អាមេរិកប្រមូលមន្ត្រីទូតចូលស្រុកវិញ បន្ទាប់ពីមានការវាយប្រហារចម្លែកនៅគុយបា
អាជ្ញាធរអាមេរិកបានប្រកាសនៅល្ងាចថ្ងៃសុក្រទី ២៩ កញ្ញា កោះហៅបុគ្គលិកនិងមន្ត្រីទូតប្រចាំក្រុងឡាហាវ៉ាន ជាងពាក់កណ្តាលឱ្យត្រលប់ចូលសុក្រវិញ បន្ទាប់ពីពួកគេភាគច្រើនមានជំងឺចម្លែកមួយ។ សម្រាប់អាជ្ញាធរគុយបា សេចក្តីសម្រេចរបស់អាមេរិកមានលក្ខណៈឆាប់រហ័សជ្រុល និងអាចបង្កការខូតខាត ដល់ “ទំនាក់ទំនង” រវាងប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
“ល្គិកណារដ្ឋាភិបាលគុយបាមិនអាចធានារ៉ាប់រងសន្តិសុខដល់មន្ត្រីរដ្ឋាភិបាលអាមេរិកនៅគុយបាបានទេ ស្ថានទូតអាមេរិកនឹងរក្សាទុកតែបុគ្គលិកចាំបាច់ប៉ុណ្ណោះនៅឡាហាវ៉ាន ដើម្បីកំរិតគ្រោះប្រឈម »។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកទទួលខុសត្រូវក្រសួងការបរទេសអាមេរិក។
សេចក្តីសម្រេចរបស់អាមេរិកនេះ ធ្វើឡើងក្រោយមានការវាយប្រហារដោយសូរស័ព្ទ ដែលប៉ះពាល់ដល់សុខភាពមន្ត្រីទូត នៅឡាហាវ៉ានចំនួន២១នាក់។ ការវាយប្រហារនេះ ទំនងជាបានចាប់ផ្តើមតាំងពី ចុងឆ្នាំ២០១៦មក និងបានធ្វើឱ្យមន្ត្រីខ្លះអាចខូចត្រចៀកស្តាប់លែងឮ និងបានបង្កឱ្យមានអាការៈសញ្ញារោគ ក្អូតចង្អោរ វិលមុខ និងឈឺក្បាល បាត់បង់ការយល់ដឹង បាត់លំនឹង ព្រមទាំងមានបញ្ហាដំណេក។ នេះបើតាមការលម្អិតរបស់ប្រព័ន្ធឃោសនាព័ត៌មានអាមេរិក។
ជាការវាយប្រហារតាមទូរស័ព្ទរបស់ស្ថានទូតអាមេរិក និងលើម៉ាស៊ីនប្រើប្រាស់នៅតាមផ្ទះរបស់មន្ត្រីទូត។ អ្នកការទូតកាណាដាក៏រងការវាយប្រហារបែបនេះដែរ។ ការវាយប្រហារចុងក្រោយគេបំផុតបានកើតឡើងកាលពីខែសីហា។
ការអង្កេតរបស់ភ្នាក់ងារFBI ប៉ូលិសកាណាដា និងគុយបា មិនអាចពន្យល់បានអំពីការវាយប្រហារបង្កជំងឺដ៏ចម្លែកនេះបានទេ។ មិនដឹងប្រភព មិនដឹងអំពីរបៀបនិងបំណងនៃការវាយប្រហារ ទើបអាជ្ញាធរអាមេរិកសម្រេចកោះហៅបុគ្គលិកទូតជាងពាក់កណា្តលត្រលប់ទៅស្រុកវិញ ជាកិច្ចការពារ និងបានសម្រេចផ្អាក ដោយគ្មានកំណត់ពេល ការផ្តល់ទិដ្ឋាការទៅឱ្យគុយបា ព្រមទាំងអំពាវនាវឱ្យពលរដ្ឋអាមេរិកចៀសវាងកុំធ្វើដំណើរទៅកោះគុយបា។
តែប្រមុខការបរទេសអាមេរិកបានបញ្ជាក់ថា ទំនាក់ទំនងការទូតអាមេរិក-គុយបានៅរក្សាទុកដដែល ទោះបីជាមានការវាយប្រហារបែបនេះក៏ដោយ។ ការវាយប្រហារដែលទំនងជាស្នាដៃរបស់ប្រទេសទីបីណាមួយ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីនៅយប់មិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ