អានតួអត្ថបទ

របាយការណ៍​​អ.ស.ប. ៖ ការវាយប្រហារ​អាវុធ​គីមីនៅស៊ីរី ជាស្នាដៃ​របស់​ក្រុង​ដាម៉ាស

រដ្ឋាភិបាល​ក្រុង​ដាម៉ាស របស់ បាស្ហារ អាល់អាសាដ Bachar el -Assad គឺ​ជា​អ្នកប្រើ​អាវុធ​គីមី​វាយ​ប្រហារ​លើ​តំបន់ Khan Cheikhoun ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​ ៨០​នាក់ កាលពី​ថ្ងៃទី​៤​មេសា​កន្លង​ទៅ។ ភ្នាក់ងារ​ចារកិច្ច​បារាំង អង់គ្លេស អាមេរិក ធ្លាប់​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​បែប​នេះ​រួច​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​ចេញ​របាយ​ការណ៍​បញ្ជាក់​ ជា​ផ្លូវការ​។

ប្រជាជន​នៅ Khan Cheikhoun ទទួល​ថ្នាំ​បន្សាប​ជាតិ​គីមី​សារាំង
ប្រជាជន​នៅ Khan Cheikhoun ទទួល​ថ្នាំ​បន្សាប​ជាតិ​គីមី​សារាំង REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

របប​ក្រុង​ដាម៉ាស បាន​ដោះសារ​ការពារខ្លួន ដោយ​ចោទ​ពួក​ឧទ្ទាម​ថា​ជា​អ្នក​ទម្លាក់​គ្រាប់​បែក​ចំលើ​ឃ្លាំង​ស្តុក​អាវុធ​គីមី សារាំង។ ប៉ុន្តែ​​របាយការណ៍របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ ​កម្រាស់​ជាង​៣០​ទំព័រ ​​ បាន​សរុប​សេ​ចក្តី​សន្និដ្ឋាន​យ៉ាង​ច្បាស់​លាស់ ៖ គឺ​របប​ក្រុង​ដាម៉ាស ជា​អ្នក​វាយប្រហារ​​ដោយ​ប្រើ​អាវុធ​គីមី សារាំង តាម​រយៈ​ការ​បាញ់​ទម្លាក់​គ្រាប់​បែក​គីមី​សារាំង ពី​លើ​យន្តហោះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ​មុន​ការ​ផ្សព្វផ្សាយ​របាយការណ៍​ ​ដែល​គ្រប់​គ្នា​​រង់​ចាំ​បំផុត។

ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​លាត​ត្រដាង មួយ​ចំណុច​ម្តងៗ ភស្តុតាង​ដែល​បញ្ជាក់​ថា​ការ​វាយប្រហារ​គីមី​នោះ​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​លោក​អាសាដ។ នៅ​ក្នុង​គ្រប់​បទ​សម្ភាសន៍​ជាមួយ​សាក្សី វត្ថុ​តាង​ប្រមូល​បាន​នៅ​កន្លែង​កើតហេតុ ការ​វិភាគ​ប្លង់​ហោះហើរ​ បាននាំ​ទិស​​ចង្អុល​ឱ្យ​ឃើញ​ច្បាស់​អំពី​ទំនួល​ខុស​ត្រូវ​របស់ក្រុង​ដាម៉ាស។ ការ​​​វិភាគបង្ហាញ​ឱ្យ​​ឃើញ​ សេណារីយោតែ​មួយ​​គឺ ការ​ទម្លាក់​គ្រាប់​បែក នៅ​ពេល​ព្រឹកព្រហាម ​ថ្ងៃទី ៤ មេសា ២០១៧ ក្នុង​កម្លាំង​ខ្លាំង​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​ឧស្ម័ន​គីមី សារាំង អាច​សាយភាយ​ចេញ​ពី​រណ្តៅ​គ្រាប់​បាន រយៈ​ពេល ១០​ថ្ងៃ ក្រោយ​ការ​វាយប្រហារ​ តាម​ផ្លូវ​អាកាស។

ដាន​គំរូ​ប្រមូល​បាន​ពី​រណ្តៅ​គ្រាប់​ បាន​បង្ហាញ​អំពី​វត្តមាន​នៃ​ជាតិ​គីមី​ម្យ៉ាង​ដែល​គេ​ធ្លាប់​ឃើញ​មាន​ប្រើ​នៅ​ក្នុង​ឃ្លាំង​អាវុធ​គីមី​ស៊ីរី។ រូបថត និង​វីដេអូ​ ជា​ច្រើន​ចាប់​បាន​រូប​យន្តហោះ​ នៃ​កងទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី​ហោះ​លើ​ផ្ទៃមេឃ​តំបន់​ ក្នុង​ថ្ងៃ​នោះ​។

រុស្ស៊ី សម្ព័ន្ធមិត្ត​​របស់​ស៊ីរី បាន​អះអាង​ថា សារធាតុគីមីសារាំង​​រក​ឃើញ​នោះ​ គឺ​ភាយ​ចេញ​មក​ពី​ការ​ផ្ទុះ​គ្រាប់​កាំភ្លើង​ធំ​​​នៅ​នឹង​ដី មិនមែន​ជា​គ្រាប់​ធ្លាក់​មក​ពី​ការ​វាយប្រហារ​ផ្លូវ​អាកាស​ទេ។

ការ​ចោទ​ប្រកាន់​​ផ្លូវការ​ និង​ចំៗ​​នេះ ធ្លាក់​មក​ជួន​ចំពេល​អង្គការ​សហប្រជាជាតិ ​ទើប​ប្រកាស​បើក​វដ្ត​ចរចា​ថ្មី​ស្តី​ពី​ស៊ីរី ចាប់​ពី​ថ្ងៃទី ២៨​ វិច្ឆិកា​ទៅ។ អាមេរិក តាម​រយៈ​រដ្ឋមន្ត្រី​ការបរទេស​​បាន​ប្រកាស​ភ្លាម​ថា​ អនាគត​របស់​ស៊ីរី ត្រូវ​តែ​គ្មាន​រូប Bachar al-Assad និង​សមាជិក​គ្រួសារ​ត្រកូល​នេះ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ