អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ លុប​ចោល កញ្ចប់​ជំនួយ​សម្រាប់​ការពន្យារ​កំណើត

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សម្រេច​លុបចោល មាត្រា​មួយ​នៃ​ច្បាប់​សុខភាព​អូបាម៉ា ដែល​បាន​កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បង់ប្រាក់​ធានា​រ៉ាប់រង សម្រាប់​ការពន្យារ​កំណើត​របស់​បុគ្គលិក​ស្រី។ គឺ​នៅ​ក្នុង​នាម​ជាអ្នក​គោរព​ជំនឿ​សាសនា ហើយ​និង​សីលធម៌ ដែលលោក​ដូណាល់ ត្រាំ សម្រេច​លុប​ចោល​ជំនួយ​សម្រាប់​ការពន្យារ​កំណើត។

អ្នកគាំទ្រ​នយោបាយ​ពន្យារកំណើតនៅ​អាមេរិកធ្វើ​បាតុកម្ម​នៅមុខ​តុលាការ​កំពូល​នៅឆ្នាំ ២០១៦
អ្នកគាំទ្រ​នយោបាយ​ពន្យារកំណើតនៅ​អាមេរិកធ្វើ​បាតុកម្ម​នៅមុខ​តុលាការ​កំពូល​នៅឆ្នាំ ២០១៦ © REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​មិនអាច​ធ្វើ​ឲ្យ​ច្បាប់​ការពារ​សុខភាព​របស់​លោកអូបាម៉ា ត្រូវ​សភា​រំលាយ​ចោល​មែន (ដោយសារ​តែ​សំឡេង​គាំទ្រ​មិនគ្រប់គ្រាន់ នៅ​សភាអាមេរិក) ប៉ុន្តែ លោក​មិន​បាន​លះបង់​ចោល​គំនិត​ប្រឆាំង​នឹង​ច្បាប់​អូបាម៉ា​នោះទេ។ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ រដ្ឋាបាល​របស់​ដូណាល់ ត្រាំ​បាន​ប្រកាស​លុបចោល​មាត្រាមួយ ក្នុង​ច្បាប់​អូបាម៉ា ដែល​ធ្លាប់​តែ​តម្រូវ ចាប់ចង​ឲ្យ​ក្រុមហ៊ុន​បង់ថ្លៃ​ធានា​រ៉ាប់រង លើ​ផ្នែក​ពន្យារកំណើត​របស់​បុគ្គលិក។

កន្លងមក មានតែ​ស្ថាប័ន​សាសនា នៅ​អាមេរិក​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​លើកលែង រួចផុត​ពី​កាតព្វកិច្ច ចាប់ចង​ដោយ​មាត្រា​មួយនេះ នៃ​ច្បាប់​អូបាម៉ា។ ប៉ុន្តែ ទៅ​តាម​ការសម្រេច​​របស់​រដ្ឋបាល​ដូណាល់ ត្រាំ អំណើះតទៅ គ្រប់​ស្ថាប័ន ក្រុមហ៊ុន​ឯកជន​នឹង​បាន​រួចខ្លួន លែង​ជាប់​កាតព្វកិច្ច ត្រូវ​បង់​ប្រាក់ធានារ៉ាប់រង សម្រាប់​នយោបាយ​ពន្យារ​កំណើត​របស់​បុគ្គលិក​ស្រី។

ការសម្រេច​របស់​លោកប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​ស្វាគម​ដោយ​សមាជិក​ព្រឹទ្ធសភា មកពី​ខាងក្រុម​អភិរក្សនិយម ប៉ុន្តែ ផ្ទុយទៅវិញ បាន​បង្ក​ឲ្យ​មាន​មតិ​ប្រឆាំង​គ្រប់ទិស មិន​ថា គណបក្ស​ប្រឆាំង ក្រុមអ្នកការពារ​សិទ្ធិ​ស្រ្តី ឬអ្នកជំនាញ​ខាងសុខភាព។ អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក​Bernie Sanders​បាន​រិះគន់​លោកដូណាល់ ត្រាំថា កំពុង​ធ្វើ​នយោបាយ រើសអើង​ផ្លូវភេទ។ អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ​​អាមេរិកាំង ACLU​វិញ បាន​សន្យា​ប្តឹង​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​គេ​បាន​ចោទប្រកាន់​ថា ស្អប់ខ្ពើម មិន​ឲ្យ​តម្លៃ​ដល់​សុខភាព និង​ជីវិត​របស់​ស្រ្តី។

តាម​ អង្គការ​ផែនការ​គ្រួសារ​អាមេរិកាំង ដោយ​លុបចោល កាតព្វកិច្ច​ទទួល​ខុសត្រូវ​របស់​ម្ចាស់​ក្រុមហ៊ុន លោកដូណាល់ ត្រាំ កំពុង​បាញ់​តម្រង់​ទៅ​រក​ស្រ្តី​អាមេរិកាំង ប្រមាណ ៦២​លាន​នាក់ ដែល​កំពុង​ធ្វើ​នយោបាយ​ពន្យារ កំណើត។ រដ្ឋបាល​លោកដូណាល់ ត្រាំ ហើយ​និង​ក្រុមអ្នកការពារ​សិទ្ធិ​ស្រ្តី មាន​តួលេខ​មិន​ដូចគ្នា​នោះទេ។ តាម​សេតវិមាន មានតែ​ស្រ្តី​ប្រមាណ ១សែន ២ម៉ឺននាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​ប្រយោជន៍​ពី​ការធានា​រ៉ាប់រង របស់​ម្ចាស់​ក្រុមហ៊ុន ប៉ុន្តែ ការស្ទង់​មតិ នៅ​ឆ្នាំមុន​បង្ហាញ​ថា ច្បាប់​អូបាម៉ា ចាប់​អនុវត្ត តាំងពី​ឆ្នាំ ២០១០​បាន​ជួយ​ឲ្យ ស្រ្តី​អាមេរិកាំង ជាង ៥៥​លាន​នាក់ បាន​ទទួល​ការពន្យារ​កំណើត​ដោយ​ឥត​គិតថ្លៃ។

សូមបញ្ជាក់ថា ទៅតាម​ច្បាប់សុខភាព អូបាម៉ា ម្ចាស់​ក្រុមហ៊ុន​ឯកជន​ត្រូវ​តែ​បង់ថ្លៃ​ធានារ៉ាប់រង សម្រាប់​ការពន្យារ​កំណើត​របស់​បុគ្គលិក។ ប៉ុន្តែ នៅ​ឆ្នាំ ២០១៤ តុលាការ​កំពូល បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពីរ រួចខ្លួន ពីការចេញបង់​ថ្លៃ លើ​ធានារ៉ាប់រង លើ​ការពន្យារ​កំណើត ដោយ​សំអាង​ទៅលើ​ជំនឿសាសនា និង​សីលធម៌ ដែល​ជា​គោលការណ៍​សំខាន់​របស់​ក្រុមហ៊ុន។ នៅ​ចំពោះអ្នកកាសែត នៅថ្ងៃ​ម្សិលមិញ ស្រ្តី អ្នកនាំពាក្យ​របស់​សេតវិមាន​បាន​លើកយក​ការសម្រេច​របស់​តុលាការ​កំពូល មកធ្វើ​ជា​សំអាង​ការពារ​ការសម្រេច​ធ្វើកំណែទម្រង់​របស់​លោកដូណាល់ ត្រាំ ដែល​បើតាម​អ្នកនាំពាក្យ គឺជាមនុស្ស​ដែល​ជឿទៅ​លើ​រដ្ឋធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ