields បាន​សំរេច​ចិត្ត​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១,៦ ពាន់​លាន​ដុល្លារ​​ ដើម្បី​ផ្ទេរ​រោង​ចក្រ​តម្លើង​រថយន្ត​ខ្នាត​តូច​នេះ​នៅ​បរទេស​។​

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្រុម​ហ៊ុន​ Ford បាន​អះអាង​ថា​ ការ​សំរេច​វិនិយោគ​​​នៅ​ប្រទេស​ចិន​អាច​ឲ្យ​ក្រុម​ហ៊ុន​សន្សំ​ប្រាក់​បាន​ ១ ពាន់​លាន​ដុល្លារ។​ ក្រុម​ហ៊ុន​ក៏​បាន​ធានា​ផង​ដែរ​ថា​ ការ​ផ្ទេរ​ខ្សែ​ចង្វាក់​ផលិត​កម្ម​ទៅ​ប្រទេស​ចិន​ គឺ​ពាក់​ព័ន្ធ​តែ​ប្រភេទ​រថយន្ត​ម៉ូដែល​ ​​Focus តែ​ប៉ុណ្ណោះ។​ ការ​ផ្ទេរ​ផលិត​កម្ម​នឹង​ធ្វើ​ជាបណ្តើរៗ​ពី​រោង​ចក្រ​នៅ​ទីក្រុង​ Wayne ទៅ​កាន់​ទីក្រុង​ ឆុង​គីង​ (Chongqing)។​ ហើយ​កម្មករ​រោង​ចក្រ​នៅ​លើ​ទឹក​ដី​​សហរដ្ឋ​អាមេរិក​នឹង​មិន​បាត់​បង់​ការ​ងារ​ឡើយ​។ ចាប់​ពី​ចុង​ឆ្នាំ​២០១៨​ ​រោង​ចក្រ​នៅ​ទីក្រុង​​​ Wayne នឹង​ត្រូវ​បំលែង ​ ដើម្បី​អាច​តម្លើង​រថយន្ត Ford ប្រភេទ​ pick-up ម៉ូដែល​ Ranger។​ ហើយ​ចាប់​ពី​ឆ្នាំ​២០២០​ រោងចក្រ​​នេះ​ក៏​នឹង​ទទួល​តម្លើង​រថយន្ត​ម៉ូដែល​ថ្មី​ឈ្មោះ​​ Bronco ផង​ដែរ​។

Ford មិន​មែន​ជា​ក្រុមហ៊ុន​តំបូង​គេ​ទេ​ ដែល​សំរេច​ចិត្ត​ផ្ទេរ​រោង​ចក្រ​ផលិត​រថយន្ត​ទៅ​បរទេស​ រួច​នាំ​ចូល​មក​លក់​​លើ​​ទឹកដី​​អាមេរិក។​ មាន​ជា​អាទី​ក្រុមអាមេរិក​ដ៏​ធំ​មួយ​ គឺ​​ GM (General Motor) បាន​នាំ​ចូល​រថយន្ត​ផលិត​នៅ​​ប្រទេស​ចិន​ម៉ូដែល​ Buick Envision ចំនួន​ ៣​ ម៉ឺន​គ្រឿង​ និង​ម៉ូដែល​ Cadillac CT6 ចំនួន​រាប់​ពាន់​គ្រឿង។​ ចំណែក​ក្រុម​ហ៊ុន​ Volvo ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ Geely ទិញ​រួច​ហើយ​ក៏​បាន​នាំ​ចេញ​រថយន្ត​តម្លើង​នៅ​ប្រទេស​ចិន​ ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។​ ប៉ុន្តែ ខុស​ពី​ក្រុម​ហ៊ុន​ដ៏ទៃ​ Ford គឺ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ។​ កាល​ពី​ឆ្នាំ ២០១៦​ កន្លង​ទៅនេះ​ Ford បាន​លក់​រថយន្ត​ដាច់​ចំនួន​ ១៧០ ០០០ គ្រឿង។

បើ​ទោះ​បី​ជា​ការ​អះអាង​របស់​ក្រុម​ហ៊ុន​ Ford ថា​នឹង​មិន​បង្ក​ឲ្យ​បាត់​បង់​ការ​ងារ​ដល់​ពលរដ្ឋ​អាមេរិក។​ ប៉ុន្តែ​ សមាមាត្រ​ផែ្នក​សេដ្ឋកិច្ច​ជុំ​វិញ​វិស័យ​ផលិត​កម្ម​រថយន្ត​នឹង​មិន​ស្មើ​គ្នា​ឡើយ។​យើង​អាច​លើក​យក​ឧទាហរណ៍​រថយន្ត​ម៉ូដែល​ Buick Envision របស់​ក្រុម​ហ៊ុន​ GM ដែល​តម្លើង​នៅ​ប្រទេស​ចិន​យក​មក​ពិចារណា។​ បើ​យោង​តាម​ការ​សិក្សា​របស់​ National Highway Traffic Safety Administration ដែល​ជា​ស្ថាប័ន​និយ័តកម្ម​គ្រប់​គ្រង​វិស័យ​ផលិត​រថយន្ត​បាន​ឲ្យ​ដឹង​ថា​ ៨០%​ នៃ​គ្រឿង​បន្លាស់​របស់​រថយន្ត​នេះ​ត្រូវបាន​ផលិត​នៅ​ប្រទេស​ចិន។​ ហើយ​មាន​តែ ១% នៃ​គ្រឿង​បន្លាស់​ប៉ុណ្ណោះ​ដែល​ផលិតនៅ​សហរដ្ឋ​អាមេរិក​ ឬ​កាណាដា។ ដូច​នេះ​ ផលិត​កម្ម​រថយន្ត​របស់​ក្រុមហ៊ុន​អាមេរិក​បាន​បង្កើត​ការ​ងារ​នៅ​ប្រទេស​ចិន​​ច្រើន​ជាងនៅ​​អាមេរិក។

សំរាប់​រថយន្ត​ម៉ូដែល​ Focus របស់​ក្រុម​ហ៊ុន​ Ford វិញ​ បច្ចុប្បន្ន​​នេះ​ គ្រឿង​បន្លាស់​ចំនួន​ ៤៦%​ ផលិត​នៅ​ទ្វីប​អាមេរិក​ខាង​ជើង។ តើ​នា​ថ្ងៃ​អនាគត​ ក្រុម​ហ៊ុន​ Ford នៅ​តែ​រក្សា​ជំហរ​ផលិត​គ្រឿង​បន្លាស់​នៅ​ទី​កន្លែង​ដដែល​ ឬ​ក៏​អាច​ផ្ទេរ​​ទៅ​ប្រទេស​ចិន​? នេះ​ជា​សំណួរ​គ្មាន​ចម្លើយ​ដែល​ម្នាក់ៗ​កំពុង​តែ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ការ​ងារ​នៅ​អាមេរិក។ សេច​ក្តី​សំរេច​របស់​ក្រុម​ហ៊ុន​ Ford ​ជា​សារ​ផ្ញើ​ទៅ​លោក​ ដូណាល់​ ត្រាំ ថា​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​អាមេរិក​មិន​បណ្តែត​បណ្តោ​យ​ខ្លួន​ស្តាប់​ការ​បញ្ជា​ឆ្វេង​ ឬ​ស្តាំ​ពី​ក្រុម​រដ្ឋការ​ប្រធានាធិបតី​ឡើយ៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ