អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សភា​​កុងគ្រែ​ស​​អាមេរិក​​បាន​​អនុម័ត​​ច្បាប់​​ជា​​កញ្ចប់​​ដើម្បី​​បញ្ចៀស​​ការ​​ផ្អាក​ដំណើរ​ការ​រដ្ឋាភិបាល​សហព័ន្ធ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​​សប្តាហ៍​​មុន​​ សភា​​កុង​គ្រែស​​អាមេរិក​ ដែល​​រួម​មាន​​សភា​​តំណាង​រាស្រ្ត​​ និង​​ព្រឹទ្ធ​សភា​​ ​បាន​​យល់​ព្រម​​អនុម័ត​​ច្បាប់​ពិសេស​​មួយ​​ជា​​កញ្ចប់។​ នេះជា​​ច្បាប់​​​សំរាប់​​ចាត់​​វិធាន​ការណ៍​​បី​សំខាន់ៗ​ក្នុង​នោះ​​​រួម​​មាន៖​ ប្រាក់​​ជំនួយ​​ឧបត្ថម្ភ​​ដល់​​ជន​រង​គ្រោះ​​ដោយសារ​​ខ្យល់​ព្យុះ​​ Harvey​ ការ​​​អនុញ្ញាត​​ឲ្យ​​រដ្ឋាភិបាល​​អាមេរិក​​ខ្ចី​​បំណុល​បន្ត​ទៀត​​​ និង​​ការ​​អនុម័ត​​ថវិកា​​ជាតិ​​បណ្តោះ​អាសន្ន។​​ តាម​ពិត​ទៅ​ តំបូង​​ឡើយ​​ ក្រុម​​គណបក្ស​សាធារណរដ្ឋ​​របស់​​លោក​​ប្រធានាធិបតី​​អាមេរិក​ ​​ហាក់​​រារែក​​មិន​ចង់​​អនុម័ត​​ច្បាប់​​នេះ​ទេ។​​ ប៉ុន្តែ​​ លោក​​ប្រធានាធិបតី ដូណាល់​ ត្រាំ ​បាន​​ទំលុះ​​ភាព​​ទាល់​ច្រក​​ដោយ​​បាន​បោះដៃ​​ទៅ​​ជួប​​ជជែក​​​ចរចា​​ ​ជាមួយ​​តំណាង​​គណបក្ស​​ប្រជាធិបតេយ្យ​​ ដែល​​ជា​​គណបក្ស​​ប្រឆាំង។​

US President Donald Trump holds a news conference with Prime Minister of Lebanon Saad Hariri, in the Rose Garden at the White House on July 25, 2017 in Washington,DC.
US President Donald Trump holds a news conference with Prime Minister of Lebanon Saad Hariri, in the Rose Garden at the White House on July 25, 2017 in Washington,DC. AFP
ផ្សាយពាណិជ្ជកម្ម

គេ​អាច​ចាត់​ទុក​ថា​ នេះ​ជា​សប្តាហ៍​ដ៏​អស្ចារ្យ​ប្រកប​ដោយ​ផ្លែផ្កា និង​ប្រកប​ដោយ​ភាព​វិជ្ជមាន​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​ ហើយ​នេះ​ក៏​អាច​ចាត់​ទុក​ថា​ ជា​លើក​តំបូង​ផង​ដែរ​បន្ទាប់​ពី​បាន​ចូល​កាន់​កាប់​អំណាច​កាល​ពី​ដើម​ឆ្នាំ។​ បើ​ទោះបី​ជាមាន​ការ​រារែក​ពី​ប្រធាន​ក្រុម​មតិ​ភាគច្រើន​ដែល​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នៅ​សភា​ទាំង​ពីរ​ថ្នាក់​ក៏ដោយ​ ទីបំផុត​ ព្រឹទ្ធសភា​ និង​សភា​តំណាង​រាស្រ្ត​អាមេរិក​បាន​យល់​ព្រម​អនុម័ត​ច្បាប់​ពិសេស​មួយ​កាលពី​សប្តាហ៍​មុន។

តំបូង​ឡើយ​ ព្រឹទ្ធសភា​​បាន​អនុម័ត​ច្បាប់​នេះ​កាល​ពីថ្ងៃ​ព្រហស្បតិ៍្ត ទី​៧ ខែ​កញ្ញា ​ដោយ​មាន​សំឡេង​គាំទ្រចំនួន​​ ៨០ ទល់​នឹង​សំឡេង​ប្រឆាំង​ចំនួន​ ១៧ ។ ​បន្ទាប់​មកនា​ថ្ងៃ​សុក្រ​ ពោល​ គឺ​មួយ​ថ្ងៃ​ក្រោយ​មក​ ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​តំណាង​រាស្រ្ត​ ដោយ​ទទួល​បាន​ការ​អនុម័ត​ក្នុង​សំឡេង​គាំទ្រ​​ចំនួន​ ៣១៦ ទល់​នឹង​​សំឡេង​ប្រឆាំង​​ចំនួន​ ៩០។

សូម​ជំរាប​ជូន​ថា​ ការ​អនុម័តច្បាប់​​នេះ​ក៏​ជាលទ្ធផល​នៃការ​ចរចារ​តាម​ផ្លូវ​នយោបាយ​ផង​ដែរ។​ មុន​ពេល​ដាក់​ឲ្យ​សភា​ទាំង​ពីរ​ថ្នាក់​ពិនិត្យ​អនុម័ត​ ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​ជជែក​ចរចា​គ្នាជាមួយ​នឹង​តំណាង​ក្រុម​សំឡេង​ភាគ​តិចនៅ​សភា​ ពោល​គឺ​ គណបក្ស​ប្រជាធិបតេយ្យ។ មូល​ហេតុ​ដែល​គាត់​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ គឺ​ដោយ​សារ​តែ​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​គាត់​មាន​ចរន្ត​ក្រុម​អភិរក្ស​និយម​ជ្រុល។​ ក្រុម​នេះ​បានសំដែង​ការ​​ប្រឆាំងនឹង​​ពង្រាង​ច្បាប់​របស់​រដ្ឋាភិបាល។

គេ​បាន​ចាត់​ទុក​ថា​ ច្បាប់​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​ត្រូវ​បានសភា​ទាំង​ពីរ​ថ្នាក់​​​អនុម័ត​បែប​ជា​កញ្ចប់តែ​ម្តង​។ តើ​នៅ​ក្នុង​ច្បាប់​ពិសេស​នេះ​មាន​អ្វី​ខ្លះ?​ តាម​ពិត​ទៅ​ ​នៅ​ក្នុង​ច្បាប់​នេះ​មាន​ចែង​អំពី​​វិធានការណ៍​ចំនួន​បី​ ដែល​ជា​អាទិភាពបន្ទាន់​​របស់​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ​។ ទីមួយ​ គឺ​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​បន្ទាន់​ដល់​ជនរងគ្រោះ​ប​ណ្តាល​មកពី​ខ្យល់​ព្យុះ​សង្ឃរា​ Harvey។ ទីពីរ​ គឺ​លើក​កំរិត​ពិដានប្រាក់​​បំណុល​ ដើម្បី​​​អនុញ្ញាតឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​សិទ្ធិ​អាច​ខ្ចី​លុយ​បន្ត​ទៀតពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​។ ទីបី​ គឺ​ការ​ផ្តល់​ហិរញ្ញាប្បទានបណ្តោះ​អាសន្ន​​សំរាប់​ដំណើរការ​រដ្ឋាភិបាល​សហព័ន្ធ​។

សំណុំ​រឿង​ទីមួយ​ គឺ​ទាក់​ទង​នឹង​ថវិកា​សង្គ្រោះ​បន្ទាន់​។ ​កញ្ចប់​ថវិកា​នេះ​មាន​ជា​ទឹក​ប្រាក់​ចំនួន​ ១៥,២៥​ ពាន់​លាន​ដុល្លារ។​ ថវិកា​នេះ​នឹង​យក​ទៅ​ជួយ​រដ្ឋ​តិចសាស់​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ និង​រង​គ្រោះ​ទឹក​ជំនន់​ដោយសារ​ខ្យល់​ព្យុះ​ Harvey កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។ ហើយ​ថវិកា​នេះ​នឹង​ត្រូវ​បែង​ចែក​ជា​បី​ផែ្នក៖ ១)​ ឧបត្ថម្ភ​​ដល់​ទីភ្នាក់ងារ​សហព័ន្ធសំរាប់​​ស្ថានភាព​បន្ទាន់,​ ២)​ ឧបត្ថម្ភ​កម្មវិធី​ជួស​ជុល​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​ ៣)​ ផ្តល់​ប្រាក់​កំចី​ដល់​សហគ្រាស​ខ្នាត​តូច​ ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ធម្មជាតិ​នេះ។ សូម​បញ្ជាក់​ថា​ កញ្ចប់​ថវិកា​ចំនួន​ជាង​ ១៥ ពាន់​លាន​នេះ​គ្រាន់​តែជាទឹកប្រាក់​មួយ​ផែ្នក​តូច​ដែល​ត្រូវ​បញ្ចេញ​ជា​បន្ទាន់​តែ​ប៉ុណ្ណោះ។​ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​ Greg Abbott អភិបាល​រដ្ឋ​តិចសាស់បាន​ឲ្យ​ដឹង​ថា​ ទំហំ​នៃការ​ខូច​ខាត​មាន​ចន្លោះ​ប្រមាណ​ពី​ ១៥០​ ទៅ​ ១៨០ ពាន់​លាន​ដុល្លារ។

ចំណែក​សំណុំ​រឿង​ទី​ពីរ​ គឺ​ទាក់​ទង​នឹង​លទ្ធភាព​នៃ​ការ​ខ្ចី​បំណុល​របស់​រដ្ឋាភិបាល​អាមេរិក។​ ជាក់​ស្តែង​ កាល​បរិច្ឆេទ​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ខ្ចី​បំណុល​នឹង​ត្រូវ​ផុត​នាចុង​ខែ​កញ្ញា​នេះ។​ សំរាប់​ឆ្នាំ​២០១៧​នេះ​ កំរិត​ពិដាន​បំណុល​ ឬ​កំរិត​បំណុល​ជាតិ​អាមេរិក​បាន​កើន​ដល់​ ១៩ ៨០០ ពាន់​ដុល្លារ។​ បើ​និយាយ​តាម​ទ្រឹស្តី រដ្ឋាភិបាល​អាមេរិក​មាន​សិទ្ធិ​ខ្ចី​បំណុល​មិន​ឲ្យ​លើស​ពីកំរិត​ពិដាន​បំណុល​ដែល​សភា​ទាង​ពីរ​ថ្នាក់​បាន​អនុម័ត​កាលពី​ឆ្នាំ​កន្លង​ទៅ​ឡើយ។​ កាលពី​ដើម​ខែ​សីហា​នេះ​ លោក​ Steven Mnuchin រដ្ឋមន្រ្តី​រតនាគារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ការ​ចំណាយ​របស់​រដ្ឋាភិបាល​អាមេរិក​អាច​ធ្វើ​បាន​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែកញ្ញា​នេះ។​

រដ្ឋាភិបាល​អាមេរិក​ត្រូវ​ការកំចី​​សាច់​លុយ​ស្រស់​ៗបន្ថែម​ទៀត​លើស​ពី​កំរិត​ពិដាន​បំណុល​បច្ចុប្បន្ន ​ដើម្បី​មាន​លទ្ធភាព​អាច​បង់​រំលួស​បំណុល,​ បង់​ការ​ប្រាក់​, បើក​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រដ្ឋ​ការ​នៅ​តាម​ក្រសួង​មន្ទីរ​នានា​, បើ​កប្រាក់​សោធនដល់​អ្នក​ចូល​និវត្តន៍,​ ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មវិធី​ជំនួយ​សង្គម​ និង​ផ្គត់​ផ្គង់​ចំណាយ​ក្រសួង​មន្ទីរ​របស់​រដ្ឋាភិបាល​សហព័ន្ធ។ ជា​ធម្មតា​ ដើម្បី​អាច​ខ្ចី​លុយ​បាន​បន្ថែម​ទៀត​ រដ្ឋាភិបាល​អាមេរិក​ត្រូវ​សុំ​ការ​អនុម័ត​ពី​សភា​កុង​គ្រែស។​ បើ​ពុំ​នោះ​ទេ​ ពេល​កាល​បរិច្ឆេទ​អនុញ្ញាតិ​ឲ្យ​ខ្ចី​បំណុល​ផុត​កំណត់​ រដ្ឋាភិបាល​អាមេរិកអាច​ប្រឈម​នឹង​ការ​ក្ស័យធន​ជា​លើក​តំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន។ ហើយ​វិបត្តិ​ហិរញ្ញ​វត្ថុ​លើ​ទៅផ្សារ​ភាគ​ហ៊ុន​នឹង​ច្របូក​ច្របល់​ពុំ​ខាន​ឡើយ។

ឥឡូវនេះ​​ ដោយ​បាន​ឯកភាព​គ្នា​ជាមួយ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ សភា​កុង​គ្រែស​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ​ អាច​ខ្ចី​បំណុល​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៨ ធ្នូ​។​ ការ​ពន្យា​ពេល​បែប​នេះ​ គឺ​ជា​ចេតនា​ចង់​​បញ្ចៀស​មិន​ឲ្យ​រដ្ឋាភិបាល​អាមេរិក​គាំង​ដំណើរ​ការ​ដូច​កាល​ពី​ឆ្នាំ​២០១៣។​ កាលនោះ​ ក្រសួង​មន្ទីរ​ត្រូវ​បាន​បិទទ្វារ​រយៈ​ពេល​ ២ សប្តាហ៍​។ ​

ចំណែក​សំណុំ​រឿង​ទី​បី​ គឺ​ថវិកា​ជាតិ​បណ្តោះ​អាសន្ន​សំរាប់​ទ្រទ្រង់​រដ្ឋាភិបាល​សហព័ន្ធ​។ តាម​រយៈ​ការ​អនុម័ត​នេះ​ ថវិកា​ជាតិ​ឆ្នាំ​២០១៨បណ្តោះ​អាសន្ននឹង​ត្រូវ​គិតជា​ផ្លូវ​ការ​​ចាប់​ពីថ្ងៃទី​១ តុលា​ខាង​មុខ​នេះរហូត​ដល់​ថ្ងៃ៨ ធ្នូ​​។ ដូចនេះ​ គេ​ពុំ​មាន​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​វិបត្តិ​បិទ​ក្រសួង​មន្ទីរ​ជា​យថាហេតុ​ណា​មួយ​ឡើយ។​ មែន​ទែន​ទៅ សំឡេង​បោះឆ្នោត​ប្រឆាំង​នឹង​ច្បាប់​នេះ​ មាន​មួយ​ភាគ​ គឺ​ចេញ​មក​ពី​ក្រុមគណបក្ស​សាធារណរដ្ឋ​​ ដែល​មាន​និន្នាការ​អភិរក្ស​ជ្រុល​និយម ឬគេហៅ​​ក្រុម​ Tea Party ប្រចាំ​នៅ​រដ្ឋ​សភា។ ជាទូទៅ​ ក្រុម​នេះ​តែង​ចង់​ឲ្យ​រដ្ឋាភិបាល​ត្បិត​ត្បៀត​ថវិកា​ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ចំណូល​ និង​ចំណាយ។ លើស​ពីនេះ​​ ក្រុម​អភិរក្ស​ជ្រុល​និយមមិន​ចង់​ឲ្យ​រដ្ឋាភិបាល​ជាប់​បំណុល​ច្រើន​ឡើយ។​

ជា​សរុប​ រដ្ឋាភិបាល​អាមេរិក​អាច​ដំណើរ​ការ​បាន​រយៈ​ពេល​បី​ខែ​ទៀត។​ ពោល​ គឺ​រហូត​ដល់​ដើម​ខែ​ធ្នូ។​ នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ ការ​បិទ​បញ្ចប់​ឆ្នាំ​២០១៧​នេះ​នឹង​ប្រកបទៅ​​ដោយ​ភាព​ប្រទាញ​ប្រទង់​គ្នា​នៅ​សភា​ទាំង​ពីរ​ថ្នាក់​រវាង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ