អានតួអត្ថបទ
សហរដ្ឋអាមេរិក

ហិង្សា​នៅ​ទីក្រុង Charlottes៖ ថៅកែ​ក្រុមហ៊ុន​អាមេរិក​ធំៗ ដើរចេញ​ពី​លោកដូណាល់ ត្រាំ

ប្រធាន​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ នៅថ្ងៃ​ពុធ ទី ១៦ សីហា បាន​លាលែង​ចេញ​ពី​តំណែង​សមាជិក​របស់​គណៈកម្មការ​ប្រឹក្សា​នយោបាយ​សេដ្ឋកិច្ច របស់​ប្រធានាធិបតី ដើម្បី​ប្រឆាំង ជំទាស់​នឹង​ជំហរ របស់​លោកដូណាល់ ត្រាំ ដែល​ហាក់​ការពារ​ក្រុមស្តាំ​និយម​ជ្រុល ដែល ប្រព្រឹត្ត​អំពើហិង្សា សម្លាប់​មនុស្ស នៅ​ទីក្រុង​Charlottes កាលពី​ថ្ងៃ​សៅរ៍ ទី ១២ សីហា។

មនុស្ស​ឈរមើល​រូប​ចំអក​លោកដូណាល់ ត្រាំ​ដែល​គេ​បង្ហាញ​នៅក្នុង​បាតុកម្ម​ប្រឆាំង​លោកត្រាំ នៅ​ញូូវយ៉ក នៅថ្ងៃទី ១៤សីហា ២០១៧
មនុស្ស​ឈរមើល​រូប​ចំអក​លោកដូណាល់ ត្រាំ​ដែល​គេ​បង្ហាញ​នៅក្នុង​បាតុកម្ម​ប្រឆាំង​លោកត្រាំ នៅ​ញូូវយ៉ក នៅថ្ងៃទី ១៤សីហា ២០១៧ REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​មួយ ដ៏​លំបាក និង​ឯកោរ។ លោកដូណាល់ ត្រាំ មិនត្រឹម​តែ យឺតយ៉ាវ ក្នុង​ការនិយាយ​ថ្កោលទោស ក្រុមស្តាំ​និយមជ្រុល ក្រុមការពារ​សាសន៍​ស្បែកស តែប៉ុណ្ណោះទេ ប៉ុន្តែ លោក​នៅ​បាន​បង្ហាញ​សមានចិត្ត គាំទ្រ ក្រុមនេះ ដែល​មាន​សមាជិកម្នាក់ បាន​បើក​បើកឡាន​បុក​សម្លាប់​មនុស្សទៅវិញ នៅក្នុង​អំឡុង​បាតុកម្ម នៅ​ទីក្រុង​Charlottes។

រលក​រិះគន់​ប្រធានាធិបតី​អាមេរិក មាន​ជា​បន្តបន្ទាប់ ទាំងនៅ​ក្នុង និង​ក្រៅប្រទេស បន្ទាប់​ពី​លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​អង្គារ​បាន​ថ្លែង​ចាត់ទុក​បាតុករ ឆ្វេងនិយម ដែល​ប្រឆាំង​នឹងការរើសអើង ពូជសាសន៍ ថា ជាក្រុម​ដែល​ហិង្សា និង​ថា ដែល​ទៅ​ធ្វើ​បាតុកម្ម​ក្នុង​ក្រុមស្តាំនិយមជ្រុល មិនមែន​សុទ្ធ​តែ​ជា​ក្រុមណាហ្សី ឬ​ក្រុម​ការពារ​សាសន៍​ស្បែក​ស ទាំងអស់​នោះទេ។

លោកដូណាល់ ត្រាំ​កំពុង​នៅ​ឯកោ ព្រោះថា ជំហរ​របស់លោក ដែល​ហាក់ កាន់ជើង ក្រុមស្តាំនិយមជ្រុល ដែល​ជា​ក្រុមរើសអើង​ប្រកាន់​ពូជសាសន៍​យ៉ាងដូច្នេះ គឺ​គ្មាន​នរណា​គាំទ្រ ទទួល​យកបានទេ ក្រៅតែ​ពីក្រុម​ស្តាំនិយមជ្រុល ដូចជា​ក្រុមKu Klux Klan ដែល​គេ​ចាត់ទុក​ជាក្រុមភេរវនិយម​នៅ អាមេរិក​នោះ។

រដ្ឋមន្រ្តី​យុត្តិធម៌​អាល្លឺម៉ង់​បាន​វាយតម្លៃ​ថា សំដី​របស់​លោកដូណាល់ ត្រាំ​មិន​ថ្កោលទោស អំពើហិង្សា​របស់​ក្រុមស្តាំ​និយមជ្រុល នៅ​ទីក្រុង​Charlottes​គឺ​ជារឿង​ដែល​មិនអាច​ទទួល​យក​បាន។ សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេសវិញ គំនិត ហ្វាស៊ីស និង​គំនិត​ប្រឆាំង​នឹង​ការរើសអើង ពូជសាសន៍ គឺជារឿងពីរ ដែល​ខុសគ្នា ដាច់ស្រឡះ។ ដូច្នេះ វា​សំខាន់​ណាស់ ដែល អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់ ត្រូវ​តែ ថ្កោលទោស គំនិត​ស្តាំនិយម​ជ្រុល ទោះនៅក្នុង​ទម្រង់​ណាក៏ដោយ។

នៅក្នុង​ស្រុកអាមេរិក​វិញ ជំហរ យោគយល់​របស់​ប្រធានាធិបតី​អាមេរិក ទៅលើ​ក្រុមស្តាំ​និយមជ្រុល​អាមេរិក បាន​រង​ការរិះគន់ខ្លាំងណាស់ដែរ​ពីបក្ស​របស់លោកត្រាំ។ នៅក្រោយ​លោកត្រាំ​និយាយ​ទម្លាក់​កំហុស​ទៅលើ​ បាតុករ ទាំងពីរ​ក្រុម និង​ថា នៅ​ក្នុង​ស្តាំនិយម ជ្រុល ក៏​មាន​មនុស្ស​ល្អ​ដែរនោះ ប្រធាន​របស់​បក្ស សាធារណរដ្ឋ នៅ​សភា លោក​Paul Ryan បាន​និយាយភ្លាម មិន​យល់ស្រប​ជាមួយ​លោកត្រាំ។

អតីត​ប្រធានាធិបតី ឪពុកកូន ប៊ូស​វិញ ក៏​បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ម្សិលមិញ ថ្កោលទោស សកម្មភាព​ហិង្សា ស្អប់ របស់​ក្រុមការពារ​សាសន៍​ស្បែកស។ ពួកលោក​ចាត់ទុក​ថា “ការលើក​តម្កើង​តែ​សាសន៍​ស្បែកស គឺ​ជារឿង​អាក្រក់​ណាស់”។ សមាជិក​បក្ស​សាធារណរដ្ឋ​ជាច្រើន កាន់តែ​ដកឃ្លា ដកខ្លួន ឲ្យ​ឆ្ងាយ​ពីលោកដូណាល់ ត្រាំ។ បើសិនជា​លោកដូណាល់ ត្រាំ គ្មាន​ប្រជាប្រិយភាព សូម្បី​នៅក្នុង​បក្ស​របស់លោក នោះ គេ​ឃើញ​ថា លោកដូណាល់ ត្រាំ​ពិបាក​នឹង​រក​សំឡេងគាំទ្រ​ពី​បក្ស​សាធារណរដ្ឋ ដើម្បី​បោះឆ្នោត អនុម័ត​ច្បាប់​ដែល​លោក កំពុង​ស្នើឡើង ដូចជា​ច្បាប់​ធ្វើកំណែទម្រង់ ពន្ធ​ជា​ដើមនោះ

លោកដូណាល់ ត្រាំ ឯកោរ​ក្នុង​រង្វង់​អ្នកជំនួញ

តាំង​ពី​ថ្ងៃចន្ទ ទី ១៤ សីហា ថៅកែ​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ បាន​ប្រកាស​ដកខ្លួន​ចេញពី សមាជិកភាព​របស់​គណៈកម្មការ​សេដ្ឋកិច្ច ដែល​មាន​នាទី​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​សេដ្ឋកិច្ច ដល់​លោកប្រធានាធិបតី។

នៅ​ខែ​មករា នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី លោកដូណាល់ ត្រាំ បាន​បង្កើត​គណៈកម្មការ​ប្រឹក្សា​ពីរ ដែល​ធ្វើការ​ទៅលើ​សេដ្ឋកិច្ច ឧស្សាហកម្ម។ សមាជិក​របស់​គណៈកម្មការ​សេដ្ឋកិច្ច ឧស្សាហកម្ម​នេះ មាន​ចំនួន​២៨នាក់ ដែល​សុទ្ធ​សឹង​​តែ​ជា​ប្រធាន​ក្រុមហ៊ុន​អាមេរិកាំងធំៗ និង​ជា​អ្នកតំណាង​សហជីព។

ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ​ទី ១៤ សីហា នៅក្នុង​ហេតុផល មនសិកា ផ្ទាល់ខ្លួន ដែល​ប្រឆាំង​នឹង​ការរើសអើង ប្រកាន់ ពូជសាសន៍ ប្រធានក្រុមហ៊ុន​ឧសថ ដ៏ធំជាងគេ​របស់អាមេរិក Merck​បាន​ប្រកាស​ដើរចេញ​ពី​គណៈកម្មការ​ពិគ្រោះយោបល់​របស់​លោកដូណាល់ ត្រាំ។ នៅ​ថ្ងៃ​ពុធ គឺ​មួយថ្ងៃ​ក្រោយ លោកដូណាល់ ត្រាំ បង្ហាញ​សមានចិត្ត និយាយ​ការពារ​សមាជិក​ក្រុមស្តាំនិយម និង​ទម្លាក់កំហុស​ទៅលើ​បាតុករ ដែល​ប្រឆាំង​នឹង​ការរើសអើង ថៅកែ​ក្រុមហ៊ុន​អាមេរិក ៤​រូប​ទៀត ដែល​ជាសមាជិក របស់​គណៈកម្មការ​ផ្តល់ប្រឹក្សា​សេដ្ឋកិច្ច ក៏​បាន​ប្រកាស​ដើរចេញ​ពី​លោកដូណាល់ ត្រាំដែរ។

រាល់លើក​ដែល​លោក​ដូណាល់ ត្រាំ ធ្វើ​នយោបាយ​ដ៏ចម្រូងចម្រាស លោក​តែង​ត្រូវ​ក្រុមហ៊ុន​ឯកជន​ដោះដៃ ដើរចេញ ពី​គណៈទីប្រឹក្សា​របស់លោក។ ថៅកែ​ក្រុមហ៊ុន​Uber បាន​លាចេញ​ពីតំណែង​ទីប្រឹក្សា​របស់លោកដូណាល់ ត្រាំ នៅក្រោយ លោក​ដូណាល់ ត្រាំ ចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍ ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​អ៊ីស្លាម។ នៅ​ខែ​មិថុនា កន្លងទៅ ក្រុមហ៊ុន​ផលិត​ឡាន ដើរដោយ​ថាមពល​អគ្គិសនី Tesla ហើយ​និង​ក្រុមហ៊ុន​Disney​បានយក​គំរូ​តាម ក្រុមហ៊ុន​Uber ដើរ​ចេញពី​រង្វង់​ទីប្រឹក្សា​របស់​លោកដូណាល់​ត្រាំ នៅក្រោយ​ពេល​លឺ​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ។

ដោយសារ​តែ​ជំហរ ជ្រុលហួសហេតុ​របស់លោកដូណាល់ ត្រាំ លើកនេះ ប្រធាន​ក្រុមហ៊ុន ឯកជន​អាមេរិក បាន​សម្រេច​មូលមតិ​គ្នា​ចង់​រំលាយ​គណៈកម្មការ​ប្រឹក្សា នេះ​ចោល ព្រោះថា មាន​សមាជិក​ជាច្រើន ដែល​មិនយល់ស្រប​ជាមួយ លោក​ដូណាល់ ត្រាំ។ ប៉ុន្តែ លោកដូណាល់ ត្រាំ វិញ ដែល​ចង់​យក​មុខមាត់ បានប្រញាប់​ប្រកាស​មុន រំលាយ​​ចោល​គណៈកម្មការ​ពិគ្រោះយោបល់​សេដ្ឋកិច្ច​ទាំងពីរ​ចោល នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។

មិនចង់​មាន​ឈ្មោះ ស្អុយ ដោយសារ​តែ​នៅ​ក្បែរ​លោកដូណាល់ ត្រាំ

ជំហរ​របស់លោកដូណាល់ ត្រាំ ដែល​មិន​ចេញមុខ ថ្កោលទោស ក្រុមការពារ​ស្បែកស ដែល​ជាក្រុមរើសអើង​ពូជសាសន៍ បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ឯកជនអាមេរិក ទើសទាល់​ចិត្ត​មែនទែន។ ទីមួយ គឺ ពួកគេ មាន​មនសិកា ស្អប់ខ្ពើម​រួច​ទៅ​ហើយ គំនិត​រើសអើង ប្រកាន់​ពូជសាសន៍។ ដូច្នេះ ពួកគេ​មិន​អាច​នៅ​បន្ត​អង្គុយ ធ្វើការ និយាយ​ជាមួយ ប្រធានាធិបតី ដែល​កាន់ជើង​ក្រុមដែល​រើងអើង គិត​តែ​ចង់​ការពារ​សាសន៍​ស្បែកស នោះទេ។

មួយវិញទៀត ប្រធាន​ក្រុមហ៊ុន ឬ​អ្នកតំណាង​សហជីព​ទាំងនោះ នឹង​អាច​ពន្យល់ ឬ​ធ្វើការ យ៉ាងម៉េច​ជាមួយ​បុគ្គលិក​របស់ខ្លួន ដែល​លាយចម្រុះ​ដោយ​មនុស្ស​គ្រប់ពណ៌​សំបុរនោះ។ បើគេ​ធ្វើការ​ជាមួយ ប្រធានាធិបតី​ដែល​ការពារ​ក្រុមរើសអើង​ពូជសាសន៍ គឺ​ពួកគេ​ប្រាកដ​ជា​ត្រូវ​រងការរិះគន់​ដូច​ប្រធានាធិបតី​ដែរ​មិនខាន។ នៅ​អាមេរិក បើសិន ក្រុមហ៊ុន​មាន​រឿងអាស្រូវ មាន​កេរ្តិ៍​មិនល្អ នៅក្នុង​កាសែត ហើយ​គ្មាន​ការគំាំទ្រ​ពី​បុគ្គលិក​របស់ខ្លួន នោះ ក្រុមហ៊ុន មិនអាច​នៅ​បន្តរស់​បាន​យូរ​ទេ។

ប្រធាន​ក្រុមហ៊ុន​ឯកជន​បាន​សម្រេច​ដើរចេញពី​រង្វង់​ទីប្រឹក្សា​របស់លោកដូណាល់ ត្រាំ ដោយ​ប្រថុយ​នឹង​ការដាក់ទោស រិះគន់​ពីលោកដូណាល់ ត្រាំ។ ជាទូទៅ ក្រុមហ៊ុន​ធ្វើជំនួញ​អាមេរិក នឹង​អាច​ខាតបង់ នៅពេល​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី។ ប៉ុន្តែ លើកនេះ អ្វី​ដែល​ចំលែក គឺ​ថា ទោះបី​ជា​លោកដូណាល់​ត្រាំ បាន​រិះគន់ ថៅកែ ក្រុមហ៊ុន​ដែល​បាន​ដើរចេញពី​គណៈកម្មការ​របស់លោក ប៉ុន្តែ ក្រុមហ៊ុន​ទាំងនោះ មាន​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​តិចតួច តែប៉ុណ្ណោះ។ ការនេះ​អាច​បញ្ជាក់​ថា គេ​មិនសូវ​ជា​ទុកចិត្ត​ប៉ុន្មាន លោក​ដូណាល់ ត្រាំដែល​ផ្លាស់ប្តូរ សំដីដូច​ផ្លាស់ប្តូរ​ខោអាវ​នោះ។ អ្នកសេដ្ឋកិច្ច​ជាច្រើន​គិតថា ប្រធានាធិបតី​ដែល​បាត់បង់​ការគាំទ្រ​ពី​ពិភព​អ្នកជំនួញ យ៉ាងដូច្នេះ គឺ​ប្រាកដ​ជា​ត្រូវ​ជួប​បញ្ហា​ដ៏ធំមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ