សហរដ្ឋអាមេរិកចាត់វិធានការណ៍ថ្មីរឹតបន្តឹងការធ្វើជំនួញពាណិជ្ជកម្មជាមួយគុយបា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៩
បន្ទាប់ពីបានពិចារណាអស់ជាច្រើនសប្តាហ៍ ទីបំផុត រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់បំរាមហាមឃាត់ថ្មីមួយ ក្នុងគោលបំណងប្រឆាំងនឹងវត្តមានក្រុមយោធាគុយបា ដែលកំពុងក្តោបកាប់សេដ្ឋកិច្ចជាតិគុយបា។ បំរាមថ្មីនេះត្រូវបានចូលជាធរមានចាប់តាំងពីថ្ងៃព្រហ្បត្តិ៍ ទី៩ ខែវិច្ឆិការមកម្ល៉េះ។ បើតាមមន្រ្តីជាន់ខ្ពស់អាមរិកវិធានការណ៍ថ្មីនេះនឹងជំរុញឲ្យរដ្ឋាភិបាលគុយបាបើកចំហសេរីភាពនយោបាយនិងសេដ្ឋកិច្ចឲ្យកាន់តែធំទូលាយបន្ថែមទៀត ដើម្បីជាប្រយោធន៍ដល់ប្រជាជនគុយបា។
ដូចតាមការស្មានទុកជាមុន ទីបំផុត រដ្ឋាភិបាលអាមេរិកក្រោមរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញវិធានការណ៍តឹងរឹងប្រឆាំងនឹងរបបដឹកនាំគុយបា។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ លោក Steven Mnuchin រដ្ឋមន្រ្តីរតនាគារជាតិអាមេរិកបានអះអាងថា នយោបាយតឹងរឹងនេះ គឺក្នុងគោលបំណងធ្វើយ៉ាងណាបំបែកឥទ្ធិពលយោធាគុយបា កុំឲ្យពាក់ព័ន្ធជាមួយនឹងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ។ បំរាមហាមឃាត់នេះ គឺធ្វើយ៉ាងណាដើម្បីកុំឲ្យបណ្តូរពាណិជ្ជកម្មសេដ្ឋកិច្ចអាមេរិក-គុយបា នាំផលប្រយោធន៍ដល់ក្រុមយោធា ក្រុមភ្នាក់ងារស៊ើបការណ៍សំងាត់ និងក្រុមសន្តិសុខរបស់រដ្ឋាភិបាលគុយបា។ ប៉ុន្តែ បំរាមនេះនឹងមិនប៉ះពាល់ឡើយដល់សកម្មភាពបណ្តូរពាណិជ្ជកម្មទូទៅ ដែលអាចជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុករបស់គុយបា។
ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនក្នុងស្រុកគុយបាមួយចំនួន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមយោធាគុយបា។ និយាយរួម តាមរយៈបញ្ជីខ្មៅនេះ គឺរាល់ក្រុមហ៊ុនអាមេរិកទាំងអស់គ្មានសិទ្ធិរកស៊ីជាមួយក្រុមហ៊ុនគុយបាទាំងនោះឡើយ។ ក្រុមហ៊ុនដ៏ធំមួយឈ្មោះ Gaesa គឺជាគោលដៅនៃបំរាមនេះ។ ក្រុមហ៊ុននេះមានឈ្មោះពេញថា ក្រុមអភិបាលសហគ្រាស (Groupe d’administration d’entreprises)។ គឺជាក្រុមហ៊ុនរដ្ឋគុយបាដ៏ធំមួយមានកូនក្រុមហ៊ុនជាច្រើនទៀតនៅក្រោមចំណុះ។
ក្រុមហ៊ុនយក្សគុយបានេះក្តោបក្តាប់មួយភាគធំនៃឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ដែលជាដង្ហើមសំខាន់របស់សេដ្ឋកិច្ចជាតិគុយបា។
ក្រុមហ៊ុន Gaesa នេះត្រូវបានបង្កើតឡើងក្នុងកំឡុងទសវត្សន៍ឆ្នាំ១៩៩០។ សម័យកាលនោះ ក្រោយពីរបបសហភាពសូវៀតបានដួលរលំ គុយបាបានបាត់បង់ខ្នងបង្អែកដ៏រឹងម៉ាំមួយ។ ភ្លាមៗនោះ ស្ថានភាពសេដ្ឋកិច្ចគុយបាចាប់ផ្តើមឃ្លីងឃ្លោង។
ដោយយល់ស្ថានការណ៍ បងប្អូនប្រុស Castro ទាំងពីរនាក់ក៏បានសំរេចប្រគល់តួនាទីដល់កងទ័ពឲ្យគ្រប់គ្រងវិស័យសេដ្ឋកិច្ចជាតិ ដើម្បីធ្វើយ៉ាងអាចរកប្រាក់ចំណូលឲ្យរដ្ឋ។ ជាតំបូង កងទ័ពគុយបាបានបង្កើតក្រុមហ៊ុនមួយឈ្មោះ សហភាពសហគ្រាសយោធា (Union des entreprises militaires- UEM)។ ក្រុមហ៊ុនរដ្ឋនេះមានភារកិច្ចថែទាំ និងផលិតអាវុធយុទ្ធភ័ណ្ឌយោធាក្នុងស្រុក។ ដោយឃើញភាពជោគជ័យនៃការបង្កើតក្រុមហ៊ុនរដ្ឋ ភ្លាមៗនោះ សហភាពសហគ្រាសយោធា (UEM) ត្រូវបានផ្លាស់ប្តូរទៅជាក្រុមអភិបាលសហគ្រាស Gaesa ដើម្បីគ្រប់គ្រងកូនសហគ្រាសផ្សេងៗទៀត។ ប្រធានក្រុមហ៊ុននេះ គឺឧត្តមសេនីយ៍ Luis Alberto Rodriguez Lopez-Callejas ដែលត្រូវជាកូនប្រសារប្រធានាធិបតីគុយបាបច្ចុប្បន្ន គឺឧត្តមសេនីយ៍ Raul Castro។
បន្ទាប់មក ក្រុមយោធាក៏បានបង្កើតក្រុមហ៊ុនរដ្ឋមួយទៀត គឺក្រុមហ៊ុន Gaviota។ ក្រុមហ៊ុននេះមានបេកកម្មឃ្លាំមើលយន្តការបើកចំហរជើងមេឃ តាមរយៈការវិនិយោគលើវិស័យទេសចរណ៍។ បច្ចុប្បន្នក្រុមហ៊ុន Gaviota មានសណ្ឋាគារចំនួន ៥០ កន្លែង, ចំណតទូក-កប៉ាល់ចំនួន ៥ កន្លែង, ភោជនីយដ្ឋានជាង ២៥ កន្លែង, ក្រុមហ៊ុនអាកាសចរណ៍មួយ និងមានក្រុមហ៊ុនរថយន្តតាក់ស៊ី និងជួលរថយន្តទៀតផង។
លើសពីនេះ ដើម្បីអាចទ្រទ្រង់សន្ទុះវិស័យទេសចរណ៍ដែលកំពុងលូតលាស់គួរជាទីកត់សំគាល់ ក្រុមហ៊ុនទេសចរណ៍ឯកជនគុយបាចំនួនពីរត្រូវបានបង្កើត។ មានជាអាទិ គឺក្រុមហ៊ុន Cubanacan និង ក្រុមហ៊ុន Gran Caribe។ នៅក្រោមចំណុះក្រុមហ៊ុនយក្ស Gaesa ក៏មានផងដែរធនាគារហិរញ្ញវត្ថុអន្តរជាតិមួយឈ្មោះ Cimex និងក្រុមហ៊ុន Habaguanex ដែលមានបណ្តាញសណ្ឋាគារ និងភោជនីយដ្ឋាន។
តាមពិតទៅ ការចេញវិធានការណ៍ប្រឆាំងគុយបាជាផ្លូវការរបស់រដ្ឋការលោក ដូណាល់ ត្រាំ មិនមែនជារឿងថ្មីថ្មោងឡើយ។ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ នៅទីក្រុង Miami លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាជាមួយនឹងក្រុមអ្នកគាំទ្រអាមេរិកដើមកំណើតគុយបាថា លោកនឹងចេញនយោបាយតឹងរឹងប្រឆាំងរដ្ឋាភិបាលគុយបា។
យើងឃើញថា បើទោះបីជាវិធានការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានលក្ខណៈបច្ចេកទេសបន្តិច ក្នុងដាក់បំរាមធ្វើជំនួញ រកស៊ីជាមួយគុយបា ក៏ប៉ុន្តែ រដ្ឋាភិបាលលោក ត្រាំ ពុំហ៊ានលប់ចោលកិច្ចព្រមព្រៀងស្តារទំនាក់ទំនងជាមួយគុយបា ដែលលោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាកាលពីខែមិនា ឆ្នាំ២០១៦ឡើយ។
កាយវិការនេះបង្ហាញឲ្យដឹងថា លោក ដូណាល់ ត្រាំ គ្រាន់តែចេញវិធានការណ៍ធ្វើនេះ ដើម្បីគោរពពាក្យឃោសនាបោះឆ្នោតរបស់គាត់តែប៉ុណ្ណោះ។ ហើយជាពិសេស គឺដើម្បីផ្គាប់ចិត្តជនជាតិអាមេរិកដើមកំណើតគុយបា ដែលបានបោះឆ្នោតជូនគាត់ ព្រោះលោក ត្រាំ យល់ច្បាស់ណាស់ថា ក្រុមអ្នកទាំងនោះ គឺជាពួកប្រឆាំងស្អប់ខ្ពើមរបបដឹកនាំគុយបាបច្ចុប្បន្ន។ ប៉ុន្តែ ចង់មិនចង់ វិធានការណ៍នេះទំនងជាអាចធ្វើឲ្យសន្ទុះវិស័យទេសចរណ៍គុយបាដើរថយក្រោយ ឬពុំអាចរីកលូតលាស់លឿនដូចមុន។ វិស័យទេសចរណ៍នេះហើយ គឺជាដង្ហើមសេដ្ឋកិច្ចគុយបា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ