អង្គការ OMCអាចលែងដំណើរការ ក្នុងពេលប៉ុន្មានខែខាងមុខដូចគេបារម្ភដែរទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៥
ថ្ងៃពុធនេះ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា OMCត្រូវបិទបញ្ចប់សន្និសីទខ្លួន នៅប្រទេសអាហ្សង់ទីន។ ការរិះគន់របស់អាមេរិក ចំពោះតួនាទីរបស់ OMC -ជម្លោះពាណិជ្ជកម្មរវាងចិននិងប្រទេសផ្សេងទៀត កំពុងធ្វើអោយ OMC ផុយស្រួយ ធ្វើអោយមានការបារម្ភថា OMC អាចនឹងលែងដំណើរការក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើគ្មានកំណែទម្រង់ស៊ីជម្រៅទេនោះ។
អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា OMC មានសមាជិក១៦៤ ប្រទេស មានតួនាទី គ្រប់គ្រងការដោះដូរពាណិជ្ជកម្មសេរី ដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិក។ ជាង១៥ឆ្នាំមកនេះ សមាជិក OMC ហាក់ដូចជាលែងមានសមត្ថភាពបើកការពិភាក្សាគ្នាក្នុងទ្រង់ទ្រាយទូលំទូលាយទៀតហើយ។ OMC ក៏ដូចជាលែងអាចដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសជាសមាជិកទៅទៀត។
ប្រទេសជាសមាជិកច្រើនតែឈ្លោះគ្នា មិនត្រូវគ្នាលើបញ្ហាជំនួយ រឺក៏សិទ្ធិពន្ធផ្សេងៗ ទាក់ទងនឹងទំនិញនាំចូលក្នុងស្រុកជាដើម។ អាមេរិកបន្តរិះគន់តួនាទីអង្គការ ដោយចង់សើរើកិច្ចព្រមព្រៀងជាច្រើនក្នុងក្របខណ្ឌអង្គការឡើងវិញ។ ថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានបន្តរិះគន់ អង្គការពាណិជ្ជកម្មពិភពលោក OMC ដោយចោទខ្លាំងៗតែម្តង ថា OMC មានភាពលំអៀងក្នុងតួនាទីខ្លួន។ សម្រាប់អាមេរិក OMC មិនបានជួយប្រទេសជឿនលឿន ដូចអាមេរិកទេតែOMCបែរជាបានជួយសម្រួលច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ទៅវិញ។ អាមេរិកប្រហែលជាចង់សំដៅទៅលើចិន និងឥណ្ឌាទេដឺង ព្រោះថា កាលពីពេលសមាជិក OMC ពិភាក្សាគ្នា នៅដើមទស្សវត្សឆ្នាំ១៩៩០នោះ ប្រទេសដូចជាចិន ឥណ្ឌា រឺក៏អ៊ុយរ៉ាហ្កាយ គ្រាន់តែជាប្រទេសដែលស្ថិតក្នុងនាមថា "អនាគតប្រទេសមហាអំណាច"ប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ប្រទេសទាំងនេះលេចធ្លោ ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកតែម្តង។
ដូច្នេះ គេអាចថា អាមេរិកអាចនឹងច្រណែនដែលឃើញ OMC ហាក់ផ្តល់អាទិភាពជួយប្រទេសទាំងអស់នេះកន្លងមក ទើបបានជាស្ថានភាពក្លាយជាបែបនេះ។ ទាក់ទងនឹងបញ្ហាជំនួយ ប្រទេស បែបយ៉ាង ម៉ាលីនៅអាហ្វ្រិក ក៏ទើបតែនឹងបង្ហាញបំណង ទទួលជំនួយថវិកាដើម្បីអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក ដើម្បីសម្រួលការនាំចេញផ្នែកវាយនភណ្ឌ រឺក៏ត្រីជាដើម។ ដោយសារមិនពេញចិត្តនឹងរឿងទាំងអស់នេះ រដ្ឋបាលលោកដូណាល់ ត្រាំ បានបញ្ចេញសាច់ដុំដាក់អង្គការ OMC ដោយបានបង្កការរាំងស្ទះដល់ការជ្រើសរើសចៅក្រមថ្មីៗ ក្នុងអង្គការ។
បញ្ហាចម្បងមួយទៀតដែលធ្វើអោយអង្គការ OMC ផុយស្រួយដែរនោះ គឹវិវាទពាណីជ្ជកម្ម សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចិន និងប្រទេសសមាជិកដទៃទៀត។ ចិនត្រូវគេចោទថា រកស៊ីមិនស្មោះត្រង់។ មិនថាតែអាមេរិកទេដែលចោទចិន អឺរ៉ុបក៏ចោទចិនដូចគ្នាដែរ។ រដ្ឋចិនជួយក្រុមហ៊ុនឧស្សាហកម្មជាតិចិនច្រើនណាស់ ក្នុងការផលិតដែកថែប រឺក៏អាលុយមីញ៉ូម បើទោះជាក្រុមហ៊ុននោះត្រូវលក់ទាំងខាតថ្លៃដើមក៏ដោយចុះ។ ម្ល៉ោះហើយអាមេរិកមិនសុខចិត្តឃើញបញ្ហាទាំងនេះបន្តរ៉ាំរ៉ៃទៀតទេ។ អាមេរិកត្រូវតែគំរាមសើរើកិច្ចព្រមព្រៀងមួយចំនួន ក្នុងអង្គការឡើងវិញដូច្នេះហើយ។ គេចាំដែរថា កន្លងមក អាមេរិកបានសម្រេចដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក និងបានបង្ខំកាណាដា ម៉ិចស៊ិក អោយរុះរើចរចាកិច្ចព្រមព្រៀងអាមេរិកខាងជើងជាថ្មីឡើងវិញទៀតផង។
បញ្ហាជាក់ស្តែងមួយទៀត គឺថា អង្គការពាណិជ្ជកម្មពិភពលោក OMC មានសមាជិករហូតដល់ទៅ១៦០ប្លាយ ដូច្នេះ ពិតជាមានការ មិនចុះសម្រុងគ្នា ក្នុងការពិភាក្សាហើយ ហើយអង្គការក៏កាន់តែពីបាករកបានកិច្ចព្រមព្រៀងណាមួយអោយពិតប្រាកដដែរ បើប្រទេសជាសមាជិកមួយៗ មិនព្រមបង្ហាញបំណងល្អ គោរពតាមកិច្ចព្រមព្រៀង រឺបទបញ្ជាផ្សេងៗ។ អង្គការប្រាកដជាកាន់តែពិបាកដំណើរការទៅមុខដូច្នេះហើយ ប្រសិនបើសមាជិកម្នាក់ៗមិនព្រមបង្ហាញបំណងល្អ ស្រុះស្រួលគ្នាក្នុងវិវាទពាណិជ្ជកម្មទេនោះ។
ជាក់ស្តែង ក្នុងសន្និសីទនៅអាហ្សង់ទីន ថ្ងៃចន្ទនិងថ្ងៃអង្គារដើមសប្តាហ៍នេះ ជាក់ស្តែងសមាជិកទាំង១៦៤ប្រទេសសុទ្ធតែបន្តកន្ទុយគ្នាបង្ហាញបំណងចង់រកបានកិច្ចព្រមព្រៀងក្នុងផ្នែកនេសាទនិងកសិកម្ម។
លោករ៉ូប៊ែរតូ អាហ្សេវេដូ ជានាយកអង្គការ OMC បានទាមទារអោយអាមេរិកចេះសម្របសម្រួល បត់បែន ដើម្បីដោះស្រាយបញ្ហា។ ទោះជាអាមេរិកទាមទារសើរើកិច្ចព្រមព្រៀងក្នុងក្របខណ្ឌ OMCឡើងវិញ ក៏ប្រទេសផ្សេងទៀត ដូចជាបារាំង បានបង្ហាញការគាំទ្រដំណើរការអង្គការទៀតដែរ ហើយដំណោះស្រាយគឺមានតែផ្តល់ការកែលំអប៉ុណ្ណោះ ទើបចៀសមិនអោយ OMC បរាជ័យបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ