អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វិបត្តិ​​​វ៉េណេស៊ុយអេឡា​​​ឈាន​ដល់​​​ការ​ដកហូត​​​តំណែង​​​រដ្ឋអាជ្ញា​​​

សមាជិក​សភា​ធម្មនុញ្ញ​វ៉េណេស៊ុយអេឡា​ដែល​ទើប​ចូល​​​​​ធ្វើការ​​នៅថ្ងៃសៅរ៍​ម្សិលមិញ ​បាន​ដក​តំណែង​លោកស្រី​រដ្ឋអាជ្ញាទូទៅ ល្វីហ្សា អរតេហ្កា Luisa Ortegaធ្វើអោយទំនាក់ទំនង​វ៉េណេស៊ុយអេឡា​ជាមួយ​​សហគមន៍​អន្តរជាតិ​កាន់តែ​តានតឹង។ សហរដ្ឋអាមេរិក ស៊ីលី និង​កូឡុំប៊ី​បានថ្កោលទោស​ការដកតំណែង​រដ្ឋអាជ្ញា​វ៉េណេស៊ុយអេឡា។​

លោកស្រី​ Luisa Ortega ត្រូវ​សភា​ធម្មនុញ្ញ​វ៉េណេស៊ុយអេឡា​ដកហូតពី​តំណែង​រដ្ឋអាជ្ញា​
លោកស្រី​ Luisa Ortega ត្រូវ​សភា​ធម្មនុញ្ញ​វ៉េណេស៊ុយអេឡា​ដកហូតពី​តំណែង​រដ្ឋអាជ្ញា​ Reuters
ផ្សាយពាណិជ្ជកម្ម

សភាធម្មនុញ្ញ​វ៉េណេស៊ុយអេឡា ទើប​ចូលអង្គុយ​​ធ្វើការ​ទាន់​ស្រួលបួល​ផង​ ​​​បាន​សម្រេច​ដក​​​លោកស្រី​ល្វីហ្សា អរតេហ្កា ពីតំណែងរដ្ឋអាជ្ញាទូទៅតែម្តង។ សមាជិកសភា​ពិសេស​មួយនេះ បាននាំគ្នា​ចោទ​លោកស្រី អរតេហ្កា ថា​ជា​ជនក្បត់។ តុលាការ​កំពូល​វិញ ប្រកាស​ថា នឹងមានការ​កាត់ទោស​លោកស្រី​ទាក់ទង​នឹង​​ភាព​មិនទៀងទាត់។ គណនីធនាគារ​លោកស្រីអរតេហ្កា​បាន​ជាប់គាំង អាជ្ញាធរ​ហាម​លោកស្រី​មិនអោយ​​ចាកចេញ​ពី​ប្រទេស​ទេ។

លោកស្រី​អរតេហ្កា ​ជាអ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ស្ហាវេស ត្រូវបាន​តែងតាំង​ក្នុង​ការងារ​តាំងពី​ឆ្នាំ២០០៧មក។ ​ច្រើនឆ្នាំ​មកនេះ ​លោកស្រី​​​​លែង​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី​ម៉ាឌូរ៉ូ ទៀតហើយ។ លោកស្រី​បានបរិហារ​ការដកតំណែង​​លោកស្រី​ថា​ជា​អំពើផ្តាច់ការ។ កងកម្លាំង​វ៉េណេស៊ុយអេឡា​បាន​រារាំង​លោកស្រីមិនអោយ​បានចូល​ទៅ​ការិយាល័យ​​ការងារ​ នៅ​ក្រុងការ៉ាកាស​ទេ។ ក្រុមការងារ​របស់លោកស្រីរដ្ឋអាជ្ញា​រូបនេះ ​​​​ទើប​នឹង​បើក​ការអង្កេត​​កាលពី​ថ្ងៃពុធ ​ជុំវិញ​​ការ​សង្ស័យថា​​មាន​ការ​បន្លំ​សន្លឹកឆ្នោត ​ក្នុង​ពេល​​បោះឆ្នោត​ជ្រើសរើស​​សភា​ធម្មនុញ្ញ​ កាលពី​ថ្ងៃ​៣០កក្កដា​។ ក្រុមការងារ​លោកស្រី​បាន​ស្នើ​អោយ​លុបចោល​សភា​ធម្មនុញ្ញ​នេះទៀតផង។

ការដកតំណែង​លោកស្រី​រដ្ឋអាជ្ញា​​វ៉េណេស៊ុយអេឡា ត្រូវសហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​ជា​អំពើ​ខុសច្បាប់។ លោកស្រី​ប្រធានាធិបតីប្រទេស​​ស៊ីលី​ មីស្ហែល បាស្ហឺឡេ បាន​ចាត់ទុក​ការ​ដកតំណែង​នេះ ថា​ជា​​ជំហាន​ឆ្ពោះ​ទៅ​ដល់​ការកាត់ផ្តាច់​លទ្ធិប្រជាធិបតេយ្យ។ ​ប្រធានាធិបតី​កូឡុំប៊ី​ លោក​ម៉ានុយអែឡ សាន់តូស វិញ​បាន​លើកឡើង​ថា នេះ​ជា​សកម្មភាព​ផ្តាច់ការ​ដំបូង​ នៃ​សភាធម្មនុញ្ញ​វ៉េណេស៊ុយអេឡា។

ម្សិលមិញ​នេះ​ ​រដ្ឋមន្ត្រី​ការបរទេស​ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ និង​ប៉ារ៉ាហ្កាយ​បាន​ព្យួរ​វ៉េណេស៊ុយអេឡា​​ពី​ទីផ្សារ​រួមគ្នា​នៃប្រទេស​ទ្វីបអាមេរិក​ខាងត្បូង។ ប្រទេស​ទាំងនេះ​​​ដាក់​លក្ខខណ្ឌ​អោយ​វ៉េណេស៊ុយអេឡា​ដោះលែង​អ្នកទោស​នយោបាយ រៀបចំ​អំណាច​និតិបញ្ញត្ត​ឡើងវិញ រៀបចំ​ការបោះឆ្នោត ហើយ​​ត្រូវ​​លុបចោល​សភាធម្មនុញ្ញ​​។ សភាធម្មនុញ្ញ​​វ៉េណេស៊ុយអេឡា​មាន​កាតព្វកិច្ច​តាក់តែង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៩ឡើងវិញ។ ក្រុមប្រឆាំង​​មើលឃើញថា លោក​ម៉ាឌូរ៉ូ បង្កើត​សភា​ពិសេស​នេះឡើង ដើម្បីពង្រឹង​និង​បន្ត​អំណាច​ដឺកនាំ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ