ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

លោកដូណាល់ ត្រាំ​អាច​ដោះដៃ​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោកដូណាល់ ត្រាំ​អាច​ដោះដៃ​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ©REUTERS/Kevin Lamarque

    ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នឹង​ត្រូវ​បញ្ជាក់​ទៅ​សភា នៅ​ថ្ងៃ​សុក្រ​នេះ ថា តើ​អ៊ីរ៉ង់​បានគោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែរឬទេ។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ស្ថិតនៅក្រោម​ការតាមដាន​យ៉ាង​កៀកកិត​ពីមជ្ឈដ្ឋាន​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ ជាពិសេស​អ៊ីរ៉ង់​ដែល​ជា​ភាគី​ហត្ថលេខី។ សភា​អាមេរិក​នឹង​មាន​ពេល ៦០​ថ្ងៃ ដើម្បី សម្រេច​ថា តើ​នឹង​ដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ដកផ្អាក នៅក្រោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៥ ដែរឬទេ។

    នៅ​យប់​ថ្ងៃ​សុក្រនេះ បើសិន​គ្មានអព្ភូតហេតុ​អ្វី កើតឡើង​ទេ លោកដូណាល់ ត្រាំ នឹង​ប្រកាស​បញ្ជាក់​ទៅ​សភា​ថា អ៊ីរ៉ង់​មិន​បាន​គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

    លោកដូណាល់ ត្រាំ​បាន​និយាយ​រិះគន់ តាំង​ពីយូរយា​ណាស់​មកហើយ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាក្រក់ បំផុត ដែល​លោក​មិនធ្លាប់​ឃើញ​មាន​ពីមុនមក។ តាំង​ពី​ចូល​កាន់តំណែង ជាប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ផ្តល់​ចម្លើយ​ទៅ​សភា​អាមេរិក​ពីរលើក​រួចហើយ​ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ជាមួយ​មហាអំណាច​រួម​ទាំង​អាមេរិក នៅ​ឆ្នាំ ២០១៥។

    ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​បាន​បរិហារ​រិះគន់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ជាថ្មី​ម្តងទៀត នៅ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នាពេល​កន្លងទៅ ទំនង​ជា​នឹង​មិន​បញ្ជាក់​ទៅ​សភាទៀត​ទេថា អ៊ីរ៉ង់ គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

    ទីភ្នាក់ងារ​បរិមាណូ​អន្តរជាតិ AIEA បញ្ជាក់ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ លោក​ដូណាល់ មិន​យល់​ឃើញផ្ទុយពីនេះ។

    លោកដូណាល់ ត្រាំ បំផ្លាញ​ចោលឲ្យ​អស់​នូវ​កិច្ចខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​ ​លោកអូបាម៉ា ព្រោះតែ​លោក ចង់​បង្ហាញ​ថា លោក​មាន​ជំហរ​ថ្មី ខុស​ពី​ប្រធានាធិបតី​អាណត្តិ​មុន។ លោក​ដូណាល់ ត្រាំ ចង់​បំផ្លាញ​ចោល ច្បាប់​សុខភាព​អូបាម៉ា។ លោក​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ ហើយ​និង​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក និង​បាន​ដក​អាមេរិក​ចេញពី​អង្គការ​យូណេស្កូ នៅថ្ងៃ​ព្រហស្បតិ៍ទី ១២ តុលា។

    ក្នុង​កែវភ្នែក​របស់​លោក​ដូណាល់​ត្រាំ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើ​ឲ្យ​អាមេរិក​ខាត​ប្រយោជន៍​ច្រើន​ណាស់។ ផ្ទុយទៅវិញ ដោយរួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ ទៅ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ចំណេញ​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន រាប់ពាន់​លាន​ដុល្លារ។ លោក​ជឿថា អ៊ីរ៉ង់​បាន​យក​ប្រាក់ចំណូល បាន​មកពី​ការលក់ប្រេង ដើម្បី ទៅ​ពង្រឹង​កម្លាំង​យោធា បង្ក​អសន្តិសុខ អុកឡុក នៅ​តំបន់​ដើមបូព៌ា ដូចជា​បញ្ចូនទ័ព​ទៅ​ស៊ីរី យេម៉ែន ដែល​ជា​ការគំរាមកំហែង​ដល់​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់។ ទៅ៣ ទៀត លោកដូណាល់ ត្រាំ​មានការច្រណែន​ខ្លាំង​ណាស់ នឹង​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​បាន​ចាប់ទទួល​ផ្លែផ្កា​សេដ្ឋកិច្ច នៅក្រោយ អ៊ីរ៉ង់​រួចផុត​ពី​ទណ្ឌកម្មម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។

    លោកដូណាល់ ត្រាំ មិនដល់​ថ្នាក់​ហែកចោល កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

    លោកដូណាល់ ត្រាំ​ស្អប់គុំគួន​អ៊ីរ៉ង់ ប៉ុន្តែ លោកមិនដល់​ថ្នាក់ ប្រកាស​ដោយ​ខ្លួន ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដូច​ដែល​លោកបាន​ធ្វើ​ទៅលើ​កិច្ចព្រមព្រៀងក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ ឬ​កិច្ចព្រមព្រៀង​នៃការដោះដូរ​អន្តរប៉ាស៊ីហ្វិក​កន្លងមក​នោះដែរ។ ទោះមិន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ប៉ុន្តែ លោក​ដូណាល់ ត្រាំ អាច​សម្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដោយ​ប្រយោល។ នៅថ្ងៃ​សុក្រ លោក​អាច​បញ្ជាក់ ទៅ​សភា​អាមេរិក​ថា អ៊ីរ៉ង់ រំលោភ មិន​អនុវត្ត​កិច្ចព្រមព្រៀង។ ការបញ្ជាក់​តែប៉ុណ្ណេះ នឹង​បើក​ភ្លើង​ខៀវ​ឲ្យ​សភា​អាមេរិក​មានពេល​៦០​ថ្ងៃ ពិចារណា និង​សម្រេច​ថា តើ​ត្រូវ​ដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​អាមេរិក​បាន​ដក​ចេញមក នៅក្រោយ​កិច្ចព្រមព្រៀង​ដែរឬទេ។

    បើសិន​សភា ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើងវិញ​លើ​អ៊ីរ៉ង់ នេះ​មានន័យថា អាមេរិក​មិន​បានអនុវត្ត​តាម​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ គឺ​មានន័យ​ស្មើ​នឹង​ការសម្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​យ៉ាង​ដូច្នេះឯង។

    សមាជិក​នៅក្នុង​រដ្ឋបាល​អាមេរិក មួយចំនួន មិន​យល់ស្រប​ជាមួយ​លោកដូណាល់ ត្រាំ

    បារាំង អង់គ្លេស ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ និងដែល​កំពុង​បញ្ជូន​ក្រុមហ៊ុន​វិនិយោគ​ទៅ​អ៊ីរ៉ង់ នៅក្រោយ​រកឃើញ​កិច្ចព្រមព្រៀង នៅ​ឆ្នាំ ២០១៥ បាន​អំពាវនាវ​ម្តងហើយ ម្តង​ទៀត កុំ​ឲ្យ​លោកដូណាល់ ត្រាំ សើរើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅក្នុង​រឿងចោទ​អ៊ីរ៉ង់ ថា​បាន​រំលោភ​កិច្ចព្រមព្រៀង លោកដូណាល់ ត្រាំ នៅ​ឯកោ គ្មាន​អ្នកគាំទ្រ មិនថា ក្នុង​ស្រុក ពី​ប្រទេស​សម្ព័ន្ធមិតុ្ត លើកលែង​តែ​អ៊ីស្រាអែល។ នៅក្នុង​ស្រុក រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់លោក​ផ្ទាល់ គឺ​លោក James Mattis ធ្លាប់​បាន​អះអាង រួចហើ​ទៅ​គណៈកម្មការ​ការពារ​ជាតិ​សភា ពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក។ នេះ​មានន័យថា លោកមិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ត្រូវ​រលាយ​សូន្យ​ទៅវិញនោះទេ។ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី បាន​អះអាង​ថា គេ​នៅ​តែ​ផ្តល់​តម្លៃ និង​ជឿថា អ៊ីរ៉ង់​មិន​បាន​រំលោភ​កិច្ចព្រមព្រៀង​នោះទេ។ នេះបញ្ជាក់ថា ប្រទេស​ហត្ថលេខី នៅតែ​រក្សា​គោរព​កិច្ចព្រមព្រៀង ទោះបី​ជា​អាមេរិក​ចង់​ដកខ្លួន​ក៏ដោយ។

    នឹងគ្មាននរណា​ទុកចិត្ត​អាមេរិក ដែល​ជាមហាអំណាច​លើលោក​ទៀតទេ

    បើសិន​អាមេរិក​របស់​លោកដូណាល់ ត្រាំ ផ្លាស់ប្តូរ​ជំហរ លែង​ចង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តទៅទៀត និង​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ ទៅលើ​អ៊ីរ៉ង់ ផលវិបាក និង​ផល​ប៉ះពាល់​មានច្រើន មិនថា វិស័យ​សេដ្ឋកិច្ច រូបភាព​របស់​អាមេរិក ឬ​នយោបាយ​ការបរទេស​អាមេរិក។ ទី១ ទណ្ឌកម្ម​សាជាថ្មី​ណាមួយ​របស់​អាមេរិក នឹង​ប៉ះពាល់​ដល់​ការក្រុមហ៊ុន មិនថា របស់​ក្រុមហ៊ុន​អាមេរិក អឺរ៉ុប ចិន រុស្ស៊ី ដែល​ទើប​បាន​ត្រលប់ទៅ​ចាប់បោះទុន​វិនិយោគ ធ្វើជំនួញ ជាមួយ អ៊ីរ៉ង់។

    ទី២ គឺ​ពាក់ព័ន្ធ​នឹង​រូបភាព​របស់អាមេរិក​ផ្ទាល់។ អំណើះតទៅ គេលែង​អាច​ជឿទុកចិត្ត​រដ្ឋបាល​លោកដូណាល់ ត្រាំ ដោយសារ តែ​នយោបាយ​មិន​ប្រាកដប្រជា។ បើសិន​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នោះ វា​ផ្តល់​គំរូ​អាក្រក់។ ឧទាហរណ៍ វា​នឹង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​យក​លេស​ថា គេមិនអាច​ចរចា​អ្វី​បាន​ជាមួយ​អាមេរិក​នោះទេ។ គ្មាន​ការចរចា​ការទូត គឺមានតែ​ជម្រើស​យោធា តែប៉ុណ្ណោះ។ ត្រូវ​ចាំថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទោះបី​ជា​មិន​ត្រឹមត្រូវ​ល្អ​ឥតខ្ចោះ ប៉ុន្តែ វា​បាន​ជួយ​កាត់បន្ថយ​ភាពតានតឹង និង​បញ្ជៀស​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា។ ប្រាកដណាស់​ថា អ៊ីរ៉ង់ នៅ​តែ​មាន​សិទ្ធិ​បន្ត​ការស្រាវជ្រាវ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ប៉ុន្តែ តាមរយៈ​កិច្ចព្រមព្រៀង អ៊ីរ៉ង់ យល់ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​យោធា មិន​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម និង​បើកផ្លូវ​ឲ្យ​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អន្តរជាតិ AIEA ចូល​ទៅ​ត្រួតពិនិត្យ តាមដាន​ជាទៀងទាត់។ បើសិន​គ្មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរទេ គេ​មិនអាច​តាមដាន​ដឹង​សកម្មភាព​ របស់​អ៊ីរ៉ង់​នៅក្នុង​ការចម្រើន​កម្មវិធី​នុយក្លេអ៊ែរ​នោះទេ។ បើសិន​អ៊ីរ៉ង់​ត្រូវ​ដាក់​ឲ្យ​ឯកា​ជាថ្មី គេ​បារម្ភថា អ៊ីរ៉ង់​នឹង​អាច​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មួយទៀត ហើយ​វា​រឹត​តែគ្រោះថ្នាក់ បើសិន​គេ​មើលទៅលើ​ឥទ្ធិពល និងការឈរ​ជើង​របស់​អ៊ីរ៉ង់ នៅ​ក្នុង​ជម្លោះ នៅ​តំបន់​ដើមបូព៌ា​សព្វថ្ងៃ។ គឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​វិបត្តិ​នុយក្លេអ៊ែរ​មួយទៀត នៅ​ដើមបូព៌ា​នេះហើយ បាន​ជា​ប្រទេសមហាអំណាច​ត្រូវការ ចង់​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • អ៊ីរ៉ង់

      ប្រធានាធិបតី អ៊ីរ៉ង់៖ ទោះ​ដូណាល់ ត្រាំ ១០នាក់ ក៏​មិន​អាច​ប្រែក្រឡាស់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ

      ស្វែងយល់បន្ថែម

    • នៅ​ពេលលោកត្រាំ​ប្រាប់សភា​ថាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គ្មាន​ប្រយោជន៍ ...

      ស្វែងយល់បន្ថែម

    • អ៊ីរ៉ង់-អាមេរិក

      អ៊ីរ៉ង់​បដិសេធ​ការ​ចោទ​​​ប្រកាន់​​របស់លោក Donald Trump​ នៅ​ក្នុង​​សហ​ប្រតិបត្តិការ​ជាមួយ​ព្យុងយ៉ាង​​​

      ស្វែងយល់បន្ថែម

    • អ៊ីរ៉ង់

      តើអ៊ីរ៉ង់អាច​ដើរ​តាមគន្លង​គំរាមកំហែង​​របស់​​កូរ៉េខាងជើងដែរឬទេ?

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      អ៊ីរ៉ង់​បាញ់​សាក​មីស៊ីល ​បាន​ជោគជ័យ ​ខណៈ​សហរដ្ឋ​អាមេរិក​ គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ