ពិភពលោកផ្ទុះប្រតិកម្មក្រោយសេចក្តីប្រកាសរបស់លោក ត្រាំ ស្តីពីក្រុងហ្ស៊េរុយសាឡិម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៤
ទោះបីប្រមុខដឹកនាំប្រទេសនៅលើពិភពលោកជាច្រើន បានព្រមានពីអំពីផលវិបាកជាយថាហេតុយ៉ាងណាក៏ដោយ ក៏លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមិនខ្វល់យកត្រចៀកស្តាប់ដែរ ! លោកបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃពុធទី ៦ ធ្នូ ទទួលស្គាល់ ហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយបានប្រកាសរើស្ថានទូតអាមេរិកទៅទីនោះវិញ នៅថ្ងៃខាងមុខ។ សម្រាប់លោកត្រាំ សេចក្តីសម្រេចនេះ ជាការជំរុញដំណើរស្វែងរកសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ប៉ុន្តែកំហឹងនិងប្រតិកម្មបានផ្ទុះឡើងយ៉ាងខ្លាំង និងព្រោងព្រាត។ ប៉ាឡេស្ទីនដែលទាមទាររយកហ្ស៊េរុយសាឡិមខាងកើតមកធ្វើជារដ្ឋធានី របស់ខ្លួនដែរនៅពេលក្លាយជារដ្ឋឯករាជ្យ បានអំពាវនាវធ្វើសង្គ្រាមIntifada។
កំហឹងនិងប្រតិកម្ម បានផ្ទុះធ្លាក់មកលាជ និងកាន់តែច្រើនឡើងៗ ក្រោយបានឮសេចក្តីប្រកាសជាផ្លូវការរបស់លោកត្រាំ ទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមភ្លាម។ បារាំងបានបញ្ចេញប្រតិកម្មមុនគេតាមរយៈប្រសាសន៍របស់លោក អេម៉ានុយអែល ម៉ាក្រុង ពីទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី ថាជាសេចក្តីសម្រេចដ៏គួរឱ្យសោកស្តាយបំផុត។
អឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា ឆ្លងដល់អាស៊ី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ... សុទ្ធតែបាននាំគ្នាសម្តែងការព្រួយបារម្ភ និងបង្ហាញជំហរប្រឆាំងនឹងលោកត្រាំ ស្ទើរជាឯកច្ឆ័ន្ទ ថាជាសេចក្តីសម្រេចគ្មានទំនួលខុសត្រូវ មិនសមហេតុផល គ្មានការពិចារណា ...
ខាងអាហ្វ្រិកស្ងាត់មាត់ជាងគេ តែខាងពិភពអារ៉ាប ដោយគ្មានការភ្ញាក់ផ្អើលបានបញ្ចេញកំហឹងយ៉ាងសន្ធោសន្ធៅ។ សម្រាប់អារ៉ាប៊ីសាអូឌីត ហ្ស័កដានី តួកគី និងអ៊ីរ៉ង់ អាមេរិកកំពុងរំលោភច្បាប់អន្តរជាតិ រំលោភសាសនា។ ឯប៉ាឡេស្ទីនវិញ ចុកចាប់ជាងគេបំផុត ! ចលនាហាម៉ាសក៏ដូចជាអាជ្ញាធរប៉ាឡេស្ទីន លែងទទួលស្គាល់ សហរដ្ឋអាមេរិក ជាអន្តរការី សម្រាប់ដំណើរការស្វែងរកសន្តិភាពឱ្យតំបន់ដើមបូព៌ាទៀតហើយ ហើយបានប្រកាសធ្វើសង្គ្រាម Intifada។ លោក ម៉ាមូតអាប៉ាស ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន យល់ថាពេលនេះ ទោះត្រូវធ្វើសង្គ្រាម ចុះនរក ក៏ប៉ាឡេស្ទីនក្រាញស្លាប់នៅហ្ស៊េរុយសាឡិមដែរ !
មានតែអ៊ីស្រាអែលមួយគត់ ដែលបានចាត់ទុកថ្ងៃទី ៦ ធ្នូ ជាថ្ងៃប្រវត្តិសាស្ត្រ ! ជាថ្ងៃដែលហ្ស៊េរុយសាឡិមរស់ឡើងវិញ ដោយបានក្លាយជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក នេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថែមទាំងបង្ហាញភាពជឿជាក់ ប្រកបដោយមោទនភាពថា នឹងមានប្រទេសជាច្រើនទៀត ធ្វើតាមគំរូអាមេរិក ទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានី។ ប៉ុន្តែទន្ទឹមនឹងភាពរីករាយអំណរ អ៊ីស្រាអែលក៏បានដាក់ពង្រាយកម្លាំងទ័ពបន្ថែម នៅតំបន់អាណានិគមកិច្ចអ៊ីស្រាអែលលើប៉ាឡេស្ទីន ដើម្បីត្រៀមនឹងទប់ អំពើហិង្សារបស់ប៉ាឡេស្ទីន។
អង្គការសហប្រជាជាតិ បើកប្រជុំបន្ទាន់
អង្គការសហប្រជាជាតិបានសេចក្តីសេចក្តីថ្លែងការណ៍ ថ្កោលទោស តែដោយមិនប្រើឈ្មោះ ដូណាល់ ត្រាំ ដោយចំឡើយ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងបញ្ជាក់ថាលោកប្រឆាំងដាច់ខាតរាល់គ្រប់វិធានការសម្រេចជាឯកតោភាគី ដែល រារាំងរំខានដល់ដំណើរការចរចាសន្តិភាព ឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លក្ខន្តិកៈក្រុងហ្ស៊េរុយសាឡិម ត្រូវតែជាដំណោះស្រាយនៃការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ក្រោមម្លប់របស់ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ។ ចំពោះលោកអគ្គលេខាធិការ ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន គ្មានច្រកណាស្រាយចេញក្រៅពីបង្កើតរដ្ឋពីររស់ក្បែរគ្នាទេ។
ក្រុមប្រឹក្សាសន្តិសុខ នឹងជំនួបប្រជុំបន្ទាន់ នៅថ្ងៃសុក្រស្អែកព្រឹក តាមសំណើរបស់ប្រទេសចំនួន៨ ក្នុងចំណោម១៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍និងមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា ដូចជា ស៊ុយអែត បារាំង អ៊ីតាលី អង់គ្លេស បូលីវី អ៊ុយរ៉ាហ្កាយ អេហ្ស៊ីប និងសេណេហ្គាល់។
ប៉ាឡេស្ទីននឹងគ្មានចំណែកនៅហ្ស៊េរុយសាឡិម
លោក ត្រាំបានដឹងយ៉ាងច្បាស់ថា សេចក្តីសម្រេចចិត្តរបស់លោកមានហានិភ័យខ្ពស់ណាស់ អាចនឹងធ្វើឱ្យផ្ទុះភាពតានតឹងនៅក្នុងតំបន់ផង ! ហេតុដូច្នេះហើយបានជានៅក្នុងសេចក្តីថ្លែងការណ៍ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ព្រមទាំងបានរំលឹកឡើងវិញ អំពីជំហររបស់អាមេរិក ក្នុងការស្វែងរកសន្តិភាពឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយបង្កើតឱ្យមានរដ្ឋពីររស់ក្បែរគ្នា។
ប៉ុន្តែបញ្ហានៅត្រង់ថា ពេលនេះ លោកត្រាំបានទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយប្រុងលើកទូតទៅតាំងនៅទីនោះទៀត មានន័យថាលោកត្រាំប្រកាន់ខាងហើយ ! មិនមែនជាអ្នកសម្របសម្រួលអព្យាក្រឹត្យ ជួនលំអៀង ជួនមិនលម្អៀង ដូចពីមុនទៀតទេ។
លោក ត្រាំ តែងបានអួតលើកតម្កើងខ្លួនជាថាមានថ្វីមាត់ ជាមេចាត់ចែងរកកិច្ចសន្យាធំៗ (ក្នុងវិស័យជំនួញ) ដែលអាចសម្រេចរកឃើញកិច្ចព្រមព្រៀងជានិរន្តមួយឱ្យជម្លោះតំបន់ដើមបូព៌ានេះ ! លោកសន្យាថានឹងធ្វើឱ្យសម្រេចជោគជ័យ ចំណុចណាដែលប្រធានាធិបតីអាមេរិកមុនៗធ្វើមិនបាន ! មេចាត់ចែងពូកែ មិនដែលធ្វើសម្បទានទេ ជាទូទៅ មិនថានៅមុនឬក្រោយការចរចាឡើយ ! ហ៊ានថាហ៊ានធ្វើ ឬហ៊ានស៊ីហ៊ានសង !
យ៉ាងណាមិញ នៅក្នុងវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីននេះ ក្នុងនាមជាមេចាត់ចែង លោកត្រាំ អតីតអ្នកជំនួញ មិនខា្លចនឹងដើរតួជាអ្នកហ៊ានស៊ីហ៊ានសង ប្រថុយមួយចានទឹកមួយចានគោក ដោយសម្រេចកាន់ជើងខាងណាមួយឡើយ។ អាមេរិកបានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ និងប្រកាន់ច្រកមួយ ក្នុងដំណោះស្រាយបង្កើតរដ្ឋពីរមែន ប៉ុន្តែដោយពិតទៅនោះ រដ្ឋបាលលោកត្រាំ គ្មានទស្សនវិស័យនិងយុទ្ធសាស្ត្រ ប្រាកដប្រជាទេ។
បើតាមការលេចធ្លាយព័ត៌មាន ចុះផ្សាយក្នុងទំព័រកាសែតNew York Times គន្លងផ្លូវមួយដែលអាមេរិកបានសិក្សាពិគ្រោះជាមួយស្តេចអារ៉ាប៊ីសាអូឌីត គឺបង្កើតរដ្ឋពីរមែន តែប៉ាឡេស្ទីន នឹងគ្មានប្រទេសមូលជាប់គ្នាតែមួយឡើយ ហើយក៏នឹងគ្មានរដ្ឋធានីនៅហ្ស៊េរុយសាឡិមខាងកើត ដូចដែលពួកគេចង់បានឡើយ គឺ ។ អនាគតប្រទេសប៉ាឡេស្ទីន ប្រសិនបើមាន នឹងត្រូវមានរដ្ឋធានីនៅនៅ Abou Dis ក្រុងតូចមួយក្បែរហ្ស៊េរុយសាឡិម ដែលស្ថិតនៅក្រោមអាណានិគមកិច្ចអ៊ីស្រាអែលដែរ។ ចំណែកតំបន់អាណានិគមកិច្ចអ៊ីស្រាអែលផ្សេងទៀត នឹងត្រូវរក្សាទុកដដែល។
គ្មានអ្នកដឹកនាំប៉ាឡេស្ទីនណាម្នាក់អាចទទួលព្រមយកសំណើនយោបាយបែបសម្លាប់ខ្លួនឯងនេះទេ។ តែលោកត្រាំ យល់ថាល្បែងភ្នាល់របស់លោកនឹងឈ្នះ ...
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ