ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT

សហរដ្ឋអាមេរិក​ចង់​ឲ្យ​អង្គការសហប្រជាជាតិ​កាត់​បន្ថយ​ប្រាក់ចំណាយ ២៥០ លានដុល្លារ

សហរដ្ឋអាមេរិក​ចង់​ឲ្យ​អង្គការសហប្រជាជាតិ​កាត់​បន្ថយ​ប្រាក់ចំណាយ ២៥០ លានដុល្លារ
 
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ REUTERS/Carlos Barria

ក្នុង​នាម​ជា​ប្រទេស​បរិច្ចាកប្រាក់​ដ៏​ច្រើន​ជាង​គេ​ សហរដ្ឋអាមេរិកបាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ (ស.អ.ប) កាត់​បន្ថយ​ការ​ចំណាយ​ថវិកាដំណើរ​ការ​ស្ថាប័ន​​​របស់​ខ្លួន។ កន្លង​មក​ សហរដ្ឋ​អាមេរិក​ក៏​បាន​ទាម​ទារ​ផង​ដែរ​ឲ្យ​កាត់​បន្ថយ​ការ​ចំណាយ​សំរាប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​ទាហាន​មួកខៀវ។ ​ការ​កាត់​បន្ថយ​ការ​ចំណាយ​នេះ​ គឺ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ។​

ចាប់តាំង​ពីលោក​ ដូណាល់​ ត្រាំ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក​ ​«នយោបាយ​អាមេរិក​ជាចម្បង​» ត្រូវ​បាន​យក​មក​អនុវត្ត​ តាមរយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​កិច្ចការ​បរទេស​ ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ដ៏ទៃ​ និង​ជាពិសេស​ គឺ​ការ​កាត់បន្ថយ​ការចំណាយ​លើ​ផែ្នក​ស្រាវជ្រាវ​បរិស្ថាន។ ​ហើយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ គឺ​ ជា​ផ្ទាំង​ស៊ីប​របស់​រដ្ឋាភិបាល​អាមេរិក។​ ចាប់​តាំង​ពី​លោក​ ដូណាល់​ ត្រាំ បាន​តែងតាំង​លោកស្រី​ Nikki Haley ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ អ.ស.ប មក​ ស្រ្តី​អ្នក​ការទូត​រូប​នេះ​ធ្លាប់​បាន​ព្រមាន​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទូទៅ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ។

ឥឡូវ​នេះ​ អ្វីៗ​កំពុង​តែ​ក្លាយ​ជាការ​ពិត។​ បើយោង​តាម​ព័ត៌មានផ្សព្វ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ៍​ ទី​១២ ធ្នូ បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​សហរដ្ឋ​អាមេរិក​កំពុងតែ​​ទាមទារ​កាត់​បន្ថយ​ប្រាក់​​ចំនួន​ ២៥០ លាន​ដុល្លារ​ នៅ​ក្នុង​ខ្ទង់​ចំណាយ​នៃ​ថវិកា​របស់​ អ.ស.ប​។​ ថវិកា​នេះ​មាន​រយៈ​ពេល​ ២ ឆ្នាំ​ គឺ​សំរាប់​ឆ្នាំ​ ២០១៨ និង​ ២០១៩។​ បើ​យោង​តាម​ប្រភព​ពី​មន្រ្តី​ការទូត​មួយ​ចំនួន ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សេចក្តី​ព្រាង​ថវិការ​របស់​ខ្លួន​ សំរាប់​រយៈពេល​ ២ ឆ្នាំ​ខាង​មុខ​នេះ​ អ.ស.ប ត្រូវ​ការ​ថវិកា​ចំនួន​ ៥,៤ ពាន់​លាន​ដុល្លារ​។ ថវិការ​នេះ​ គឺ​ជា​ការ​ចំណាយ​ទូទៅ​ ដើម្បី​ដំណើរការស្ថាប័ន​ អ.ស.ប។ ក្នុង​នោះ​មានការ​ចំណាយ​សំរាប់​ប្រាក់​បៀរវត្សរ៍​បុគ្គលិក​ និង​សំរាប់​សំភារៈ​រដ្ឋបាល។​ សព្វថ្ងៃ​នេះ លេខាធិការ​ដ្ឋាន​ អ.ស.ប មាន​បុគ្គលិក​សរុប​ចំនួន​ ៤ ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក។

សេចក្តី​ព្រាង​ថវិកា​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​តំណាង​ប្រទេស​ជាសមាជិក​ចំនួន​ ១៩៣​ ប្រទេស​សំរេច​អនុម័ត​នាចុង​ខែ​ធ្នូ​នេះ។ មែនទែន​ទៅ​ ថវិកា​នេះ​បាន​ថយចុះ​ចំនួន​ ២០០ លាន​ដុល្លារ​ ប្រសិន​បើ​យើង​ប្រៀបធៀប​នឹង​ថវិកា​ចំណាយ​កាលពីឆ្នាំ​២០១៦ និង​២០១៧។ ជាធម្មតា សហរដ្ឋ​អាមេរិកបរិច្ចាក​ប្រាក់​ចំនួន​ ២២%​ សំរាប់​រ៉ាប់រង​ការ​​ចំណាយ​ទូទៅ​របស់​ អ.ស.ប។ ​ការ​បរិច្ចាក​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​​ជាប្រទេសស្ថិត​នៅលំដាប់​ទីមួយ​ ក្នុង​នាម​ជា​ប្រទេស​​​ផ្តល់​ប្រាក់បដិភាគ។​

បើ​តាម​ប្រភព​មន្រ្តី​ការទូតដ​ដែល​បាន​បន្ត​​ថា​ តំបូង​ឡើយ​​ សហរដ្ឋ​អាមេរិក​មាន​គំរោង​ចង់​ឲ្យ​ អ.ស.ប កាត់​បន្ថយ​ថវិកា​រហូត​ទៅ​ដល់​​ ៥% នៃ​ការ​ចំណាយ​សរុប។ គឺ​បាន​ន័យ​ថា​ កាត់​បន្ថយ​ជាង ២ ពាន់​លាន​ដុល្លារឯណោះ។​ ប៉ុន្តែ សំណើរបស់​សហរដ្ឋ​អាមេរិក​​នេះ​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។​ ដូចនេះ​ ទីបំផុត​ សហរដ្ឋ​អាមេរិក​​ទាមទារ​ឲ្យ​កាត់​បន្ថយ​ខ្ទង់​ចំណាយ​មក​ត្រឹម​ ២៥០ លាន​ដុល្លារ​វិញ។

ដើម្បីការពារ​សំណើ​កាត់​បន្ថយ​ការ​ចំណាយ​នេះ សហរដ្ឋ​អាមេរិក​បាន​ពន្យល់​លំអិត​អំពី​ខ្ទង់​ចំណាយ​ណា​ ដែល​ អ.ស.ប អាច​កាត់​ចោល​បាន។​ ក្នុង​នោះ​មាន​ការ​ចំណាយ​សំរាប់​បេសកកម្ម​នយោបាយ​ពិសេស​សំរាប់​សំណុំ​រឿង​ប៉ាឡេស្ទីន​ លីបង់​ ឬ​អាហ្វហ្គានីស្ថាន ជាដើម​។​ លើសពីនេះ ក៏​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ផែ្នកទំនាក់​ទំនង​សាធារណៈ និង​ផែ្នក​ជំនួយ​អភិវឌ្ឈន៍​ផង​ដែរ។ ម៉្យាង​ទៀត សហរដ្ឋ​អាមេរិក​ក៏​បាន​ស្នើ​ឲ្យ​ អ.ស.ប ផ្អាក​ការ​ជ្រើស​រើស​បុគ្គលិក​ថ្មី​ និង​ជាពិសេស​បង្កក​មិន​តំឡើង​ប្រាក់​ខែ​ដល់​បុគ្គលិក​បច្ចុប្បន្ន។

គិត​មក​ដល់​ពេល​នេះ ស្ថាន​បេសកកម្ម​អាមេរិក​ប្រចាំ​ អ.ស.ប បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​ព័ត៌មាន​នេះ។​ ចំណែក​ ភាគី​ អ.ស.ប ក៏​ពុំ​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែរ។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ក្រៅ​ពីភាគី​សហរដ្ឋ​អាមេរិក​ សូម្បី​តែ​ភាគី​សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​ស្នើ​ឲ្យ​ អ.ស.ប កាត់​បន្ថយ​ថវិកា​ចំណាយ​ផងដែរ។​ បើ​តាម​សេណារីយោ​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប​ អ.ស.ប ត្រូវ​បន្ថយ​ការ​ចំណាយ​យ៉ាង​ហោច​ណាស់​ចំនួន​ ១៧០ លាន​ដុល្លារ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ថវិកា​ដំណើរ​ការ​ស្ថាប័ន​ អ.ស.ប គឺ​ជាការ​ចំណាយដាច់​ដោយ​ឡែក​ពី​ថវិកា​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​ទាហាន​មួកខៀវ។​ សព្វ​ថ្ងៃ​នេះ​ អ​.ស.ប​ កំពុង​តែ​ពង្រាយ​ទាហាន​មួកខៀវ​ប្រមាណ​ជាង ១០ ម៉ឺន​នាក់​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាង​ ១០ កន្លែង​នៅ​ជុំវិញ​ពិភព​លោក។​ ថវិកា​ចំណាយ​សំរាប់​បេសកកម្ម​រក្សា​សន្តិភាព​នេះ​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន​ ៧,៣ ពាន់​លាន​ដុល្លារ។​ ហើយ​ថវិកា​នេះ​ត្រូវ​បាន​មហាសន្និបាត​ អ.ស.ប អនុម័ត​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។ មុន​នឹង​ត្រូវ​បាន​អនុម័ត​ សហរដ្ឋ​អាមេរិក​បាន​ចចារ​ ដើម្បី​ឲ្យ​ អ.ស.ប កាត់​បន្ថយ​ថវិកា​ទាហាន​មួកខៀវ​រហូត​ទៅ​ដល់​ ១ ពាន់​លាន​ដុល្លារ​ឯណោះ។ ​ប៉ុន្តែ​ ក្រោយ​ពី​បាន​ចចារ​យ៉ាង​តឹង​សសៃ-ក​​ ថវិកា​នេះ​បាន​កាត់​បន្ថយ​​រហូត​ទៅ​ដល់​ ៦០០ លាន​ដុល្លារ។​ សំរាប់​ថវិកា​រក្សា​សន្តិភាព​នេះ​ សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​បរិច្ចាក​ច្រើន​ជាង​គេ​បំផុត​ គឺ​រហូត​ទៅ​ដល់​ ២៨,៥%​ នៃ​ថវិកា​សរុប៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    រដ្ឋាភិបាល​អាមេរិក​ជួប​វិបត្តិ​ថវិកា ដោយសារ​អ្នកនយោបាយ​មួយ​ក្តាប់​តូច

    ស្វែងយល់បន្ថែម

  • ​ជញ្ជាំង​ព្រំដែន​ម៉ិចស៊ិក កំពុង​រុញ​អាមេរិក​ឱ្យ​ជាប់គាំង​ថវិកាជាតិ​សាជាថ្មី ?

    ស្វែងយល់បន្ថែម

  • អាមេរិក-សេដ្ឋកិច្ច

    សេដ្ឋកិច្ច​អាមេរិក​មានកំណើន ​៣,២%​នៅ​ចុងឆ្នាំ​២០១៣​ទោះបី​មាន​វិបត្តិថវិកា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ជាថ្មី​ម្តង​ទៀត អាមេរិក​រួច​ផុត​ពី​ក្ស័យធន ដោយ​ប្រផិត​ប្រផើយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ