អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅទីបំផុត លោកដូណាល់ ត្រាំ សុខចិត្ត​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ពុធ​ទី ២ សីហា បាន​ចុះ​ហត្ថលេខា លើ​ច្បាប់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង។នៅ​សប្តាហ៍មុន សភា អាមេរិក បោះឆ្នោត​អនុម័ត​ដោយ​សំឡេង​ភាគច្រើន លើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដែល​អាមេរិក​ចោទថា បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​បោះ​ឆ្នោត​អាមេរិក ហើយ​និង​ការរំលោភ​ទឹកដី​គ្រីមេ​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ ២០១៤។ នៅ​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​រុស្ស៊ី លោក​មេដវេឌេវ បាន​បរិហារ​សង្រ្គាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី។ រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ស្ថិតនៅក្នុង​សំណាញ់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក បាន​ប្រកាស​រួចហើយថា នឹង​ចាត់​វិធានការ ប្រឆាំង​តបត​អាមេរិក​វិញ។

លោកដូណាល់ ត្រាំ កាលជួបពិភាក្សាជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី នៅប្រទេសអាល្លឺម៉ង់ នៅកិច្ចប្រជុំG ២០នៅខែកក្កដា ឆ្នាំ ២០១៧
លោកដូណាល់ ត្រាំ កាលជួបពិភាក្សាជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី នៅប្រទេសអាល្លឺម៉ង់ នៅកិច្ចប្រជុំG ២០នៅខែកក្កដា ឆ្នាំ ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង។ ខុសប្លែក​ពី​ពេល​មុនៗ លោក​ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ដោយ​ស្ងាត់​កំបាំង ពី​ភ្នែកច្រមុះ​របស់​កាមេរ៉ា​របស់​អ្នកកាសែត។ គេ​អាច​យល់ថា លោក​ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​ទៅលើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដោយ​ទើសទាល់។

 

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី ដែលធ្វើឡើង នៅក្រោយ​ការចុះ​ហត្ថលេខា លោក​ដូណាល់ ត្រាំ បាន​វាយតម្លៃ​ថា ច្បាប់​ដែល​បោះឆ្នោត អនុម័ត​ដោយ​សភា​អាមេរិក ពី​សប្តាហ៍​កន្លងទៅ នៅ​មិន​ទាន់​ល្អ ឥត​ខ្ចោះ។ “វា​នឹង​ខ្ទាស់ជើង រដ្ឋាភិបាល មិន​ឲ្យ​រក​បាន​កិច្ចព្រមព្រៀង​ល្អ​មួយ​សម្រាប់​ប្រជាជន​អាមេរិក”។ សម្រាប់​លោក​ដូណាល់ ត្រាំ ច្បាប់​ដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី រឹងរឹត តែ​ជំរុញ​ឲ្យ​រុស្ស៊ី ខិត​ចូល​កាន់​តែ​ជិត នឹង​អ៊ីរ៉ង់ ហើយ​និង​កូរ៉េខាងជើង ដែល​គំរាមកំហែង គ្មានល្ហែរ បាញ់​មីស៊ីល​ប្រឆាំង​អាមេរិក។

 

លោក​ដូណាល់ ត្រាំ បាន​រិះគន់​ច្បាប់ អនុម័ត ដោយ​សភា អាមេរិក ប៉ុន្តែ លោក​នៅ​តែ​សុខចិត្ត​ចុះ​ហត្ថលេខា ដែល​បើតាម លោក គឺ​”ដើម្បី ការបង្រួប​បង្រួមជាតិ”។ ប៉ុន្តែ នៅ​លើ​ទិដ្ឋភាព​ជាក់ស្តែងវិញ លោក​ដូណាល់​ត្រាំ គ្មានជម្រើស​អ្វី​ផ្សេង ក្រៅតែ​ពី​ចុះហត្ថលេខា​ប្រធានាធិបតី លើ​ច្បាប់​បង្កើតឡើង​ដោយ​សភា​អាមេរិក​នោះទេ។ ក្នុង​នាម​ជា​ប្រធានាធិបតី លោក​ដូណាល់ ត្រាំ អាច​ប្រើសិទ្ធិ​វេតូ ប្រឆាំង​នឹង​ច្បាប់​ស្នើ​ឡើង​សភា​អាមេរិក។ ប៉ុន្តែ សភា​អាមេរិក ដែល​តាមពិត​គ្រប់គ្រង​ដោយ​សំឡេង​ភាគច្រើន របស់​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​របស់​លោកដូណាល់ ត្រាំ បាន​បញ្ជាក់​ហើយថា សភា​នឹង​បោះឆ្នោត​ជា​ថ្មី ដើម្បី ប្រឆាំង​នឹង​សិទ្ធិ វេតូ​ប្រធានាធិបតី បើសិន​លោក​ដូណាល់ ត្រាំ វេតូ មិន​ចុះ​ហត្ថលេខា លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​រុស្ស៊ី។

 

ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ធ្លាប់​ត្រូវ​បាន​សភាអាមេរិក​បោះឆ្នោត​អនុម័ត​ដោយ​សំឡេង​ភាគច្រើន លើសលុប។ លោក​ដូណាល់ ត្រាំ គ្មាន​សង្ឃឹម​អ្វី​នឹង​វេតូ នាំ​ឲ្យ​បាក់​មុខ​លោក​នោះទេ ព្រោះថា ចង់ ឬ​មិន​ចង់ សភា ជាអ្នក​មាន​សិទ្ធិ​ចុងក្រោយ ក្នុង​ការបោះឆ្នោត ម្តងទៀត ក្នុង​ករណី​មាន​វេតូ​ពី​ប្រធានាធិបតី ពោល គឺ​ជាមួយ​នឹង​សំឡេងភាគច្រើន លើសលុប សភា អាមេរិក​អាច​អនុម័ត ច្បាប់ ដោយ​មិនចាំ​បាច់​មាន​ភ្លើងខៀវ​ពី​ប្រធានាធិបតី។

 

នាយករដ្ឋមន្រ្តី​រុស្ស៊ី​បរិហារ​សង្រ្គាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី

លោក​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី មេដវេឌេវ បាន​លើកឡើង​ពី​សង្រ្គាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ព្រោះ​ថា ច្បាប់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​សំដៅ ចង់​បិទខ្ទប់ វិស័យ​ថាមពល​របស់​រុស្ស៊ី។ ច្បាប់​មាន​គោលដៅ រារាំង​មិន​ឲ្យ​គេ​ធ្វើ​ជំនួញ ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ថាមពល​របស់​រុស្ស៊ី។ ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី គឺ​ដើរបញ្ច្រាស​នឹង​ទិសដៅ​របស់​សេតវិមាន របស់​លោក​ដូណាល់ ត្រាំ ដែល​ចង់​ផ្សះផ្សា ត្រលប់​ទៅ​ត្រូវរ៉ូវ​ឡើងវិញ ជាមួយ​ទីក្រុង​ម៉ូស្គូ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេចធីល័រសុន ទទួល​ស្គាល់​ថា ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក​បាន​ធ្លាក់​ចុះ ខ្លាំង មិនធ្លាប់​មាន តាំង​ពី​ចប់​សង្រ្គាម​ត្រជាក់។ លោក​ជឿថា ព្រឹត្តិការណ៍​នៅអាមេរិក​ប៉ុន្មាន​ថ្ងៃនេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ធ្លាក់​ចុះ​អាក្រក់​ហៅមិនលឺ។

 

សម្រាប់​នាយក​រដ្ឋមន្រ្តី រុស្ស៊ី ការចុះ​ហត្ថលេខា​របស់​លោកដូណាល់ ត្រាំ លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី បាន​បង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​ប្រធានាធិបតី​អាមេរិក នៅ​ចំពោះមុខ​សភា​អាមេរិក។ លើសពីនោះ វា​បានបិទ​បញ្ចប់ ក្តី​សង្ឃឹម ដែល​គេ​ធ្លាប់មាន ក្នុង​ការស្តារ ឲ្យ​ប្រសើរ​ឡើងវិញ ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក។ រុស្ស៊ី បើតាម​លោក​មេដវេឌេវ​នឹង​មិន​នៅ​ស្ងៀមទេ នៅក្រោយ​លោក​ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ រុស្ស៊ី តាំង​ពី​សប្តាហ៍ មុន បាន​សម្រេច​បណ្តេញ​ចេញ រួចហើ មន្រ្តី​ទូត​អាមេរិក ជាង​៧០០​នាក់ ពី​រុស្ស៊ី បន្ទាប់​ពី​សភា​អាមេរិក​បោះឆ្នោត​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី។

 

អ៊ីរ៉ង់ ចោទប្រកាន់​អាមេរិក​ថា បាន​រំលោភ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ

អ៊ីរ៉ង់ វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​សន្យា ចាត់​វិធានការ​ប្រឆាំង​តបវិញ​នឹង​អាមេរិក ដែល​បើតាម​អ៊ីរ៉ង់ គឺ​បាន​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ នៅ​ថ្ងៃ​នេះ ឧបនាយករដ្ឋមន្រ្តី​អ៊ីរ៉ង់ បាន​ប្រកាសថា អ៊ីរ៉ង់​នឹង​បន្ត​ពង្រឹង​សាកល្បង​កម្មវិធី​ផលិត​មីស៊ីល ហើយ​និងពង្រឹង​សមត្ថភាព កម្លាំង​របស់កងទ័ព​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ដែល​ស្ថិតនៅក្នុង​បញ្ជីរដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

សហភាព​អឺរ៉ុប ដែល​ធ្លាប់​តវ៉ា​ប្រឆាំងខ្លាំង​បែរ​មក​សំងំ លែង​រិះគន់​អាមេរិក

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​យប់​ថ្ងៃ​ពុធម្សិលមិញ ពោល​គឺ​នៅក្រោយ​ការចុះ​ហត្ថលេខា​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ប្រធាន​គណៈកម្មការអឺរ៉ុប លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ បាន​លើកឡើងថា ជារួម សហភាព​អឺរ៉ុប ពេញចិត្ត​នឹង​ជំហរ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​រុស្ស៊ី។ ជាការពិត សហភាព​អឺរ៉ុប​ធ្លាប់​អរិភាព និង​ធ្លាប់​បាន​តវ៉ា រិះគន់​ច្រើនដង ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​រុស្ស៊ី ព្រោះថា ច្បាប់​ថ្មី​របស់​អាមេរិក ដែល​អឺរ៉ុប​ចោទថា ធ្វើ​ឡើង​ដោយ​ឯកតោភាគី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ប្រយោជន៍ របស់​ក្រុមហ៊ុន​អឺរ៉ុប ជាពិសេស គឺ​បារាំង និងអាល្លឺម៉ង់ ដែល​កំពុង​ធ្វើ​ជំនួញ ទិញ​នាំចូល​ប្រភពថាមពល​ពី​រុស្ស៊ី។

 

កន្លងមក អឺរ៉ុប និង​អាមេរិក​ធ្លាប់​បាន​រួមគ្នា ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ក្នុង​សំណុំរឿង​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ដែល​រុស្ស៊ី បាន​កាត់បញ្ចូល​ទៅក្នុង​ទឹកដី​របស់ខ្លួន។ ប៉ុន្តែ នៅពេល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី សហភាព​អឺរ៉ុប​បាន​រិះគន់​អាមេរិក ថា បាន​ចាត់​វិធានការ​តែ​ម្នាក់ឯង ដោយ​មិន​ពិភាក្សា​ជាមួយ​អឺរ៉ុប និង​ថា ច្បាប់​របស់​អាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ក្រុមហ៊ុន​អឺរ៉ុប​ដែល​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី។

 

ប៉ុន្តែ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ម្សិលមិញ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ជំហរ​ពេញចិត្ត​មក​វិញ ព្រោះបើតាម​លោក សភា​អាមេរិក​បាន​កែប្រែ​ចំណុច​មួយចំនួន​ដែល​និយាយពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អឺរ៉ុប។ តាម​លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ សភា​អាមេរិក​បាន​ស្តាប់​លឺ​កង្វល់​របស់​ភាគី​អឺរ៉ុប និង​បាន​សន្យា​ពិភាក្សារ ជាមួយ​អឺរ៉ុប ដែល​ជាសម្ព័ន្ធមិត្ត ជាមុនសិន មុន​នឹង​អនុវត្ត​ចំណុច​ណាមួយ​នៃច្បាប់​ដាក់​ទណ្ឌកម​ប្រឆាំង​រុស្ស៊ី។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ស្វាគម ច្បាប់​ថ្មី ប៉ុន្តែ ជាមួយ​គ្នា​នោះ ក៏​បាន​ពន្លយ​ឲ្យ​ដឹងដែរថា បាន​ត្រៀម​ខ្លួន​រួចហើយ និង​ថា នឹង​ប្រតិកម្ម​វាយបក​វិញ ក្នុង​រយៈពេល តែប៉ុន្មាន​ថ្ងៃ ក្នុង​ករណី​ណា​ដែល​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ប៉ះពាល់​ដល់​ក្រុមហ៊ុន​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ