ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ទិវា​ Christophe Colomb ​កំពុង​ក្លាយ​ស្ថិត​ក្នុង​ភាពចម្រូងចម្រាស​

ទិវា​ Christophe Colomb ​កំពុង​ក្លាយ​ស្ថិត​ក្នុង​ភាពចម្រូងចម្រាស​
 
រថយន្ត​មួយ​ដែល​មាន​រូបភាព​ប៉ូលីស​នៅ​រដ្ឋ​ New Jersey ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ពិធី​​រំលឹក​ខួប ​Columbus Day ​ប្រចាំ​ឆ្នាំ​លើក​ទី ៧៣​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ថ្ងៃ​ទី៩​ខែ​តុលា​ឆ្នាំ​២០១៧ ​ REUTERS/Eduardo Munoz

សំរាប់​ឆ្នាំ​២០១៧​ នេះ​ នៅ​សហរដ្ឋ​អាមេរិក​ ទិវាគ្រីស្តូហ្វ​​ កូឡំ​ (Jour de Christophe Colomb) ត្រូវ​បាន​ប្រារព្ធ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៩ ខែ​តុលា​ កន្លង​ទៅ​នេះ។​ ជារៀង​រាល់​ឆ្នាំ​ ទីក្រុង​ញ៉ូវយក​តែង​រៀបចំ​ក្បួន​ដង្ហែ​យ៉ាង​អធិក​អធម​ ដើម្បី​ប្រារព្ធ​ទិវា​បុណ្យ​នេះ។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ទិវា​នេះក៏​កំពុង​ទទួល​រង​ការ​រិះគន់យ៉ាង​ខ្លាំង​​ និង​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ដ៏​រសើប​បំផុត​ជុំ​វិញ​ប្រវត្តិសាស្រ្ត​អាមេរិក​។ តើ​មូលហេតុ​អ្វី​បាន​ជា​មាន​ចលនា​ប្រឆាំងទិវាគ្រីស្តូហ្វ​​ កូឡំ​ នេះ?

​Columbus Day ឬ​ប្រែ​មក​ថា​ ទិវា​គ្រីស្តូហ្វ​ កូឡំ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ថ្ងៃ​បុណ្យ​ឈប់​សំរាក​ទូទាំង​ប្រទេស​នៅ​សហរដ្ឋ​អាមេរិក។​ ថ្ងៃ​ឈប់​សំរាក​នេះ​ត្រូវ​បាន​អនុម័ត​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៧។​ ដូច​នៅ​តាម​បណ្តា​ទីក្រុង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក​ ទីក្រុង​ញ៉ូវយក​ជា​ទីកន្លែង​ដ៏ធំ​មួយ ដែល​​តែង​ប្រារព្ធ​ពិធីក្បួន​​ដង្ហែ​ប្រពៃណី​ ដើម្បី​ឧទ្ទិស​ដល់​ គ្រីស្តូហ្វ​ កូឡំ​ ។​ ក្បួន​ដង្ហែ​ដ៏​មាន​ប្រជាប្រិយ​ភាពនេះ​តែង​ទាក់​ទាញ​ ​ពលរដ្ឋ​អាមេរិកពី​ទៅ​ជិត​ឆ្ងាយ​ ឲ្យ​មក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។​ ​ជា​ធម្មតា​ ប្រសិន​បើ​អាកាស​ធាតុ​អំណោយ​ផល​គ្មាន​ភ្លៀង​ធ្លាក់​ ទិវា​ដង្ហែ​រំលឹក​អ្នក​រក​ឃើញ​ទ្វីប​អាមេរិក​នេះ​យក​អាច​ទាក់​ទាញ​ហ្វូង​មហាជន​រហូត​ទៅ​ដល់ជាង​ ១ លាន​នាក់។ ​

ហើយ​ក្រៅ​ពី​ក្បួន​ដង្ហែ​ នៅ​ទីក្រុង​ញ៉ូវ​យក​ ក៏​មាន​ផង​ដែរ​រូប​សំណាក គ្រីស្តូហ្វ​ កូឡំ​ ​តាំង​ឈរ​នៅ​លើ​សរសរ​​មួយ​កំពស់​ ២៣ ម៉ែត្រ​​​។​ រូប​សំណាក​នោះ​ត្រូវ​បាន​គេ​សាង​សង់​កាល​ពី​​ឆ្នាំ​ ១៨៩២ ក្នុង​ឱកាស​បុណ្យ​ខួប​ ៤០០ ឆ្នាំ​នៃកា​រមក​ដល់​ទ្វីប​អាមេរិក​របស់​ គ្រីស្តូហ្វ​ កូឡំ​។ ទីកន្លែង​នោះ​ត្រូវ​បាន​គេ​ប្រសិទ្ធិ​នាម​ថា​ Columbus Circle ដែល​ស្ថិត​នៅ​ភាគ​ខាង​ចុង​ឧទ្យាន​ Central Park ដ៏​ល្បី​ឈ្មោះ។ ចំណែក​រូប​សំណាក​តូច​មួយ​ទៀត​ស្ថិត​នៅ​ខាង​ក្នុង​ឧទ្យាន​តែ​ម្តង។​ បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​មាន​វត្ត​មាន​ក្រុមបាតុករ​ប្រឆាំង​តវ៉ានឹង​រូប​សំណាក​ទាំង​ពីរ​នេះ​ ជាពិសេស​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​​យក​ថ្មាំ​ពណ៌​ក្រហម​តំណាង​ឲ្យ​ឈាម​មក​ជះ​លើ​ដៃ​រូប​សំណាក​ សាលា​ក្រុង​ញ៉ូវ​យក​បាន​ដាក់​ពង្រាយ​កំលាំង​ប៉ូលីស​​យាម​ប្រចាំការ។​

ជុំវិញ​ប្រធាន​បទ​ គ្រីស្តូហ្វ​ កូឡំ សព្វ​ថ្ងៃ​នេះ មាន​ចលនា​ពីរ​កំពុង​ប្រទាញ​ប្រទង់​គ្នា​។​ ម្ខាង​ គឺ​ជា​ក្រុម​ពលរដ្ឋ​អាមេរិក​ ដែល​​មាន​មោទនភាព​​ចំពោះ​ការ​មក​ដល់របស់​ គ្រីស្តូហ្វ​ កូឡំ ។ ពួក​គេ​ចាត់​ទុក​ថា​ ការ​មក​ដល់​ ឬ​ «ការ​រក​ឃើញ​ទ្វីប​អាមេរិក» ​ពី​សំណាក់​ គ្រីស្តូហ្វ​ កូឡំ កាលពី​ឆ្នាំ​១៤៩២ គឺ​ជា​ការ​បើក​យុគ​សករាជ​ថ្មី​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។​ ហើយ​សំរាប់​សហគមន៍​ជនជាតិ​អ៊ីតាលី​នៅ​ទីក្រុង​ញ៉ូវយក​ ពួក​គេ​កាន់​តែ​មាន​មោទនភាព​ថែម​ទៀត​ ព្រោះ​ គ្រីស្តូហ្វ​ កូឡំ គឺ​ជា​អ្នក​ជំនាញ​នាវា​ចរណ៍​ជនជាតិ​អ៊ីតាលី ដែល​ត្រូវ​បាន​ស្តេច​អេស៉្បាញ​ជួល​ឲ្យ​ដឹកនាំ​បេសកកម្ម​មួយ។​ សំរាប់​ពួក​គេ​ ទិវា​ គ្រីស្តូហ្វ​ កូឡំ គឺ​ជា​ការ​បង្ហាញ​​អានុភាព​ដ៏​ខ្លាំង​សម្បើម​របស់​សហគមន៍​អ៊ីតាលី។ តួយ៉ាង​ដូច​ជា​លោក​ Bill de Blasio អភិបាល​ក្រុង​ញ៉ូវយក​ និង​លោក​ Andrew Cuomo អភិបាល​រដ្ឋ​ញ៉ូវយក​ ទាំង​ពីរ​នាក់​សុទ្ធ​សឹង​តែ​ជា​ឥស្សរជន​នយោបាយ​អាមេរិក​មាន​ដើម​កំណើត​​អ៊ីតាលី។

ផ្ទុយ​ទៅ​វិញ​ មាន​ក្រុម​ម្ខាង​ទៀត​ គឺ​ជា​ពលរដ្ឋ​អាមេរិក​ ដែល​ប្រឆាំង​តវ៉ា​នឹង​ទិវា​ គ្រីស្តូហ្វ​ កូឡំ ក៏​ដូច​ជា​រូបសំណាក​ គ្រីស្តូហ្វ​ កូឡំ នៅ​តាម​ទីធ្លា​សាធារណៈ។​ សំរាប់​មជ្ឈដ្ឋាន​អ្នក​ប្រឆាំង​តវ៉ា​ ពួក​គេ​ចាត់​ទុក​រូប​សំណាក​ទាំង​នោះ​ថា​ជា​និមិត្ត​រូប​នៃ​របប​ទាសភាព​ និង​ការ​រើស​អើង​ពូជសាសន៍​។ តួយ៉ាង​ដូចជា​ នៅ​តាម​​បណ្តា​ទីក្រុងប្រមាណ​ជាង​ដប់​ក្នុង​សហរដ្ឋ​អាមេរិក​ ​​ទិវា​ គ្រីស្តូហ្វ​ កូឡំ នេះត្រូវ​បាន​​លប់​ចោលជា​បណ្តើរៗ​ហើយ​។ ជា​ជំនួស​មក​វិញ​​ ពួក​គេ​យក​ថ្ងៃ​នោះ​ដើម្បី​រំលឹក​​វិញ្ញាណក្ខន្ធ​​ដល់​ប្រជាជន​ម្ចាស់​ស្រុក​ ពោល​ គឺ​ជនជាតិ​ឥណ្ឌា​ស្បែក​ក្រហម​ ដែល​បាន​ទទួល​រង​ការ​កាប់​សំលាប់​រង្គាល​ពី​សំណាក់​​ពួកអឺរ៉ុប​​ស្បែក ​ស។ សូម​បញ្ជាក់​ផង​ដែរ​ថា​ មុន​ការ​មក​ដល់​របស់​ គ្រីស្តូហ្វ​ កូឡំ ទ្វីប​អាមេរិក​មាន​មនុស្ស​រស់​នៅ​តាំង​ពី​រាប់​ម៉ឺន​ឆ្នាំ​មក​ហើយ។ ពោល​ គឺ​ ឥណ្ឌា​ស្បែក​ក្រហម ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​អាស៊ី​។

សព្វ​ថ្ងៃ​នេះ ទាំង​ក្រុង​ប្រឆាំង​រូប​សំណាក​ និង​ក្រុម​គាំទ្រ​រក្សា​រូប​សំណាក​​ ឬ​និមិត្ត​រូប​ គ្រីស្តូហ្វ​ កូឡំ ពួក​គេ​បាន​ធ្វើ​ញត្តិ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​។​ នៅ​លើ​បណ្តាញ​សង្គម​ Twitter ភាគី​ទាំង​សង​ខាង​បាន​សរសេរ​បង្ហោះ​សារ​ ដើម្បី​ការ​ពារ​អំណះ​អំណាង​រៀង​ៗ​ខ្លួន។​ ម្ខាង​ទាម​ទារ​ដាច់​ខាត​ចង់​ឲ្យ​ដក​រូប​សំណាក​នេះ​ចេញ និង​ស្នើ​ឲ្យ​សើរើ​ប្រវត្តិ​សាស្រ្ត​អាមេរិកឡើង​វិញ។​ ចំណែក​ម្ខាង​ទៀត​ចង់​រក្សា​រូប​សំណាក​នេះ​ ដើម្បី​រំលឹក​និមិត្ត​រូប​ប្រវត្តិ​សាស្រ្ត។

បើ​ទោះបី​ជា​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​បែប​ណា​ក្តី​​ លោក​អភិបាល​ក្រុង​ញ៉ូវ​យក​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​សេចក្តី​សំរេច​ចិត្ត​ណាមួយ​នៅ​ឡើយ​ទេ។​ គិត​មក​ដល់​ពេល​នេះ​ គេ​បាន​​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ ក្នុង​គោល​បំណង​​សិក្សា​ពី​អត្ថន័យនិមិត្ត​រូប​​ ឬ​បូជីយដ្ឋាន​ដ៏​ចម្រូង​ចម្រាស​នេះ។ លទ្ធផល​នៃ​ការ​សិក្សា​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ នា​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ ។​ ការ​អូស​បន្លាយ​បែប​នេះ​ក៏​ជា​យុទ្ធសាស្រ្ត​ផង​ដែរ។​ ព្រោះ​លោក​អភិបាល​ក្រុងញ៉ូវយក​ចង់​រង់ចាំ​លទ្ធផល​បោះឆ្នោតអភិបាល​ក្រុង​ជា​មុន​សិន។​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​​នឹង​ប្រព្រិត្ត​ទៅ​ នា​ដើម​ខែ​វិច្ឆិការ​ខាង​មុខ​នេះ។ ហើយ​លោក​អភិបាល​ក្រុង​កំពុង​រំពឹង​​អាច​ជាប់ឆ្នោត​សំរាប់​​អាណត្តិ​ទី​២បន្ត​ទៀត។​​

គួរ​ស្វែង​យល់​ផង​ដែរ​ថា​ ការ​ខ្វែង​គំនិត​ជុំវិញ​រូប​សំណាក​ និង​ទិវា​ គ្រីស្តូហ្វ​ កូឡំ ក៏​មាន​ពាក់​ព័ន្ធ​នឹង​និន្នាការ​ទាម​ទារ​រុះរើ​រូបសំណាក​ឥស្សរជន​នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង​អាមេរិក​ផង​ដែរ។​ ទាក់​ទង​នឹង​រឿង​រ៉ាវ​នេះ​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ មាន​អំពើរ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ Charlottesville​ នៃ​រដ្ឋ​ Virginia។​ នៅ​ក្នុង​ហេតុការណ៍​នេះ​ ក្រុម​ស្តាំ​និយម​ជ្រុល ឬ​ក្រុម​ការពារ​សាសន៍​ស្បែក​ ស​ បាន​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​ការ​រុះរើ​រូប​សំណាក​របស់​មេបញ្ជាការ Robert Lee។​ មេបញ្ជាការ Robert Lee ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​មិន​យល់​ព្រម​ឲ្យ​ពួក​ទាសករ​ស្បែក​ខ្មៅ​មាន​សិទ្ធិ​បោះឆ្នោត​ បើ​ទោះបី​ជា​គាត់​សុខ​ចិត្ត​ឲ្យ​លប់​ចោល​របប​ទាសភាព​ក៏​ដោយ។​

ទន្ទឹម​គ្នានឹង​បា តុកម្ម​នោះ ​ ​គេក៏​​ឃើញ​មាន​​ពួក​បាតុករ​​ចេញ​មុខ​ប្រឆាំង​នឹង​ពួក​បាតុករ​ស្តាំ​និយម​ជ្រុល​ផង​ដែរ​។​ ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​អនាធិបតេយ្យ​មួយ​បាន​កើត​ឡើង។​ ពួក​បាតុករ​ទាំងពីរ​​ក្រុម​បាន​ប្រើ​ដំបង​វាយ​គ្នា​ ប្រើ​ដបសាំង​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បាន​ប្រើ​កាំភ្លើង​ផង​ដែរ។​ តុល្យភាព​នៃ​អំពើ​ហិង្សា​នេះ​ គឺ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ៣ នាក់​ និង​រង​របួស​ ៣៥ នាក់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ