អានតួអត្ថបទ

តួកគី​ប្រមូល​ផ្តុំ​ពិភពអារ៉ាប ដើម្បី​ជជែក​អំពី​បញ្ហា​ហ្ស៊េរុយសាឡិម

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន Recep Tayyip Erdoğan បាន​បើកកិច្ច​ប្រជុំ​​កំពូល នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ នៅ​ថ្ងៃទី​១៣​ធ្នូនេះ នៅទីក្រុង​អ៊ីស្តង់​ ដើម្បី​ជជែក​អំពី​បញ្ហា​ហ្ស៊េរុយសាឡិម ដោយ​មាន​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​​ជាង​២០​ប្រទេស​បាន​ចូល​រួម។ លោក​ប្រធានាធិបតី​ចង់​ប្រមូល​ផ្តុំ​​​ពិភពអារ៉ាប​ជាធ្លុង​មួយ​ ស្រែក​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​លោក​ដូណាល់ត្រាំ កាលពី​សប្តាហ៍​មុន ទទួល​ស្គាល់ ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។

ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​និង​តំណាង​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ក្នុង​ជំនួប​កំពូល​វិសាមញ្ញ​នៅ​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​
ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​និង​តំណាង​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ក្នុង​ជំនួប​កំពូល​វិសាមញ្ញ​នៅ​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ចំនួន​២២​ប្រទេស រួម​មាន​លោក​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន ម៉ាមូដ អាបាស់ ព្រះចៅ​ហ្សកដានី ប្រធានាធិបតី​អ៊ីរ៉ង់ រ៉ូហានី ... បាន​បង្ហាញ​វត្តមាន​ក្បែរ​លោកប្រធានាធិបតី​តួកគី​ ក្នុង​​​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​នៃ​អង្គការ​សហប្រតិបត្តិការ​​អ៊ីស្លាម​ (មាន​សមាជិក៥៧​ប្រទេស)នេះ នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ដើម្បីចេញ​សេចក្តី​ថ្លែងការណ៍រួម “សេចក្តីថ្លែងការណ៍​អ៊ីស្តង់ប៊ូល” បរិហារ​​​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី​អាមេរិក ​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

ជាង​នេះទៅ​ទៀត នៅក្នុង​សុន្ទរកថាបើកកម្មវិធី តួកគី​ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ ទទួល​ស្គាល់ប៉ាឡេស្ទីន​ជា​រដ្ឋ​មួយ ដោយ​មានគំនូស​ព្រំដែន​​​​ឆ្នាំ​១៩៦៧ ជាគោល ព្រមទាំងទទួល​ស្គាល់​​​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​ជា​រដ្ឋ​ធានី​របស់​ប៉ាឡេស្ទីន។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ លោក អ៊ែរដូហ្កាន បាន​ដំឡើងសំឡេង​រួច​ជាស្រេច ចាត់​ទុកអ៊ីស្រាអែល ជា​រដ្ឋ​ភេរវនិយម និង​ឈ្លានពាន និង​បាន​ព្រមាន​ថា ពិភព​អារ៉ាប​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​អនុវត្តវិធានការ​អាមេរិក​បាន​ដោយ​ស្រួល​ឡើយ។ លោក អ៊ែរដូហ្កាន​ បាន​ប្រឹង​ប្រែង​ តាំ​ងពី​មួយ​សប្តាហ៍មក​ សង្ឃឹម​ថា​នឹង​អាច​ប្រមូល​ផ្តុំ​ពិភព​អារ៉ាប ឱ្យ​មក​រួម​ដៃ​ជាមួយ​លោកប្រឆាំង​នឹង​អាមេរិក ប៉ុន្តែ​ការ​លំបាក​មាន​ច្រើន ៖ ​ប្រទេស​អារ៉ាប​មួយ​ចំនួន​​​បញ្ចេញ​ប្រតិកម្ម​​ប្រឆាំង​ចុង​មាត់​ចុងក ខ្លះ​ទៀត​មិន​ចង់​ប្រឈម​នឹង​អាមេរិក​ ឬ​អ៊ីស្រាអែល​ម្តង។​ ក្រុម​ប្រទេសអ៊ីស្លាមធំៗ​​នៅ​ឈូង​សមុទ្ទពែក្ស ខ្វល់ខ្វាយ​​គិតរក​វិធី​ទប់​ស្កាត់​ឥទ្ធិពល​អ៊ីរ៉ង់​ច្រើន​ជាង។ ​ជាក់​ស្តែង អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត បាន​ត្រឹម​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​មក​ប្រជុំ​តែ​ប៉ុណ្ណោះ។

ថ្វីបើ​ជំនួប​អ៊ីស្តង់ប៊ូល​នេះ មិន​ផុសផុល​ខ្លាំង​មែន តែ​វា​បាន​​លើក​តម្កើង​លោក អ៊ែរដូហ្កាន​ ឱ្យ​លេច​មុខ​លេច​មាត់ខ្លាំង ក្នុង​នាម​ជា​អ្នក​ការពារ​ពិភពអារ៉ាប​នៅ​លើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ