អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រុម​ស្តាំនិយម​ជ្រុល​អាមេរិក ដែល​ធ្វើ​បាតុកម្ម​នៅ ក្រុង​ Chalottes ជាអ្នកណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីក្រុង​charlottes នៅក្នុង​បាតុកម្ម​ផ្តើម​ដោយ ក្រុមស្តាំ​និយមជ្រុល អំពើហិង្សា​បាន​ផ្ទុះឡើង​រវាង​ក្រុមនេះ ហើយ​និង​ក្រុមបាតុករ​ដែល​ចេញមុខ ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍។ ជាលទ្ធផល​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ជាង​១០​នាក់​ផ្សេងទៀត​រងរបួស​ដោយសារ​ស្នាដៃ​របស់​​សមាជិក​របស់​ក្រុម​ស្តាំ​និយមជ្រុល ដែល​បាន​​បើកឡាន បុក​​ក្រុមបាតុករ។ ប្រធានាធិបតី​អាមេរិក លោកលោកដូណាល់ ត្រាំ បាន​រងការរិះគន់​ខ្លាំង ដោយសារ​តែ​លោក មិន​បាន​និយាយ​ថ្កោលទោស​ចំៗ ឈ្មោះ សមាជិក​របស់​ក្រុម​ស្តាំ​និយមជ្រុល ដែល​ជា​ជនដៃដល់។

ក្រុម​ការពារ​ស្បែក​ស​ដែល​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍ ទី ១២ សីហា ២០១៧
ក្រុម​ការពារ​ស្បែក​ស​ដែល​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍ ទី ១២ សីហា ២០១៧ ©REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

នៅ​អាមេរិក ក្រុមស្តាំ​និយមជ្រុល​ដែល​ស្អប់​មិនចូល​ចិត្ត​សាសន៍​ដទៃ មាន​ចំនួន ៩១៧។ នេះ​បើតាម​ការកឃើញ​របស់​មជ្ឈមណ្ឌល ច្បាប់​នៃភាពក្រីក្រ ខាងត្បូង។ ក្រុម​ស្តាំ​និយម​ជ្រុល​មាន​ទិសដៅ​ចំបង គឺ​ការពារ​ប្រយោជន៍ ឲ្យ​សាសន៍​ស្បែកស នៅ​ទឹកដី​អាមេរិក។ នៅក្នុង​ចំណោម​ក្រុមស្តាំ​និយម​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ហិង្សា កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​​charlottes មាន​ក្រុម​ណាហ្សី​ថ្មី ក្រុម​Ku Klux Klan ឬ​ហៅថា KKK​ ដែល​ស្អប់​សាសន៍​ដទៃ ក្រៅតែពី​សាសន៍​ស្បែក​ ស ហើយ​និង​ក្រុម​ស្តាំនិយម​ជ្រុលថ្មី ឈ្មោះ Alt right។

ក្រុម​ការពារ​អាមេរិកាំង​ស្បែកស ចាប់មាន​កំណើត​ឡើង នៅ​ក្រោយ​ចប់​សង្រ្គាម​ស៊ីវិល។ ក្រុម​ទាហាន​ភាគ​​ខាងត្បូងអាមេរិក ដែល​ខកចិត្ត នឹង​ការចាញ់​សង្រ្គាម​ក្នុង​ដៃ​របស់​រដ្ឋាបាល​ខាងជើងម្តងហើយនោះ បាន​ហួសចិត្ត​មួយកម្រិតទៀត នៅពេល​ត្រលប់​មក​ភាគខាងត្បូង​វិញ ​ឃើញ​ទាសករ​ស្បែក​ខ្មៅ​ត្រូវ​បាន​ដោះលែង​ឲ្យ​រស់នៅ​មាន​សេរីភាព។ ពួកគេ​មួយចំនួន បាន​សម្រេច​ទៅ​បង្កើត​ចលនា ស្អប់ និង​ប្រកាន់​ពូជសាសន៍​ដូចជា Ku Klux Klan ឬ KKKជាដើម។

បង្កើតឡើង​ដំបូង នៅ​ឆ្នាំ ១៨៦៥ ក្រុម​Ku Klux Klan ធ្លាប់​ធ្វើ​សកម្មភាព ដេញ ប្រមាញ់ ចាប់ មនុស្ស​ស្បែកខ្មៅ យក​ទៅ​ដុត​សម្លាប់។ ក្រុមនេះ ធ្លាប់​មាន​សមាជិក ដល់​ទៅ ៤​លាន​​នាក់ នៅ​ទូទាំង​អាមេរិក។ ប៉ុន្តែ បច្ចុប្បន្ន នេះ KKK មាន​សមាជិក​តិចជាង ៨​ពាន់​នាក់ ប៉ុណ្ណោះ។ សកម្មភាព​ឃោឃៅ ប្រកាន់ពូជសាសន៍ របស់​អង្គការ​KKK​ត្រូវ​បាន​គេ​ថ្កោលទោស ជាទូទៅ មិនថា ពី​ប្រជាជន ឬ​រដ្ឋាភិបាល។

និយាយ​ពី​ក្រុម​Alt rightវិញ ជាក្រុម​ស្តាំ​និយមជ្រុល​ថ្មី ដែល​ប្រកាន់​ពូជសាសន៍ ដែរ ប៉ុន្តែ មិន​ហិង្សា សម្លាប់​មនុស្ស ដូច​អង្គការ​KKK នោះទេ។ ក្រុមស្តាំ​និយមជ្រុល​ថ្មី មាន​ឈាម​ត្រជាក់ និង​ចង់​កម្ចាត់​សាសន៍​ដទៃ ក្រៅតែ​ពី​សាសន៍ ស្បែកស តាម​ផ្លូវ​នយោបាយ។ បន្ទាប់​ពី​ស្ងាត់ បាត់​សំឡេង អស់​ជាច្រើន​ទសវត្សរ៍ ចលនា​ស្តាំ​និយមជ្រុល ដើម្បី លើក​កំពស់​អាមេរិកាំង​ស្បែក ស បាន​ចាប់​លេចមុខ​មកវិញ នៅ​ក្នុង​អាណត្តិ​របស់លោក​អូបាម៉ា ប៉ុន្តែ បាន​ចាប់ ធំធាត់​ដុះស្លាប នៅក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ។

លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល និង​រិះគន់​ម្តងហើយ ដោយ​លោក​បិទមាត់ មិន​ប្រកាស​ថ្កោលទោស សកម្មភាព​ហិង្សា​របស់​ក្រុមKKK នៅពេល​លោក​ថ្លែងសុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។ លោក​នៅ​ធ្លាប់​បាន​បដិសេធ​ថា មិន​ដែល​បាន​ស្គាល់ និង​លឺ​ឈ្មោះ​David Duke ដែល​ជា​ប្រធាន​ចលនា​នេះ ទេ។ ប៉ុន្តែ ការពិត នៅ​ឆ្នាំ ២០០០ លោក​ធ្លាប់​បាន​ចោទប្រកាន់​ក្រុមKKK នេះ​ជា​ក្រុម​ណាហ្ស៊ី​ថ្មី។ មួយវិញទៀត តាម​ការចុះផ្សាយ​របស់​កាសែត New York Times ឪពុក​របស់​លោក​ដូណាល់ ត្រាំ គឺ Fred Trump អាច​ជា​សមាជិក​របស់​ក្រុម KKK ព្រោះថា នៅ​ឆ្នាំ ១៩២៧ លោក​ធ្លាប់​បាន​ចូលរួម​ក្នុង​ក្បួន​គាំទ្រ​ចលនា​KKK នៅ​ទីក្រុង​ញូវយ៉ក។

នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​លោក​ដូណាល់​ត្រាំ ក្រុម​ស្តាំ​និយមជ្រុល ដូចជា KKK ឬ​ក្រុម Alts Right បាន​ចេញមុខ​គាំទ្រ ដោយ​ចំហរ និង​បាន​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​លោក​ដូណាល់ ត្រាំ។ សម្រាប់​ក្រុមស្តាំ​និយមជ្រុល ពាក្យ​របស់​លោកដូណាល់ ត្រាំ​ដែល​ថា ធ្វើ​ដើម្បី ជនជាតិ អាមេរិកាំង​មុនគេ គឺ​មានន័យ​ស្មើ​នឹង​ពាក្យ​ថា គិតគូរ​ដល់​សាសន៍​ស្បែក​ស​មុនគេ។

ទីប្រឹក្សា​ស្និទ្ធិ​នឹង​លោកដូណាល់ ត្រាំ ជាសមាជិក​របស់​ក្រុមស្តាំ​និយមជ្រុល

ក្រុម​ស្តាំនិយមជ្រុល Alt right ដែល​សំបូរ​ឲ្យ​បញ្ញាជន រៀនសូត្រ បាន​ជ្រៅជ្រះ បាន​បញ្ចូល សមាជិក​របស់ខ្លួន ទៅក្នុង​រដ្ឋាភិបាល​របស់​លោក​ដូណាល់ ត្រាំ។ មនុស្ស​សំខាន់ពីរ​រូប ដែល​នៅ​កៀក​ជាប់​នឹង​លោក​ដូណាល់ ត្រាំ ដូចជា Stephen Bannon ទីប្រឹក្សា​យុទ្ធសាស្រ្ត​របស់​លោកដូណាល់​ត្រាំ ហើយ​និង​Stephen Miller ទីប្រឹក្សា​ជាន់ខ្ពស់ សុទ្ធសឹង​ជា​សមាជិក​របស់​ក្រុម​ស្តាំ​និយមជ្រុល Alt right។

មុន​នឹង​មក​ធ្វើ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ របស់​លោកត្រាំ ហើយ​និងអ្នក​ផ្តួចផ្តើម ឲ្យ មាន​ច្បាប់ ប្រឆាំង​ជនអន្តោប្រវេសន៍ Stephen Miller ធ្លាប់​បាន​សរសេរ​វិចារណកថា មួយ ដែល​លើក​ទឹកចិត្ត ឲ្យ​មាន​ការស្អប់ និង​សម្លាប់​អ្នកកាន់​សាសនា​អ៊ីស្លាម។

លោក​ដូណាល់ ត្រាំ អមព័ទ្ធ និង​គាំទ្រ​ដោយ​មនុស្ស​មក​ពី​ក្រុម​ស្តាំនិយមជ្រុល។ ដូច្នេះ គេ​មិន​ឆ្ងល់​ទេ ថា ហេតុអ្វី បាន​ជា​លោក​​មិន​បាន​ប្រើ​ពាក្យថ្កោលទោស ធ្ងន់ៗ លើ​សមាជិក​​របស់​ក្រុមការពារ​ស្បែកស ដែល​បាន​បើកឡាន​សម្លាប់​មនុស្ស​នៅ​ទីក្រុង​Charlottes នោះ។ លោកដូណាល់​ត្រាំ ដែល​សំបូរ​ដោយ​សត្រូវ និង​អ្នកចាំរិះគន់​គ្រប់ទិស មិន​អាច បោះបង់​ចោល​ក្រុម​ស្តាំនិយមជ្រុល ដែល​តាមពិត​ជា​សកម្មជន ឃោសនា​តែមួយ ដែល​លោក​មាន និង​ដែល​លោក​អាច​ពឹងពាក់​យក​ប្រយោជន៍ ទៅ​ថ្ងៃ​ក្រោយ ជាពិសេស គឺ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ