អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផ្ទុះរឿងអាស្រូវផ្លូវភេទ មិនធ្លាប់មាន នៅក្នុង​ពិភពភាពយន្ត​ហូលីវូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

បណ្ឌិតសភាសិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក Academy of Motion Picture Arts and Sciences ដែល​ជា​ម្ចាស់​ផ្តល់​ពានរង្វាន់​ភាព​យន្ត​​អូស្កា ដ៏​ល្បីល្បាញ បាន​សម្រេច​បណ្តេញ​សមាជិក​របស់​ខ្លួន​ម្នាក់​គឺ លោក Harvey Weinstein ចេញ​ពី​ក្រុម។ ជា​ផលិតករ​ដ៏​មាន​អំណាចបំផុតម្នាក់​នៅ​ហូលីវូត លោក វីនស្ទីន ត្រូវ​ជាប់​ចោទ​ពី​បទ​បំពារបំពាន និង​រំលោភ​ផ្លូ​វភេទ ស្ត្រី​ជា​តារាភាពយន្ត​ជាង​៣០​រូប ក្នុងអំឡុង​ពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​ថ្ងៃ​នេះ​ ជា​លើក​ទី​មួយ​ហើយ​ដែលពិភព​ហូលីវូត ត្រូវ​អង្រួន​ដោយ​រឿង​អាស្រូវ​ផ្លូវ​ភេទយ៉ាង​ដូច្នេះ។

Harvey Weinstein ផលិតករ​ភាព​យន្ត​ហូលីវូត​ដ៏​ល្បីល្បាញ​ជាប់​ចោទ​រំលោភ​បំពាន​ផ្លូវ​ភេទ​សិល្បការិនី
Harvey Weinstein ផលិតករ​ភាព​យន្ត​ហូលីវូត​ដ៏​ល្បីល្បាញ​ជាប់​ចោទ​រំលោភ​បំពាន​ផ្លូវ​ភេទ​សិល្បការិនី Fotomontagem RFI
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ ៦៥​ឆ្នាំ លោក ហាវេ វីនស្ទីន ជា​អ្នក​មាន ជា​ផលិត​ករ​ភាព​យន្តដ៏​ល្បីល្បាញ និងជា​ជន​ដ៏​មាន​ឥទ្ធិពល​​ខ្លាំង​ម្នាក់​​នៅក្នុង​ពិភព​ហូលីវូត​។ លោក​ធ្លាប់​ទទួល​ពាន​រង្វាន់​អូស្កា ដល់​ទៅ ៨១ និង​រង្វាន់​តែ​ងតាំង ចំនួន​៣៤១​ដង​។​

ប៉ុន្តែ​នៅ​យប់​មិញ ជា​លើក​ទី​មួយ បណ្ឌិត​សភា​សិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក បាន​ចេញ​សម្រេច​ក្តី​សម្រេច ដ៏​កម្រ​បំផុត ដាក់​ទណ្ឌកម្ម ​លោក​វីនស្ទីន ដោយ​បាន​ប្រកាស​បណ្តេញ​ផលិតករ​រូប​នេះ ចេញ​ពី​ស្ថាប័ន តែ​ម្តង។

បណ្ឌិត​សភា​សិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក ដែល​ជា​ស្ថាប័នផ្តល់​ពាន​រង្វាន់​អូស្កា ដ៏​ល្បីល្បាញ​​នេះ​មាន​សមាជិក​សរុប​ប្រមាណ​៨ពាន់​នាក់ និង​គណៈកម្មការ​ដឹកនាំ៥៤​រូប។ ស្ថាប័ន​ឧស្សាហកម្ម​ភាពយន្ត​នេះ​មាន​អាយុ​ ៩០​ឆ្នាំ​ហើយ ! តែ​គេ​ធ្លាប់​ឃើញ​មាន​ការ​បណ្តេញ​​សមាជិកម្នាក់ ​តែ​ម្តង​គត់ ដែល​ជា​​សិល្បករ​ Carmine Caridi ពី​បទ​បាន​លួច​ចម្លង​ឯកសារសម្ងាត់​ភាព​យន្ត​ទៅផ្សាយ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត។

ករណី​លោក វីនស្ទីន ជា​ការ​បណ្តេញ​ទីពីរប៉ុណ្ណោះ។ គណៈកម្មការ ដែល​បាន​​បើក​ប្រជុំ​បន្ទាន់ យប់មិញ ​សម្រេច​​ក្នុង​សំឡេង​លើស​ពី​២/៣ ចេញ​សេចក្តី​ថ្លែងការណ៍​ពន្យល់​ថា “​ស្ថាប័ន​មិន​ត្រឹម​តែ​មិន​ចង់ឱ្យ​មាន​មនុស្ស​មិន​ចេះ​គោរព​មិន​រួមការងារ នៅជិត​ទេ តែ​ស្ថាប័ន​ចង់​ផ្តល់​សារ​​ច្បាស់​លាស់​មួយ​បញ្ជាក់​ថា ការ​​ធ្វើ​មិន​ដឹង​មិន​ឮ ការ​ផ្សំ​គំនិត​ខ្លាច​ភាព​អៀន​ខ្មាស ពីការ​រង​គ្រោះ​រំលោភ​បំពាន​ និង​ការ​យាយីផ្លូវភេទ​នៅកន្លែង​ធ្វើ​ការ​ ក្នុង​ឧស្សាហកម្ម​ភាពយន្ត ត្រូវ​ចប់ហើយ​ !”

ក្រៅ​អំពី​ទណ្ឌកម្ម​នេះ ​ ​ក្រុមហ៊ុន​ផលិត​កម្ម​ភាពយន្ត​ដែល​លោក​បាន​ស្ថាបនា​ឡើង​ជាមួយ​ប្អូន​ប្រុស ក៏​បាន​ប្រកាស​ដក​ចេញ​ដែរ។ ប្រទេស​បារាំង​ ​ក៏​កំពុង​ពិចារណា​រក​មធ្យោបាយ​ដក​មេដាយ​កិត្តិយស​ដែល​លោក​ប្រធានាធិបតី​សាកូហ្ស៊ី​បាន​ផ្តល់​ឱ្យ​លោក វីនស្ទីន កាលពី​ឆ្នាំ​២០១២ ចេញ​​វិញដែរ។

លោក​ Harvey Weinstein ដ៏​មាន​ឥទ្ធិពល​នៅ​ហូលីវូ ជាប់​ចោទ​រំលោភ​បំពាន​ផ្លូវ​ភេទ​តារា​ជាង​៣០​រូប ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ
លោក​ Harvey Weinstein ដ៏​មាន​ឥទ្ធិពល​នៅ​ហូលីវូ ជាប់​ចោទ​រំលោភ​បំពាន​ផ្លូវ​ភេទ​តារា​ជាង​៣០​រូប ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ REUTERS/Mike Blake

៣០​ឆ្នាំ ​រំលោភ​បំពាន​ផ្លូវភេទ​លើ​តារា​ជាង​៣០​នាក់ ​

រឿង​អាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង កាលពីសប្តាហ៍​មុន តាម​រយៈ​ការ​អង្កេត​និង​ចុះ​ផ្សាយ​របស់​កាសែត New Yorker និង New York Times ​ញូវយ៉កថែមស៍។ បើ​តាម​កាសែតទាំង​ពីរ ផលិតករភាពយន្ត​ដ៏​ល្បីល្បាញ​ វីនស្ទីន ដែល​ធ្លាប់​ជា​អ្នក​ធ្វើ​ព្យុះធ្វើ​ភ្លៀង ក្នុង​ពិភពហូលីវូត គឺ​ជា​មនុស្សញៀន​​ស្រី ! ធ្លាប់​ចាប់​រំលោភ និង​បំពារបំពាន​ផ្លូវភេទ​លើ​សិល្បការនី​​ ប្រមាណ​៣០​រូប តាំង​ពី​ជាង​៣០​ឆ្នាំ​មក​ហើយ។ តារាភាព​យន្ត​ជា​ច្រើន មាន​អាទិ៍​ នាង Asia Argento Rose McGowan Lysette Anthony ជាតិ​អង់គ្លេស បាន​នាំ​គ្នា​ធ្វើ​ការ​ចោទ​ប្រកាន់ លោក វីនស្ទីន ថា​បាន​ចាប់​រំលោភ​ពួក​គេ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ ខ្លះ​នៅ​ទសវត្សរ៍​ឆ្នាំ​៩០ ។ល។ និង​។ល។

​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ មាន​តារាសម្តែង សិល្បការិនី ម្នាក់​​ហើយ​ម្នាក់​​ទៀត បារាំង​ អង់គ្លេស អាមេរិក ... នាំ​គ្នា​ចេញ​មុខ​ធ្វើ​សក្ខីកម្ម​ លាត​ត្រដាង​ជីវិត​​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ដោយ​ស្នាដៃ​វីនស្ទីន។ សូម្បី​តែ​តារា​ហូលីវូ​ត​ ដ៏​ល្បីល្បាញ Angelina Jolie ក៏​ធ្លាប់​មាន​​ប្រវត្តិ​មិន​ល្អ​ជាមួយ​នឹង​វីនស្ទីន​ដែរ។ លោកស្រី​ អង់ហ្សេលីណា ហ្សូលី បាន​សរសេរ​លិខិត​ចំហ​មួយ​ ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​រំលោភ​ស្ត្រី និង​បាន​ទម្លាយ​រឿង​សម្ងាត់​ខ្លួន ថា​ធ្លាប់​ជា​ជន​រងគ្រោះម្នាក់ដែរ នៅ​ពេល​លោកស្រី​ចាប់​ផ្តើម​ជីវិត​ភាព​យន្ត​ដំបូង មុន​ដក​ខ្លួន​ចេញ​លែង​ធ្វើការ​ជាមួយ​ផលិតករ​រូប​នេះវិញ។ ស្តាប់​ទៅ​ដូច​ជា​គ្មាន​​តារាហូលីវូត​ណា ថា​មិន​ដឹង​ ឬ​មិន​ស្គាល់​ ​ចរិក ​ជំងឺ​​ល្មោភ​កាម បំពាន​លើ​ស្ត្រី របស់​​វីនស្ទីន​ទេ។

ហេតុអ្វី​ជនរងគ្រោះ​សំងំ​យូរ​ដល់​ជាង​៣០​ឆ្នាំ

នេះ​ជា​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ជា​ច្រើន ដែល​ចោទ​ឡើង​ នៅ​ពេល​គេ​បាន​ឃើញ​បាន​អាន​សក្ខី​កម្ម​របស់​ “ជនរងគ្រោះ” ដ៏​រន្ធត់ស្តី​អំពី​​ការ​រំលោភ​ បំពានបំពារ​ផ្លូវភេទ​មក​លើ​រូប​ពួក​គេ ពី​សំណាក់​ លោក វីនស្ទីន ហើយ​ត្រូវ​សំងំ​បិទ​មាត់ឈឹង​​ដល់​ទៅ​​ជាង​បី​ទស្សវត្សរ៍​ ទើប​អាច​ទម្លាយ​បាន​នៅពេល​នេះ។

នេះ​ក៏​ទំនង​ជា​ដោយ​សារ​ការ​ខ្មាសអៀន របស់អ្នក​​ខ្លះ និង​ការ​ផ្សំ​គំនិត​លាក់​ របស់​អ្នក​ផ្សេង​ទៀត។ ខ្មាសអៀន​ផង សម្ពាធការងារផង​ ស្ត្រី​ជា​ជនរងគ្រោះ​ពេល​នោះ ដែល​ច្រើន​តែជា​តារា​ក្មេងៗ ថ្មីថ្មោង​ទើប​ចាប់​ផ្តើម​ការងារ​ដំបូង ពិត​ជា​គ្មាន​ផ្លូវ​ជ្រើសរើស​ទេ ព្រោះ​បើ​មិន​ស្រួល​នឹង​ត្រូវ​គេ​បន្ទោស​វិញ​ផង។

ប៉ុន្តែ​ពេល​នេះ​វា​ខុស​ពីពេល​មុន ! ពី​មុន​​មក ក្នុង​ចំណោម​​ជន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ផ្លូវភេទ១០០​នាក់ មាន​តែ​​២​នាក់ តែ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់ពន្ធនាគារ​តាម​ច្បាប់។ ក្នុង​ករណី​លោក​វីនស្ទីន​ក៏​ដូច​គ្នា មាន​ការ​ប្តឹង​ផ្តល់​ច្រើន​តែ​ត្រូវ​បិទ​បញ្ចប់​ទៅ​វិញ ដោយ​ការ​យោគយល់​បង់​ប្រាក់​សង​ជំងឺ​ចិត្ត។ តែ​ពេល​នេះ​ តុលាការ​មិន​មើល​រំលង​ការ​រំលោភបំពាន​លើ​ស្ត្រី​ទៀត​ទេ ហើយមានរលក​​សាមគ្គីភាព​រវាង​ស្ត្រី​ដូច​គ្នា​ និង​សុភាព​បុរស​ តាម​ប្រព័ន្ធ​សង្គម ក្នុង​ជីវិត​ពិត ​ប្រឈម​ផ្ទាល់​នឹង​ការ​រើស​អើង​ភេទ​ បំពាន​ស្ត្រី​។ ការ​​រើសអើង ម៉ាក់ងាយ​ស្ត្រី​ បាន​ក្លាយ​ជា​ប្រធានបទ​របស់​សារព័ត៌មាន​។ កាសែត​មិន​ញញើត​នឹង​ចុះ​ផ្សាយ​រឿង​អាស្រូវ​ដើម្បីបុព្វហេតុ​ស្ត្រី​ទេ។ ការ​នេះ​ពិបាក​រក​ណាស់ កាលពី​៣០​ឆ្នាំ មុន។

សេចក្តីក្លាហាន សាមគ្គី​ភាព ជា​ជំងឺ​ឆ្លង​ បើ​មាន​ម្នាក់​ហ៊ាន​ងើប​ហើយ និង​មាន​ជា​បន្ត​បន្ទាប់​ គឺ​ជា​ការ​អាង​គ្នា​ទៅ​អាង​គ្នា​មក។

អស់​រិទ្ធ

លោក ហាវេ វីនស្ទីន ដែល​ធ្លាប់​ល្បី​ល្បាញ​មាន​ឥទ្ធិពល​ខ្លាំង អាច​បំផ្លាញ​សំណាងតារាណាម្នាក់​មិន​ឱ្យ​ទទួល​រង្វាន់​អូស្កា​ កំពុង​និង​ចាប់​ផ្តើម​ធ្លាក់​ ទើប​ការ​បក​អាក្រាត​ងាយ​ធ្វើ​ទៅបាន។ ការ​ប្តឹង​ផ្តល់​ចោទ​ប្រកាន់​នេះ​បញ្ជាក់​កាន់​តែ​ច្បាស់​ទៀត​អំពី​ដំណើរ​អស់​អំណាច​របស់​លោក វីនស្ទីន។ ពីរបី​ឆ្នាំ ចុងក្រោយ​នេះ ជំងឺ​ញៀន​ភេទ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទើស​ទាស់នឹង​ថៅកែ​ខ្លួន​​ និង​ខូចឈ្មោះ។ មាន​វ័យ​ក៏​កាន់​តែ​ចាស់ សុខភាព​ចុះ​អន់ អំណាច​និង​ឥទ្ធិពល​នៅ​ហូលីវូត ក៏​ចុះ​ថម​ថយ បញ្ហា​ថវិកា​ក៏​បាន​ញ៉ាំញី​ទៀត។ មាន​ក្រុមហ៊ុន​ភាព​យន្ត​ថ្មីៗ​ ថៅកែ​ល្អ​គួរ​ឱ្យ​គោរព​លេ​ចមុខ​ខ្លាំង​នៅ​ហូលីវូត។ រឿង​អាស្រូវ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លោក​វីនស្ទីន និង​វីនស្ទីន​ខ្លួន​ឯង ត្រូវ​​ផុង​លិប ពិបាក​ស្តារ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ