អានតួអត្ថបទ

អាមេរិក​ប្រមូល​មន្ត្រី​ទូត​​ចូល​ស្រុក​វិញ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​​ចម្លែកនៅ​គុយបា

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃសុក្រ​ទី ២៩ កញ្ញា​ កោះ​ហៅ​បុគ្គលិក​និង​មន្ត្រី​ទូត​ប្រចាំ​ក្រុង​ឡាហាវ៉ាន ជាង​ពាក់​កណ្តាល​ឱ្យ​ត្រលប់​ចូល​សុក្រ​វិញ បន្ទាប់​ពី​ពួក​គេភាគ​ច្រើន​​មាន​ជំងឺ​ចម្លែក​មួយ​​។ សម្រាប់​អាជ្ញាធរ​គុយបា សេចក្តី​សម្រេចរបស់​អាមេរិក​មាន​លក្ខណៈ​ឆាប់​រហ័ស​ជ្រុល និង​អាច​បង្ក​ការ​ខូត​ខាត ដល់ “ទំនាក់ទំនង​” រវាង​ប្រទេស​ទាំងពីរ។

ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា
ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា REUTERS/Pablo Martinez Monsivais/Pool
ផ្សាយពាណិជ្ជកម្ម

“ល្គិក​ណា​រដ្ឋាភិបាល​គុយបា​មិន​អាច​ធានារ៉ាប់​រង​សន្តិសុខ​ដល់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នៅគុយបា​បាន​ទេ ស្ថានទូត​អាមេរិក​នឹង​រក្សា​ទុក​​តែ​បុគ្គលិកចាំ​បាច់​ប៉ុណ្ណោះ​នៅ​ឡាហាវ៉ាន ដើម្បី​កំរិត​គ្រោះ​ប្រឈម​ »។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្រសួង​ការបរទេស​អាមេរិក។

សេចក្តី​សម្រេច​របស់​អាមេរិក​នេះ ធ្វើឡើង​ក្រោយ​មាន​ការ​វាយប្រហារ​ដោយ​សូរស័ព្ទ​ ដែល​ប៉ះពាល់​ដល់​សុខភាព​មន្ត្រី​ទូត​​ នៅ​ឡាហាវ៉ាន​ចំនួន​២១នាក់។ ការ​វាយប្រហារ​នេះ ទំនង​ជា​បាន​ចាប់​ផ្តើម​តាំ​ងពី ចុង​ឆ្នាំ​២០១៦​មក និងបាន​ធ្វើ​ឱ្យ​មន្ត្រី​ខ្លះ​អាច​ខូច​ត្រចៀក​ស្តាប់​លែង​ឮ​ និង​បាន​​បង្ក​ឱ្យ​មាន​អាការៈ​សញ្ញា​រោគ ក្អូត​ចង្អោរ វិលមុខ និងឈឺ​ក្បាល បាត់​បង់​ការ​យល់​ដឹង បាត់​លំនឹង ព្រមទាំង​មាន​បញ្ហា​ដំណេក។ នេះ​បើ​តាម​ការ​​លម្អិត​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក។

ជា​ការ​វាយប្រហារ​តាម​ទូរស័ព្ទ​របស់​ស្ថានទូត​អាមេរិក​ និង​លើ​ម៉ាស៊ីន​ប្រើប្រាស់​នៅ​តាម​ផ្ទះ​របស់​មន្ត្រី​ទូត។ អ្នកការទូត​កាណាដា​ក៏​រង​ការ​វាយប្រហារ​បែប​នេះ​ដែរ។ ការ​វាយប្រហារ​ចុងក្រោយ​គេ​បំផុត​បាន​កើត​ឡើង​កាលពី​ខែ​សីហា។

ការ​អង្កេត​របស់​ភ្នាក់ងារ​FBI ប៉ូលិស​កាណាដា និង​គុយបា មិន​អាច​ពន្យល់​បាន​អំពីការ​វាយប្រហារ​បង្ក​ជំងឺ​ដ៏​ចម្លែក​នេះ​បាន​ទេ។ មិន​ដឹង​ប្រភព មិន​ដឹង​អំពី​របៀបនិង​បំណង​នៃ​ការ​វាយប្រហារ ទើប​អាជ្ញាធរ​អាមេរិក​សម្រេច​កោះ​ហៅ​បុគ្គលិក​ទូត​ជាង​ពាក់​កណា្តល​ត្រលប់​ទៅ​ស្រុក​វិញ ជា​កិច្ចការពារ និង​បាន​សម្រេច​​ផ្អាក ដោយ​គ្មាន​កំណត់​ពេល ​ការ​ផ្តល់​ទិដ្ឋាការ​ទៅឱ្យ​​គុយបា​ ព្រមទាំង​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​អាមេរិក​ចៀសវាង​កុំ​ធ្វើ​ដំណើរ​ទៅ​កោះ​គុយបា។

តែ​ប្រមុខ​ការបរទេស​​អាមេរិក​បាន​បញ្ជាក់​ថា ទំនាក់ទំនង​ការទូតអាមេរិក-គុយបា​នៅ​រក្សា​ទុក​ដដែល​ ទោះ​បី​ជា​មាន​ការ​វាយប្រហារ​បែប​នេះ​ក៏​ដោយ។ ការ​វាយប្រហារ​ដែល​ទំនង​ជា​ស្នាដៃ​របស់​ប្រទេស​ទី​បី​ណា​មួយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​នៅ​យប់​មិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ