ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

អាកាសធាតុ៖​ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់គ្រង​ព្រៃឈើ​បាន​ល្អ​អាច​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​បរិយាកាស

អាកាសធាតុ៖​ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់គ្រង​ព្រៃឈើ​បាន​ល្អ​អាច​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​បរិយាកាស
 
​ការ​ប្រើប្រាស់​ដី និង​គ្រប់គ្រង​ព្រៃឈើ​បាន​ល្អ​អាច​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​បរិយាកាស Danm / via Getty Images

នៅ​សហរដ្ឋអាមេរិក បណ្ឌិតសភា​វិទ្យាសាស្រ្ត​ទើប​បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ ការ​សិក្សា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ចាត់ចែង ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់គ្រង​ព្រៃឈើ​បាន​ល្អ រួម​ទាំង​ការ​ធ្វើ​កសិកម្ម​​ដោយ​មាន​ការ​គិតគូរ​ត្រឹមត្រូវ​អាច​​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ផ្អែក​តាម​ការ​សិក្សា​ដដែល ពិភពលោក​ត្រូវ​តែ​អនុវត្ត​ក្នុង​ពេល​ដំណាល​គ្នា​នូវ​កំណើន​ចង្វាក់​ផលិតកម្ម​ចំណី​អាហារ​ដើម្បី​បំពេញ​តម្រូវការ​នៃ​កំណើន​មនុស្សលោក និង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ធម្មជាតិ។

កន្លង​មក កំណើន​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​លើ​ភពផែនដី​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​លើ​សកម្មភាព​របស់​រោងចក្រ សហគ្រាស​នៅ​ក្នុង​ក្រុមប្រទេស​អភិវឌ្ឍន៍ និង​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​ម្តងៗ គេ​តែងតែ​អំពាវនាវ​ឲ្យ​ក្រុមប្រទេស​ទាំង​នោះ​ចូលរួម​ឲ្យ​បាន​ខ្លាំងក្លា​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ តែ​អ្វី​ដែល​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក​ចង់​បញ្ជាក់​នៅ​ក្នុង​លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​ខ្លួន​គឺ​ថា គេ​អាច​ចូលរួម​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​ដោយ​ប្រើប្រាស់​ត្រឹមតែ​ដំណោះស្រាយ​តាម​បែប​ធម្មជាតិ​ប៉ុណ្ណោះ ពោល​មិន​ចាំ​បាច់​ចំណាយ​លុយ​ដល់​រាប់​លាន​ដុល្លារ​ទេ។

នៅ​ក្នុង​ន័យ​នេះ បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក​ចង់​ផ្តោត​លើ​ការ​ចាត់ចែង ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ល្អ រួម​ទាំង​ការ​​ធ្វើ​កសិកម្ម​​ដោយ​មាន​ការ​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ​ផង។ បើ​គ្រប់​ប្រទេស​អាច​អនុវត្តន៍​តាម​អនុសាសន៍​នេះ​បាន បរិមាណ​ឧស្ម័នផ្ទះកញ្ចក់​លើ​ភពផែនដី​របស់​យើង​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​ជិត ១១ ៣០០លានតោន​ក្នុង​១ឆ្នាំ​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ឧស្ម័នផ្ទះកញ្ចក់​ចំនួន ១ភាគ៤ ចេញ​ពី​ដី ហើយ​បើ​គេ​ចេះ​ចាត់ចែង និង​ប្រើប្រាស់​ដី​ឲ្យ​បាន​ល្អ ពិសេស​ដី​កសិកម្ម វា​នឹង​អាច​រួម​ចំណែក​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ដល់​ទៅ ៣៧% ឯណោះ។

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​ឲ្យ​ដឹង​ថា ផែនដី​របស់​យើង​មាន​ដីកសិកម្ម​ចំនួន ១១% ហើយ​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ល្អ​លើ​ដីកសិកម្ម​ទាំង​អស់​នោះ​អាច​កាត់បន្ថយ​បរិមាណ​ឧស្ម័នផ្ទះកញ្ចក់​ដល់​ទៅ ២២%។

ព្រែឈើ​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​កាបូនិច បង្កើន​គុណភាព​ខ្យល់ និង​ទឹក

ក្រៅ​ពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់ចែង និង​ការ​ធ្វើ​អាជីវកម្ម​ដី​ឲ្យ​បាន​ល្អ ពិសេស​ដី​កសិកម្ម លទ្ធផល​នៃ​ការ​សិក្សា​ហាក់​បាន​ផ្តោត​ខ្លាំង​លើ​ការ​គ្រប់គ្រង​ព្រៃឈើ។ ចូរ​កុំ​ភ្លេច​ថា ព្រៃឈើ​បាន​គ្របដណ្តប់​ដល់​ទៅ ៣០,៦% នៃ​ផ្ទៃដី​លើ​ផែនដី​ទាំង​មូល ពោល​មាន ៣ ៩០០លានហិចតា។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ដើមឈើ​បាន​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ស្រូប​យក​ឧស្ម័នកាបូនិច បង្កើន​គុណភាព​ខ្យល់ គុណភាព​ទឹក និង​រក្សា​ជីវចម្រុះ។ ដើម្បី​អាច​រក្សា​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ដើមឈើ​បាន បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក​បាន​ផ្តល់​អនុសាសន៍​គោល​ចំនួន ៣ ទី១ ចៀសវាង​ការ​កាប់បំផ្លាញ​ព្រៃឈើ ទី២ បន្ត​ដាំដើមឈើ និង​ទី៣ គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ល្អ។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា អនុសាសន៍​គោល​ទាំង៣ អាច​នឹង​ចូលរួម​កាត់​បន្ថយ​បរិមាណ​ឧស្ម័នកាបូនិច​នៅ​ក្នុង​បរិយាកាស​បាន​ដល់​ទៅ ៧ ០០០លានតោន​ក្នុង​១ឆ្នាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ ជា​ការ​ប្រៀបធៀប គេ​ត្រូវ​តែ​ដក​ឡាន​ចំនួន ១ ៥០០លានគ្រឿង​ពី​ផ្លូវ​ដើម្បី​អាច​កាត់​បន្ថយ​បរិមាណ​ឧស្ម័ន​កាបូនិច​ក្នុង​កម្រិត​ដូច​គ្នា​នេះ។ មាន​៥ប្រទេស​សម្បូរ​ព្រៃឈើ គឺ​ប្រេស៊ីល ឥណ្ឌូណេស៊ី ចិន រុស្ស៊ី និង​ឥណ្ឌា​ដែល​អាច​ចូលរួម​កាត់​បន្ថយ​បរិមាណ​ឧស្ម័ន​កាបូនិច​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​បរិយាកាស។

ការ​ដាំដើមឈើ​ឡើងវិញ​ដែល​ជា​មធ្យោបាយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​បាន​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក​លើកឡើង​ថា វា​អាស្រ័យ​លើ​ការ​កាត់បន្ថយ​ផ្ទៃដី​វាលស្មៅ​សម្រាប់​ចិញ្ចឹមសត្វ។ នៅ​ត្រង់​ចំណុច​នេះ និង​ដើម្បី​អាច​យក​ដី​វាលស្មៅ​ទៅ​ដាំ​ដើមឈើ​បាន លទ្ធផល​សិក្សា​បាន​មើល​ឃើញ​ដំណោះស្រាយ​ចំនួន​ពីរ ទី១ ត្រូវ​បង្កើន​ប្រសិទ្ធិភាព​នៃ​ការ​ផលិត​សាច់​បែប​ផ្សេង និង​ទី២ ត្រូវ​តែ​ប្តូរ​ទម្លាប់​ចំណី​អាហារ ដូច​យ៉ាង​កាត់​បន្ថយ​ការ​បរិភោគ​សាច់គោ​ជាដើម៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ​​អឺរ៉ុប នឹង​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំងញឹកញយ បើ​មិន​ទប់​ស្កាត់​ការ​បញ្ចេញ​ឧស្មូ័ន​ផ្ទះកញ្ចក់

    ស្វែងយល់បន្ថែម

  • អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​តែ​សន្យា​បន្ត​ចូលចរចា

    ស្វែងយល់បន្ថែម

  • អាមេរិក

    សហគមន៍​អន្ដរជាតិ​ប្ដេជ្ញា​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ ទោះ​គ្មាន​វត្តមាន​អាមេរិក

    ស្វែងយល់បន្ថែម

  • បារាំង-ការស្រាវជ្រាវ

    ការស្រាវជ្រាវ​ផ្អែក​លើ​ទឹក​កកភ្នំ ​អាច​ដឹង​ពី​អតីតកាល ​កាល​ពី​១៨០០០​ឆ្នាំ​​មុន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ