អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិកចាត់វិធានការណ៍ថ្មីរឹតបន្តឹងការធ្វើជំនួញពាណិជ្ជកម្មជាមួយគុយបា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ពិចារណា​អស់​ជា​ច្រើន​សប្តាហ៍​ ទីបំផុត​ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ដាក់​​បំរាម​ហាម​ឃាត់​ថ្មី​មួយ ក្នុង​គោល​បំណង​ប្រឆាំង​នឹង​វត្ត​មាន​ក្រុម​យោធា​គុយបា​ ដែល​​កំពុង​ក្តោបកាប់​សេដ្ឋកិច្ច​ជាតិ​គុយបា។​ បំរាម​ថ្មី​នេះ​ត្រូវ​បាន​ចូល​ជា​ធរមាន​ចាប់តាំ​ង​ពី​​ថ្ងៃ​ព្រហ្បត្តិ៍​ ទី​៩ ខែ​វិច្ឆិការ​មក​ម្ល៉េះ​។ បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​អាមរិក​វិធានការណ៍​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គុយបាបើក​ចំហ​សេរីភាព​នយោបាយ​និង​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​ធំ​ទូលាយ​​​បន្ថែម​ទៀត​ ដើម្បី​ជា​ប្រយោធន៍​ដល់​ប្រជាជន​គុយបា។​

រដ្ឋមន្ត្រី​រតនាគារ​ជាតិ​អាមេរិក លោក Steven Mnuchin
រដ្ឋមន្ត្រី​រតនាគារ​ជាតិ​អាមេរិក លោក Steven Mnuchin REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ការ​ស្មាន​ទុក​ជាមុន​ ទីបំផុត​ រដ្ឋាភិបាល​អាមេរិក​ក្រោម​រដ្ឋការរបស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​ចេញ​វិធានការណ៍​តឹងរឹង​ប្រឆាំង​នឹង​របប​ដឹកនាំ​គុយបា។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ លោក​ Steven Mnuchin រដ្ឋ​មន្រ្តី​រតនា​គារ​ជាតិ​អាមេរិក​បាន​អះអាង​ថា​ នយោបាយតឹងរឹងនេះ​​ គឺ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​បំបែក​ឥទ្ធិពល​យោធា​គុយបា​ កុំ​ឲ្យ​ពាក់​ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កោះ​មួយ​នេះ។​ បំរាម​ហាម​ឃាត់​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បណ្តូរ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​​អាមេរិក​-គុយបា​ នាំ​ផល​ប្រយោធន៍​ដល់​ក្រុម​យោធា​ ក្រុម​ភ្នាក់ងារ​ស៊ើប​ការណ៍​សំងាត់​ និង​ក្រុម​សន្តិសុខ​របស់​រដ្ឋាភិបាល​គុយបា។​ ប៉ុន្តែ បំរាម​នេះនឹង​​មិន​ប៉ះពាល់​ឡើយ​​ដល់​សកម្មភាព​បណ្តូរ​ពាណិជ្ជកម្ម​ទូទៅ​ ដែល​អាច​ជួយ​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​របស់​គុយបា។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​គុយបា​មួយ​ចំនួន​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​យោធា​គុយបា។​ និយាយ​រួម​ តាមរយៈ​បញ្ជី​ខ្មៅ​នេះ​ គឺរាល់​​ក្រុមហ៊ុន​អាមេរិកទាំង​អស់​​គ្មាន​សិទ្ធិរកស៊ី​ជាមួយ​ក្រុមហ៊ុន​គុយបា​ទាំង​នោះ​​ឡើយ។​ ក្រុមហ៊ុនដ៏​ធំ​មួយ​ឈ្មោះ​​ Gaesa គឺ​ជា​គោលដៅ​នៃ​បំរាម​នេះ​។​ ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ពេញ​ថា​ ក្រុម​អភិបាល​សហគ្រាស (Groupe d’administration d’entreprises)។​ គឺ​ជា​ក្រុមហ៊ុន​រដ្ឋ​គុយបា​ដ៏ធំ​មួយ​មាន​កូនក្រុមហ៊ុន​ជា​ច្រើន​ទៀត​នៅ​ក្រោម​ចំណុះ។

​ក្រុមហ៊ុន​យក្ស​គុយបា​នេះ​ក្តោប​ក្តាប់​មួយ​ភាគ​ធំ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​​ក្នុង​ប្រទេស​ ដែល​ជា​ដង្ហើម​សំខាន់​របស់​សេដ្ឋកិច្ច​ជាតិ​គុយបា។​

ក្រុមហ៊ុន​ Gaesa នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កំឡុង​ទសវត្សន៍​ឆ្នាំ​១៩៩០។​ សម័យ​កាល​នោះ​ ក្រោយ​ពី​របប​សហភាព​សូវៀត​បាន​ដួល​រលំ​ ​គុយបា​បាន​បាត់បង់​ខ្នង​បង្អែក​ដ៏​រឹងម៉ាំ​មួយ។​ ភ្លាមៗនោះ​​ ស្ថានភាព​សេដ្ឋកិច្ច​គុយបា​ចាប់​ផ្តើម​ឃ្លីង​ឃ្លោង។​

ដោយ​យល់​ស្ថានការណ៍​ បង​ប្អូន​ប្រុស​ Castro ទាំង​ពីរ​នាក់​ក៏​បាន​សំរេច​ប្រគល់​​តួនាទី​ដល់​កងទ័ព​ឲ្យ​គ្រប់​គ្រង​វិស័យ​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធ្វើ​យ៉ាង​អាច​រក​ប្រាក់​ចំណូល​ឲ្យ​រដ្ឋ។​ ជា​តំបូង​ កងទ័ព​គុយបា​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ សហភាព​សហគ្រាស​យោធា​ (Union des entreprises militaires- UEM)។​ ក្រុមហ៊ុន​រដ្ឋ​នេះ​មាន​ភារកិច្ច​ថែទាំ​ និង​ផលិត​អាវុធ​យុទ្ធភ័ណ្ឌ​យោធា​ក្នុង​ស្រុក​។​ ដោយ​ឃើញ​ភាព​ជោគជ័យ​នៃការ​បង្កើត​ក្រុមហ៊ុន​រដ្ឋ​ ​​ ភ្លាមៗ​នោះ​​ សហភាព​សហគ្រាស​យោធា​ (UEM) ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​អភិបាល​សហគ្រាស Gaesa ដើម្បី​គ្រប់​គ្រង​កូន​សហគ្រាស​ផ្សេងៗ​ទៀត។​ ប្រធាន​ក្រុមហ៊ុន​នេះ​ គឺ​ឧត្តម​សេនីយ៍​ Luis Alberto Rodriguez Lopez-Callejas ដែល​ត្រូវ​ជា​កូន​ប្រសារ​ប្រធានាធិបតី​គុយបា​បច្ចុប្បន្ន​ គឺ​ឧត្តម​សេនីយ៍​ Raul Castro។

បន្ទាប់​មក​ ក្រុម​យោធា​ក៏​បាន​បង្កើត​ក្រុមហ៊ុន​រដ្ឋ​មួយ​ទៀត​ គឺ​ក្រុមហ៊ុន​ Gaviota។​ ក្រុមហ៊ុន​នេះ​មាន​បេកកម្ម​ឃ្លាំ​មើល​យន្តការ​បើក​ចំហរ​ជើង​មេឃ​​ តាម​រយៈ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ Gaviota មាន​សណ្ឋាគារ​ចំនួន​ ៥០ កន្លែង​, ចំណត​ទូក-កប៉ាល់​ចំនួន​ ៥ កន្លែង​, ភោជនីយដ្ឋាន​ជាង​ ២៥ កន្លែង​, ក្រុមហ៊ុន​អាកាសចរណ៍​​មួយ​ និង​មាន​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ និង​ជួល​រថយន្ត​ទៀត​ផង។

​ លើស​ពី​នេះ​​ ដើម្បី​អាច​ទ្រទ្រង់​សន្ទុះ​វិស័យ​ទេសចរណ៍​ដែល​កំពុង​លូត​លាស់​គួរ​ជាទី​កត់​សំគាល់​ ក្រុមហ៊ុន​ទេសចរណ៍​ឯកជន​គុយបា​ចំនួន​ពីរ​ត្រូវ​បាន​បង្កើត។​ មាន​ជា​អាទិ​ គឺ​ក្រុមហ៊ុន​ Cubanacan និង​ ក្រុមហ៊ុន​ Gran Caribe។ នៅ​ក្រោម​ចំណុះ​ក្រុមហ៊ុន​យក្ស​ Gaesa ក៏​មាន​ផង​ដែរ​ធនាគារហិរញ្ញវត្ថុ​​អន្តរជាតិ​មួយ​ឈ្មោះ​ Cimex និង​ក្រុមហ៊ុន​ Habaguanex ដែល​មានបណ្តាញ​​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន។​

តាម​ពិត​ទៅ​ ការ​ចេញ​វិធានការណ៍​ប្រឆាំង​គុយ​បាជាផ្លូវការ​​របស់​រដ្ឋការលោក​ ដូណាល់​ ត្រាំ មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ឡើយ។​ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​នេះ​ នៅ​ទីក្រុង​ Miami ​លោក​ ដូណាល់​ ត្រាំ ធ្លាប់​បាន​សន្យា​ជាមួយ​នឹង​​​ក្រុម​អ្នក​គាំទ្រ​អាមេរិក​ដើម​កំណើត​គុយបា​ថា​ លោក​នឹង​ចេញ​នយោបាយ​តឹងរឹង​ប្រឆាំង​រដ្ឋាភិបាល​គុយបា។

យើង​ឃើញ​ថា​ បើ​ទោះបី​ជា​វិធាន​ការណ៍​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ មាន​លក្ខណៈ​បច្ចេកទេស​បន្តិច​ ក្នុង​ដាក់​បំរាម​ធ្វើ​ជំនួញ ​រកស៊ី​ជាមួយ​គុយបា​ ក៏​ប៉ុន្តែ រដ្ឋាភិបាល​​លោក​​ ត្រាំ ពុំ​ហ៊ាន​​លប់​ចោល​កិច្ចព្រម​ព្រៀង​ស្តារ​ទំនាក់​ទំនងជាមួយ​គុយបា​​ ដែល​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មិនា​ ឆ្នាំ​២០១៦​ឡើយ​។

កាយវិការ​នេះ​​បង្ហាញ​ឲ្យ​ដឹង​ថា​ លោក​ ដូណាល់​ ត្រាំ ​គ្រាន់​តែ​ចេញ​វិធាន​ការណ៍​ធ្វើ​នេះ​ ដើម្បី​គោរព​ពាក្យ​ឃោសនា​បោះឆ្នោត​របស់​គាត់​តែ​ប៉ុណ្ណោះ​។​ ហើយ​ជា​ពិសេស​ គឺ​ដើម្បី​ផ្គាប់​ចិត្ត​ជនជាតិ​អាមេរិក​ដើម​កំណើត​គុយបា​ ដែល​បាន​បោះឆ្នោត​ជូន​គាត់ ព្រោះ​លោក​ ត្រាំ យល់​ច្បាស់​ណាស់​ថា​ ក្រុមអ្នក​ទាំង​នោះ​ គឺ​ជា​​ពួក​ប្រឆាំង​ស្អប់​ខ្ពើមរបប​ដឹកនាំគុយបា​បច្ចុប្បន្ន។ ប៉ុន្តែ ចង់​មិន​ចង់​ ​វិធានការណ៍​នេះ​ទំនង​ជា​អាច​ធ្វើ​ឲ្យ​សន្ទុះ​វិស័យ​ទេសចរណ៍​គុយបា​ដើរ​ថយ​ក្រោយ​ ឬ​ពុំ​អាចរីក​លូត​លាស់​លឿន​ដូច​មុន។ វិស័យ​ទេសចរណ៍​នេះ​ហើយ​ គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​គុយបា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ