អានតួអត្ថបទ
អាមេរិក-វ៉េណេស៊ុយអេឡា

ហេតុអ្វី​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​គំរាម​វាយប្រហារ​វ៉េណេស៊ុយអេឡា?

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​ការ​វាយប្រហារ​ផ្លូវ​យោធា​ជា​យថាហេតុ​លើ​ប្រទេស​វ៉េណេស៊ុយអេឡា។ លោក​ត្រាំ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ចំពោះ​មុខ​ហ្វូង​អ្នក​កាសែត​ពី​រដ្ឋ New Jersey ដែល​លោក​កំពុង​សម្រាក​លំហែកាយ។ ជា​ចម្លើយ​តប​វិញ លោក​ប្រមុខ​ការពារជាតិ​វ៉េណេស៊ុយអេឡា​បាន​ចាត់​ទុក​សម្តី​របស់​លោក​ត្រាំ​ថា​ជា​ទង្វើ​ឆ្កួត​លីលា និង​ថា ពលរដ្ឋ​វ៉េណេស៊ុយអេឡា​នឹង​ក្រោក​ឈរ​ព្រម​គ្នា​ប្រឈម​នឹង​អាមេរិក​ដើម្បី​ការពារ​ផលប្រយោជន៍ និង​បូរណភាព​ទឹកដី​វ៉េណេស៊ុយអេឡា។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ (រូបកណ្តាល) អម​ដោយ​ប្រមុខ​ការទូត​លោក Rex Tillerson និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ UN លោកស្រី Nikki Haley
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ (រូបកណ្តាល) អម​ដោយ​ប្រមុខ​ការទូត​លោក Rex Tillerson និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ UN លោកស្រី Nikki Haley Reuters
ផ្សាយពាណិជ្ជកម្ម

« យើង​មាន​ជម្រើស​ច្រើន​សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា រួម​ទាំង​ជម្រើស​ផ្លូវ​យោធា​ផង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ​អម​ដោយ​ប្រមុខ​ការទូត​លោក Rex Tillerson និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​នា​ថ្ងៃ​សុក្រ ទី១១ សីហា​ពី​រដ្ឋ New Jersey។ ក៏​ប៉ុន្តែ លោក​ត្រាំ​មិន​បាន​លំអិត​អ្វី​បន្ថែម​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ទេ គ្រាន់​តែ​ថា អាមេរិក​មាន​កម្លាំងទ័ព​នៅ​ទូទាំងពិភពលោក និង​មាន​មួយ​ចំនួន​ស្ថិត​ឆ្ងាយ​ពី​ដែនដី​អាមេរិក​ទៀត​ផង។ តាម​លោក​ត្រាំ វ៉េណេស៊ុយអេឡា​ស្ថិត​មិន​ឆ្ងាយ​ពី​អាមេរិក ហើយ​ប្រជាជន​វ៉េណេស៊ុយអេឡា​កំពុង​រងទុក្ខវេទនា និង​ស្លាប់។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក Eric Pahon មិន​បាន​បញ្ជាក់​អ្វី​ទាំង​អស់​ចំពោះ​ការ​ថ្លែង​របស់​លោក​ត្រាំ និង​ថា​មក​ទល់​ពេល​នេះ ក្រសួង​នៅ​មិន​ទាន់​បាន​ទទួល​បាន​បទបញ្ជា ឬ​ការ​ណែនាំ​ណា​មួយ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ វ៉េណាស៊ុយអេឡា​តាម​រយៈ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ត្រាំ​ថា ជា​ទង្វើ​ដ៏​ឆ្កួតលីលា និង​ថា បើ​អាមេរិក​ហ៊ាន​ប្រើ​ទ័ព​លើ​វ៉េណេស៊ុយអេឡា​មែន នោះ​ពលរដ្ឋ​វ៉េណស៊ុយអេឡា​ទាំង​អស់​នឹង​ក្រោក​ឈរ​ប្រឆាំង​អាមេរិក​វិញ​ដើម្បី​ការពារ​ផលប្រយោជន៍ និង​បូរណភាព​ទឹកដី។ រីឯ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ​បាន​បញ្ជាក់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ សីហា​ថា លោក​ចង់​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ។

សេតវិមាន​បាន​បញ្ជាក់​លើ​ព័ត៌មាន​ស្តីពី​សំណើ​សុំ​របស់​លោក​ម៉ាឌុយរ៉ូ តែ​ថា​នៅ​ពេល​នេះ លោក​ត្រាំ​មិន​យល់​ព្រម​ទេ រួច​បន្ថែម​ថា លោក​ត្រាំ​នឹង​យល់ព្រមនិយាយ​ជាមួយ​លោក​ម៉ាឌុយរ៉ូ​នៅ​ពេល​ដែល​របប​ប្រជាធិបតេយ្យ​កើត​មាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ សូម​ជម្រាប​ជូន​ថា សង្រ្គាម​ពាក្យសម្តី​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ​បាន​ឡើង​តានតឹង​ខ្លាំង បន្ទាប់​ពី​អាមេរិក​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​រូប​លោក​ម៉ាឌុយរ៉ូ​ដោយ​ចាត់​ទុក​លោក​ជា​ជនផ្តាច់ការ ហើយ​ទង្វើ​របស់​វ៉ាស៊ីនតោន​នេះ​ទៀត​សោត​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​វ៉េណេស៊ុយអេឡា​បាន​រៀបចំ​បោះឆ្នោត​សភា​ធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា។ គ្រាន់​តែ​ក្នុង​រយៈពេល ៤ខែ​ចុង​ក្រោយ​នេះ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៣០នាក់។

គួរ​បញ្ជាក់​ជូន​ថា វា​ពិត​ជា​កម្រ​មាន​ណាស់​ដែល​រដ្ឋបាល​អាមេរិក​បាន​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​បរទេស​ដែល​កំពុង​កាន់​អំណាច​ដូច​ករណី​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ។ ករណី​លោក​ម៉ាឌុយរ៉ូ គឺ​ជា​ប្រមុខរដ្ឋ​ទី៤ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស៊ីរី​លោក​អាសាដ ប្រមុខ​រដ្ឋ​ស៊ីមបាវ៉េ​លោក​រ៉ូប៊ែរ មូហ្កាបេ និង​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ