អានតួអត្ថបទ
សហរដ្ឋអាមេរិក​

លោក​ដូណាល់ ត្រាំ​ ចង់​​បញ្ជូន​​មនុស្ស​​ទៅ​​ចុះចតភព​ព្រះចន្ទ​ ត្រៀម​​បេសកម្ម​​​​ភព​​អង្គារ​​​

ថ្ងៃចន្ទ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ប្រកាស​​បំណង​​ចង់​បញ្ជូន​មនុស្ស​ទៅ​ឋាន​​ព្រះចន្ទ​ ជាថ្មី​ម្តងទៀត ដើម្បី​ត្រៀម​បេសកកម្ម​ក្នុង​ភព​អង្គារ។ គម្រោង​ធំធេង​នេះ ត្រូវការ​ថវិកា​មហាសាល ខណៈ​ថវិកា​រដ្ឋាភិបាល​អាមេរិក​មាន​ដែនកំណត់។

ភពព្រះអង្គារ មើលពី​ឋានព្រះចន្ទ​ទៅ​
ភពព្រះអង្គារ មើលពី​ឋានព្រះចន្ទ​ទៅ​ Getty Images/Stocktrek Images
ផ្សាយពាណិជ្ជកម្ម

ទាក់ទង​គម្រោង​បញ្ជុន​មនុស្ស​ទៅ​ចុះចត​នៅ​ឋាន​ព្រះចន្ទ ​​ លោក​ដូណាល់ ត្រាំ បាន​លើកឡើង​ នៅថ្ងៃចន្ទ​ម្សិលមិញថា ​ទិសដៅ​លើកនេះ មិនត្រឹម​តែ​ ដោត​ទង់ជាតិ​អាមេរិក​នៅទីនោះ​ទេ ​តែ​ក៏​នឹង​បង្កើត​មូលដ្ឋាន​មួយ សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះអង្គារ​ នៅពេល​ក្រោយ​ផងដែរ ហើយ​ក៏អាច​បន្ត​ទៅភព​ផ្សេងៗ​​​ទៀត​ផង។ មានន័យថា អាមេរិក​មានទិសដៅ​រហូត​ដល់​ទៅអោយ​អវកាសយានិក ​ស្នាក់នៅ​​ឋានព្រះចន្ទ ដើម្បី​ត្រៀមបេសកម្ម​ទៅភព​អង្គារ។ ភពអង្គារ​មានពណ៌​ក្រហម ​​​​​ស្ថិត​​​​នៅ​ចំងាយជាមធ្យម ​​២២៥លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ម្សិលមិញ ​លោក​ត្រាំ​បាន​សន្យាផងដែរ ​​​ធ្វើអោយ​សហរដ្ឋ​អាមេរិក​នាំមុខគេ​ក្នុង​ផ្នែក​អវកាស​។ ​

គួររំលឹកថា អវកាសយានិក​ដែល​បាន​ជាន់ជើង​ក្នុង​ភព​ព្រះចន្ទ​ដំបូងគេ គឺ​ជាពលរដ្ឋ​​អាមេរិក លោក​ Neil Amstrong។ លោក​អាំស្ត្រង​បាន​ជាន់ឋានព្រះចន្ទ កាលពី​ខែកក្កដា ឆ្នាំ​១៩៦៩។ ហើយអវកាសយានិក​ដែល​ជាន់ឋានព្រះចន្ទ​ចុងក្រោយ​គេ ក៏​ជា​ជនជាតិ​អាមេរិក​ដូចគ្នា គឺ​លោក​Harrison Schmitt។ ​លោក​Schmitt បាន​ជាន់​ដី​ភព​ព្រះចន្ទ​កាលពី​៤៥ឆ្នាំ​មុន។

​កាលពី​ចុងខែ​មិនា លោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​​មួយ កំណត់​ទិសដៅ​បេសកកម្ម​របស់​អង្គការ​ណាសា សម្រាប់​ច្រើនទសវត្ស​ទៅ​មុខ។ ជា​ទិសដៅ​បេសកម្ម​ទៅ​ភព​ឆ្ងាយៗ​ទៀត ​ក្រៅពី​ភព​ព្រះចន្ទ​និង​ព្រះអង្គារ​។ ដោយឡែក ​ក្រុមជំនាញ​លើកឡើង ថា​ ​បេសកម្ម​ទៅ​ភព​អង្គារ​​ ​ ត្រូវ​ចាយវាយ​​​ថវិកា​សន្ធឹកសន្ធាប់ណាស់ តែ​ម្សិលមិញ ​ប្រធានាធិបតី​ដូណាល់ ត្រាំ មិន​បាន​លើក​និយាយ​​​រឿង​ថវិកា​ រឺក៏​ពេលវេលានៃ​​គម្រោង​ទាំង​នេះ​​ទេ។ ​

ទោះយ៉ាងនេះក្តី រដ្ឋបាល​អាមេរិក​ចង់​សហការ​ជាមួយ​ផ្នែកឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ដូចជា​ការដឹកជញ្ជូន​ម្ហូបអាហារ​និង​ទឹក ដែល​ត្រូវ​ប្រើពេល​ច្រើនខែ ច្រើនឆ្នាំ​ជាដើម។ ​កាលពី​ខែមករា លោក​ចេហ្វ បឺហ្សូស ជា​ថៅកែ​ក្រុមហ៊ុន​អាម៉ាហ្សូន ​​បាន​បង្ហាញ​ពី​ឯកសារ​ដែល​លោក​ដាក់ទៅ​អោយអង្គការ​ណាសា និង​ក្រុមការងារ​លោក​ត្រាំ។ ថៅកែ​ក្រុមហ៊ុន​អាម៉ាហ្សូន​ ចង់​បង្កើត​យាន​ និង​ឧបករណ៍​ចុះចត​នៅឋានព្រះចន្ទ ដើម្បី​​ជួយ​ការងារ​ដឺកជញ្ជូន​ទៅកាន់​ឋានព្រះចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ