អានតួអត្ថបទ
អ.ស.ប.

លោក Antonio Guterres ព្រមាន​ពី​​ហានិភ័យ​នៃ​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង

នៅ​ថ្ងៃ​អង្គារ ទី១៩ កញ្ញា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ថ្លែង​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ នៅ​ក្នុង​សុន្ទរកថា​លើកទី១ ក្នុង​នាម​ជា​ប្រមុខ​អង្គការ​ពិភពលោក លោក Guterres បាន​ទាមទារ​ឲ្យ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ព្រមាន​ពី​ហានិភ័យ​នៃ​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ថា ជា​ការ​គំរាមកំហែង​ពិភពលោក និង​ថា គេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​កម្ទេច​របប​ក្រុង​ព្យុងយ៉ាង​ឲ្យ​រលាយ​សូន្យ​ទេ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Antonio Guterres
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Antonio Guterres REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ចំពោះ​មុខ​វត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ប្រមាណ​ជា ១៣០នាក់​មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក។ ក្រៅ​ពី​ទាមទារ​ឲ្យ​មាន​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ប្រមុខ​អង្គការ​ពិភពលោក​រូប​នេះ​ដដែល​បាន​គូសបញ្ជាក់​ច្បាស់ៗ​ថា ដំណោះស្រាយ​ជាមួយ​កូរ៉េខាងជើង​ត្រូវតែ​ធ្វើ​ឡើង​តាម​ផ្លូវ​ចរចា និង​មិន​ត្រូវ​ប្រើ​សង្រ្គាម​ដើម្បី​ដោះស្រាយ​ទេ។ "នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​កូរ៉េខាងជើង ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ឯកភាព​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ ព្រោះ​ការ​ឯកភាព​គ្នា​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​បង្កើត​ឲ្យ​មាន​លទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវទូត" នេះ​ជា​ការ​ថ្លែង​របស់​លោក Antonio។

ការ​ថ្លែង​របស់​លោក Antonio Guterres ស្តីពី​បញ្ហា​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បងគ្រាប់មីស៊ីល​បាលីស្ទិក​ជា​បន្តបន្ទាប់​មក និង​ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​ចេញ​សេចក្តីសម្រេចចិត្ត​ដាក់​ទ័ណ្ឌកម្ម​សេចដ្ឋកិច្ច​យ៉ាង​ចាស់ដៃ​លើ​កូរ៉េខាងជើង​ជា​ហូហែ​តាំង​ពី​រដូវក្តៅ​កន្លង​ទៅ។ ជា​លក្ខណៈ​ទូទៅ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​គ្រប់ប្រទេស​ទាំង​អស់​ក្នុង​លោក​ចូលរួម​កសាង​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ថា រដ្ឋ​ដែល​មាន​អាវុធ​នុយក្លែអ៊ែរ​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ពិសេស​នៅ​ក្នុង​បញ្ហា​នេះ។

ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​បញ្ចូល​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ទៅ​ក្នុង​ក្រុម​ប្រទេស​យូកូម​ដែល​កំពុង​គំរាមកំហែង​ពិភពលោក និង​ថា កងទ័ព​អាមេរិក​នឹង​ក្លាយ​ជា​កងទ័ព​ដ៏​ខ្លាំងពូកែ​ជាង​គេ​មិន​ធ្លាប់​មាន។ សម្រាប់​លោក​ត្រាំ គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​កម្ទេច​កូរ៉េខាងជើង​ឲ្យ​រលាយ​សូន្យ​នោះ​ទេ។ ជាមួយ​អ៊ីរ៉ង់ លោក​ត្រាំ​បាន​បរិហារ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥ ដោយ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​យ៉ាង​អាម៉ាស់​សម្រាប់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ