អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ និយាយ​បាតដៃ ខ្នងដៃ ពីរឿង​អំពើហិង្សា​នៅ​ទីក្រុង​Charlottes

តើ​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កំពុង​គិតអ្វី ចង់​បាន​អ្វី? នៅក្នុង​រយៈពេល​តែ​បី​ថ្ងៃ លោក​បាន​ផ្លាស់ប្តូរ សំដី ដល់​ទៅ ២ដង នៅ​ក្នុង​រឿង​ថ្កោលទោស ទៅលើ​អំពើហិង្សា បើកឡាន​សម្លាប់​បាតុករ នៅទីក្រុង​Charlotte។ នៅ​មួយថ្ងៃ​ក្រោយ បរិហារ​សកម្មភាព​ហិង្សា​របស់​ក្រុម​ស្តាំ​និយម​ជ្រុល​អាមេរិក និង​ក្រុម​ការពារ​ស្បែកស លោក​ដូណាល់ ត្រាំ បាន​ប្តូរ​ជំហរ​មកវិញ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​លើក​នេះ លោក​បាន​ចោទប្រកាន់​ទៅលើ​បាតុករ ទាំងពីរ​ក្រុម មិនថា​ក្រុម ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍ ហើយ​និង​ក្រុម​ការពារ​ស្បែកស។

នៅ​ថ្ងៃ អង្គារ ទី​១៥ ប្រធានាធិបតី​អាមេរិក លោកដូណាល់​នៅ​ពេល​ប្រតិកម្ម​ជាលើកទី៣ ទៅលើ​អំពើហិង្សា​នៅ​ទីក្រុង​Charlottes
នៅ​ថ្ងៃ អង្គារ ទី​១៥ ប្រធានាធិបតី​អាមេរិក លោកដូណាល់​នៅ​ពេល​ប្រតិកម្ម​ជាលើកទី៣ ទៅលើ​អំពើហិង្សា​នៅ​ទីក្រុង​Charlottes ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ពាក្យ​សំដី​មិន​ទៀងទាត់ របស់​ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ស្តែង​ឡើង​កាន់តែ​ច្បាស់។ នៅ​ថ្ងៃ​សៅរ៍ លោក​ខកខាន មិន​បាន​និយាយ​ថ្កោលទោស ចំៗ​ក្រុមការពារ​សាសន៍ ស្បែកស ដែល​មាន​សមាជិក​របស់ខ្លួន បើកឡាន​បុក សម្លាប់ បាតុករ ដែល​ធ្វើ​បាតុកម្មប្រឆាំង​នឹង​ការរើសអើង​ប្រកាន់​ពូជសាសន៍។ ដោយសារ​តែ​រង​ការរិះគន់ ពី​គ្រប់​ទិស មិនថា ពី​ក្រុម​ប្រឆាំង ឬ​សមាជិក​របស់​បក្ស​សាធារណរដ្ឋ លោក​ដូណាល់ ត្រាំ បាន​ចេញមុខ នៅ​ថ្ងៃ​ចន្ទ បរិហារ​ការរើសអើង ប្រកាន់ពូជសាសន៍ និង​ថ្កោលទោស ក្រុមស្តាំ​និយមជ្រុល ក្រុមការពារ​សាសន៍ ស្បែកស ​ដូចជា​ក្រុម​Ku Klux Klan និង​ក្រុម​ណាហ្ស៊ី​ថ្មី ដែល​បាន​ចូលរួម​នៅក្នុង​បាតុកម្ម នៅថ្ងៃ​សៅរ៍។

ប៉ុន្តែ នៅ​២៤ម៉ោង​ក្រោយ នៅ​ក្នុង​រឿង​អំពើ​ហិង្សា នៅ​ក្រុង​Charlottes ដដែល លោក​ដូណាល់ ត្រាំ ស្រាប់​តែ​មាន​ជំហរ ផ្សេង ខុសពី​ថ្ងៃ​ចន្ទ ដោយ​លោក​បែរ​ទៅ​ជា​និយាយ​ទម្លាក់​កំហុស លើ​ក្រុមបាតុករ​ទាំងពីរ​ក្រុម។ សម្រាប់ លោក​ដូណាល់ ត្រាំ ក្រុម​មួយ​កាចសាហាវ (ក្រុមការពារ​ស្បែកស) ប៉ុន្តែ ក្រុម​មួយ​ទៀត ក៏​ហិង្សា​ណាស់ដែរ (ក្រុម​ឆ្វេង​និយម ដែល​ប្រឆាំង​នឹង​ការរើសអើង ប្រកាន់​ពូជសាសន៍)។

អ្វីដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ជាងនេះ គឺ​នៅពេល​លោក​ដូណាល់ ត្រាំ និយាយ​ថា នៅ​ក្នុង​ចំណោម​បាតុករ មកពី​ក្រុម​ស្តាំនិយម​ជ្រុល ក៏​មាន​ដែរ មនុស្ស​ល្អ។ "អ្នកដែល​ចូលរួម​ក្នុង​បាតុកម្ម​រៀបចំ​ដោយ​ក្រុមស្តាំ​និយមជ្រុល មិនមែន​សុទ្ធ​តែ​ជា​ពួក​ណាហ្ស៊ី ថ្មី ឬ ពួក​ការពារ​អាមេរិកាំង​ស្បែក​ស​នោះទេ" នេះជា​សំដី​របស់លោក​ដូណាល់ ត្រាំ នៅពេល​និយាយ​ទៅ​កាន់​អ្នកកាសែត នៅទីក្រុង​ញូវយ៉ក។

លោកដូណាល់ ត្រាំ នៅ​បាន​និយាយ​ការពារ​ក្រុមស្តាំ​និយម​ជ្រុល ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការរុះរើ រូបសំណាក​របស់​មេបញ្ជាការ Robert Lee។ លោក​ Robert Lee ដែល​ប្រឆាំង​នឹង​មិន​ឲ្យ​គេ​លុប​ចោល​ទាសភាព នៅ​ភាគខាង​ត្បូង​អាមេរិក។ លោក​ត្រាំ នៅ​ហ៊ាន ប្រៀបធៀប មេបញ្ជាការ​ Robert Lee ទៅនឹង​ប្រធានាធិបតី​អាមេរិក ចាស់ៗ ដូចជា​George Washington ឬ​Thomas Jefferson ដែល​បើតាម​លោកដូណាល់​ត្រាំ អតីត​ប្រធានាធិបតី ដែល​ជា​ស្ថាបនិក​អាមេរិក ក៏ធ្លាប់​មានប្រើ​ដែរ ពួកទាសករ។ លោក​ចោទ​សំណួរ​ថា បើគេ​ចង់ផ្លាស់ទី រូបសំណាក​របស់​ Robert Lee តើ​គេ​ត្រូវ​រុះរើ​ចោលដែរ រូបសំណាក​របស់​អតីត​ប្រធានាធិបតី​អាមេរិក​មុនៗ?

នៅ​ថ្ងៃ​អង្គារ សំដី​របស់​លោក​ដូណាល់ ត្រាំ បាន​ទទួល​ការអបអរ សរសើរ ពី David Duke មេចលនា​Ku Klux Klan ដែល​គេ​ចាត់ទុក​ជា​ក្រុមភេរវនិយម នៅ​អាមេរិក។ សម្រាប់​​សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅពេល​ក្រុម​ការពារ​អាមេរិកាំង​ស្បែកស ឬ​ក្រុម Ku Klux Klan ដែល​រើសអើង ប្រកាន់​ពូជសាសន៍ សប្បាយ​ចិត្ត នឹង​ការប្រកាស​របស់​លោកដូណាល់ ត្រាំ នោះ​មានន័យថា លោក​ដូណាល់ ត្រាំ កំពុង​ធ្វើ​អ្វី​មួយ ដែល​ធ្វើ​ឲ្យគេ​ឈឺចាប់​មែនទែន។

នៅ​ថ្ងៃ​អង្គារ ទីប្រឹក្សា​ម្នាក់ របស់លោក​ដូណាល់​ត្រាំ ដែល​កាន់ខាងផ្នែក​ឧស្សាហកម្ម បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង។ តាំង​ពី​ថ្ងៃ​ចន្ទ ប្រធាន​ក្រុមហ៊ុន​ធំៗ បីរូប ហើយ បានដើរ​ចេញ​ពី​តំណែង ទី​ប្រឹក្សា​របស់​ប្រធានាធិបតី បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ ហាក់​បង្ហាញ​ជំហរ គាំទ្រ ក្រុមការពារ​អាមេរិកាំង ស្បែកស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ