អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់​ត្រាំ ជាប្រធានាធិបតី​ដែល​ការពារ​ជនរើសអើង​ពូជសាសន៍?

សមាជិក សភា មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ចេញ​មុខ​រិះគន់ ជាបន្តបន្ទាប់ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​បាន​ប្រើ​ក្រឹត្យ​ប្រធានាធិបតី​លើកលែង​ទោស លោក​Joe Arpaio អតីត​មេប៉ូលិស​នៅ​តុលាការ ដែល​ល្បី​ខាង​រើសអើង ប្រកាន់​ពូជសាសន៍។

ក្រុមអ្នកការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍​ជួបជុំ​តវ៉ា នៅ​រដ្ឋអារីហ្សូណា នៅពេល​លោកដូណាល់ ត្រាំ​ចេញក្រឹត្យ​លើកលែង​ទោស​មេប៉ូលិស​ដ៏ចម្រូងចម្រាស Joe Arpaio
ក្រុមអ្នកការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍​ជួបជុំ​តវ៉ា នៅ​រដ្ឋអារីហ្សូណា នៅពេល​លោកដូណាល់ ត្រាំ​ចេញក្រឹត្យ​លើកលែង​ទោស​មេប៉ូលិស​ដ៏ចម្រូងចម្រាស Joe Arpaio ©REUTERS/Caitlin O'Hara
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​ប៉ូល រ៉ាយអិន ប្រធាន​សភា មកពី​គណបក្ស​សាធារណរដ្ឋ បក្ស​កាន់អំណាច បាន​សំដែង​ការសោកស្តាយ ដែលលោកដូណាល់ ត្រាំ ចេញក្រឹត្យ​ប្រធានាធិបតី លើកលែង​ទោស​ឲ្យ​អតីត​មេប៉ូលិស​សណ្តាប់ធ្នាប់ នៅ​រដ្ឋអារីហ្សូណា លោក​Joe Arpaio។ ប្រតិកម្ម​រិះគន់​របស់ប្រធាន​សភា អ្នកតំណាងរាស្រ្ត កើតមាន​ឡើង នៅ​ក្រោយ​សមាជិក​ព្រឹទ្ធសភា ទាំង​ពី​គណបក្ស​សាធារណរដ្ឋ ឬ​គណបក្ស​ប្រឆាំង ចេញមុខ​បរិហារ ចំណាត់ការ​របស់​លោក​ដូណាល់ ត្រាំ។

នៅ​ថ្ងៃ​សុក្រ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី លើកលែង អតីត មេប៉ូលិស Joe Arpaio ដែល​ល្បី​ខាង​រើងអើស​ប្រកាន់​ពូជសាសន៍។ ក្នុង​អាយុ ៨៥​ឆ្នាំ លោក​ Joe Arpaio ត្រូវ​បាន​តុលាការ​សហព័ន្ធ​នៅ​រដ្ឋអារីហ្សូណា ផ្តន្ទាទោស នៅ​ខែ​កក្កដា កន្លងទៅ ពីបទ រំលោភ មិន​គោរព បទបញ្ជា​របស់​តុលាការ ចេញ​នៅ​ឆ្នាំ ២០១១។ តុលាការ​សហព័ន្ធ បាន​ចេញបញ្ជា​ហាម​ឲ្យ​លោក​ឈប់​បញ្ជូន​ប៉ូលិស ឲ្យ​ល្បាត ចាប់​ត្រួតពិនិត្យ បែប​រើសអើង​ពូជសាសន៍​តទៅទៀត។

ទៅតាម​ការចោទប្រកាន់​របស់​តុលាការ លោក​ Joe Arpaio ដែល​គ្រប់គ្រង​ផ្នែក​សណ្តាប់ធ្នាប់ សន្តិសុខ នៅ​ស្រុក Maricopa ក្នុង​រដ្ឋអារីហ្សូណា បាន​បញ្ជា​ឲ្យ​ប៉ូលិស​ក្រោម​បង្គាប់ ចាប់​ឆែកឆេរ​រថយន្ត​របស់​ប្រជាជន​អាមេរិកាំង និយាយ​ភាសា​អេស្ប៉ាញ ក្នុង​លេស​ចោទប្រកាន់​ថា ពួកគេ​ជាជន​អន្តោប្រវេសន៍​ខុសច្បាប់។ ចំណាត់ការ​របស់​មេប៉ូលិស​ស្រុក​រូបនេះ បាន​បង្ក​ឲ្យ​មាន​បណ្តឹងតវ៉ា​ពី​សហគមន៍ ប្រជាជន​អាមេរិកាំង ដែល​បាន​ចោទ​លោក​ Joe Arpaio​ថា ជា​មេប៉ូលិស ដែល​រើសអើង ចាប់ខ្លួន​មនុស្ស ដោយ​មើលទៅលើ​មុខមាត់ ពណ៌សំបុរ។

សាលក្រម​ចោទប្រកាន់ លោក​ Joe Arpaio នឹង​ត្រូវ​ប្រកាស ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ៥ តុលា ដែល​នៅក្នុងនោះ អតីត​មេប៉ូលិស​ស្រុក​រូបនេះ ត្រូវ​ប្រឈម​នឹង​ការពិន័យ និង​ទោស​ជាប់ពន្ធនាគារ ៦ខែ។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ លោក​ Joe Arpaio ត្រូវ​បាន​លោកប្រធានាធិបតី​ប្រើក្រឹត្យ​លើកលែង​ទោស​ គឺ​នៅ​មុន ពេល​លោក​ត្រូវ​ទទួល​ការដាក់ទោស​ពី​តុលាការ​ទៅ​ទៀត។

លោក Joe Arpaio ធ្លាប់​បាន​ចេញមុខ គាំទ្រ​ខ្លាំង លោក​ដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រធានាធិបតី។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​សរសេរ​សារ នៅក្នុង​Twitter​អរគុណ ប្រធានាធិបតី​អាមេរិក ដែល​បាន​លើកលែង​ទោស ឲ្យ​លោក​រួចផុត​ពីការចោទប្រកាន់ ដែល​លោកចាត់ទុក​ថា ជា​ការប្រមាញ់ រៀបចំ​ឡើង​ដោយ​ចៅក្រម ដែល​ជា​គ្នីគ្នា​របស់​លោក​អូបាម៉ា។ នៅ​មុន ចេញ ក្រឹត្យ​លើកលែង​ទោស​ប្រធានាធិបតី អង្គការ​ការពារ​សិទ្ធិ និង​សេរីភាព ពលរដ្ឋអាមេរិកាំង​បាន​វាយតម្លៃ ក្រឹត្យ ប្រធានាធិបតី លើកលែង​ទោស ឲ្យ​លោក​ Joe Arpaio​នឹង​មាន​ន័យ​ស្មើ​នឹង​ការសន្និដ្ឋាន​ដែល​ថា លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ដែល​រើសអើង​ប្រកាន់​ពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ