ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT

អង្គការ​​ ​OMC​​​អាច​លែង​​​ដំណើរការ​​ ក្នុង​ពេល​​​ប៉ុន្មានខែ​​​ខាងមុខ​​​ដូចគេ​បារម្ភ​ដែរ​​​​ទេ?​​​​​

អង្គការ​​ ​OMC​​​អាច​លែង​​​ដំណើរការ​​ ក្នុង​ពេល​​​ប៉ុន្មានខែ​​​ខាងមុខ​​​ដូចគេ​បារម្ភ​ដែរ​​​​ទេ?​​​​​
 
លោក Roberto Azevedo នាយក​អង្គការ​ OMC ​ REUTERS/Denis Balibouse

ថ្ងៃពុធនេះ ​អង្គការពាណិជ្ជកម្ម​ពិភពលោក ​​ហៅកាត់ថា OMC​ត្រូវបិទ​បញ្ចប់​សន្និសីទ​ខ្លួន នៅ​ប្រទេស​អាហ្សង់ទីន។ ​ការ​រិះគន់​របស់​អាមេរិក ចំពោះ​តួនាទី​របស់​ OMC -ជម្លោះ​ពាណិជ្ជកម្ម​​​រវាង​ចិន​និង​ប្រទេស​ផ្សេងទៀត កំពុង​​​ធ្វើអោយ OMC ផុយស្រួយ ធ្វើអោយ​មាន​ការបារម្ភ​ថា ​OMC អាច​នឹង​លែង​ដំណើរការ​ក្នុង​ពេល​ឆាប់ៗខាងមុខ ប្រសិន​បើ​គ្មាន​កំណែ​ទម្រង់​ស៊ីជម្រៅ​ទេនោះ។ ​​

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅកាត់ថា OMC មាន​សមាជិក​១៦៤ ប្រទេស មាន​តួនាទី ​គ្រប់គ្រង​ការដោះដូរ​ពាណិជ្ជកម្ម​សេរី ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក។ ជាង​១៥ឆ្នាំមកនេះ​ សមាជិក ​OMC ហាក់ដូច​ជា​លែងមានសមត្ថភាព​បើកការ​ពិភាក្សា​គ្នា​ក្នុងទ្រង់ទ្រាយ​ទូលំទូលាយ​​ទៀតហើយ។ OMC ក៏ដូចជា​លែង​អាច​ដោះស្រា​យវិវាទ​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិ​កទៅទៀត។​

ប្រទេស​ជាសមាជិក​ច្រើនតែ​ឈ្លោះគ្នា​ មិនត្រូវគ្នា​​​​​លើ​បញ្ហា​​ជំនួយ ​រឺ​ក៏​សិទ្ធិ​ពន្ធ​ផ្សេងៗ ទាក់ទង​​នឹង​ទំនិញ​នាំចូល​ក្នុង​ស្រុក​ជាដើម។ ​អាមេរិក​​​​បន្ត​រិះគន់​តួនាទី​អង្គការ​ ដោយចង់​សើរើ​កិច្ចព្រមព្រៀង​ជាច្រើន​ក្នុង​ក្របខណ្ឌ​អង្គការ​ឡើងវិញ។ ថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ រដ្ឋបាល​​របស់​លោក​ដូណាល់ ត្រាំ បាន​បន្ត​​រិះគន់​​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ OMC ដោយ​ចោទ​ខ្លាំងៗ​តែម្តង ថា​ OMC មានភាព​លំអៀង​ក្នុង​តួនាទី​ខ្លួន។ សម្រាប់​អាមេរិក OMC មិនបានជួយ​ប្រទេស​ជឿនលឿន ដូច​អាមេរិ​កទេ​តែ​​OMC​បែរ​ជា​បាន​​ជួយ​សម្រួល​ច្រើន​ដល់​​ប្រទេស​កំពុងអភិវឌ្ឍន៍ទៅវិញ។ អាមេរិក​ប្រហែល​ជា​ចង់សំដៅ​ទៅលើ​ចិន និង​ឥណ្ឌា​ទេដឺង ព្រោះថា កាលពី​ពេល​សមាជិក​ OMC ពិភាក្សាគ្នា​ នៅ​ដើម​ទស្សវត្ស​ឆ្នាំ​១៩៩០​នោះ ប្រទេស​ដូចជា​ចិន ឥណ្ឌា​ រឺ​ក៏​អ៊ុយរ៉ាហ្កាយ ​គ្រាន់តែ​ជា​ប្រទេស​ដែល​ស្ថិត​ក្នុងនាមថា "អនាគត​ប្រទេស​មហាអំណាច​"ប៉ុណ្ណោះ។ ​ប៉ុន្តែ ​ឥឡូវនេះ ប្រទេស​ទាំងនេះ​លេចធ្លោ ​​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិកតែម្តង។ ​

ដូច្នេះ ​គេអាច​ថា អាមេរិក​អាច​នឹង​ច្រណែនដែលឃើញ​ OMC ហាក់​ផ្តល់​អាទិភាព​ជួយ​​ប្រទេស​ទាំងអស់នេះ​កន្លងមក ទើបបាន​ជា​ស្ថានភាព​ក្លាយជា​បែបនេះ។ ទាក់ទង​នឹង​បញ្ហា​ជំនួយ ​ប្រទេស បែបយ៉ាង ​​ម៉ាលី​នៅ​អាហ្វ្រិក ​​ក៏ទើប​តែ​នឹង​បង្ហាញ​បំណង​ ​ទទួល​ជំនួយ​ថវិកា​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុងស្រុក ដើម្បី​សម្រួល​ការនាំចេញ​ផ្នែកវាយនភណ្ឌ រឺ​ក៏​ត្រីជាដើម។ ដោយសារ​មិនពេញចិត្ត​នឹង​រឿង​ទាំងអស់នេះ រដ្ឋបាល​លោក​ដូណាល់ ត្រាំ បានបញ្ចេញ​សាច់ដុំ​ដាក់​អង្គការ​ OMC ដោយ​បាន​បង្ក​ការ​រាំងស្ទះ​ដល់​ការ​ជ្រើសរើស​ចៅក្រម​ថ្មីៗ ក្នុង​អង្គការ។ ​

បញ្ហា​ចម្បង​មួយទៀតដែល​ធ្វើអោយ​​អង្គការ​ OMC ផុយស្រួ​យ​ដែរនោះ គឹវិវាទ​ពាណីជ្ជកម្ម​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​ប្រទេស​សមាជិ​កដទៃទៀត។ ចិន​​ត្រូវគេ​ចោទថា រកស៊ី​មិន​ស្មោះត្រង់។ មិនថា​តែ​អាមេរិ​កទេ​ដែលចោទចិន អឺរ៉ុប​ក៏ចោទ​ចិន​ដូចគ្នា​ដែរ។ ​រដ្ឋចិន​ជួយ​ក្រុមហ៊ុនឧស្សាហកម្ម​ជាតិ​ចិន​ច្រើនណាស់ ក្នុង​ការ​ផលិត​ដែកថែប​ រឺ​ក៏​អាលុយមីញ៉ូម បើទោះ​ជា​ក្រុមហ៊ុន​នោះ​ត្រូវលក់ទាំង​ខាត​ថ្លៃដើម​ក៏ដោយ​ចុះ។ ម្ល៉ោះហើយ​អាមេរិក​មិនសុខ​ចិត្ត​ឃើញ​បញ្ហា​ទាំងនេះ​បន្ត​រ៉ាំរ៉ៃ​ទៀតទេ។​​ អាមេរិក​ត្រូវតែ​គំរាម​សើរើកិច្ចព្រមព្រៀងមួយចំនួន ​​ក្នុង​អង្គការ​ឡើងវិញ​ដូច្នេះហើយ។ គេចាំ​ដែរ​ថា ​កន្លងមក​ អាមេរិក​បាន​សម្រេច​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក និង​បាន​បង្ខំ​កាណាដា ម៉ិចស៊ិក អោយ​រុះរើ​ចរចា​កិច្ចព្រមព្រៀង​អាមេរិក​ខាងជើង​​ជាថ្មី​ឡើងវិញ​ទៀតផង។​​

បញ្ហា​ជាក់ស្តែង​មួយទៀត គឺថា ​​អង្គការពាណិជ្ជកម្មពិភពលោក​ OMC មានសមាជិក​រហូត​ដល់ទៅ​១៦០ប្លាយ ដូច្នេះ ​​ពិតជា​មាន​ការ មិនចុះសម្រុងគ្នា​ ក្នុង​ការពិភាក្សា​ហើយ ហើយ​អង្គការ​ក៏​កាន់តែ​ពីបាក​រកបាន​កិច្ចព្រមព្រៀង​ណាមួយ​អោយ​ពិតប្រាកដដែរ បើ​ប្រទេស​ជាសមាជិក​មួយៗ មិនព្រម​បង្ហាញ​បំណង​ល្អ គោរពតាម​កិច្ចព្រមព្រៀង រឺ​បទបញ្ជា​ផ្សេងៗ។ អង្គការ​ប្រាកដ​ជា​កាន់តែ​ពិបាក​ដំណើរការ​ទៅមុខ​ដូច្នេះហើយ ប្រសិន​បើ​សមាជិក​ម្នាក់ៗ​មិនព្រមបង្ហាញបំណងល្អ ​​ស្រុះស្រួលគ្នា​ក្នុង​វិវាទ​ពាណិជ្ជកម្ម​ទេនោះ។

ជាក់ស្តែង ក្នុ​ង​សន្និសីទ​នៅ​អាហ្សង់ទីន ថ្ងៃចន្ទ​និង​ថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ ​ជាក់ស្តែង​​សមាជិក​ទាំង​១៦៤ប្រទេសសុទ្ធតែ​បន្ត​កន្ទុយគ្នា​បង្ហាញបំណង​ចង់​រក​បាន​កិច្ចព្រមព្រៀង​ក្នុង​ផ្នែក​នេសាទ​និង​កសិកម្ម។ ​​

លោក​រ៉ូប៊ែរតូ អាហ្សេវេដូ ជា​នាយក​អង្គការ​ OMC បាន​ទាមទារ​អោយ​អាមេរិក​ចេះ​សម្រប​សម្រួល បត់បែន ដើម្បី​ដោះស្រាយ​បញ្ហា។ ទោះជា​អាមេរិក​ទាមទារ​សើរើ​កិច្ចព្រមព្រៀង​​ក្នុង​ក្របខណ្ឌ OMC​ឡើងវិញ ក៏​ប្រទេស​ផ្សេងទៀត ដូចជា​បារាំង បាន​បង្ហាញ​ការគាំទ្រ​ដំណើរការ​អង្គការទៀតដែរ ហើយ​ដំណោះស្រាយគឺ​មានតែ​ផ្តល់​ការ​កែលំអ​ប៉ុណ្ណោះ ទើប​​ចៀស​មិនអោយ​ OMC បរាជ័យ​បាន៕ ​​​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ពាណិជ្ជកម្មសេរី

    OMC បើក​ការ​ពិគ្រោះ​យោបល់​គ្នា ​ដើម្បី​ឆ្លងកាត់​វិបត្តិ​ពាណិជ្ជកម្ម​សេរី​ពិភពលោក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ