អង្គការសហប្រជាជាតិបរាជ័យមិនអាចពន្យារអាណត្តិក្រុមស៊ើបអង្កេតអាវុធគីមីស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៦
អង្គការសហប្រជាជាតិបានជួបបរាជ័យ ក្នុងការបោះឆ្នោតសំណើពន្យារអាណត្តិការងារក្រុមស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅស៊ីរី។ ម្សិលមិញនេះ សំណើពន្យារការស៊ើបអង្កេតរបស់អាមេរិក និងរុស្ស៊ី ទាំង២សំណើ សុទ្ធតែត្រូវបានគេបោះឆ្នោតទាត់ចោល នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាណត្តិការងារក្រុមស៊ើបអង្កេតអាវុធគីមីនៅស៊ីរី ត្រូវផុតកំណត់នៅល្ងាចថ្ងៃសុក្រនេះ។ ព្រឹកថ្ងៃសុក្រនេះ ក្រុមប្រឹក្សាសន្តិសុខនឹងពិនិត្យមើលសំណើរបស់ជប៉ុនវិញម្តង។
សមាជិកអង្គការសហប្រជាជាតិទាត់ចោលទាំងសំណើអាមេរិក ទាំងសំណើរុស្ស៊ី
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរាជ័យមិនអាចបោះឆ្នោតចេញសំណើពន្យារអាណត្តិការងារក្រុមស៊ើបអង្កេត អាវុធគីមីនៅស៊ីរី តែម្នាក់ៗបែរជានាំគ្នាចោទប្រកាន់គ្នាទៅវិញទៅមក។ ការបោះឆ្នោតម្សិលមិញ ប្រៀបបាននឹងសាច់រឿងក្នុងភាពយន្តអញ្ចឹង គេមានអារម្មណ៍ថា សមាជិកអង្គការសហប្រជាជាតិ ដូចជាមានការមិនស្មោះត្រង់នឹងគ្នាច្រើនណាស់ បានជាមិនអាចអនុម័តសំណើនេះបាន។
ទាក់ទងនឹងការពន្យារអាណត្តិការងារក្រុមស៊ើបអង្កេតអាវុធគីមីនៅស៊ីរីនេះ គឺមានសំណើ២ ១ជាសំណើរបស់អាមេរិក មួយទៀត របស់រុស្ស៊ី។ សំណើអាមេរិកត្រូវបានប្រទេសចំនួន១១បោះឆ្នោតអោយ តែរុស្ស៊ីចេញវេតូជំទាស់ បូលីវីក៏ជំទាស់សំណើអាមេរិកដែរ។ ចិននិងអេហ្ស៊ីបវិញបោះអនុប្បវាទ។ នេះមួយឡែក។ មួយឡែកទៀត គឺថា សំណើរបស់រុស្ស៊ីវិញ ក៏ត្រូវគេបោះឆ្នោតប្រឆាំងដូចគ្នាដែរ។ សំណើរុស្ស៊ីទទួលបានសម្លេងគាំទ្រតែ៤ទេ ហើយមានសម្លេងប្រឆាំង៧ និងអនុប្បវាទ៤។ ដើម្បីអោយអនុម័តចេញសំណើបាន ទាល់តែមានសម្លេងគាំទ្រភាគច្រើន៩សម្លេង ហើយមិនត្រូវមានវេតូជំទាស់ពីសមាជិកក្រុមប្រឹក្សាទេ។
ដល់តែគ្រប់គ្នាសង្ឃឹមថា អាចពន្យារអាណត្តិការងារក្រុមស៊ើបអង្កេតអាវុធគីមីស៊ីរីបាន តែបែរជាគ្មានសំណើណាមួយត្រូវគេបោះឆ្នោតអនុម័ត អញ្ចឹងទៅ តាំងនាំគ្នាចោទគ្នាទៅវិញទៅមកហើយថា មកពីឯង មកពីអញ ទើបបរាជ័យដូច្នេះ។
វេតូរុស្ស៊ីម្សិលមិញ ប្រឆាំងសំណើអាមេរិក ជាវេតូទី២ហើយទាក់ទងបញ្ហាស៊ីរី។ ឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ លោកស្រីនីគី ហាឡី ព្រមានរុស្ស៊ីថា អាមេរិកអាចនឹងវាយប្រហារមូលដ្ឋានទ័ពអាកាសស៊ីរីជាថ្មីទៀតផង។
ទាក់ទងអាវុធគីមីស៊ីរី សូមរំលឹកថា កាលពីឆ្នាំ២០១៣ ក្រោយរុស្ស៊ីនិងអាមេរិកចរចាគ្នា សម្រេចបានកិច្ចព្រមព្រៀងអាវុធគីមីស៊ីរីនោះ រដ្ឋាភិបាលលោកអាសាដបានយល់ព្រមកំទេចអាវុធគីមីអោយអស់ពីក្នុងប្រទេស។
សំណើអាមេរិកនិងសំណើរុស្ស៊ីមានខ្លឹមសារខុសគ្នា
សំណើរុស្ស៊ីនិងអាមេរិកដូចគ្នាតែមួយចំណុចទេ គឺពន្យារអាណត្តិការងារក្រុមស៊ើបអង្កេតអាវុធគីមីនៅស៊ីរី អោយបាន១ឆ្នាំថែមទៀត។ ក្រៅពីនេះគឺខុសគ្នាទាំងស្រុង។ សំណើរុស្ស៊ីទាមទារអោយមានការសើរើមើលឡើងវិញ ពីបេសកកម្មរបស់ក្រុម ស៊ើប អង្កេតអាវុធគីមីមួយនេះ។ សូមរំលឹកថា ក្រុមស៊ើបអង្កេតការប្រើអាវុធគីមីនៅស៊ីរី ហៅកាត់ថា ក្រុមJIM បង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់អាមេរិកនិងរុស្ស៊ី។ ក្នុងក្រុមនេះ មានអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី OIAC។ ក្រុមស៊ើបអង្កេតនឹងផុតអាណត្តិការងារនៅយប់ថ្ងៃសុក្រនេះហើយ។
រុស្ស៊ីចង់អោយសើរើបេសកកម្មការងារក្រុមឡើងវិញនេះ គឺដោយសារជំទាស់ទាំងស្រុងនូវរបាយការណ៍ការងាររបស់ក្រុមស៊ើបអង្កេតមួយនេះ។ ចុងខែតុលា ក្រុមស៊ើបអង្កេតJIM បានចេញរបាយការណ៍ចោទរដ្ឋាភិបាលស៊ីរីទាំងស្រុង ថាបានប្រើប្រាស់អាវុធគីមី ឧស្ម័នរ៉ាសាំង នៅតំបន់ខាន់ ឈែកឃូន ក្នុងខែត្រអ៊ីតលីប កាលពីខែមេសា ធ្វើអោយស្លាប់មនុស្សជាង៨០នាក់។
រុស្ស៊ីវិញលើកឡើងថា អាវុធគីមីដែលរកឃើញនៅស៊ីរីកាលនោះ គឺបណ្តាលមកពីមានការផ្ទុះនៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនិងក្រុមជីហាត។ រុស្ស៊ីយល់ថា ក្រុមស៊ើបអង្កេតធ្វើការមិនល្អទេកន្លងមក គឺក្រុមនេះស្រង់យកភស្តុតាង រឺសាក្សីដែលផ្តល់ខ្លឹមសារបែបប្រហាក់ប្រហែលប៉ុណ្ណោះ ពោលគឺមិនអាចយកជាការច្បាស់លាស់ទេ។ ជាទូទៅ ក្រុមស៊ើបអង្កេតនេះចោទកងទ័ពស៊ីរីថា ប្រើអាវុធគីមី តែក៏ចោទក្រុមភេរវជនរដ្ឋអ៊ីស្លាមដូចគ្នាដែរថា ប្រើអាវុធគីមីសម្លាប់មនុស្ស។
គួររំលឹកដែរថា ក្រោយរកឃើញថា មានការប្រើអាវុធគីមី នៅស៊ីរី កាលពីខែមេសា លោកដូណាល់ ត្រាំ បានបញ្ជាអោយកងទ័ពអាមេរិកបាញ់មីស៊ីលទៅលើមូលដ្ឋានយោធាស៊ីរី។
ទាក់ទងនឹងសំណើអាមេរិកសុំអោយពន្យារពេលអាណត្តិការងារក្រុមស៊ើបអង្កេតនេះវិញ គឺមានការគាំទ្រច្រើនពីខាងប្រទេសអឺរ៉ុប។ អាមេរិកចង់ដាក់ទណ្ឌកម្មទៅលើជនដៃដល់ដែលប្រើអាវុធគីមីនៅស៊ីរី។ មានន័យថា បើក្រុមស៊ើបអង្កេតទំលាក់កំហុសលើរដ្ឋាភិបាលលោកអាសាដ និងលើក្រុមភេរវជន អញ្ចឹងទាំងអស់គ្នាហ្នឹង ត្រូវតែទទួលទណ្ឌកម្ម។ លោកដូណាល់ ត្រាំ ធ្លាប់លេងធម៌ក្តៅ បញ្ជូនទាហានអាមេរិកអោយបាញ់មីស៊ីលលើទីតាំងយោធាស៊ីរីរួចហើយ មានន័យថា លោកត្រាំគាំទ្រការងារក្រុមស៊ើបអង្កេតអាវុធគីមីនៅស៊ីរីទាំងស្រុង មិនចង់អោយមានការសើរើអ្វីក្នុងក្រុមទេ ក្រៅតែពីពន្យារអាណត្តិក្រុមមួយនេះ។ លោកត្រាំប្រាប់ថា ចង់ធ្វើការជាមួយលោកពូទីន ដោះស្រាយបញ្ហាស៊ិរីក៏ពិតមែន តែយើងឃើញថា លោកត្រាំមិនបានពេញចិត្តមិនបានគាំទ្រលោកអាសាដទេ។
ដោយឡែក នៅអង្គការសហប្រជាជាតិម្សិលមិញ ជប៉ុនក៏ចេញសំណើមួយនឹងដែរ។ សំណើជប៉ុនមានខ្លឹមសារដូចម្តេចដែរ។ ជប៉ុនស្នើអោយពន្យារពេល៣០ថ្ងៃ ដើម្បីអោយគ្រប់គ្នាអាចស្រុះស្រួលគ្នា ត្រូវរ៉ូវគ្នាចំពោះក្រុមស៊ើបអង្កេតអាវុធគីមីនៅស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ