ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

២០១៧ ​ជាឆ្នាំ​ប្រកប​ទៅ​ដោយ​គ្រោះធម្មជាតិ​ធំៗ​នៅ​សហរដ្ឋអាមេរិក​

២០១៧ ​ជាឆ្នាំ​ប្រកប​ទៅ​ដោយ​គ្រោះធម្មជាតិ​ធំៗ​នៅ​សហរដ្ឋអាមេរិក​
 
Philippe Rekacewicz/Le Monde Diplomatique.fr

សំរាប់​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ សហរដ្ឋ​​អាមេរិក​បាន​ទទួល​រង​គ្រោះ​ធម្មជាតិ​ធំៗ​ជា​ហូរហែរ។​ ក្នុងនោះ​មាន​ដូចជា ខ្យល់ព្យុះ​កំបុត​ត្បូង​ គ្រោះ​ទឹក​ជំនន់​ និង​ភ្លើង​ឆេះ​ព្រៃ​ជាដើម។​ ហើយ​ទំហំ​ខូចខាត​បណ្តាល​មក​ពី​បាតុភូត​ធម្មជាតិ​នេះ គឺ​​កាន់​តែមាន​ភាព​​ធំឡើងៗ​គួរ​ឲ្យ​ព្រួយបារម្ភ។​ បើ​តាម​សំដី​អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ គឺ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។ អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ គឺ​​ឆ្នាំ​២០១៧នេះ​ទៀត​សោត​ក៏​ជាឆ្នាំ​ ដែល​សហរដ្ឋ​អាមេរិក​បាន​សំរេច​ដក​ខ្លួន​ចេញ​​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាស​ធាតុ។​

នៅ​សហរដ្ឋ​អាមេរិក​ មហន្តរាយ​ធំ​តំបូង​សំរាប់​ឆ្នាំ​២០១៧ គឺ​បាន​ចាប់​ផ្តើម​ពី​ខ្យល់​ព្យុះ​ Harvey។​ ខ្យល់​ព្យុះ​នេះ​បាន​បោក​បក់​កាលពី​ចុង​ខែ​សីហា​។​ ទីក្រុង​ Houston ក្នុង​រដ្ឋ​តិចសាស់​បាន​លិច​លុង​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍។​ មាន​មនុស្ស​ជាង​ដប់​នាក់​បាន​បាត់​បង់​អាយុ​ជីវិត​។​ មនុស្ស​រាប់​សែន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន។​ ទំហំ​ខូច​ខាត​មាន​ប្រមាណ​ជាង​រាប់​ពាន់​លាន​ដុល្លារ។​ សូម​បញ្ជាក់​ថា​ Houston ជា​ទីក្រុង​ដ៏ធំ​ទីបួន​នៅ​សហរដ្ឋ​អាមេរិក។​ ហើយ​ក៏ជា​តំបន់​សំបូរ​ទៅ​ដោយ​ធនធាន​ប្រេង​កាត​ដ៏​ធំជាង​គេ​ផង​ដែរ។

មួយ​សប្តាហ៍​ក្រោយ​មក​ គឺ​ដល់​វេនខ្យល់​ព្យុះ​ Irma វិញ​ម្តង។​ ខ្យល់​ព្យុះ​កំណាច​នេះ​មាន​ល្បឿន​ ៣០០ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។​ ខ្យល់​ព្យុះ​នេះ​បាន​បោស​កំទេច​ផ្ទះ​សម្បែង​នៅ​តាម​បណ្តា​ប្រជុំ​កោះ​ការ៉ាអ៊ីប។​ ពេល​ឆ្លង​កាត់​​ទឹកដី​អាមេរិក​ ព្យុះ​កំណាច​នេះ​បាន​បណ្តាល​​ឲ្យ​មនុស្ស​ម្នា​រាប់​លាន​នាក់​នៅ​ក្នុង​រដ្ឋ​ Florida ត្រូវ​បង្ខំ​ចិត្ត​​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព។​ ចំណែក​បណ្តា​ដែនដី​កោះ​ឯករាជ្យ​មួយ​ចំនួន​ដូចជា​ Saint-Martin និង​ Barbuda​ សុទ្ធ​តែ​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ។​ មហន្តរាយ​នេះ​បាន​ជំរុញ​ឲ្យ​បណ្តាមេ​ដឹកនាំ​នៃ​ដែនដី​កោះ​ទាំង​នោះ​ប្រកាស​អាសន្ន​អំពី​ការ​កើន​ឡើង​កំដៅ​ភព​ផែន​ដី ដែល​ជា​ដើម​ចម​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

មិន​បាន​យូរ​ប៉ុន្មាន​ផង​ ដល់​វេន​ខ្យល់​ព្យុះ​កំណាច​មួយ​ទៀត​ គឺ​ព្យុះ​ Maria។​ ព្យុះ​នេះ​បាន​បំផ្លិច​បំផ្លាញ​ដែន​កោះ​ឯករាជ្យ​មួយ​ គឺ​កោះ​ Dominique និង​កោះ​ Porto Rico ដែល​ជា​ដែនដី​ភ្ជាប់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​ ហើយ​ថ្មីៗ​នេះ​ទៀត​សោត​ បម្រែ​ប្រមួល​អាកាស​ធាតុ​បាន​បញ្ចេញ​មហិទ្ធិឫទ្ធិ​យ៉ាង​ពេញ​ទំហឹងតែ​ម្តង​។​ នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ កំដៅ​អាកាស​ធាតុ​បាន​បណ្តាល​ឲ្យមាន​ភ្លើង​ឆេះព្រៃ​យ៉ាង​សន្ធោសន្ធៅ។ អគ្គិភ័យ​ធម្មជាតិ​នេះ​បាន​បណ្តាល​ឲ្យ​ឆេះ​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូ​នៅ​តំបន់​ទីក្រុង​ San Francisco។ ហើយ​អគ្គិភ័យ​នេះ​ថែម​ទាំង​បាន​ដុត​កំទេច​ផ្ទះ​សម្បែង​នៅ​តាម​សង្កាត់​មួយ​ចំនួន​នៃ​ទីក្រុង​ Los Angeles ទៀត​ផង។​

លោក​ Jerry Brown អភិបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​អះអាង​ថា​ នេះ​ជា​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃដ៏​កាច​សាហាវ​ជាង​គេ​ពុំ​ធ្លាប់​មាន​រយៈពេល​ ៨០ ឆ្នាំ​ចុង​ក្រោយ​នេះ។​ ហើយដោយសារ​តែ​រដ្ឋ​មួយ​នេះ​តែង​ជួប​គ្រោះ​រាំង​ស្ងួត​ ដូចនេះ​ ការ​កើន​ឡើង​កំដៅ​អាច​នឹង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ងាយ។​ មហន្តរាយ​ដ៏​កំណាច​របៀប​នេះ​នឹង​កាន់​តែ​អាចកើតឡើងជា​​ញឹកញ៉ាប់​នាពេល​អនាគត​ខាង​មុខ​នេះ។ លោក​ Jerry Brown​ ​ជាអភិបាល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​អភិបាល​រដ្ឋ​ និង​អភិបាល​ក្រុង​ធំៗ​ជាច្រើននៅ​សហរដ្ឋ​អាមេរិក​​ ដែល​ចង់​បន្ត​ចូលរួម​គោរព​កិច្ច​ព្រម​ព្រៀ​ទីក្រុង​ប៉ារី​សស្តីពី​អាកាស​ធាតុ​​។​ ម្នាក់ៗ​ចង់​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ ដើម្បី​បង្ហាញ​សញ្ញា​ប្រឆាំង​នឹង​សេចក្តី​សំរេច​ចិត្ត​របស់​​លោក​ ដូណាល់​ ត្រាំ។

សូម​រំលឹក​ជូន​ថា​ កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ ប្រមុខ​រដ្ឋ​ ចំនួន​ ១៩៦​ ​​ប្រទេស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រវត្តិសាស្រ្ត​នេះ។​ គោលដៅ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កំដៅ​ភព​ផែន​ដៅ​មិន​លើស​ពី​​ ២ អង្សារ ចាប់​ពី​យុគ​សម័យ​ឧស្សាហកម្ម​។ ការ​បន្ថយ​កំដៅ​នេះ​នឹង​អាច​ជួយ​បញ្ចៀស​ផលវិបាក​ធ្ងន់​ធ្ងរ​ ក្នុង​នោះ​មាន​ដូចជា​ ការ​កើន​ឡើង​កំពស់​ទឹក​សមុទ្រ​ និង​ការ​រលាយ​ទឹកកក​ជាដើម។​

សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​សំរេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នេះ។​ លោក​ ត្រាំ​ យល់​ឃើញ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​អាច​​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​អាមេរិក​ និង​ក៏​ជា​ការ​ហុចឱកាស​ឲ្យ​ចិន​អាច​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក។​នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ រដ្ឋការ​លោក​ ដូណាល់​ ត្រាំ ​បាន​សំរេច​ដក​ពាក្យ​ ការ​កើន​កំដៅ​ផែនដី ចេញ​ពី​ក្នុង​បញ្ជី​នៃ​ការ​គាំរាម​កំហែង។​ នេះ​ជាលើក​ទីមួយ​ហើយ​ដែល​ពាក្យ​នេះ​ត្រូវ​បាន​ដក​ចេញ បើ​យើង​ប្រៀបធៀប​ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ។​

សំរាប់​នយោបាយ​របស់​លោក​ ដូណាល់​ ត្រាំ គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​មាន​ឯករាជ្យ​ភាព​ផែ្នក​ថាមពល​ តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ហ្វូស៊ីល មាន​ជាអាទិ​ដូចជា​ប្រេង​កាត​ ធ្យូង​ថ្ម​ និងឧស្ម័ន​ក្រោម​ដី​ជា​ដើម។​ ផ្ទុយ​ទៅ​វិញ​ នៅ​តាម​បណ្តា​ប្រទេស​នានា​ គេ​កំពុង​តែ​ងាក​មក​ចាប់​អារម្មណ៍​វិនិយោគ​ស្រាវជ្រាវ​លើ​ផែ្នក​ថាមពល​ព្រះ​អាទិត្យ​ និង​ថាមពល​កង្ហារ​ខ្យល់។ កន្លង​មក​ លោក​ ដូណាល់​ ត្រាំ តែង​អះអាង​ថា​ ​វិស័យ​ឋាមពល​ គឺ​ជា​ការ​​បង្កើត​ការងារ​ជូន​ពលរដ្ឋ​អាមេរិក។​ ដោយ​យោង​លើ​ហេតុ​ផល​នេះ​ហើយ​ កាន់​អំណាច​បាន​មិន​ដល់​មួយ​ឆ្នាំ​ពេញ​ផង​ លោក​ ដូណាល់​ ត្រាំ បាន​លុប​ចោល​ច្បាប់​ការពារ​បរិស្ថាន​ Clean Power Plan របស់​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។​ លើស​ពីនេះ​ លោក​ ត្រាំ ក៏​ថែម​ទាំង​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ចំនួន​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ការដ្ឋាន​រុករក​ប្រេង​កាត​ និង​ឧស្ម័ន​ នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ម៉ិច​សិក​ និង​ក្នុង​រដ្ឋ​អាឡាស្កា។​ គោលដៅ​របស់​លោក​ ដូណាល់​ ត្រាំ គឺ​ចង់​ប្រែ​ក្លាយ​សហរដ្ឋ​អាមេរិកឲ្យ​ទៅ​ជា​ប្រទេស​នាំ​ចេញ​ថាមពល​ដ៏​ធំជាង​គេ​នាឆ្នាំ​ ២០២៦ ខាង​មុខ​នេះ។

លោក​ Michael Mann អ្នក​ស្រាវជ្រាវ​ផែ្នក​បរិស្ថាន​ប្រចាំ​សាកល​វិទ្យាល័យ​នៃ​រដ្ឋ​ Pennsylavania បាន​វិភាគ​ថា​ លោក​ ដូណាល់​ ត្រាំ បាន​បំផ្លាញ​នូវ​អ្វី​ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​បរិស្ថាន។​ បើ​តាម​លោក​ Alden Myer នាយក​ផែ្នក​យុទ្ធ​សាស្រ្ត​ប្រចាំ​អង្គការ​ Union of concerned scientists បាន​ព្រលយ​ពាក្យ​ថា​ បើ​លោក​ ដូណាល់​ ត្រាំ កាន់​អំណាច​តែ​មួយ​អាណត្តិ​​ ផល​ប៉ះ​ពាល់​បរិស្ថាន​នឹង​មាន​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​។ ពោល​ គឺ​​រយៈ​ពេលតែ​បី​ទៅ​បួន​ឆ្នាំ​ប៉ុណ្ណោះ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជុំវិញ​ពិភព​លោក​ ឆ្នាំ​២០១៧ ក៏​ជា​ឆ្នាំ​ប្រកប​ទៅ​ដោយ​គ្រោះ​ធម្មជាតិ​វឹកវរ​ផង​ដែរ។​ ទឹក​​ភ្លៀងបាន​បង្ក​ជា​ទឹក​ជំនន់​លិច​លង់​ប្រទេស​ឥណ្ឌា​ បង់ក្លាដែស​ និង​នេប៉ាល់។​ មាន​មនុស្ស​ប្រមាណ​ជាង​ ១២០០ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​ ផ្ទះ​សម្បែង​ និង​កសិផល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។ ចំណែក​នៅ​ទ្វីប​អឺរ៉ុប​ គ្រោះ​រាំង​ស្ងួត​បាន​អង្រួន​ប្រទេស​អេស៉្បាញ​ និង​ព័រ​ទុយ​ហ្គាល់​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាលដាល​យ៉ាង​សន្ធោសន្ធៅ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ