ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
អាមេរិក

ក្រុមហ៊ុន​​អេមីរ៉ាត​បញ្ជា​​ទិញ​​យន្តហោះ​​បូអ៊ីង​​​៤០គ្រឿង​ តម្លៃ​ជាង​​១៥ពាន់​លាន​ដុល្លារ​​

media  
យន្តហោះ​បូអ៊ីង​ 777-300 របស់​ក្រុមហ៊ុន​អាកាសចរ​អេមីរ៉ាត អ៊ែរឡាញ​ Wikimedia/Adrian Pingstone

យន្តហោះ​បូអ៊ីង​អាមេរិក​កំពុង​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ​គួរកត់សម្គាល់។ ក្រុមហ៊ុន​អេមីរ៉ាត​​ នៅ​​ឌុយបៃ បាន​ចុះកិច្ចព្រមព្រៀង​​​​​​បញ្ជា​ទិញ​បូអ៊ីង​ប្រភេទ Dreamliner ៧៨៧ ចំនួន​៤០គ្រឿង​ពី​​ក្រុមហ៊ុន​​​បូអ៊ីង។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​​​​ក្រុមហ៊ុន​បូអ៊ីង​ចុះកិច្ចព្រមព្រៀង​លក់​បូអ៊ីង​៣០០គ្រឿង ទៅអោយ​ចិន។ ​​​

យន្តហោះ​បូអ៊ីង​​៤០គ្រឿង ប្រភេទ Dreamliner ៧៨៧-១០ ដែល​ក្រុមហ៊ុន​អេមីរ៉ាតអ៊ែរឡាញ ​​​ប្រកាស​​កុម្ម៉ង់​ទិញ​ពី​អាមេរិក​ មានតម្លៃ​សន្ធឹកសន្ធាប់​ ​១៥ពាន់១រយលាន​ដុល្លារ ជាតម្លៃ​ក្នុង​កាតាឡុក​។ ក្រុមហ៊ុន​អេមីរ៉ាត ដែល​ជា​ក្រុមហ៊ុនអាកាសចរ​​ធំជាងគេ​នៅតំបន់​បូព៌ា​ត្រូវការ​យន្តហោះបូអ៊ីង​ទាំងនេះ ដើម្បី​ធានា​ដំណើរការការងារ​របស់ខ្លួន អោយ​កាន់តែ​រស់រវើក និង​មាន​ស្ថិរភាព​ថែមទៀត។

អេមីរ៉ាត​ជា​អតិថិជនសំខាន់​​របស់​ក្រុមហ៊ុន​បូអ៊ីង។ ​​សព្វថ្ងៃ​នេះ ​ក្រុមហ៊ុន​អេមីរ៉ាត​មាន​បូអ៊ីង​ដល់ទៅ​១៦៥គ្រឿង ហើយ​កំពុង​កុំម៉ង់ទិញ​ច្រើនគ្រឿង​ថែមទៀត។ ការប្រគល់​យន្តហោះ Dreamliner ៧៨៧ ទៅ​អេមីរ៉ាត អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២២។​

ក្រុមហ៊ុន​បូអ៊ីង​អាមេរិក​ប្រាប់ថា កុងត្រា​ជាមួ​យអេមីរ៉ាត​នឹងជួយ​ពង្រឹង​ការងារ​ប្រជាជន​នៅសហរដ្ឋ​អាមេរិក។ ទន្ទឹមនេះដែរ បូអ៊ីង​ប្រកាស​ដែរថា បាន​ចុះកុងត្រា​លក់​បូអ៊ីង​ ៥គ្រឿង ​តម្លៃ​ប្រហែល​១ពាន់លាន​ដុល្លារ​ ទៅអោយ​ក្រុមហ៊ុន​អាហ្ស៊ែរបៃហ្សង់​អ៊ែរឡាញ។ ក្រុមហ៊ុន​អាកាសចរ​អាល់ហ្ស៊ែរបៃហ្សង់​មាន​បូអ៊ីង​អាមេរិក​២គ្រឿង​ប្រើ​រួច​ហើយ​កន្លងមក។

​​កុងត្រា​ទិញលក់​បូអ៊ីង​ទាំងនេះ ​បង្ហាញថា យន្តហោះ​អាមេរិក​កំពុង​ត្រូវប៉ាន់​គួរសម​ ក្នុង​ទីផ្សារ។ អាមេរិក​​​ទើប​នឹង​ចុះកុងត្រា តម្លៃ​៣៧ពាន់លាន​ដុល្លារ​​​ជាមួយចិន ​លក់​យន្តហោះបូអ៊ីង ​​​៣០០គ្រឿង​អោយចិន ប៉ុន្មាន​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ។ ក្នុង​ទីផ្សារ ​បូអ៊ីងកំពុងប្រកួត​​ប្រជែង​​​​​ជាមួយ​​ក្រុមហ៊ុន​អឺរ៉ុប​អ៊ែរប៊ុស។ តែ​ក្រុមហ៊ុន​អេមីរ៉ាត​ក៏ជា​អតិថិជនសំខាន់​​របស់​ក្រុមហ៊ុន​អ៊ែរប៊ុស​ដែរ។ សព្វថ្ងៃ​ អេមីរ៉ាត​មាន​យន្តហោះ​អ៊ែរប៊ុស A-៣៨០ ប្រមាណ​​១០០គ្រឿងដែរ៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ