អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​​សហប្រជាជាតិ​​​បរាជ័យ​​មិនអាច​​ពន្យារ​​​​អាណត្តិ​​ក្រុម​​ស៊ើប​​អង្កេត​​អាវុធ​​គីមី​​ស៊ីរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សហប្រជាជាតិ​បាន​ជួបបរាជ័យ​​ ក្នុង​ការ​បោះឆ្នោត​សំណើ​ពន្យារ​អាណត្តិការងារ​​​ក្រុមស៊ើបអង្កេត​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី។ ម្សិលមិញ​នេះ សំណើ​ពន្យារ​​ការ​ស៊ើបអង្កេតរបស់​​​​​អាមេរិក ​និង​រុស្ស៊ី ទាំង២​សំណើ​ ​សុទ្ធតែ​ត្រូវ​បាន​គេបោះឆ្នោត​ទាត់ចោល នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ អាណត្តិ​ការងារ​ក្រុម​ស៊ើបអង្កេត​អាវុធ​គីមី​នៅ​ស៊ីរី​ ​ត្រូវ​ផុត​កំណត់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ ព្រឹកថ្ងៃសុក្រ​នេះ ​ក្រុមប្រឹក្សាស​ន្តិសុខ​នឹង​ពិនិត្យ​មើល​សំណើ​របស់​ជប៉ុន​វិញម្តង។ ​ ​

សមាជិក​​អង្គការ​សហប្រជាជាតិបោះឆ្នោត​លើ​សំណើ​ពន្យារ​អាណត្តិ​ការងារ​ក្រុម​ស៊ើបអង្កេត​អាវុធ​គីមី​ស៊ីរី ថ្ងៃ​១៦​វិច្ឆិកា​២០១៧
សមាជិក​​អង្គការ​សហប្រជាជាតិបោះឆ្នោត​លើ​សំណើ​ពន្យារ​អាណត្តិ​ការងារ​ក្រុម​ស៊ើបអង្កេត​អាវុធ​គីមី​ស៊ីរី ថ្ងៃ​១៦​វិច្ឆិកា​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

សមាជិក​អង្គការ​សហប្រជាជាតិ​ទាត់ចោល​ទាំងសំណើ​អាមេរិក ទាំងសំណើ​រុស្ស៊ី

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​បរាជ័យ​មិនអាច​បោះឆ្នោត​ចេញ​​​សំណើ​ពន្យារ​អាណត្តិ​ការងារ​ក្រុមស៊ើបអង្កេត​ ​អាវុធ​គីមី​​នៅស៊ីរី​ តែ​ម្នាក់ៗ​បែរជានាំគ្នា​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក។ ការបោះឆ្នោត​ម្សិលមិញ ប្រៀបបាន​នឹង​​សាច់រឿង​ក្នុង​ភាព​យន្ត​អញ្ចឹង​ គេ​មានអារម្មណ៍​ថា សមាជិក​អង្គការ​សហប្រជាជាតិ​ ​ដូចជា​​មាន​ការ​មិនស្មោះត្រង់​នឹងគ្នា​ច្រើនណាស់ បានជា​មិនអាច​អនុម័តសំណើ​នេះបាន។ ​

ទាក់ទង​នឹង​ការពន្យារអាណត្តិ​ការងារ​ក្រុមស៊ើបអង្កេត​អាវុធ​គីមី​នៅ​ស៊ីរី​នេះ គឺមាន​សំណើ​២ ១​ជា​សំណើ​របស់​អាមេរិក មួយទៀត របស់​រុស្ស៊ី។ សំណើ​អាមេរិក​ត្រូវបានប្រទេស​ចំនួន​១១​បោះឆ្នោត​អោយ តែ​រុស្ស៊ី​ចេញ​វេតូ​ជំទាស់ បូលីវី​ក៏​ជំទាស់​សំណើ​អាមេរិក​ដែរ។ ចិន​និង​អេហ្ស៊ីប​វិញ​បោះ​អនុប្បវាទ។ ​នេះ​មួយឡែក។ មួយឡែកទៀត គឺថា​ ​សំណើ​របស់​រុស្ស៊ីវិញ ក៏ត្រូវគេ​បោះឆ្នោត​ប្រឆាំង​ដូចគ្នា​ដែរ។ សំណើ​រុស្ស៊ី​ទទួលបាន​សម្លេង​គាំទ្រ​តែ​៤ទេ ហើយ​មាន​សម្លេង​ប្រឆាំង​៧ និង​អនុប្បវាទ​៤។ ដើម្បី​អោយ​អនុម័ត​ចេញ​សំណើ​បាន ទាល់តែ​មាន​សម្លេង​គាំទ្រ​ភាគច្រើន​៩សម្លេង ហើយ​មិនត្រូវ​មា​នវេតូ​ជំទាស់​ពី​សមាជិក​ក្រុមប្រឹក្សា​ទេ។

ដល់តែ​គ្រប់គ្នា​សង្ឃឹម​ថា អាច​ពន្យារ​អាណត្តិ​ការងារ​ក្រុម​ស៊ើប​អង្កេត​អាវុធ​​គីមី​ស៊ីរី​​បាន តែបែរជា​​គ្មានសំណើ​ណាមួយ​ត្រូវគេបោះឆ្នោត​អនុម័ត អញ្ចឹង​ទៅ ​តាំង​នាំគ្នា​ចោទគ្នា​ទៅវិញ​ទៅមកហើយ​​ថា ​មកពី​ឯង មកពី​អញ​​ ទើប​បរាជ័យ​ដូច្នេះ។ ​

វេតូ​រុស្ស៊ី​ម្សិលមិញ ប្រឆាំង​សំណើ​អាមេរិក ជា​វេតូ​ទី២​ហើយទាក់ទង​បញ្ហា​ស៊ីរី។ ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី​នីគី ហាឡី ​​ព្រមាន​​រុស្ស៊ី​​ថា អាមេរិក​អាច​នឹង​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​ជាថ្មី​ទៀតផង។ ​

ទាក់ទង​អាវុធ​គីមី​ស៊ីរី សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៣ ​ក្រោយ​រុស្ស៊ី​និងអាមេរិកចរចា​គ្នា ​សម្រេច​បានកិច្ចព្រមព្រៀង​អាវុធគីមី​​ស៊ីរី​នោះ រដ្ឋាភិបាល​លោក​អាសាដ​បាន​យល់ព្រម​កំទេច​អាវុធ​គីមី​អោយអស់​ពី​ក្នុង​ប្រទេស។ ​

​​​សំណើ​អាមេរិក​និង​សំណើ​រុស្ស៊ី​មានខ្លឹមសារ​ខុសគ្នា

សំណើ​រុស្ស៊ី​និង​អាមេរិក​ដូចគ្នា​តែ​មួយចំណុច​ទេ គឺពន្យារ​អាណត្តិ​ការងារ​​​ក្រុម​ស៊ើបអង្កេត​អាវុធ​គីមី​នៅ​ស៊ីរី អោយ​បាន​១ឆ្នាំ​ថែមទៀត។ ក្រៅពីនេះ​គឺខុសគ្នា​ទាំងស្រុង។ សំណើ​រុស្ស៊ី​ទាមទារ​អោយ​មាន​ការសើរើ​មើល​ឡើងវិញ ​ពី​បេសកកម្ម​របស់​ក្រុម ស៊ើប អង្កេត​អាវុធ​គីមី​មួយនេះ។ សូមរំលឹក​ថា ក្រុម​ស៊ើបអង្កេត​ការប្រើអាវុធ​គីមី​នៅ​ស៊ីរី ហៅ​កាត់ថា ក្រុមJIM បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ក្រោម​ការផ្តួចផ្តើម​របស់​អាមេរិក​និង​រុស្ស៊ី។ ក្នុង​ក្រុម​នេះ មាន​អ្នកជំនាញ​របស់​​អង្គការ​សហ​ប្រជាជាតិ និង​​អ្នកជំនាញ​មកពី​អង្គការ​ហាមឃាត់​អាវុធ​គីមី OIAC។ ក្រុម​ស៊ើបអង្កេត​នឹង​ផុត​អាណត្តិការងារ​នៅ​យប់​ថ្ងៃសុក្រ​នេះហើយ។

រុស្ស៊ី​ចង់​អោយ​សើរើ​​បេសកកម្ម​ការងារ​ក្រុម​ឡើងវិញ​នេះ គឺដោយសារ​ជំទាស់​ទាំងស្រុង​នូវរបាយការណ៍​ការងារ​របស់​ក្រុមស៊ើបអង្កេត​មួយនេះ។ ចុងខែ​តុលា​ ​​ក្រុមស៊ើប​អង្កេតJIM បាន​ចេញ​របាយការណ៍​ចោទ​​រដ្ឋាភិបាល​ស៊ីរី​ទាំងស្រុង ថា​បានប្រើប្រាស់​អាវុធ​គីមី ឧស្ម័ន​រ៉ាសាំង នៅ​តំបន់​ខាន់ ឈែកឃូន ​ក្នុង​ខែត្រ​អ៊ីតលីប កាលពី​ខែ​មេសា ធ្វើអោយ​​ស្លាប់​មនុស្ស​ជាង​៨០នាក់។

​រុស្ស៊ី​វិញ​លើកឡើង​ថា ​អាវុធ​គីមី​ដែល​រកឃើញ​នៅ​ស៊ីរី​កាលនោះ​ គឺ​​បណ្តាល​មកពី​មានការ​ផ្ទុះ​នៅ​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​និង​ក្រុម​ជីហាត​។ រុស្ស៊ី​យល់ថា ​​​​ក្រុមស៊ើបអង្កេតធ្វើការ​មិនល្អ​ទេ​កន្លងមក គឺ​ក្រុមនេះស្រង់យក​ភស្តុតាង រឺ​សាក្សី​ដែល​ផ្តល់​ខ្លឹមសារ​បែប​​ប្រហាក់ប្រហែល​​​ប៉ុណ្ណោះ ពោល​គឺមិនអាច​យកជា​ការ​ច្បាស់លាស់ទេ។ ជាទូទៅ ​ក្រុមស៊ើប​អង្កេត​នេះចោទ​កងទ័ព​ស៊ីរី​ថា ប្រើអាវុធ​គីមី តែក៏​ចោទ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាមដូចគ្នា​ដែរ​ថា ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​។

គួររំលឹក​ដែរថា ក្រោយ​រកឃើញ​ថា ​មានការ​ប្រើ​អាវុធគីមី​ នៅ​ស៊ីរី កាលពី​ខែ​មេសា​ ​​លោក​ដូណាល់ ត្រាំ បាន​​បញ្ជា​អោយ​កងទ័ព​អាមេរិ​កបាញ់​​មីស៊ីល​ទៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី។

​ទាក់ទង​នឹង​សំណើ​អាមេរិក​សុំអោយ​ពន្យារ​ពេល​អាណត្តិការងារ​ក្រុម​ស៊ើបអង្កេត​នេះ​វិញ គឺ​មាន​ការគាំទ្រ​ច្រើន​ពី​ខាង​ប្រទេស​អឺរ៉ុប​។ អាមេរិក​ចង់ដាក់​​ទណ្ឌកម្ម​ទៅលើ​ជនដៃដល់​ដែល​ប្រើ​អាវុធ​គីមី​នៅស៊ីរី។ មានន័យថា បើ​ក្រុម​ស៊ើបអង្កេត​ទំលាក់​កំហុស​លើ​រដ្ឋាភិបាល​លោក​អាសាដ និង​លើ​ក្រុម​ភេរវជន អញ្ចឹងទាំងអស់គ្នា​ហ្នឹង​ ត្រូវតែ​ទទួលទណ្ឌកម្ម។ ​លោក​ដូណាល់ ត្រាំ ធ្លាប់​លេងធម៌​ក្តៅ បញ្ជូន​ទាហាន​អាមេរិ​កអោយ​បាញ់​មីស៊ីល​លើ​ទីតាំង​យោធា​ស៊ីរី​រួចហើយ មានន័យថា​ លោក​ត្រាំ​គាំទ្រការងារ​​ក្រុមស៊ើបអង្កេត​អាវុធ​គីមី​នៅ​ស៊ីរី​ទាំងស្រុង មិនចង់​អោយ​មាន​ការសើរើ​អ្វី​ក្នុង​ក្រុម​ទេ ក្រៅតែ​ពី​ពន្យារ​អាណត្តិ​ក្រុមមួយនេះ។ ​​លោក​ត្រាំ​ប្រាប់ថា ចង់ធ្វើការ​ជាមួយ​លោក​ពូទីន​ ដោះស្រាយ​បញ្ហា​ស៊ិរី​ក៏ពិតមែន តែ​​យើងឃើញថា លោក​ត្រាំ​មិនបានពេញចិត្ត​មិនបាន​គាំទ្រ​លោក​អាសាដទេ។ ​

ដោយឡែក នៅ​អង្គការ​សហប្រជាជាតិ​ម្សិលមិញ ជប៉ុន​ក៏ចេញ​សំណើ​មួយ​នឹងដែរ។ សំណើ​ជប៉ុន​មានខ្លឹមសារ​ដូចម្តេចដែរ។ ​ជប៉ុន​ស្នើអោយ​ពន្យារ​ពេល​៣០ថ្ងៃ ដើម្បី​អោយ​គ្រប់គ្នា​អាច​ស្រុះស្រួលគ្នា ​ត្រូវរ៉ូវគ្នា​ចំពោះ​ក្រុមស៊ើបអង្កេត​អាវុធ​គីមី​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ