អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អតីត​ឧក្រិដ្ឋជន​សង្គ្រាម​លីបេរីយ៉ា​ម្នាក់​កំពុង​ទទួល​ការ​កាត់ក្តី​នៅ​សហរដ្ឋអាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​Mohammed Jabateh ជន​សង្ស័យ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ប្រទេស​លីបេរីយ៉ា​ត្រូវ​តុលាការ​អាមេរិក​ជំនុំ​ជម្រះ​ទោស។​ ការឃាត់​ខ្លួន​​ពេជ្ឈឃាត​សង្គ្រាមរូប​នេះ​ គឺ​ក្រោម​ការ​​ជួយ​ជ្រោម​ជ្រែង​សហការ​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិ​មនុស្សអន្តរជាតិ។​ ​បើ​ទោះបី​ជា​ជន​សង្ស័យ​​បានលួច​​សំងំ​ខ្លួន​រស់​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ ស្រមោល​​អតីតកាល​នៅ​តែ​តាម​លង​ជន​ដៃដល់​នេះ​ជា​និច្ច។ ការ​កាត់​ក្តី​នេះ​នឹង​ក្លាយ​ជា​គំរូ​ប្រវត្តិ​សាស្រ្ត​មួយ​។ ហើយ​ក៏​អាច​អនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​ និង​​ក្រុម​គ្រួសារ​មាន​អារម្មណ៍​ស្ងប់​ចិត្តផង​ដែរ។​

តុលាការកំពូលអាមេរិក​​
តុលាការកំពូលអាមេរិក​​ AFP / Karen Bleier
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​សំងំ​លាក់​ខ្លួន​ និង​លាក់​អត្ត​សញ្ញាណ​អស់​រយៈពេល​ជិត​ ២០ ឆ្នាំ​ ទីបំផុត​ Mohammed Jabateh ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០១៦។​ មាន​អាយុ​ ៥០ ឆ្នាំ​ Mohammed Jabateh បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៩៩។​ នៅ​លើ​សំណុំ​បែប​បទ​​សុំ​សិទ្ធិ​ជ្រក​កោន​ ជនសង្ស័យ​រូប​នេះ​​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​​អាមេរិក​ថា​ រូប​គេ​ពុំ​ធ្លាប់​បាន​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​ ឬ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ប្រល័យ​ពូជសាសន៍​ណាមួយ​ឡើយ។

ដោយ​បាន​តាំង​ទីលំនៅ​ក្បែរ​តំបន់​​ជាយ​ក្រុងមួយ​នៃ​ទីក្រុង​ Philadelphia ជន​សង្ស័យ​រូប​នេះ​មាន​ជីវភាព​សាមញ្ញ។​ គេ​មាន​ក្រុមហ៊ុន​តូច​មួយ ​គឺ​ក្រុមនាំចេញ​​ឡាន​ជជុះ​ទៅ​លក់​នៅ​អាហ្វ្រិក។​ ​នៅ​ក្នុង​សហគមន៍​ អ្នក​ជិត​ខាង​ចាត់​ទុក​ថា​ ជន​សង្ស័យ​រូប​នេះ​ថា​ជា​បុគ្គល​ម្នាក់​ស្ងប់​ស្ងាត់​ និង​ជា​អ្នក​មាន​ជំនឿ​សាសនា​យ៉ាង​ជ្រាល​ជ្រៅ។​

ក្រោយ​ពី​ឃុំ​ខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​ សវនាការ​កាត់​ក្តី​ជន​សង្ស័យ​រូប​នេះ​ទើប​តែ​ត្រូវ​បាន​ចាប់​បើក​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា​​នេះ​តែ​ប៉ុណ្ណោះ។​ ក្នុង​កំឡុង​ពេល​បើក​អង្គ​ជំនុំ​ជម្រះ​ក្តី​​​ តំណាង​អយ្យាការ​នៃ​តុលាការ​​ទីក្រុង​ Philadelphia បាន​ថ្លែង​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​រូប​នេះ​ ដោយ​ផែ្អក​លើ​សំអាង​ថា​ ជន​សង្ស័យ​រូប​នេះ​​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្នុង​កំឡុង​សម័យ​សង្គ្រាម​ស៊ីវិល​លើក​ទី​មួយ​​ក្នុង​ប្រទេស​លីបេរីយ៉ា​។ ប៉ុន្តែ ចាប់​តាំង​ពី​បាន​ចូល​មក​រស់នៅ​លើ​ទឹកដី​អាមេរិក​ ជន​សង្ស័យ​ពុំ​ដែល​ធ្លាប់​ជាប់​ទោស​ ឬ​បង្ក​​បញ្ហា​អ្វី​ឡើយ​ជាមួយ​ប៉ូលីស។

ដូច​នេះ​ ដើម្បី​អាច​ដាក់​បន្ទុក​លើ​ជន​សង្ស័យ​ប្រ​ព្រឹត្ត​ឧក្រិដ្ឋ​សង្គ្រាម​រូប​នេះ​ ​ តុលាការ​អាមេរិក​បាន​សំរេច​ចោទ​ប្រកាន់​​ Mohammed Jabateh ចំនួន​ពីរ​ករណី​ស្រប​ទៅ​តាម​ច្បាប់​អាមេរិក។​ ទីមួយ​ គឺ​ពី​បទ​ភូត​កុហក​អាជ្ញាធរ​អន្តោប្រវេសន៍​​អាមេរិក​។ ទីពីរ​ គឺ​ពី​បទ​ក្បត់​ពាក្យ​សច្ចា​ប្រណិធាន​ចំពោះ​អាជ្ញាធរ​អាមេរិក។​

សវនាការ​កាត់​ក្តី​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ ៨​ ថ្ងៃ។​ អង្គ​ជំនុំ​ជម្រះ​បាន​អញ្ចើញ​សាក្សី​ចំនួន ​ ១៧ នាក់ ដើម្បី​មក​រៀបរាប់​ហេតុការណ៍​ដែល​ពួក​បាន​ជួប​​ប្រទះ។​​ ឆ្លង​តាមការ​​រៀបរាប់​របស់​សាក្សី​ ព្រម​ជាមួយ​នឹង​ភស្តុង​តាង​ស្រាវជ្រាវ​ស៊ើប​អង្កេត​ គេ​បាន​រក​ឃើញ​ថា​ Mohammed Jabateh ធ្លាប់​ជា​​មេ​ទ័ព​នៃ​ក្រុម​ឧទ្ទាមមួយ​ ព្រម​ទាំង​មាន​រហស្សនាម​សង្គ្រាម​ហៅ​ថា​ Jungle Jabbah។ ក្រុម​ឧទ្ទាម​នោះ​មាន​ឈ្មោះ​ពេញ​ថា​ចលនា​រំដោះ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រទេស​លីបេរីយ៉ា ឬហៅ​កាត់​ថា​ Ulimo។​

សូម​រំលឹក​ជូន​ផង​ដែរ​ថា​ ប្រទេស​លីបេរីយ៉ា​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ចំនួន​ពីរលើក។​ សង្គ្រាម​​លើកទីមួយគឺ​​ បាន​ផ្ទុះ​ឡើង​ចន្លោះ​ពី​ឆ្នាំ​ ១៩៨៩ ដល់​ឆ្នាំ​ ១៩៩៦។ ហើយ​សង្គ្រាម​លើក​ទី​ ២ បាន​ផ្ទុះ​​ឡើង​ម្តង​ទៀត​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៩ ដល់​ ឆ្នាំ​២០០៣។​ សង្គ្រាម​ទាំង​ពីរ​លើក​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​ ២៥ ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត​។​ លើស​ពីនេះ​ទៅ​ទៀត​ សង្គ្រាម​នេះ​បាន​បង្ខំ​ឲ្យ​មនុស្ស​ចំនួន​ ៤ លាន​នាក់​ធ្វើ​បំលាស់​ទីកន្លែង​រស់​នៅ។​

នៅ​ក្នុង​អង្គ​សវនាការ​ ជន​រង​គ្រោះ​ម្នាក់​បាន​ប្រាប់​​ថា​ នា​ថ្ងៃ​មួយ​ ពេជ្ឈ​ឃាដ Jungle Jabbah បាន​បញ្ជា​ឲ្យ​កូន​ទាហាន​បាញ់​សំលាប់​ប្រធាន​ភូមិម្នាក់​។ ហើយ​ថែម​ទាំង​បាន​ឲ្យ​កូនចៅ​ពុះ​យក​បេះដូង​ជន​រងគ្រោះ​យក​មក​ចំអិន​ធ្វើ​ម្ហូប​ទៀត​ផង។ សាក្សី​ផ្សេង​ទៀត​បាន​បន្ថែម​ថា​ ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​បុរស​ត្រូវ​បាន​ចាប់​ដុត​ទាំង​រស់​។​ ចំណែក​ស្រ្តី​ត្រូវ​បាន​ចាប់​រំលោភ​សេព​សន្ធវៈ​ ឬ​​វះពោះ​ជាដើម​។​ ចំណែក​ជន​រងគ្រោះ​ផ្សេង​ទៀត​ត្រូវបាន​​ជម្លៀស​ខ្លួន​ និងចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ នៅ​តាម​ការដ្ឋាន​ជីក​រុក​រក​មាស​ និង​ត្បូង​ពេជ្រ ដែល​ក្រុម​ឧទ្ទាម​គ្រប់​គ្រង។

គិត​មក​ដល់​ពេល​នេះ​ ចៅក្រម​ជំនុំ​ជម្រះ​ក្តី Paul S. Diamond នៅ​មិន​ទាន់​បញ្ជាក់​​កាល​បរិច្ឆេទ​ប្រកាស​សាលក្រម​នៅ​ឡើយ​ទេ។ ប្រសិន​បើ​តុលាការ​នៅ​បន្ត​តំកល់​សេចក្តី​ចោទ​ប្រកាន់ទាំង​​ពីរ​នេះ​ ជន​សង្ស័យ​រូប​នេះ​អាចជាប់​ទោសចំនួន​​ ៣០ ឆ្នាំ។​ ការ​ឈាន​ទៅ​ចាប់​ខ្លួន​វែក​មុខ​មាត់​ពិត​ជន​សង្ស័យពេជ្ឈ​ឃាត​សង្គ្រាមរូប​នេះ​​ គឺ​ដោយ​សារ​តែ​មាន​ពាក្យ​បណ្តឹង​ពី​អង្គការ​​ Global Justice and Research Project។​ ​អង្គការនេះ​ធ្វើការ​លើ​ផែ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ការពា​រក្តី​ដល់​ជន​រងគ្រោះ​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​លីបេរីយ៉ា។​ អង្គការ​នេះ​ស្ថិត​ក្រោម​តំបូល​របស់​អង្គការ​ធំ​មួយ​ប្រចាំ​នៅ​ប្រទេស​ស្វីស​ គឺ​អង្គការ​ Civitas Maxima។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ អង្គការ​នេះ​ព្យាយាម​តស៊ូ​មតិ​ប្រឆាំង​នឹង​​និន្ទ​ណ្ឌ​ភាព​​ ឬភាព​គ្មាន​ទោស​ពៃ​ចំពោះ​​ជនដៃដល់​​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើសសង្គ្រាម​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា។​ សព្វ​ថ្ងៃ​នេះ​ ឧក្រិដ្ឋកម្មជន​​​សង្គ្រាមមួយ​ភាគ​ធំ​កំពុង​មាន​សេរីភាព​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​។​ ចំណែក​​មួយ​ចំនួនទៀត​​​បាន​កំពុង​សំងំ​លាក់​ខ្លួន​នៅ​បរទេស។​ ក្រៅ​ពី​ Mohammed Jabateh ជន​សង្ស័យ​បីរូប​ទៀត​ក៏​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​​ទោស​ផង​ដែរ​នៅ​បរទេស ​ក្នុង​នោះ​មាន​នៅ​ប្រទេស​ប៊ែលហ្សិក​ ស្វីស​ និង​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ