អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ាក់

អាមេរិក​ស្នើ​ថ្នាក់ដឹកនាំ​គួដ​នៅ​អ៊ីរ៉ាក់​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ឯករាជ្យភាព

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លោក​ម៉ាស់ស៊ូត បាហ្សានី ប្រធាន​តំបន់​ស្វយ័ត​គួដ​ស្ថិត​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ប៉ែក​ខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាមេរិក​បាន​ស្នើ​ដល់​ពលរដ្ឋ​គួដអ៊ីរ៉ាក់​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យភាព​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៥ កញ្ញា​ខាង​មុខ។ លោក​ម៉ាស់ស៊ូត​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ តែ​បាន​បន្ថែម​ថា លោក​បាន​ទាមទារ​ឲ្យ​មាន​ការ​ធានា​ពិត​ប្រាកដ​ពី​អាមេរិក​ជា​ថ្នូរ​នឹង​ការ​លើក​ថ្ងៃ​បោះឆ្នោត​នោះ។ គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​មិន​យល់ព្រម​ឲ្យ​តំបន់​ស្វយ័ត​គួដ​ផ្តាច់ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ។

លោក​ប្រមុខ​ការទូត​​អាមេរិក Rex Tillerson
លោក​ប្រមុខ​ការទូត​​អាមេរិក Rex Tillerson REUTERS/Kevin Lamarqueo secretário de Estado americano, Rex Till
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson និង​លោក​ប្រធាន​តំបន់​ស្វយ័ត​គួដអ៊ីរ៉ាក់​ម៉ាស់ស៊ូត បាហ្សានី​ដែល​អាមេរិក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​គួដអ៊ីរ៉ាក់​លើក​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យភាព។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​ការិយាល័យ​ប្រធាន​តំបន់​ស្វយ័ត​គួដអ៊ីរ៉ាក់ លោក Tillerson មិន​បាន​ជំទាស់​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នោះ​ទេ តែ​គ្រាន់​តែ​ចង់​ឲ្យ​រដ្ឋអំណាច​គួដអ៊ីរ៉ាក់​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។ តាម​លោក​ប្រមុខ​ការទូត​អាមេរិក បញ្ហា​រវាង​តំបន់​ស្វយ័ត​គួដ​ស្ថិត​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ប៉ែក​ខាង​ជើង និង​រដ្ឋាភិបាល​កណ្តាល​អ៊ីរ៉ាក់​នៅ​ទីក្រុង​បាកដាដ​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​ចរចា​រវាង​ភាគី​ទាំង​ពីរ។

លោក​បាហ្សានី​មិន​បាន​ផ្តល់​ចម្លើយ​យ៉ាង​ណា​ចំពោះ​សំណើ​របស់​លោក Tillerson ទេ តែ​គ្រាន់​តែ​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា ពលរដ្ឋ​គួដ​កំពុង​រង់ចាំ​ការ​ធានា​ពិតប្រាកដ​សម្រាប់​អនាគត​ខ្លួន។ សូម​រម្លឹក​ជូន​ថា​នា​ដើម​ខែ​មិថុនា ថ្នាក់ដឹកនាំ​គួដ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យភាព​នៅ​ថ្ងៃទី២៥ កញ្ញា​ខាង​មុខ ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​រដ្ឋអំណាច​អ៊ីរ៉ាក់​ក៏​ដោយ។ កំណត់​សម្គាល់​មួយ​ទៀត សេចក្តី​ប្រកាស​កាល​ណោះ​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​តំបន់​ស្វយ័ត​ក្នុង​ទឹកដី​អ៊ីរ៉ាក់​មួយ​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​តែ​តម្លៃ​ប្រេងឆៅ​ចុះ​ថ្លៃ​ខ្លាំង និង​ចំ​ពេល​ដែល​តំបន់​ទទួល​ជនភៀសខ្លួន​ជាង ១លាននាក់​ដែល​រត់​គេច​ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​ទ័ពអ៊ីរ៉ាក់ និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

អ្វី​ជា​ការ​កត់សម្គាល់ រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ទីក្រុង​បាកដាដ​ដែល​បាន​យល់ព្រម​ផ្តល់​ស្វ័យភាព​ឲ្យ​ប្រជាជន​គួដ​ប្រមាណ​ជា ៥លាននាក់​នៅ​តំបន់​ប៉ែក​ខាងជើង​ពិត​ជា​មិន​ចង់​ឃើញ​តំបន់​មួយ​នេះ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ និង​ថា ការ​ទាមទារ​ឯករាជ្យ​របស់​ពួក​គេ​បាន​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។ ម្យ៉ាង​ទៀត ទីក្រុង​បាកដាដ​ក៏​បារម្ភ​ខ្លាច​ទង្វើ​របស់​ពលរដ្ឋ​គួដអ៊ីរ៉ាក់​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ជិត​ខាង ដូច​យ៉ាង​តួកគី និង​អ៊ីរ៉ង់​ដែល​មាន​ពលរដ្ឋ​គួដ​រាប់សិបលាននាក់​កំពុង​រស់នៅ។ យ៉ាង​ណា​ក៏​ដោយ ចម្ងាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឯករាជ្យភាព​របស់​ពលរដ្ឋគួដ​អ៊ីរ៉ាក់​ហាក់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ ព្រោះ​ក្នុង​ចំណោម​ពលរដ្ឋ​គួដអ៊ីរ៉ាក់​ទាំង ៥លាននាក់ អ្នក​ដែល​មិន​ផ្តាច់​ខ្លួន​ចេញ​ពី​អ៊ីរ៉ាក់​ក៏​មាន​ច្រើន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ