អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា​ចោទ​លោក​ដូណាល់ ត្រាំ​ថា ​កំពុង​ចង់​ធ្វើ​ឲ្យ​អាមេរិកឡាទីន​ជួប​អស្ថិរភាព

សង្រ្គាម​ពាក្យ​សំដី​កាន់តែ​ផុសផុល​ខ្លាំង​រវាង​ប្រធានាធិបតី អាមេរិក និង​ប្រមុខ​រដ្ឋ​វ៉េណេស៊ុយអេឡា។ លោក​ប្រធានាធិបតី វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ចោទប្រកាន់ ​ថា ដោយ​លើកឡើង​ពី​ជម្រើស​យោធា សម្រាប់​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កំពុង​ចង់​បំផ្លាញ សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​អាមេរិកឡាទីន។ ការលើក​និយាយ​ពី​ជម្រើស​យោធា​របស់​លោកដូណាល់ ត្រាំ​បាន​បង្ក​ផងដែរ ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត នៅ​អាមេរិក​ខាងត្បូង។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ​នៅ​ក្នុង​សភា​រដ្ឋធម្មនុញ្ញ ថ្ងៃទី ១០​សីហា ២០១៧
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ​នៅ​ក្នុង​សភា​រដ្ឋធម្មនុញ្ញ ថ្ងៃទី ១០​សីហា ២០១៧ ©REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​ទី​១២ សីហា រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា បាន​ចោទ​ប្រកាន់ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ថា កំពុង​ចង់​រុញ​ច្រាន តំបន់​អាមេរិកឡាទីន និង​ប្រទេស​នៅ​ការ៉ាអ៊ីប ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ ដែល​នឹង​បំផ្លាញ ស្ថិរភាព សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់។

ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​សុក្រ ដែល​លើកឡើង​ពី​ជម្រើស​យោធា​នៅ​ក្នុង​វិបត្តិ វ៉េណេស៊ុយអេឡា បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​តបវិញ មិនថា ពី​រដ្ឋាភិបាល វ៉េណេស៊ុយអេឡា ឬ​ពីក្រុម​ប្រទេស អាមេរិកឡាទីន ដែល​មួយ​ចំនួន កំពុង​រិះគន់​នយោបាយ​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ។

ដើម្បី​ថ្កោលទោស សកម្មភាព​ហិង្សា​របស់​អាជ្ញាធរ​វ៉េណេស៊ុយអេឡា រដ្ឋាភិបាល​ពេរ៉ូ​ទើប​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​វ៉េណេស៊ុយអេឡា ចេញពី​ទឹកដី​របស់ខ្លួន។ ប៉ុន្តែ នៅក្រោយ ការប្រកាស​របស់​លោក​ដូណាល់ ត្រាំ ស្តីពី ជម្រើស​យោធា នៅ​វ៉េណេស៊ុយអេឡា ពេរ៉ូ ក៏​បាន​ចូលរួមគ្នា ជាមួយ ប្រេស៊ីល កូឡុំប៊ី ឈីលី ម៉ិចស៊ិក អេក្វាទ័រ និង​នីហ្ការ៉ាហ្គ័រ ដើម្បី​សំដែង​សាមគ្គីភាព​ជាមួយ វ៉េណេស៊ុយអេឡា។

វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា មិន​អាច​ត្រូវ​ដោះស្រាយ ដោយ​ប្រើ​កម្លាំង​យោធា ទោះពី​ក្នុង​ស្រុក ឬ​ក្រៅស្រុក​ក្តី។ នេះ​ជា​ការបញ្ជាក់​របស់​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក។ ទាំង​វ៉េណេស៊ុយអេឡា និង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង ទាំងមូល មិនអាច​ទទួល​យក​បានទេ ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក ដែល​ថា នឹង​អាច​មាន​ជម្រើស​យោធា នៅ​វ៉េណេស៊ុយអេឡា។ រឿងនេះ ធ្វើ​ឲ្យ​ពួកគេ​នឹក​ឃើញ​ទៅដល់​អនុស្សាវរីយ៍ ដ៏ជូរចត់ នៅ​អតីតកាល នៅពេល​អាមេរិក​ បញ្ជូន​ទ័ព ទៅ​ឈ្លានពាន ប្រទេស​ប៉ាណាម៉ា នៅ​ឆ្នាំ ១៩៨៩ ដើម្បី​ផ្តួល​លោក​Manuel Noriega ​ចេញ​ពី​អំណាច​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ