អានតួអត្ថបទ
អាមេរិក

លោកដូណាល់ ត្រាំ​ចង់​កាត់ទោស​ប្រហារជីវិត​លើ​ភេរវជន​ដែល​វាយប្រហារ​ក្នុង​ទីក្រុង​ញូយ៉ក

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ហាក់​ប្តូរ​ចិត្ត​ទាក់ទង​នឹង​ជោគវាសនា​របស់​ភេរវជន​ឈ្មោះ Sayfullo Saipov ដែល​បាន​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី៣១ តុលា។ បន្ទាប់​ពី​ចង់​បញ្ជូន​ជន Sayfullo Saipov ទៅ​ញាត់​ក្នុង​គុក Guantanamo មក លោក​ត្រាំ​បាន​ត្រឡប់​មក​អះអាង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២ វិច្ឆិកា​ថា លោក​ចង់​ឲ្យ​មាន​ការ​កាត់ទោស​ប្រហារជីវិត​ជន Saipov វិញ ព្រោះ​នីតិវិធី​បញ្ជូន​ទៅ​កាន់​គុក Guantanamo ហាក់​ដូច​ជា​ត្រូវ​ប្រើ​ពេល​យូរ និង​ស្មុគស្មាញ។

លោកដូណាល់ ត្រាំ​ចង់​កាត់ទោស​ប្រហារជីវិត​លើ​ភេរវជន​ដែល​វាយប្រហារ​ក្នុង​ទីក្រុង​ញូយ៉ក
លោកដូណាល់ ត្រាំ​ចង់​កាត់ទោស​ប្រហារជីវិត​លើ​ភេរវជន​ដែល​វាយប្រហារ​ក្នុង​ទីក្រុង​ញូយ៉ក REUTERS/Kevin Lamarq
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​ទម្លាប់​សព្វមួយ​ដង ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ​បណ្តាញ​សង្គម Twitter របស់​លោក។ « ខ្ញុំ​មាន​បំណង​ចង់​បញ្ជូន​ភេរវជន​នៅ​ទីក្រុង​ញូយ៉ក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ Guantanamo តែ​នីតិវិធី​មួយ​នេះ​ទំនង​ជា​ត្រូវ​ប្រើ​ពេល​យូរ​ជាង​ការ​ប្រើ​នីតិវិធី​ដោយ​ឆ្លង​កាត់​តាម​ប្រព័ន្ធ​សហព័ន្ធ » នេះ​ជា​ឃ្លាឃ្លោង​ដែល​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​បណ្តាញ​សង្គម Twitter របស់​លោក រួច​សរសេរ​បន្ថែម​ដោយ​ត្រង់ៗ និង​ចំៗ​ថា « ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​លឿន​គឺ​ប្រហារ​ជីវិត »។

សូម​រម្លឹក​ជូន​ថា ជន​អូសបេគីស្ថាន​ឈ្មោះ Sayfullo Saipov ភេទប្រុស និង​មាន​អាយុ​២៩ឆ្នាំ គឺ​ជា​ភេរវជន​ដែល​បាន​បរឡាន​ឡើង​លើ​ផ្លូវ​កង់​សំដៅ​បុក​អ្នក​ជិះកង់ និង​អ្នក​ដំណើរ​យ៉ាង​កម្រោល​ក្នុង​សង្កាត់ Manhattan ទីក្រុង​ញូយ៉ក​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៨នាក់ និង​របួស ១២នាក់​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី៣១ តុលា។ ចាប់​បាន​ទាំង​រស់ តែ​រងរបួស ជន Sayfullo Saipov បាន​បង្ហាញ​ពី​ការ​មិន​សោកស្តាយ និង​ថែម​ទាំង​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ​ក្នុង​បុព្វហេតុ​អង្គការ​រដ្ឋអ៊ីស្លាម នេះ​បើ​តាម​បណ្តឹង​របស់​រដ្ឋអាជ្ញាសហព័ន្ធ​នៅ​ក្រោយ​សួរ​ចម្លើយ។ តាម​ក្រុម​អ្នកស៊ើបអង្កេត ជន Sayfullo Saipov ហ៊ាន​ទាំង​ទាមទារ​ឲ្យ​ដាក់​ពង្រាយ​ទង់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​បន្ទប់​នៃ​មន្ទីរពេទ្យ​ដែល​ខ្លួន​កំពុង​ព្យាបាល​របួស​ទៀត​ផង។

តាម​ការ​ចោទប្រកាន់​របស់​រដ្ឋអាជ្ញា​ក្នុង​ទង្វើ​ហិង្សា និង​បំផ្លាញ​រថយន្ត ព្រម​ទាំង​ជំហរ​គាំទ្រ​អង្គការ​ភេរវនិយម​បរទេស ជន Sayfullo Saipov ប្រឈម​នឹង​ការ​ជាប់​គុក​អស់​មួយ​ជីវិត។ តែ​នៅ​ថ្ងៃ​ពុធ ទី១ វិច្ឆិកា រដ្ឋអាជ្ញា​ក្នុង​សង្កាត់ Manhattan បាន​លើក​ឡើង​នូវ​នីតិវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​កាត់ទោស​ប្រហារជីវិត​ជន Sayfullo Saipov ។ ការ​លើក​ឡើង​របស់​រដ្ឋអាជ្ញា​ក្នុង​សង្កាត់ Manhattan ដូច​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​លោក​ដូណាល់ ត្រាំ​តាំង​ពី​យប់​ថ្ងៃ​ពុធ ទី១ វិច្ឆិកា​ដដែល។ បញ្ជូន​ទៅ​ញាត់​ក្នុង​គុក Guantanamo ឬមួយ​ក៏​កាត់ទោស​ប្រហារ​ជីវិត គេ​នឹង​ដឹង​នៅ​ពេល​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ