អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អាមេរិក​កោះហៅ​ហ្វេសប៊ុក ពីរឿង​គណនី​ក្លែងក្លាយ​របស់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​ស៊ើបការ​សម្ងាត់​របស់​សភា​ទាំងពីរ​ជាន់ថ្នាក់​របស់​អាមេរិក កោះ​ហៅ​ជា​ផ្លូវការ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមហ៊ុន​ហ្វេសប៊ុក ទ្វីតទ័រ និង​ហ្គូហ្គល ដើម្បី​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ ជុំវិញ​សំណុំរឿង​លូកដៃ របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ ២០១៦។ នៅ​ដើមខែកញ្ញា ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង និង​រកឃើញ​ថា គណនី​ក្លែងក្លាយ ជាច្រើន ដែល​បង្កើតឡើង​ចេញពី​ទឹកដី​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត នៅក្នុង​អំឡុង​ឃោសនាបោះឆ្នោត​អាមេរិក។

រូបសញ្ញា​របស់​ហ្វេសប៊ុក
រូបសញ្ញា​របស់​ហ្វេសប៊ុក REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​អាមេរិក​ អ្នកទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ទាំងបី​ គឺ ហ្វេសប៊ុក ទ្វីតទ័រ និង​ហ្គូហ្គល ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅថ្ងៃទី ១​វិច្ឆិកា​ខាងមុខ ដោយហេតុផលថា សភា ហើយ​និង​ប្រជាជន​អាមេរិក​ត្រូវការ​ចង់ដឹង ព័ត៌មាន​សំខាន់ ចេញ​ពី​មាត់​ផ្ទាល់​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត។ សភា​អាមេរិក​កោះហៅ​ក្រុមហ៊ុន​អ៊ីនធ័រនែត ដោយសារ​តែ​មាន​ការស៊ើបអង្កេត​របស់​ហ្វេសប៊ុក​បង្ហាញ​ថា រុស្ស៊ី​បាន​បង្កើត​គណនី​ក្លែងក្លាយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

នៅ​ថ្ងៃពុធ ដដែល ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ត្រូវ​កោះហៅ ឲ្យ​ទៅ​បកស្រាយ នៅ​សភា ប្រធានាធិបី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ នៅ​ក្នុង​សារ Twitter​ថា ហ្វេសប៊ុក រួមដៃ​ជាមួយ​កាសែត​អាមេរិកាំង​ផ្សេងទៀត ដើម្បី​ប្រឆាំង​នឹង​លោក។

នៅ​ថ្ងៃ ទី​៦ ដើម​ខែ​កញ្ញា​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ក្រុមហ៊ុន​បាន​រកឃើញ គណនី​ក្លែងក្លាយ ឬ​គណនី​មិន​ប្រក្រតី ចំនួន ៤៧០ ដែល​បង្កើត និង​គ្រប់គ្រង តាំង​ពី​ទឹកដី​រុស្ស៊ី។ ពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ ដល់​ខែ មិថុនា ឆ្នាំនេះ គណនី​ក្លែងក្លាយ​រុស្ស៊ី បាន​ចំណាយ​លុយ ១សែន​ដុល្លារ ដើម្បី ទិញ កន្លែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ជាទូទៅ រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​របស់​គណនី​រុស្ស៊ី​ទាំងនោះ ទាកទង​គ្នា និង​តែងតែ​បញ្ជូន​គេ ឲ្យ​ទៅ​ស្គាល់​វិបសៃតិ៍ ដែល​និយាយ​ពី​ព័ត៌មានមិន​ពិត​ជាច្រើន ដូចជា​ការធ្វើបាតុកម្ម​ប្រឆាំង​លោកស្រី​ហ៊ីឡារី គ្លីនតុន ឬ​ក៏​វិបសៃតិ៍ ដែល​បង្ក​ឲ្យ​មាន​ការជជែក​តវ៉ា ស៊ូ​មតិ​ជុំវិញ បញ្ហា​រំលូតកូន ឬ​ការប្រើប្រាស់​អាវុធ​នៅ​អាមេរិក ជាដើម។

តាម​កាសែត​អាមេរិកាំង Washington post ក្រុមភា្នក់ងារ​សម្ងាត់​របស់​ក្រសួងការពារ​ជាតិ​រុស្ស៊ី បាន​ប្រើប្រាស់​គណនី​ក្លែងក្លាយ ដើម្បី​បង្កើត​ព័ត៌មាន​មិនពិត ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក តាំងពី​ខែ​មិថុនា ឆ្នាំទៅ​មិញ គឺ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ម្ល៉េះ។ គោលដៅ​នៃ​ការបង្ហោះ​ផ្សាយ​ព័ត៌មាន​បំប៉ោង ឬ​មិនពិត គឺ​ដើម្បី​បំផ្លាញ​បេក្ខជន​របស់​បក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី​ហ៊ីឡារី ដែល​នាំមុខ​នៅក្នុង​ការស្ទង់មតិ។

រហូតមកដល់​ពេលនេះ ប៉ូលិស​សហព័ន្ធFBI ហើយ​និង​សភា​អាមេរិក​កំពុង​បើកការស៊ើបអង្កេត ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ដែល​គេជឿថា បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដូចជា​ហ្វេសប៊ុក ដើម្បី​បង្កើត​ព័ត៌មាន​មិនពិត ក្នុង​ន័យ​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​បោះឆ្នោត លោកដូណាល់​ត្រាំ ប៉ុន្តែ មិនមែន​លោកស្រី ហ៊ីឡារី ដែល​មិន​ចូលចិត្ត​រុស្ស៊ី។

នៅ​សប្តាហ៍មុន តាម​ការអះអាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក គ្រាន់តែ​គេ​រកឃើញ គណនី​ក្លែងក្លាយ​របស់​រុស្ស៊ី ភ្លាម ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ជូនដំណឹង​នេះ​ភ្លាម​ទៅ ​រដ្ឋអាជ្ញា​ពិសេស លោក​Robert Mueller ដែល​កំពុង​ស៊ើប​អង្កេត​លើ​ការជាប់​ពាក់ព័ន្ធ​រវាង​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ ជាមួយ​នឹង​ទីក្រុង​ម៉ូស្គូ។

សម្រាប់ ស្ថាបនិក​របស់​ហ្វេសប៊ុក លោក​Zuckerberg ហ្វេសប៊ុក នឹង​សហការ​ពេញទំហឹង​ជាមួយ​រដ្ឋាភិបាល​អាមេរិក នៅក្នុង​ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត។ តាម​លោក​Zuckerberg ក្រុមហ៊ុន​នឹង​បញ្ជូន​ព័ត៌មាន​ទាក់ទង​នឹង​ការផ្សាយពាណិជ្ជកម្ម​ទាំង​៣ពាន់​របស់​គណនី​ក្លែងក្លាយ​រុស្ស៊ី ទៅ​ឲ្យ​សភា ដែល​កំពុង​ស៊ើបអង្កេត​ដូចគ្នា​ដែរ នឹង​រដ្ឋអាជ្ញា​ពិសេស គឺ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​កន្លងមក។

ស្ថាបនិក ហ្វេសប៊ុក៖ ការគិត​ដែលថា ព័ត៌មាន​មិនពិត នៅ​លើ​បណ្តាញ​សង្គចម​ហ្វេសប៊ុក មានឥទ្ធិពល​លើការបោះឆ្នោត​នោះ គឺ​ជា​ការគិត ដ៏ឆ្កួតលីលា

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ លោកដូណាល់​ត្រាំ ឈ្នះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ស្ថាបនិក របស់​ហ្វេសប៊ុក លោក​Zuckerberg បាន​រុញច្រាន​ពាក្យ​ដែល​លើកឡើង​ថា ការផ្សព្វផ្សាយ ព័ត៌មាន​មិនពិត ព័ត៌មាន​ក្លែងក្លាយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក អាច​ជះ​ឥទ្ធិពល​ទៅលើ​លទ្ធផល​បោះឆ្នោត ឬ​ក៏​បាន​ជួយ​ឲ្យ​លោកដូណាល់ ត្រាំ ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី។

តាម​កាសែត​Washington post ថៅកែ​របស់​ហ្វេសប៊ុក​ធ្លាប់​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក លោកអូបាម៉ា ក្រើនរំលឹក​ម្តងហើយ គឺ​នៅ​បន្ទាប់​ពី​លោក​Zuckerberg រុញច្រាន​ពាក្យ​ចោទប្រកាន់ដែល​ថា ព័ត៌មាន​ផ្សព្វផ្សាយ មិនពិត នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ជួយ​ឲ្យ​លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត។ កាលនោះ លោក​​Zuckerberg បាន​និយាយ​ថា ការគិត​ដែលថា ព័ត៌មាន​មិនពិត នៅ​លើ​បណ្តាញ​សង្គចម​ហ្វេសប៊ុក មានឥទ្ធិពល​លើការបោះឆ្នោត​នោះ គឺ​ជា​ការគិត ដ៏ឆ្កួតលីលា។

ប៉ុន្តែ លទ្ធផល​ស៊ើបអង្កេត ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ នៅ​ដើម​ខែ​កញ្ញា​គឺ​បានធ្វើ​ថៅកែ ហ្វេសប៊ុក បិទមាត់​ជិត មិនអាច​តវ៉ា​អ្វីទៀត​នោះទេ។ នៅ​សប្តាហ៍មុន លោក​Zuckerberg​ផ្ទាល់​ទទួល​ស្គាល់​ថា លោក​សោកស្តាយ ដែល​បាន​និយាយ​ថា ព័ត៌មាន​មិនពិត គ្មាន​ជះ​ឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី កន្លងមក​នោះ។ នៅក្រោយ​ការរកឃើញ គណនី​ក្លែងក្ល្ាយ​របស់​រុស្ស៊ី លោក​Zuckerberg នៅ​ពេល​នេះ​គឺ​បាន​ភ្លឺភ្នែក ច្បាស់​តែម្តង ព្រោះថា ក្រៅតែ​ពី​អាមេរិក ហ្វេសប៊ុក​បាន​រកឃើញផងដែរ គណនីក្លែងក្លាយ រុស្ស៊ី មួយចំនួន​បាន​ព្យាយាម​ទិញ​កន្លែង​ផ្សាយពាណិជ្ជកម្ម​នៅលើ​ហ្វេសប៊ុក ដើម្បី​លូកដៃ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ។ បទពិសោធន៍​នេះ​បាន​ជួយ​ឲ្យ​ហ្វេសប៊ុក​ទប់ស្កាត់ផងដែរ ការបន្លំ​បង្កើត​គណនី​ក្លែងក្លាយ ដើម្បី ចូលទៅ​កកូរ កកាយ ការបោះឆ្នោត​អាល្លឺម៉ង់​ដែល​ទើប​តែ​ចប់​ទៅ នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅ។

ហ្វេសប៊ុកនិយាយ​ធានា​ថា នឹង​ចាត់វិធានការ​ត្រួតពិនិត្យ ឲ្យ​មាន​តម្លាភាព​ជាងនេះ

ការកឃើញ គណនី​ក្លែងក្លាយ ដែល​ចាត់ចែង ប្រើប្រាស់​ដោយ​រុស្ស៊ី​ដើម្បី​ជះឥទ្ធិល​លើ​ការបោះឆ្នោត​អាមេរិក បាន​ធ្វើ​ឲ្យ​ហ្វេសប៊ុក​ផ្លាស់ប្តូរ​គោលការណ៍​ជាមូលដ្ឋាន​គ្រឹះ​មួយចំនួន​របស់ខ្លួន។ កន្លងមក ហ្វេសប៊ុក បាន​បដិសេធ មិន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី​ដែល​ទិញផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​បណ្តាញ​សង្គម នៅក្នុង​ហេតុផល ការពារ​ការណ៍សម្ងាត់ ផ្ទាល់ខ្លួន​របស់​អតិថិជន​របស់​ហ្វេសប៊ុក។ ប៉ុន្តែ នៅក្រោយ​ការបែកខ្ចរខ្ចាយ​លើកនេះ ហ្វេសប៊ុក​បាន​សន្យា​បង្ហាញ​តម្លាភាព ទៅតាម​ការចង់បាន​របស់​ក្រុមសកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​កន្លងមក ពោល​គឺ អំណើះតទៅ គេ​អាច​ចូលមើល​ស្គាល់​មុខ មនុស្ស ដែល​ទិញ​ផ្សាយពាណិជ្ជកម្ម នៅ​លើ​ហ្វេសប៊ុក ដើម្បី ផលប្រយោជន៍​នយោបាយ។

ហ្វេសប៊ុក​អាច​នឹង​ត្រួតពិនិត្យ ម៉ត់ចត់​ជាងមុន លើ​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​លើ​គណនី​ដែល​បង្កើត ជា​ខ្សែ​ ដោយ​ប្រទេស​ ឬក្រុមនយោបាយ​ធំៗ​ណាមួយ ដើម្បី​ផលប្រយោជន៍​នយោបាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ហ្វេសប៊ុក នៅ​តែ​មិនអាច​គ្រប់គ្រង តាមដាន​គ្រប់​ជ្រុងជ្រោយ លើ​រាល់​គណនី​របស់​បុគ្គល សមាជិករបស់​ហ្វេសប៊ុក ដែល​ប្រើប្រាស់​គណនី​របស់ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ក្នុង​គោលដៅ បម្រើ​ផល​ប្រយោជន៍ របស់​បក្ស​នយោបាយ​ដែល​គេ​គាំទ្រ​នោះទេ។ ដំណើរការ​ តាមដាន​បែបនេះ គឺ​ស្មុគស្មាញ និង​ទាមទារ​ធនធាន​មនុស្ស​ច្រើន ខ្លាំងណាស់ ព្រោះថា ហ្វេសប៊ុក​មាន​អ្នកប្រើប្រាស់​ដល់ទៅ​ជាង ២ពាន់​លាននាក់ នៅក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ